ក្រុមកម្មកររត់គេចខ្លួនពេលសមត្ថកិច្ចប្រើហិង្សាបង្ក្រាបតាមបណ្ដោយផ្លូវវ៉េងស្រេង នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤។
RFA/Mom Sophon
សង្គមស៊ីវិល ៥៤ ជំរុញ រដ្ឋាភិបាល ស៊ើបអង្កេត ករណីកម្មករបាត់ខ្លួន នៅផ្លូវវ៉េងស្រេង
ដោយ វោហារ ជាតិ / អាស៊ិសេរី | ២៣ មីនា ២០១៤
ក្រុមសង្គមស៊ីវិល រួមទាំងសហជីពជាតិ និងអន្តរជាតិ បានជំរុញឲ្យរដ្ឋាភិបាលកម្ពុជា បើកការស៊ើបអង្កេតមួយ ជាបន្ទាន់ ទៅលើការបាត់ខ្លួន កម្មករ វ័យជំទង់ម្នាក់ កាលពី ២ខែមុន ក្នុងពេលកងសន្តិសុខ បង្ក្រាប ក្រុមបាតុករ ធ្វើបាតុកម្ម ទាមទារ ដំឡើងប្រាក់ខែគោល ១៦០ដុល្លារ។
ក្នុងលិខិតចំហមួយរបស់សង្គមស៊ីវិល និងសហជីពសរុប ៥៤អង្គភាព ផ្សាយជាសាធារណៈនៅថ្ងៃទី២៣ មីនា ឲ្យដឹងថា សង្គមស៊ីវិលទាំងនោះមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបាត់ខ្លួនកម្មករ ខឹម សូផាត អាយុ ១៦ឆ្នាំ ហើយបានទទូចឲ្យរដ្ឋាភិបាលស៊ើបអង្កេតជាបន្ទាន់ ហើយបានហៅការបាត់ខ្លួនកម្មករវ័យជំទង់រូបនោះ ថាជាការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងជារំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។
លិខិតចំហដដែលបន្តថា នៅថ្ងៃបង្ក្រាបនិងបាញ់ប្រហារនោះ មិត្តភ័ក្ដិនិងអ្នករួមការងារម្នាក់បានឃើញ សូផាត ដួលលើដី ដោយមានរបួសយ៉ាងធ្ងន់ធ្ងរត្រង់ដើមទ្រូងរបស់គាត់ ហើយអ្នកនៅក្បែរបានព្យាយាមជួយ សូផាត តែ សូផាត បានប្រាប់ពួកគេវិញថា មិនបាច់ជួយទេ ដោយបាននិយាយថា ខ្លួនមិនរស់ទេ ហើយដេញអ្នកដែលចង់ជួយខ្លួននោះឲ្យរត់គេចខ្លួនទៅ ក្នុងពេលដែលកងកម្លាំងសន្តិសុខកំពុងបន្តបាញ់ប្រហារលើក្រុមបាតុកម្ម។
ឪពុក ខឹម សូផាត គឺលោក ខឹម សឿន ដែលមានទីលំនៅ នៅភូមិបឹងក្រៀល ឃុំអង្គតាសូ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ក៏បានអះអាងដូចគ្នាដែរ៖«មិត្តភ័ក្ដិវាហ្នឹងត្រូវដៃដែរ គេបាញ់ត្រូវដៃ មិត្តភ័ក្ដិវាហ្នឹងឃើញកូនខ្ញុំគេបាញ់ត្រូវដើមទ្រូង គេឃើញ (កង) ឆត្រយោង លើកដាក់លើឡាន ដល់ដាក់លើឡានមិនដឹងគេយកទៅណា»។
លោកបន្តថា កូនប្រុសគាត់ដែលធ្វើការនៅរោងចក្រមួយម្ដុំសួនកាណាឌីយ៉ា ត្រូវបានកងសន្តិសុខបាញ់ប្រហារមុនគេបង្អស់ ក្នុងពេលអ្នកសារព័ត៌មានមិនទាន់ទៅដល់ឃើញហេតុការណ៍នោះ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ បានទ នៅថ្ងៃទី២៣ មីនា ដើម្បីសុំព័ត៌មានបន្ថែម។ ក៏ប៉ុន្តែកន្លងមកលោកឧត្ដមសេនីយ៍ ខៀវ សុភ័គ ធ្លាប់អះអាងថា ព័ត៌មានទាក់ទងករណីកម្មករ ខឹម សូផាត នេះ គឺជារឿងមិនពិត។
កាលពីថ្ងៃទី២ និងទី៣ មករា ឆ្នាំ២០១៤ កងសន្តិសុខរដ្ឋាភិបាលបានបង្ក្រាបកម្មករធ្វើបាតុកម្មនៅតាមផ្លូវជាតិលេខ៤ កំបូល និងផ្លូវវ៉េងស្រេង ជាយរាជធានីភ្នំពេញ បណ្ដាលឲ្យកម្មករ ៥នាក់ស្លាប់ និងជិត ៤០នាក់រងរបួស ចាប់ខ្លួន ២៣នាក់៕
No comments:
Post a Comment