Paris Peace Accords 23 Oct. 1991

Wednesday, March 19, 2014

​វិភាគ​៖​ តើ​ កំណែទម្រង់​ ស៊ីជម្រៅ​ របស់ លោក ​ហ៊ុន ​សែន​ រយៈពេល​ជិត​ ៦​ខែ​នេះ​ សម្រេច​បាន​ អ្វីខ្លះ​?​

សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា(រូបភាព៖តាត ឧត្តម)

​វិភាគ​៖​ តើ​ កំណែទម្រង់​ ស៊ីជម្រៅ​ របស់ លោក ​ហ៊ុន ​សែន​ រយៈពេល​ជិត​ ៦​ខែ​នេះ​ សម្រេច​បាន​ អ្វីខ្លះ​?​


ដោយ៖​ ពៅ មេត្តា​ / វីអូឌី | ថ្ងៃពុធ ទី19 ខែមិនា ឆ្នាំ2014


កាលពី​ថ្ងៃ​ ទី​២៥ ​ខែ​កញ្ញា ​ឆ្នាំ​២០១៣ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន បាន​ចំណាយពេល ​ស្ទើរ​ពេញ​មួយ​ថ្ងៃ​ សម្រាប់ ​បើក​កិច្ចប្រជុំ​ គណៈរដ្ឋមន្ត្រី​ លើក​ដំបូង​ នៃ​រដ្ឋាភិបាល​ អាណត្តិ​ទី​៥។   ក្នុងពេលនោះ ​លោក​ បាន​លើកឡើង​ ម្តង​ហើយ ​ម្តងទៀត ​ពី​ការធ្វើ​ កំណែទម្រង់​ ស៊ីជម្រៅ ដើម្បី អភិវឌ្ឍន៍​ប្រទេសជាតិ ​ឲ្យ​សមស្រប ​ទៅតាម​ការចង់​បាន រ​បស់ ​ប្រជាពលរដ្ឋ​ ជា​ម្ចាស់ឆ្នោត។
ក្រោយ​ការប្រកាស​របស់​លោកនាយ​ក​រដ្ឋមន្ត្រី ពី​ការប្តេជ្ញា​ធ្វើកំណែទម្រង់​ការដឹកនាំ​នេះ មាន​រយៈពេល​ជិត​ ៦​ខែ​ហើយ​។ តើ​ក្នុង​រយៈពេល​នេះ  រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​សម្រេច​លើ​ចំណុច​ចំណុច​អ្វី​ខ្លះ​?

ការប្រកាស​ប្តេជ្ញា​ធ្វើ​កំណែទម្រង់​ស៊ីជម្រៅ​ក្នុង​ការដឹកនាំ​ប្រទេស​របស់​លោក​នាយករដ្ឋមន្ត្រី​ធ្វើឡើង​នៅ​ថ្ងៃទី​២៥​ខែ​កញ្ញា គឺ​បន្ទាប់ពី​លទ្ធផល​នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៥​កាលពី​ថ្ងៃ​ទី​២៨ ​ខែកក្កដា ​ឆ្នាំ​២០១៣ គឺ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​បាត់បង់​សំឡេងគាំទ្រ ​២២​អាសនៈ​គឺ​ថយ​ចុះ​ពី ​៩០​អាសនៈ​នៅ​អាណត្តិ​ទី​៤​មក​ត្រឹម ​៦៨​អាសនៈ​។​
ក្នុងពេល​បើក​ប្រជុំ​គណៈរដ្ឋមន្ត្រី​លើក​ដំបូង​កាលពី​ថ្ងៃ​ទី​២៥​ ខែកញ្ញា ​លោក​នាយកដ្ឋមន្ត្រី ​ហ៊ុន​សែន ចំណាយ​ពេល​ស្ទើរ​ពេញ​មួយ​ថ្ងៃ ដើម្បី​ប្រកាស​ពី​គោលនយោបាយ​កំណែទម្រង់​ថ្មី​របស់​រដ្ឋាភិបាល​។
ក្នុងពេលនោះ​លោក​បាន​លើកឡើង​ពី​ការប្តេជ្ញា​ធ្វើកំណែទម្រង់​លើ​ផ្នែក​ជាច្រើន​ដូចជា ការលុបបំបាត់​អំពើពុករលួយ លុបបំបាត់​បក្ខពួក​នៅ​តាម​ក្រសួង​ស្ថាប័ន​រដ្ឋ ពង្រឹង​ប្រព័ន្ធ​យុត្តិធម៌ បង្កើន​ការយកចិត្តទុកដាក់​ថែរក្សា​ធនធានធម្មជាតិ និង​ការបង្កើន​ការផ្តល់សេវា​សាធារណៈ​ដើម្បី​ដោះស្រាយ​បញ្ហា​ជា​ទុក្ខ​កង្វល់​របស់​ប្រជាពលរដ្ឋ​ឲ្យបាន​ទាន់​ពេល​ជាដើម​។​
​ក្រោយ​ការប្រកាស​របស់​លោកនាយ​ក​រដ្ឋមន្ត្រី​ហ៊ុន សែន ពី​ការធ្វើ​កំណែទម្រង់​មុត​ស្រួច​នោះ មាន​សកម្មភាព​មួយចំនួន​ដែល​ធ្វើឲ្យ​សាធារណៈជន​ចាប់អារម្ម​ណ៍​ដូចជា ផ្លាស់ប្តូរ​តំណែង​មន្ត្រី​នៅ​តាម​ក្រសួង​ស្ថាប័ន​មួយចំនួន និង​ការរៀបចំ​វេទិកា​សាធារណៈ​ខ្លះៗ​ដូចជា នៅ​រាជធានី​ភ្នំពេញ នៅ​ខេត្ត​ព្រៃវែង​ជាដើម​។
យន្តការ​ក្រុមការងារ​ថ្នាក់​ជាតិ​ស្តាប់​ពី​ទុក្ខ​កង្វល់​របស់​ប្រជាពលរដ្ឋ​គឺ​លោកនាយក​រដ្ឋមន្ត្រី បញ្ជា​ឲ្យ​មន្ត្រី​របស់​លោក​ទៅ​ស្តាប់​ពី​ទុក្ខ​ដែល​ប្រជាពលរដ្ឋ​លើកឡើង​ក្នុង​វេទិកាសាធារណៈ​ដើម្បី​យក​ទៅ​ដោះស្រាយ​។​
​របាយការណ៍​ស្ទង់​មតិ​លើក​ទី​១០​របស់​វិទ្យាស្ថាន​សាធារណៈរដ្ឋ​អន្តរជាតិ ​(IRI) ចេញផ្សាយ​កាលពី​ខែ​មករា​កន្លងទៅ​នេះ គឺ​ការយល់ឃើញ​របស់​ប្រជាពលរដ្ឋ​ថា កម្ពុជា​កំពុង​ដើរ​លើ​ផ្លូវខុស​កើនឡើង​គឺ​ការស្ទង់មតិ​កាលពី​ថ្ងៃ​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៣​ពលរដ្ឋ ​២១%​យល់ថា កម្ពុជា​ដើរ​លើ​ផ្លូវខុស ការស្ទង់មតិ​ចេញផ្សាយ​នៅ​ខែ​មករា​ឆ្នាំ​២០១៤ ប្រជាពលរដ្ឋ​៤៣%​យល់​ថា​កម្ពុជា​កំពុង​ដើរ​លើ​ផ្លូវខុស​។​
អ្នកនាំពាក្យ ​ទីស្តីការ គណៈរដ្ឋមន្ត្រី, ​លោក ផៃ​ ស៊ីផា​ន, ទទួលស្គាល់ថា លទ្ធផល ​នៃ​ការស្ទង់មតិ​របស់​IRI​អាច​យកជាការ​បាន​។​
​នាយិការ​វិទ្យាស្ថាន​សាធារណៈរដ្ឋ​អន្តរជាតិ​លោកស្រី យេ​ស​ស៊ីកា ឆី​កិន​មានប្រសាសន៍ថា ការ​ដែល​ពលរដ្ឋ​យល់​ឃើញ​កម្ពុជា​ដើរ​លើ​ផ្លូវខុស​កើន​ឡើង​ដោយសារ ប្រជាពលរដ្ឋ​អស់​ជំនឿ​ចំពោះ​ការដឹកនាំ ព្រោះ​មាន​អំពើពុករលួយ បក្ខពួកនិយម​ជាដើម​ «ចំពោះ​អ្នក​ដែល​ឆ្លើយថា ព្រះរាជាណាចក្រ​កម្ពុជា កំពុងតែ​ឆ្ពោះទៅមុខ ក្នុងទិសដៅ​ខុស​នេះ គេ​ឲ្យ​ហេតុផល​ថា ដោយសារ​មាន​អំពើ ពុករលួយ​ច្រើន មាន​ដល់​៣០% មាន​បញ្ហា​បក្សពួកនិយម ១៨% បញ្ហា​បំផ្លាញ​បរិស្ថាន ១៦%, ហើយ ​ទី​៤ គឺ​ តម្លៃកសិផល​ និង​ទាប ១៥% បាទ»
​លោក ផៃ ស៊ីផា​ន ថ្លែងថា របាយការណ៍​របស់ ​IRI ជា​ចំណុច​មួយ​ដែល​រដ្ឋាភិបាល​យក​ទៅ​ឆ្លុះ​បញ្ជាំង ដើម្បី​ស្វែងរក​ចំណុច​ត្រូវការ​ពិតប្រាកដ​របស់​ប្រជាពលរដ្ឋ​។​
តើ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​របស់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​ធ្វើ​កំណែទម្រង់​លើ​ចំណុច​អ្វីខ្លះ​ហើយ​បន្ទាប់​ពី​ការប្តេជ្ញា​នោះ​?
សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ និង នយោបាយ​លោក​សុខ​ទូច យល់ឃើញថា រយៈពេល​ជិត​៦​ខែ​មកនេះ លោក​មិន​ទាន់​ឃើញ​រដ្ឋាភិបាល​ធ្វើ​កំណែទម្រង់​អ្វី​គួរឲ្យគត់សម្គាល់​ទេ​។ លោក​សុខ ទូច យល់ថា ទៅ​ថ្ងៃ​អនាគត​ក៏​រដ្ឋាភិបាល​មិន​អាច​ធ្វើ​កំណែទម្រង់​អ្វី​បាន​ដែរ​ព្រោះ មនុស្ស និង​ប្រព័ន្ធ​ការងារ​នៅ​ដដែល​ «​សំរាប់​ខ្ញុំ​គឺ​ឥត​មាន​អី ប្រែប្រួល​ទេ អ្វី​ដែល​មាន​ពីមុនមក និង​បន្ត​បែប​និង​តទៅទៀត ព្រោះ​យើង​ឃើញថា កំនែទម្រង់​ស៊ីជម្រៅ វា​មាន​កម្មវិធី ប៉ុន្តែ​អ្នក​អនុវត្ត​សកម្មភាព នៅ​ដដែល វា​ឥត​មាន​អី​ប្រែប្រួល​ទេ​»​​
​លោក សុខ ទូច​បាន​លើកឡើង​ពី​ករណី​នៃ​អំពើពុករលួយ ដែល​រដ្ឋាភិបាល​បង្កើត​ច្បាប់ តែ​មិន​មាន​វិធានការ​អនុវត្ត​ឲ្យមាន​ប្រសិទ្ធិ​ភាព​ទេ​។​
​នៅ​ដើមឆ្នាំ​២០១៤ សកម្មភាព​មួយ​ចំនួន​ដែល​អ្នក​តាមដាន​បញ្ហា​សង្គម​យល់ឃើញថា ធ្វើ​អ្នករងគ្រោះ ឬ​អ្នក​ដែល​ជួប​បញ្ហា​កាន់តែ​មិន​ពេញចិត្ត​រដ្ឋាភិបាល​ទៀត​នោះ​គឺ សមត្ថកិច្ច​បាញ់​បង្ក្រាប​លើក​ម្មករ​នៅ​ក្បែរ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ និង​កម្មករ​នៅ​ផ្លូវ​វ៉េងស្រេង កាលពី​ថ្ងៃ​ទី​២ និង​ទី​៣​ខែ​មករា ពេល​ដែល​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​គោល​ឲ្យបាន​១៦០​ដុល្លារ រួម​ទាំង​ការបង្ក្រាប​លើ​បាតុករ​ដឹកនាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ថ្ងៃ​ទី​០៤ ​ខែ​មករា​ នៅ​ទីលាន​ប្រជាធិបតេយ្យ​ដែល​ទាមទារ​ឲ្យមាន​ការបោះឆ្នោត​ឡើងវិញ​។
​ក្រោយ​ការបង្ក្រាប​ជា​បន្តបន្ទាប់​នោះ ប្រជា​ពលរដ្ឋ​ខ្មែរ និង ជនជាតិ​នៅ​ក្រៅប្រទេស​បាន​ធ្វើ​បាតុកម្ម​ជា​បន្តបន្ទាប់​នៅ​ក្រៅប្រទេស​ប្រឆាំង​ការដឹកនាំ​របស់​លោក​ហ៊ុន​សែន ដោយ​ពួកគេ​ចាត់ទុកថា ការបង្ក្រាប​នោះ ជា​ការរំលោភ​សិទ្ធិមនុស្ស ហើយ​រដ្ឋាភិបាល​មិន​មាន​សមត្ថភាព​ដោះស្រាយ​បញ្ហា​ជា​ដើម​។ បាតុកម្ម​កើត​មាន​ដូចជា​នៅ​សហរដ្ឋអាមេរិក បារាំង អង់គ្លេស អូស្ត្រាលី កូរ៉េ ហ្វីលីពីន​ជាដើម​។​
សម្រាប់​អ្នក​ស្រាវជ្រាវ​ឯករាជ្យ​នៅ​រាជបណ្ឌិតសភា​កម្ពុជា លោក អ៊ុក វណ្ណា លើកឡើងថា សកម្មភាព​របស់​រដ្ឋាភិបាល​មិន​ឃើញ​មាន​ការធ្វើកំណទម្រង់​អ្វី​ទេ ដោយសារ​បង្កើត​តែ​ទ្រឹស្តី​ហើយ​មិន​បាន​យក​ទៅ​អនុវត្តន៍​ «​អ្នក​ទាំងអស់​គ្នា​ហាក់ដូច​សំដៅ កែទម្រង់​នៅ​ក្នុង​សិក្ខ​សិលា កិច្ចប្រជុំ​ធំៗ យក​ទៅ​ទាត់ចោល គ្មាន​យក​មក​គិត ពេលខ្លះ​សំដៅ​សម្តេច នាយក​និយាយ មួយ​ឃ្លា គេ​យក​សំដៅ​និង​ទៅប្រើ​យ៉ាង​មិច ចំណោយ​ថវិការ ប៉ុន្មាន​គេ​យកមក​គិត​និង​គ្នា គេ​មិន​មែន​ស្តាប់​ហើយ​ដូច​ល្អមើល​ដូចជា​ចម្រៀង​»​។​
ការមើលឃើញ​សកម្មភាព​តិចតួច​នៃ​ការធ្វើកំណែទម្រង់​ស៊ីជម្រៅ​របស់​រដ្ឋាភិបាល​នេះ នាំឲ្យ​មាន​ការលើក​ឡើង​ប្រធានប​ទ​វិភាគតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​រឿយៗ​ថា ពេល​បោះឆ្នោត​លើក​ក្រោយ តើ​គណបក្ស​ប្រជាជន​កម្ពុជា​អាច​ទទួលបាន​សំឡេង​គាំទ្រ​កើនឡើ​វិញ​ទេ ឬ លោក ហ៊ុន សែន មាន​វាសនា​អាច​ទទួលបាន​តំណែង​ជា​នាយករដ្ឋមន្ត្រី​ទៀត​ឬទេ​?​៕




1 comment:

  1. Anonymous7:53 PM

    មិនឃើញទេឬ? ២៩នាក់បានឡើងទៅជាផ្កាយ៤វើយ គឺឡើងដំណាលគ្នាតែម្ដងរកគ្មានទេក្នុងមួយពិភពលោក វាស៊ីជម្រៅមែនទេ?

    ReplyDelete