លោកស្រី Julie Bishop រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី (រូបថតពី៖ Channel News Asia)
រដ្ឋមន្ត្រី ការបរទេស អូស្ត្រាលី សន្យាឃ្លាំមើល ការកែទម្រង់ ការបោះឆ្នោតនៅកម្ពុជា
ដោយ៖ ពេជ្រ សុធារី / វីអូឌី | ថ្ងៃសុក្រ ទី21 ខែមិនា ឆ្នាំ2014
រដ្ឋមន្ត្រី ការបរទេស អូស្ត្រាលី សន្យាថា នឹងឃ្លាំមើល ដំណើរការ កែទម្រង់ ការបោះឆ្នោត នៅកម្ពុជា ដោយយកចិត្តទុកដាក់ ខណៈ លោកស្រី បានប្រាប់ លោក សម រង្ស៊ី មេបក្ស ប្រឆាំង រូបនេះ នៅទីក្រុង កង់បេរា កាលពីថ្ងៃព្រហស្បតិ៍។
យោងតាមការិយាល័យអ្នកនាំពាក្យក្រសួងការបរទេសអូស្ត្រាលី ប្រាប់បណ្តាញផ្សាយព័ត៌មាន ABC ថា លោកស្រីរដ្ឋមន្ត្រីការបរទេស Julie Bishop បានប្រាប់លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ តាមទូរស័ព្ទថា បើទោះបីលោកស្រីមិនបានជួបផ្ទាល់ជាមួយមេបក្សប្រឆាំងរូបនេះក៏ដោយ ប៉ុន្តែលោកស្រី បានចាត់ចែងឲ្យមន្ត្រីជាន់ខ្ពស់ និងគណៈកម្មការព្រឹទ្ធសភាអូស្ត្រាលី ឲ្យជួបផ្ទាល់ជាមួយលោកសម រង្ស៊ី។ ប៉ុន្តែក្នុងជំនួបតាមទូរស័ព្ទ លោកស្រីរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី បានបង្ហាញពីការតាំងចិត្តថា អូស្ត្រាលី ចង់ឃើញប្រព័ន្ធបោះឆ្នោតនៅកម្ពុជា ត្រូវបានកែទម្រង់ឲ្យមានភាពល្អប្រសើរ។
ទាក់ទងនឹងករណីនេះ លោក ហង្ស ពុទ្ធា នាយកប្រតិបត្តិអង្គការនិច មានប្រសាសន៍ថា ការឃ្លាំមើលការកែទម្រង់ការបោះឆ្នោត យ៉ាងស៊ីជម្រៅ ពីសំណាក់សហគមន៍អន្តរជាតិនេះ គឺជារបងដ៏រឹងម៉ាំមួយ សម្រាប់ការពារគណបក្សនយោបាយទាំងពីរ មិនឲ្យចាកចេញពីតុចរចា។
ក្នុងដំណើរទស្សនកិច្ចរបស់ប្រធានគណបក្សសង្គ្រោះជាតិ ទៅកាន់ទីក្រុងកង់បេរា លោកសម រង្ស៊ី បានជួបពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់អូស្ត្រាលីជាច្រើនរូប ក្នុងនោះ មានសមាជិកសភា និងព្រឹទ្ធសភា ដែលមកពីគណបក្សប្រឆាំង និងគណបក្សកាន់អំណាច។ នៅក្នុងជំនួបនោះ ភាគច្រើនផ្តោតលើបញ្ហាស្ថានភាពនយោបាយនៅកម្ពុជា ជាពិសេសការកែ ទម្រង់ការបោះឆ្នោតនៅកម្ពុជា។ លោកសម រង្ស៊ី ដែលឋិតនៅក្នុងទីក្រុងកង់បេរា កាលពីពេលថ្មីៗនេះ ក៏បានព្រមានពីការឈប់ចរចា ប្រសិនបើការចរចាគ្រាន់តែជាការអូសបន្លាយពេលវេលាឥតប្រយោជន៍នោះ។
កាលពីថ្ងៃទី២១ ខែកុម្ភៈ កន្លងទៅ ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា លោកស្រី Julie Bishop រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី ក៏ទទួលបានការស្នើសុំពីរដ្ឋាភិបាលកម្ពុជា ហើយប្រទេសអូស្ត្រាលី ជួយកែទម្រង់ការបោះឆ្នោតនៅកម្ពុជាផងដែរ។ ហើយលោកស្រី បានចាត់ទុកសំណើររបស់កម្ពុជា ថាជាភាពវិជ្ជមានមួយសម្រាប់រដ្ឋាភិបាលប្រទេសអូស្ត្រាលី៕
No comments:
Post a Comment