Paris Peace Accords 23 Oct. 1991

Monday, March 24, 2014

វិភាគ​៖ តើ​ នរណា​ ជា​អ្នកទទួលខុសត្រូវ​ ករណី​បាត់​ កោះត្រល់​?​

ផែនទីកោះត្រល់ (រូបភាពពី ៖ Google Map)

វិភាគ​៖ តើ​ នរណា​ ជា​អ្នកទទួលខុសត្រូវ​ ករណី​បាត់​ កោះត្រល់​?​


ដោយ៖​ ណុល ដារ៉ា​ / វីអូឌី | ថ្ងៃចន្ទ ទី24 ខែមិនា ឆ្នាំ2014

​កោះត្រល់​មាន​ទំហំ​ជិត​ប៉ុន​ប្រទេស​សិង្ហ​បុរី​ទាំងមូល ស្ថិតនៅ​ចម្ងាយ​១៦ គីឡូម៉ែត្រ​ពី​ប្រទេស​កម្ពុជា និង​មាន​ចម្ងាយ​៤០ គីឡូម៉ែត្រ​ពី​ប្រទេស​វៀតណាម​។ បើ​តាម​អ្នកសិក្សា​អំពី​បញ្ហា​ព្រំដែន​សមុទ្រ និង​បណ្ឌិត​ច្បាប់​ថា ផ្អែក​តាម​ប្រវត្តិសាស្ត្រ និង​ច្បាប់​សមុទ្រ​ឆ្នាំ​១៩៨២ កោះ​នេះ​ស្ថិតក្នុង​អធិបតីភាព​របស់​កម្ពុ​ជា ប៉ុន្តែ​បច្ចុប្បន្ន​កោះ​នេះ​គ្រប់គ្រង​ដោយ​វៀតណាម និង​មាន​ឈ្មោះ​ជា​ភាសា​វៀតណាម​ថា កោះ​ភូ​កុក​។
តើ​ កោះត្រល់​​ របូត​ បាន​ទៅ​វៀតណាម​ ដោយ​វិធី​ណា​?
​អ្នកស្រាវជ្រាវ​បញ្ហា​ព្រំដែន​សមុទ្រ លោក​ហុង សុខ​ហូ ឲ្យដឹងថា នៅ​ឆ្នាំ​១៩៣៩ លោក​ប្រេវី​យេបាន​គូស​ខ្សែ​បន្ទាត់បែង​ចែកដែន​ទឹក​រវាង​កម្ពុជា និង​កូសាំងស៊ីន ដោយ​ដាក់​កោះ​ទាំងឡាយ​ដែល​នៅ​ខាងត្បូង​បន្ទាត់​ប្រេវី​យេ ១៤០​អង្សារ នៅក្រោម​ការគ្រប់គ្រង​រដ្ឋបាល​របស់​កូសាំងស៊ីន​ជំនាន់​នោះ ប៉ុន្តែ​លោក​ប្រេវី​យេបាន​បញ្ជាក់​នៅក្នុង​លិខិត​ដដែល​របស់​លោក​ក្នុង​ផ្នែក​ខាងក្រោម​ថា កោះត្រល់​ជា​កោះ​របស់​ខ្មែរ នៅតែ​ជា​កោះ​របស់​ខ្មែរ​ដដែល ដោយ​លោក​ប្រើពាក្យ​ថា អនិស្សរៈ​ភាព ដែល​ខុស​ពី​ពាក្យ​ឯករាជ្យភាព​។
នៅ​ថ្ងៃ​ទី​២១ ខែ​ឧសភា ឆ្នាំ​១៩៤៩ រដ្ឋសភា​បារាំង​បាន​អនុម័ត​ច្បាប់​ភ្ជាប់​ដែនដី​កូសាំងស៊ីន​ទៅ​ឲ្យ​ព្រះ​ចៅ​យួន​បាវ​ដាយ នៃ​វៀតណាម​ខាងត្បូង តាម​អំពើ​ចិត្ត ដោយ​មិន​បាន​សួរនាំ រដ្ឋាភិបាល​ខ្មែរ​។​
​តើ​ការភ្ជាប់​ដែនដី​កូសាំងស៊ីន​ទៅ​ឲ្យ​វៀតណាម មានន័យ​ថា​ប្រគល់​ទាំង​កោះត្រល់​ទៅ​ឲ្យ​វៀតណាម​ដែរ​ឬ​យ៉ាងណា​?
​មកដល់​ត្រង់​ចំណុច​នេះ ឃើញថា ខ្សែ​ប្រេវី​យេ ជា​មូលហេតុ​នៃ​ការបកស្រាយ​ផ្សេង​គ្នា​របស់​អ្នកនយោបាយ​ខ្មែរ ដែល​អ្នកខ្លះ​ថា​ជា​ការខ្វែងគំនិត​គ្នា​រវាង​អ្នកនយោបាយ​ជាតិនិយម និង​អ្នកនយោបាយ​អំណាច​និយម​។​
ក្នុង​បទ​អន្តរាគមន៍​របស់​លោក​ឧបនាយករដ្ឋមន្ត្រី​សុខ អាន ស្ដី​អំពី​បញ្ហា​សន្ធិសញ្ញា​បំពេញបន្ថែម ទៅ​លើ​សន្ធិសញ្ញា​កំណត់​ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៥ និង​ជុំវិញ​បញ្ហា​ព្រំដែន​ទឹក​រវាង​កម្ពុជា វៀតណាម នៅ​ស្ថានីយ​ទូរទស្សន៍​អប្សរា ថ្ងៃទី ២៧ ខែតុលា ឆ្នាំ​២០០៥ មាន​ចំណុច​មួយ​និយាយថា “​ឆ្នាំ​១៩៣៩ លោក​ប្រេវី​យេ​អគ្គទេសាភិបាល​បារាំង ដែល​គ្រប់គ្រង​ឥណ្ឌូចិន​នោះ បាន​ចេញ​សេចក្ដីសម្រេច​ផ្ទេរ​កោះ​ត្រល់​ទៅឲ្យ​កូសាំងស៊ីន​”​។​
​អ្នកសិក្សា​ស្រាវជ្រាវ​ប្រវត្តិសាស្ត្រ​ខ្មែរ  លោក​បណ្ឌិត​សឺ​ន ស៊ូ​ប៊ែរ មានប្រសាសន៍ថា កោះត្រល់​ជា​កោះ​របស់​ខ្មែរ ប៉ុន្តែ​នៅ​សម័យ​អាណានិគម​បារាំង ដើម្បី​ងាយស្រួល​ក្នុង​ការគ្រប់គ្រង​រដ្ឋបាល អគ្គទេសាភិបាល​បារាំង​បានដាក់​កោះត្រល់​នៅក្រោម​ការគ្រប់គ្រង​រដ្ឋ​បាល​របស់​កូសាំងស៊ីន ហើយ​នៅ​ឆ្នាំ​១៩៤៩​នៅពេល​ដែល​បារាំង​ផ្ដល់​កូសាំងស៊ីន​ទៅ​អធិរាជ​បាវ​ដាយ ដោយ​មិន​សួរនាំ​រដ្ឋាភិបាល​ខ្មែរ វា​ដោយ​ទាំង​កោះត្រល់​ទៅ​ជាមួយ​ដែរ ប៉ុន្តែ​មិន​មាន​អ្នកនយោបាយ​ខ្មែ​រណា​ម្នាក់​ទទួល​ស្គាល់​កោះត្រល់​ថា​ជា​របស់​វៀតណាម​នោះ​ទេ​ «​ក្រោយមកទៀត គាត់​បញ្ជាក់​! ព្រោះ​យើង យើង​អត់​ទទួល​ស្គាល់​អា​ស្អី​ដែល​បារាំង​បាន​ធ្វើ​ឯណា​! យើង​អត់​ដែល​ទទួល​ស្គាល់​ទេ​មែនទែន ទាំង​ព្រះករុណា​សីហនុ ទាំង​រដ្ឋាភិបាល​ក្រោយៗ​មកទៀត ទាំង​និយាយ​ទៅ​ទាំង​លោក​ លន់ នល់ ហ្នឹង​ម្ល៉េះ យើង​អត់​ដែល​ទទួលស្គាល់​ឯណា​! មានតែ​លោក -- ដូច​លោក​ហ៊ុន សែន ចុះហត្ថលេខា មានន័យ​ថា​គាត់​ទទួលស្គាល់​»។​
កាលពី​ថ្ងៃ​ទី​០៩ ខែ​សីហា ឆ្នាំ​២០១២ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចូល​បំភ្លឺ​ក្នុង​រដ្ឋសភា​ថា ការបាត់បង់​កោះត្រល់ គឺ​បាត់​តាំងពី​ឆ្នាំ​១៩៣៩​មកម្ល៉េះ នៅពេល​ដែល​កម្ពុជា​នៅ​ក្រោម​អាណានិគម​បារាំង ហើយ​ត្រូវបាន​លោក Previe(​ប្រេវី​យេ​) ជនជាតិ​បារាំង​ជា​អ្នកគ្រប់គ្រង​នៅ​តំបន់​ឥណ្ឌូចិន បាន​កាត់​កោះ​នោះ​ឲ្យ​វៀតណាម​។​
​អ្នកស្រាវជ្រាវ​បញ្ហា​ព្រំដែន​សមុទ្រ លោក​ហុង សុខ​ហូ មានប្រសាសន៍ថា រដ្ឋាភិបាល​វៀតណាម​ចេះ​ណាស់ បើ​កោះត្រល់​បាន​ទៅ​វៀតណាម តាំងពី​ឆ្នាំ​១៩៣៩ នោះ ម្ល៉េះ​វៀតណាម​មិន​ចាំបាច់​មក​ចុះហត្ថលេខា​ជាមួយ​លោក​ហ៊ុន សែន ឆ្នាំ​១៩៨២ ទៀត​នោះ​ទេ​។
ហើយ​សន្ធិសញ្ញា​ឆ្នាំ​១៩៨២ នោះ​ក៏​មិន​ស្របច្បាប់​ដែរ ព្រោះ​គ្មាន​ស្ថាប័ន​ណា​ទទួល​ស្គាល់​។ ប៉ុន្តែ​សន្ធិសញ្ញា​បំពេញ​បន្ថែម​នៅ​ឆ្នាំ​២០០៥ ដែល​មាន​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ចុះហត្ថលេខា និង​ដោយ​មាន​ព្រះ​ហស្ថលេខា​របស់​ព្រះករុណា​ផង វា​បាន​ធ្វើឲ្យ​សន្ធិសញ្ញា​ខុស​ច្បាប់​ឆ្នាំ​១៩៧៩ ឆ្នាំ​១៩៨២ និង​ឆ្នាំ​១៩៨៥ ទៅ​ជា​ស្របច្បាប់​ «ខ្ញុំ​ចង់​បញ្ជាក់ថា មិនមែន​បាត់​នៅក្នុង​ឆ្នាំ (១៩)៣៩​ទេ អ្ហា​ស់​! បើ​បាត់​ឆ្នាំ (១៩)៣៩ ហេតុ​អី​បាន​ជា​ឆ្នាំ (១៩)៨២ គេ​ឲ្យ​យើង​ចុះ​ហត្ថលេខា​នៅក្នុង​សន្ធិសញ្ញា​ឆ្នាំ (១៩)៨២! បើ​វា​បាន​តាំងពី​ឆ្នាំ (១៩)៣៩ ហើយ រឿង​អី​មក​ចុះហត្ថលេខា​ឆ្នាំ (១៩)៨២ ធ្វើ​ស្អី​? មិន​អ៊‍ីចឹង​? អ៊‌ីចឹង​ខ្ញុំ​ចង់​បញ្ជាក់​អ៊‍ីចឹង ថា បើ​ខ្មែរ​យើង​ជា​អ្នកស្នេហាជាតិ ត្រូវ​មើល​លិខិត​ហ្នឹង​សា​ដើម​ឡើងវិញ ហើយ​ពិចារណា​មើល​ទៅ​កុំឲ្យ​ផ្អៀង​! ព្រោះ​គេ​សរសេរ​មក​ច្បាស់លាស់​ហើយ​តើ​! ប្រវត្តិសាស្ត្រ​ចែង​មក​ច្បាស់​ហើយ ហើយ​យើង​យក​មក​បកស្រាយ​ខុស ធ្វើឲ្យ​យើង​បាត់បង់​ទឹកដី​»។​
សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ និង​នយោបាយ​លោក​បណ្ឌិត ​សុខ ទូច មានប្រសាសន៍ថា លោក​មិន​ច្បាស់​ថា កោះត្រល់​បាត់​នៅពេល​ណា​នោះ​ទេ ប៉ុន្តែ​លោក​កំពុងតែ​សិក្សា​លើ​បញ្ហា​នេះ ហើយ​កំពុងតែ​រង់ចាំ​ឯកសារ​មក​ពី​ស្រុក​បារាំង​។ លោក​បណ្ឌិត​អះអាងថា ក្នុងករណី​ណា​ក៏​ដោយ កោះត្រល់​នៅតែ​ជា​របស់​ខ្មែរ ដោយ​យោង​ទៅតាម​បី​ចំណុច គឺ​ប្រវត្តិសាស្ត្រ ច្បាប់​សមុទ្រ និង​កត្តា​មនុស្ស​ដែល​អះអាង​ថា នៅ​ឆ្នាំ​១៩៧៩ ពេល​លោក​ទៅ​ដល់​កោះ​ត្រល់ មាន​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​លើ​កោះ​នោះ​នៅឡើយ​។ ទោះយ៉ាងណា លោក​ណ្ឌិ​ត​បញ្ជាក់​ថា​វៀតណាម​ទើបតែ​ហ៊ាន​ធ្វើ​ការអភិវឌ្ឍ​កោះត្រល់​នៅ​ក្រោយ​ឆ្នាំ​២០០៥ ប៉ុណ្ណោះ គឺ​នៅ​ក្រោយ​សន្ធិសញ្ញា​បំពេញបន្ថែម ដែល​ទទួលស្គាល់​ដោយ​គណបក្ស​ពីរ​នៅពេលនោះ​ «កាល​ពី​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​បាន​និយាយថា រាល់​សន្ធិសញ្ញា​ទាំងឡាយណា​ដែល​ចុះ​ជាមួយ​បរទេស​ពី (១៩)៧៩ មកដល់ (១៩)៩១ នេះ ត្រូវតែ​បញ្ចប់​។ ប៉ុន្តែ​អាហ្នឹង​វា​ចាប់​មានជីវិត​មកវិញ នៅ​ឆ្នាំ​២០០៥ គឺ​រវាង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស​ប្រជាជន​បាន​ប្រោស​»
តាម​សៀវភៅ “​សត្រូវ​បងប្អូន​ឯង​” របស់​អ្នកនិពន្ធ ណា​យ៉ាន់ ចាន់​ដា ឲ្យដឹងថា នៅ​ថ្ងៃ​៤ ខែ​ឧសភា ឆ្នាំ​១៩៧៥ ពួក​ខ្មែរក្រហម​បាន​វាយ​ចូល​កាន់កាប់​កោះត្រល់ និង​កោះ​ផ្សេងៗ​ទៀត ដែល​មាន​ជម្លោះ​ជាមួយ​វៀតណាម​។ នេះ​បញ្ជាក់ថា​កោះត្រល់​ជា​កោះ​ដែល​នៅ​មាន​ជម្លោះ មិន​ទាន់​ដាច់​ស្រេច​ថា​បាន​ទៅ​ប្រទេស​ណា​ឡើយ​។
​ផ្អែក​លើ​ប្រវត្តិ​ជម្លោះ​រឿង​កោះត្រល់​រវាង​ខ្មែរក្រហម និង​វៀតណាម និង​កត្តា​ប្រវត្តិសាស្ត្រ ក៏ដូចជា​ច្បាប់​សមុទ្រ​ឆ្នាំ​១៩៨២ យើង​នៅតែ​អាចមាន​លទ្ធភាព​ប្ដឹង​ផ្ដល់​ដល់​តុលាការ​អន្តរជាតិ ដើម្បី​ទាមទា​រកោះ​នេះ​មក​វិញ ប៉ុន្តែ​សន្ធិសញ្ញា​បំពេញបន្ថែម​ឆ្នាំ​២០០៥ ជា​ឧបសគ្គ​មួយ​ដែរ​។ ទោះ​យ៉ាងណា​លោក​បណ្ឌិត​សុខ​ទូច ឲ្យយោបល់​ថា គេ​ចង​តាម​ណា គេ​ត្រូវ​ស្រាយ​តាម​នោះ​៕




No comments:

Post a Comment