Paris Peace Accords 23 Oct. 1991

Tuesday, March 18, 2014

ពលរដ្ឋ​ នៅ​ស្វាយរៀង​ ធ្វើ​ពិធី ​បួងសួង ​តវ៉ា​ រឿង​ទំនាស់​ដី

ជម្លោះ​ដី ស្វាយរៀង ៦១០
សហគមន៍​ដីធ្លី​និង​ប្រជាពលរដ្ឋ​ធ្វើ​ពិធី​បួងសួង​​ក្រោម​ដើម​ឈើ​នៃ​ដី​ដែល​មាន​ទំនាស់​នៅ​ឃុំ​អណ្ដូងត្របែក ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង នៅ​ព្រឹក​ថ្ងៃ​ទី​១៧ មីនា ឆ្នាំ​២០១៤។

ពលរដ្ឋ​ នៅ​ស្វាយរៀង​ ធ្វើ​ពិធី ​បួងសួង ​តវ៉ា​ រឿង​ទំនាស់​ដី

ដោយ ហ៊ុំ ចំរើន / អាស៊ីសេរី |  ១៧ មីនា ២០១៤
សហគមន៍​ដីធ្លី​និង​ប្រជាពលរដ្ឋ​ប្រមាណ​​ជិត ១០០​នាក់ ដែល​មាន​ទំនាស់​ដី​នៅ​ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង​ នៅ​ព្រឹក​ថ្ងៃ​ទី​១៧ មីនា បាន​នាំ​គ្នា​ធ្វើ​ពិធី​បួង​សួង​​តវ៉ា​ទាមទារ​ដី​សហគមន៍​ប្រមាណ​ជាង ២០០​ហិកតារ ដែល​មាន​ទំនាស់​ជាមួយ​រដ្ឋបាល​ព្រៃឈើ​ស្រុក​នេះ​មក​រក្សា​ទុក​ជា​ប្រយោជន៍​រួម​របស់​អ្នក​ភូមិ​វិញ។
ក្រោយ​ពី​ការ​បួងសួង​របស់​សហគមន៍​នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ អភិបាល​ស្រុក​បាន​សម្របសម្រួល​ដោយ​ឲ្យ​ភាគី​ទាំង​សងខាង​ផ្អាក​ធ្វើ​សកម្មភាព​នៅ​លើ​ដី​មាន​ទំនាស់​នេះ​មួយ​រយៈ។
សហគមន៍​ដីធ្លី​និង​ប្រជាពលរដ្ឋ​ដុត​ធូប​អង្គុយ​លើក​ដៃ​សំពះ​ក្រោម​ដើម​ឈើ​ក្នុង​ដី​ដែល​មាន​ទំនាស់ ដោយ​ស្រែ​​បួង​សួង ព្រម​ទាំង​មាន​ភ្លេង​បញ្ចូល​អារក្ស​អម​ជា​មួយ​ផង។
ប្រធាន​សហគមន៍​ដីធ្លី​ឃុំ​អណ្ដូង​ត្របែក ស្រុក​រមាសហែក លោក សួន សីហា​ មាន​ប្រសាសន៍​បញ្ជាក់​នៅ​ថ្ងៃ​ទី​១៧ មីនា ថា ការ​បួងសួង​នេះ​ដោយសារ​ការ​តវ៉ា​​រឿង​ដី​ទំនាស់​ជាង ២០០​ហិកតារ​រវាង​សហគមន៍​និង​រដ្ឋបាល​ព្រៃឈើ​​​កន្លង​មក​ពុំ​មាន​ដំណោះស្រាយ​សមរម្យ​ពី​អាជ្ញាធរ​ឡើយ។ ដោយសារ​បញ្ហា​នេះ ទើប​ពួកគេ​សម្រេច​ជ្រើស​​មធ្យោបាយ​ថ្មី​ ដោយ​ពឹង​ឲ្យ​អ្នក​តា​ម្ចាស់​ទឹក​ម្ចាស់​ដី​ដែល​ថែរក្សា​ដី​នៅ​តំបន់​នោះ ជួយ​ពួក​គាត់​វិញ​ម្ដង។
«សំឡេង»
​លោក សូន សីហា​ បញ្ជាក់​បន្ថែម​ថា ដី​ដែល​មាន​ទំនាស់​នេះ​ ជា​ដី​ទី​ទូល​របស់​សហគមន៍​រក្សាទុក​ជា​ជា​ប្រយោជន៍​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​តំបន់​នោះ​បាន​អាស្រ័យ​​អនុផល​ព្រៃឈើ និង​ជា​ទី​ទួល​វាល​ស្មៅ​សម្រាប់​គោក្របី​របស់​អ្នក​ភូមិ​នា​រដូវវស្សា។
ដី​ប្រមាណ​ជាង ២០០​ហិកតារ​ដែល​មាន​ទំនាស់ ឋិត​ឃុំ​អណ្ដូងត្របែក​ ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង។ សហគមន៍​ដីធ្លី​ឃុំ​អណ្ដូងត្របែក បញ្ជាក់​ថា ដី​នេះ​មាន​ទំនាស់​ផ្ដើម​ឡើង​ដោយសារ​រដ្ឋបាល​ព្រៃឈើ​យក​គ្រឿងចក្រ​ទៅ​ឈូស​ឆាយ​ដី​ក្នុង​រូបភាព​អភិវឌ្ឍន៍​ដាំ​កូន​ឈើ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ផល​ប្រយោជន៍​រួម​របស់​ប្រជាពលរដ្ឋ។
វិទ្យុ​អាស៊ីសេរី ពុំ​អាច​ទាក់ទង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ឃុំ​ក្រសាំង ដើម្បី​មាន​ឱកាស​ឆ្លើយ​តប​ជុំវិញ​បញ្ហា​នេះ​​បាន​ទេ នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា។
ប៉ុន្តែ​អភិបាល​ស្រុក​រមាសហែក​ ដែល​បាន​ចុះ​ទៅ​​សម្របសម្រួល​នៅ​សាលាឃុំ​អណ្ដូងត្របែក លោក ពេញ ជា មាន​ប្រសាសន៍​បញ្ជាក់​ថា ដី​នេះ​មាន​ទំនាស់​ដោយ​ខ្វែង​គំនិត​គ្នា​​នៃ​ភាព​មិន​ច្បាស់​លាស់​​រឿង​ការ​​កាន់​កាប់ និង​​ឈូស​ឆាយ​ដី​អភិវឌ្ឍន៍។ ដូច​នេះ​លោក​ឲ្យ​ភាគី​ទាំង​សងខាង​ គឺ​សហគមន៍​ដីធ្លី​អណ្ដូងត្របែក និង​រដ្ឋបាល​ព្រៃឈើ ផ្អាក​ធ្វើ​សកម្មភាព​បណ្ដោះ​អាសន្ន​ដើម្បី​រង់ចាំ​ការ​ស៊ើបអង្កេត​ដោះ​ស្រាយ​បន្ត។
«សំឡេង»
ក្រុម​ប្រជាពលរដ្ឋ​និង​សហគមន៍​បាន​រំសាយ​ទៅ​វិញ​ ក្រោយ​​ពី​ការ​សម្របសម្រួល​របស់​អភិបាល​ស្រុក​រមាសហែក។ ទោះ​ជា​យ៉ាង​នេះ​ក្ដី អ្នក​ភូមិ​ទាំង​នោះ​​បញ្ជាក់​ថា ពួកគេ​រំសាយ​ទៅ​វិញ​នេះ គឺ​ដើម្បី​រង់ចាំ​មើល​ការ​ដោះស្រាយ​មួយ​រយៈ ហើយ​ប្រសិន​បើ​រដ្ឋបាល​ព្រៃ​ឈូស​ឆាយ​លើ​ដី​ដែល​មាន​ទំនាស់​នេះ​ទៀត នោះ​ពួកគេ​នឹង​ងើប​តវ៉ា​សា​ថ្មី៕




No comments:

Post a Comment