រថយន្តក្រុងដឹកសកម្មជនដីធ្លីអ្នកភូមិបឹងកក់ បុរីកីឡា និងថ្មគោល មានស្នាមប្រេះនៅកញ្ចក់ខាងមុខ ដោយសារត្រូវគ្រាប់កាំភ្លើង។
RFI/ sophal
ការបាញ់ ទៅលើរថយន្តក្រុង សកម្មជនដីធ្លី ទំនងជាមិនជាប់ទាក់ទង នឹងជម្លោះដីធ្លី នោះទេ
ដោយ ប្រាក់ ធីតា / RFI | ២
សកម្មជន ដីធ្លី អ្នកភូមិបឹងកក់ បុរីកីឡា និងថ្មគោល ប្រមាណជា ៥០ នាក់ បានរង ការគំរាមកំហែង បន្ទាប់ពី មានខ្មាន់កាំភ្លើងម្នាក់បានបាញ់កាំភ្លើង ទៅលើរថយន្តក្រុង ធ្វើដំណើរ របស់ ពួកគេ នៅជិតខាងមុខមណ្ឌលសុខភាព គល់ស្ពានជ្រោយចង្វារ កាលពីម៉ោង ៨យប់ ថ្ងៃសៅរ៍ ទី២២ មីនា។ នេះ បើតាម ការអះអាង របស់សកម្មជនដីធ្លី អ្នកភូមិបឹងកក់។ ប៉ុន្តែ សង្គមស៊ីវិល លើកឡើងថា ហេតុការណ៍នេះ ទំនងជា មិនជាប់ពាក់ព័ន្ធ និងជម្លោះដីធ្លីនោះទេ តែវាអាច នឹងទាក់ទង នឹងការថ្នាំងថ្នាក់អ្វីមួយ ហើយបណ្តាលឲ្យមានការបាញ់បោះ ដោយអាណាធិបតេយ្យ បែបនេះ។
ក្រុមសកម្មជនដីធ្លី អ្នកភូមិបឹងកក់ បុរីកីឡា និងថ្មគោល បានដាក់ពាក្យបណ្តឹងទៅកាន់ប៉ុស្តិ៍ប៉ូលិសសង្កាត់ស្រះចករួចរាល់ ហើយនៅថ្ងៃអាទិត្យនេះ បន្ទាប់ពីសកម្មជនដីធ្លីប្រមាណជា ៥០ នាក់ ដែលធ្វើដំណើរលើរថយន្តក្រុង ដែលត្រលប់មកពីចូលរួមវេទិកានៅស្រុកជីក្រែង ខេត្តសៀមរាប បានរងការវាយប្រហារដោយខ្មាន់កាំភ្លើងម្នាក់ កាលពីម៉ោង ៨យប់ថ្ងៃសៅរ ទី ២២ មីនា នៅត្រង់មុខមណ្ឌលសុខភាព គល់ស្ពានជ្រោយចង្វារ។ បុរសខ្មាន់កាំភ្លើងនោះ ជិះម៉ូតូវីវ៉ាពណ៌ខ្មៅ ហើយបានជិះតាមពីក្រោយ រថយន្តក្រុងរបស់ក្រុមសកម្មជនដីធ្លី ចាប់តាំងពីគីឡូម៉ែតលេខ ៦ ហើយបានស្រែកឲ្យរថយន្តនោះឈប់ចំនួនពីរដង។ ប៉ុន្តែអ្នកបើករថយន្តមិនព្រមឈប់។ លុះរហូតមកដល់ចំណុចកើតហេតុ ទើបបុរសនោះបានដកកាំភ្លើងបាញ់ទៅលើរថយន្តក្រុងចំនួន ១គ្រាប់ ហើយក៏គេចខ្លួនបាត់ទៅ។
អ្នកស្រី ទេព វណ្ណី តំណាងសកម្មជនដីធ្លីអ្នកភូមិបឹងកក់បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅព្រឹកថ្ងៃអាទិត្យនេះថា សកម្មភាពដែលបានកើតឡើងនេះ គឺជាការគំរាមកំហែងដល់អាយុជីវិតរបស់សកម្មជនដីធ្លី អ្នកភូមិបឹងកក់ បុរីកីឡា និងថ្មគោល ពីព្រោះ គ្រាប់កាំភ្លើងបានបាញ់សំដៅក្រុមសកម្មជន មិនមែនបាញ់សំដៅអ្នកបើករថយន្តនោះទេ។
បន្ទាប់ពីហេតុការណ៍នោះភ្លាម ក្រុមសកម្មជនទាំងអស់ក៏បានដាក់ពាក្យប្តឹងទៅកាន់មន្ត្រីប៉ូលិសនៅក្នុងសង្កាត់ស្រះចករួចរាល់ហើយ ដើម្បីទាមទារឲ្យអាជ្ញាធរស្វែងរកអ្នកដែលប្រព្រឹត្តបទល្មើសនេះ។ អ្នកស្រីទេព វណ្ណីបានបញ្ជាក់ថា ប្រសិនបើសមត្ថកិច្ចរកមិនឃើញជនល្មើសនោះ ករណីគំរាមកំហែងនេះ ប្រាកដជាជាប់ពាក់ព័ន្ធនឹងអាជ្ញាធរជាមិនខាន។
ប៉ុន្តែ លោក ច័ន្ទ សុវ៉េត មន្ត្រីជាន់ខ្ពស់នៃសមាគមអាដហុក បានបញ្ជាក់ថា ខាងសង្គមស៊ីវិលនៅមិនទាន់ធ្វើសេចក្តីសន្និដ្ឋានណាមួយជាក់លាក់នោះទេ ពីព្រោះមិនទាន់ទទួលបានព័ត៌មានផ្លូវការនៅឡើយ។ លោកច័ន្ទ សុវ៉េត បានធ្វើការសន្និដ្ឋានក្នុងជំហានដំបូងថា ហេតុការណ៍បាញ់បោះនេះ ទំនងជាកើតឡើងដោយសារការខឹងសម្បារគ្នាទៅវិញទៅមក រវាងរថយន្តក្រុង និងបុរសដែលជាអ្នកបាញ់កាំភ្លើងនោះ។ លោកបន្តថា ករណីនេះដូចជាដាច់ដោយឡែកទៅនឹងការគុំគួន ក្នុងទំនាស់ដីធ្លីនៅបឹងកក់ និងបុរីឡា។ ដូច្នេះ លោកបានសំណូមពរឲ្យមានការស៊ើបអង្កេតលើករណីនេះ ឲ្យបានច្បាស់លាស់ជាបន្តទៀត ដើម្បីកុំឲ្យមានការយល់ច្រលំ។
សូមបញ្ជាក់ថា ពុំមានអ្នកណាម្នាក់រងរបួសនៅក្នុងហេតុការណ៍បាញ់បោះគ្រាប់កាំភ្លើងមួយគ្រាប់នេះទេ៕
No comments:
Post a Comment