ទីកន្លែងមួយនៃទន្លេមេគង្គ ដែលស្ថិតនៅក្បែរ គម្រោងសាងសង់ទំនប់ដនសាហុងរបស់ឡាវ / រូបថត RFI
ផលប៉ះពាល់ នៃទំនប់ ដនសាហុង នឹងត្រូវយកទៅ ពិភាក្សាក្នុងកិច្ចប្រជុំ នៅវៀតណាម
សិក្ខាសាលាថ្នាក់ជាតិ ស្តីពី «ការព្រួយបារម្ភ ចំពោះ គម្រោងទំនប់វារីអគ្គិសនី ដនសាហុង» ត្រូវបានរៀបចំឡើង នៅថ្ងៃទី ២០ មីនានេះ នៅមជ្ឃមណ្ឌល វប្បធម៌ភ្នំពេញ កូរ៉េ ក្នុងទីក្រុងភ្នំពេញ។ ភាគីពាក់ព័ន្ធនានា ក្នុងនោះ ក៏មានតំណាង រដ្ឋាភិបាល ផងដែរ បានចូលរួម ពិភាក្សា។ ផលប៉ះពាល់នានា ដែលប្រមូលបាន ពីសិក្ខាសាលានេះ នឹងត្រូវដាក់ជូនដល់ រដ្ឋាភិបាល ដើម្បីយកទៅពិភាក្សា នៅក្នុងកិច្ចប្រជុំ ក្រុមប្រឹក្សា គណៈកម្មការ ទន្លេមេគង្គនៅខែមេសា ខាងមុខនេះ ក្នុងប្រទេសវៀតណាម។
លទ្ធផលសិក្ខាសាលាថ្នាក់ជាតិរយៈពេលមួយថ្ងៃស្តីពី«ការព្រួយបារម្ភចំពោះគម្រោងទំនប់វារីអគ្គសនី ដនសាហុង» និងក្លាយជាភស្តុតាងយ៉ាងសំខាន់សម្រាប់រដ្ឋាភិបាលកម្ពុជា លើកយកទៅពិភាក្សាក្នុងកិច្ចប្រជុំក្រុមប្រឹក្សាគណកម្មការទន្លេមេគង្គ នៅខែមេសាខាងមុខ ក្នុងប្រទេសវៀតណាម ដែលមានប្រទេសកម្ពុជា ថៃ ឡាវ និងវៀតណាមចូលរួម។ សិក្ខាសាលាថ្នាក់ជាតិនេះ ត្រូវបានរៀបចំឡើងនៅថ្ងៃទី ២០ មីនានេះ នៅមជ្ឃមណ្ឌលវប្បធម៌ភ្នំពេញ កូរ៉េ ក្នុងទីក្រុងភ្នំពេញ ដោយមានការចូលរួមពី តំណាងរាជរដ្ឋាភិបាល តំណាងនៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ដៃគូរអភិវឌ្ឍន៍ ស្ថាប័នស្រាវជ្រាវ អង្គការមិនមែនរដ្ឋាភិបាល និងជាពិសេសតំណាងសហគមន៍ ប្រមាណជា ៩០ នាក់។
លោក តឹក វណ្ណារ៉ា ក៏អំពាវនាវឲ្យរដ្ឋាភិបាល ស្នើសុំឲ្យផ្អាកគម្រោងសាងសង់ទំនប់វារីអគ្គីសនីដន សាហុងនេះផងដែរ បន្ទាប់ពីបានរកឃើញនូវផលប៉ះពាល់ជាច្រើន សម្រាប់ធនធានធម្មជាតិ និងប្រជាជនរស់នៅតាមដងទន្លេមេគង្គ និងការប្រឈមមុខនៃការផុតពូជសត្វផ្សោតកម្ពុជាផងដែរ។
ទំនប់វារីអគ្គិសនី ដនសាហុង ដែលមានថាមពល ២៦០ ម៉េហ្គាវ៉ាត់ គឺជាទំនប់មួយក្នុងចំណោមទំនប់វារីអគ្គិសនីទាំង ១២ ដែលគ្រោងសាងសង់ទៅលើតួទន្លេមេ នៃទន្លេមេគង្គក្រោម ក្នុងតំបន់ស៊ីផាន់ដន របស់ប្រទេសឡាវ។ បច្ចុប្បន្នទំនប់នេះ កំពុងត្រូវបានចាប់ផ្តើមសិក្សា និងដាក់សំណើរសម្រាប់ការសាងសង់បន្ទាប់ពីទំនប់វារីអគ្គិសនីសាយ៉ាបូរី។ ទំនប់នេះ មានទីតាំងស្ថិតនៅចំងាយប្រមាណ ២គីឡូម៉ែតពីព្រំដែនកម្ពុជា ឡាវ ក្នុងខេត្តចំប៉ាសាក់ ប្រទេសឡាវ។ អគ្គិសនី ដែលទទួលបានពីទំនប់ ដនសាហុង មានគម្រោងសំរាប់នាំចេញទៅកាន់ប្រទេសថៃ។
សូមបញ្ជាក់ថា នៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០០៦ រដ្ឋាភិបាលឡាវ និងវិស្វករជនជាតិម៉ាឡេស៊ី និង ក្រុមហ៊ុនវិនិយោគមួយឈ្មោះ (Mega First Corporation Berhad) បានចុះហត្ថលេខាលើ អនុសារណៈយោគយល់មួយចំពោះការស៊ើបអង្កេតទៅលើសេដ្ឋកិច្ច បរិស្ថាន និងលទ្ធភាពបច្ចេកទេសរបស់គម្រោងទំនប់វារីអគ្គិសនី ដនសាហុង។ នៅចុងខែកញ្ញា ឆ្នាំ២០១៣ រដ្ឋាភិបាលឡាវ បានជូនដំណឹងដល់គណៈកម្មការទន្លេមេគង្គ អំពីការសម្រេចចិត្តរបស់ខ្លួន ដើម្បីធ្វើការរៀបចំគម្រោង និងដាក់ជូនសម្រាប់គោលបំណងនៃការជូនដំណឹងនៅក្រោមនីតិវិធីរបស់ គណៈកម្មការទន្លេមេគង្គ សម្រាប់ជាការជូនដំណឹង និងការពិគ្រោះយោបល់ ។
No comments:
Post a Comment