អភិបាលរងខេត្តកំពង់ចាម លោក ជឹម លាវ (អាវសដៃវែងកណ្ដាល) អង្គុយស្ដាប់ទុក្ខកង្វល់ពលរដ្ឋមានបញ្ហាដីធ្លី និងទទួលពាក្យបណ្ដឹង នាសាលាខេត្តកំពង់ចាម កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៤។
ពលរដ្ឋ មានបញ្ហាដីធ្លី នាំគ្នា ដាក់ពាក្យបណ្ដឹង នៅសាលាខេត្តកំពង់ចាម
ដោយ សូត សុខប្រាថ្នា / អាស៊ីសេរី | ២០ មីនា ២០១៤
សមាគម ការពារសិទ្ធិមនុស្ស អាដហុក (Adhoc) នៅខេត្តកំពង់ចាម បានរៀបចំ ពាក្យបណ្ដឹង ឱ្យប្រជាពលរដ្ឋ នៅខេត្តកំពង់ចាម ដែលមានបញ្ហាដីធ្លី បញ្ហាព្រៃសហគមន៍ ព្រៃលិចទឹក ជាដើម យកទៅដាក់ នៅសាលាខេត្ត នៅព្រឹកថ្ងៃទី១៩ មីនា។
ការដាក់ពាក្យបណ្ដឹងនេះ ដើម្បីជូនទៅអភិបាលខេត្តកំពង់ចាម ក្នុងការជួយដោះស្រាយនូវទុក្ខកង្វល់ទាំងនោះជូនពួកគាត់។ ចំណែកអាជ្ញាធរខេត្តវិញបានលើកឡើងថា បញ្ហាខ្លះត្រូវបញ្ជូនទៅថ្នាក់ជាតិ ដើម្បីធ្វើការដោះស្រាយ ប៉ុន្តែបញ្ហាខ្លះទៀតអាជ្ញាធរខេត្តអាចមានដែនសមត្ថកិច្ចក្នុងការដោះស្រាយនោះ នឹងបញ្ជូនមន្ត្រីដែលពាក់ព័ន្ធទៅធ្វើការដោះស្រាយជាបន្តបន្ទាប់។
ប្រជាពលរដ្ឋដែលមានបញ្ហាដីព្រៃសហគមន៍ នៅឃុំត្រពាំងព្រីង ស្រុកតំបែរ អ្នកស្រី ហម ច្រិប បានលើកឡើងថា អ្នកស្រី និងតំណាងសហគមន៍ដីត្រពាំងព្រីង ផ្សេងទៀត មកដាក់ពាក្យបណ្ដឹងនៅសាលាខេត្ត ដើម្បីឱ្យខេត្តជួយដោះស្រាយរឿងកាប់ទន្ទ្រានដីព្រៃសហគមន៍ពីសំណាក់ឈ្មួញដោយខុសច្បាប់ ដោយពួកគាត់ចង់រក្សាទុកដីនោះជារបស់សហគមន៍ដដែល៖ «សហគមន៍មានបញ្ហាកាប់ព្រៃឈើ គេកាប់ឆ្ការយកដីរំលាយអស់ហើយអ៊ីចឹងចា៎! ព្រៃហ្នឹងកន្លងមកអត់មានចេញឈ្មោះថាខាងណាទេ! អត់មានចេញឈ្មោះ មិនដឹងថាសមត្ថកិច្ចណា ក៏ប៉ុន្តែបើប្រជាពលរដ្ឋយើងចុះបង្រ្កាបទៅគេច្រើនតែគំរាមកំហែង»។
ប្រជាពលរដ្ឋម្នាក់ទៀតរស់នៅឃុំត្រមូង ស្រុកមេមត់ អ្នកស្រី អ៊ុន សូចេង បានលើកឡើងពីបញ្ហារបស់ខ្លួន ជុំវិញដីធ្លីដែលពួកគាត់រស់នៅជាច្រើនរយគ្រួសារក្នុងភូមិចំនួនពីរ គឺភូមិខ្នងក្រពើលិច និងខ្នងក្រពើកើត ដែលមានបញ្ហាជាមួយក្រុមហ៊ុនចម្ការកៅស៊ូមេមត់ តាំងពីឆ្នាំ២០០៨ ប៉ុន្តែមិនទាន់មានដំណោះស្រាយឱ្យពួកគាត់ អាចទទួលបានប័ណ្ណកម្មសិទ្ធិស្របច្បាប់នៅឡើយ៖ «មានដីលំនៅសព្វថ្ងៃហ្នឹង! មានការឱ្យចាកចេញហ្នឹង ហើយពួកខ្ញុំសុំឱ្យមានកម្មសិទ្ធិនឹងកន្លែង មិនព្រមទទួលសំណងចាកចេញទេ។ ចា៎! ដោយការរស់នៅរបស់ខ្ញុំហ្នឹង វាស្របទៅតាមច្បាប់ភូមិបាលត្រឹមត្រូវហើយ ហើយម្យ៉ាងទៀត ខ្ញុំឃើញកិច្ចសន្យាអវិនិយោគហ្នឹង គឺយោងច្បាប់ភូមិបាលជាធរមាន គឺមុខគេអ៊ីចឹងតែម្តង»។
ក្រៅពីតំណាងប្រជាពលរដ្ឋទាំងនេះ ក៏មានតំណាងប្រជាពលរដ្ឋផ្សេងៗទៀតបានលើកឡើងពីបញ្ហារបស់ពួកគាត់ជួបប្រទះ រួមមានបញ្ហាដីព្រៃសហគមន៍ ដីព្រៃលិចទឹក បទល្មើសនេសាទ ជាដើម។
អភិបាលរងខេត្តកំពង់ចាម លោក ជីម លីវ ដែលជាអ្នកទទួលជួប និងទទួលយកពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋទាំងអស់ មានប្រសាសន៍ប្រាប់ទៅតំណាងប្រជាពលរដ្ឋទាំងនោះវិញថា ប្រសិនបើរឿងណាមួយដែលពាក់ព័ន្ធថ្នាក់ជាតិនោះ អាជ្ញាធរខេត្តមានតួនាទីត្រឹមតែបញ្ជូនសំណុំឯកសារ និងជម្រាបជូនព័ត៌មានទៅថ្នាក់ជាតិ ដើម្បីដោះស្រាយ ពីព្រោះអាជ្ញាធរខេត្តមិនមានដែនសមត្ថកិច្ចក្នុងការដោះស្រាយនោះទេ ហើយប្រសិនបើរឿងដែលអាចដោះស្រាយបាននៅថ្នាក់ខេត្ត នោះអាជ្ញាធរនឹងចាត់វិធានការដោះស្រាយទៅតាមផ្លូវច្បាប់ជាបន្តបន្ទាប់។
មន្ត្រីសម្របសម្រួលនៃសមាគមអាដហុក ប្រចាំខេត្តកំពង់ចាម លោក នាង សាវ៉ាត មានប្រសាសន៍ថា នេះជាយុទ្ធនាការទូទាំងប្រទេសរបស់សមាគមអាដហុក បានធ្វើ ហើយវាក៏ជាជំហានល្អមួយ ដែលបង្កភាពងាយស្រួលក្នុងការជួបតទល់គ្នារវាងប្រជាពលរដ្ឋ និងអាជ្ញាធរខេត្ត។ លោកបន្តថា ការជួបនេះដើម្បីឱ្យអាជ្ញាធរខេត្តបានស្វែងយល់ពីទុក្ខកង្វល់របស់ប្រជាពលរដ្ឋផ្ទាល់ ដែលល្អជាជាងការស្តាប់តែរបាយការណ៍ថ្នាក់ក្រោមនោះ។
លោក នាង សាវ៉ាត់៖ «បាទ! ឃើញថាល្អមែនទែន អភិបាលរង ជឹម លីវ គាត់សាមញ្ញបំផុត ដែលគាត់អាចអង្គុយនិយាយជាមួយប្រជាពលរដ្ឋធម្មតាកៅអីសាឡុងអីដូចគ្នាទាំងអស់ ទីមួយ។ ទីពីរទៀត គាត់បានស្ដាប់ផ្ទាល់ស្តាប់សំណូមពរផ្ទាល់ពីប្រជាពលរដ្ឋតែម្តង មិនចាំបាច់ស្តាប់របាយការណ៍ថ្នាក់ក្រោមនោះទេ។ អ៊ីចឹងហើយ រឿងណាដែលគាត់ថាជាសមត្ថកិច្ចរបស់ខេត្ត គាត់ថាគាត់នឹងទៅធ្វើ ហើយលទ្ធផលគាត់ឱ្យក្រោយ ដូចជា រឿងក្រូចឆ្មារ ដូចជារឿងបឹងធំ ឃើញទេ? រឿងនេះគាត់ថាអានេះជាសមត្ថកិច្ចរបស់ខេត្ត ហើយគាត់សន្យាថានឹងទៅធ្វើរឿងហ្នឹង ហើយចម្លើយនឹងបាន។ ហើយគាត់នឹងទៅឆែកមើលថា តើមានរឿងអ៊ីចឹងមែនអត់? ប៉ុន្តែទាក់ទងនឹងរឿងណាអវិនិយោគ គាត់នឹងយកឯកសារ និងវីដេអូហ្នឹងទៅជូន»។
លោកបន្តថា ប្រសិនបើមានដំណើរការបើកទូលាយសម្រាប់ប្រជាពលរដ្ឋក្នុងការចូលជួបអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដោយផ្ទាល់ តាំងពីថ្នាក់ក្រោម រហូតដល់ថ្នាក់ខេត្តនៅតែបន្តទៀតនោះ វារឹតតែប្រសើរសម្រាប់ប្រជាពលរដ្ឋក្នុងការដោះស្រាយនូវបញ្ហាដែលកើតមានឡើង ហើយគប្បីកាត់បន្ថយបាននូវការិយាធិបតេយ្យជាការប្រសើរ។ លោកយល់ថា ការធ្វើបែបនេះ គឺស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល ដើម្បីធ្វើឱ្យមានភាពជិតស្និទ្ធរវាងមន្ត្រី និងរាស្ត្រទៀតផង៕
No comments:
Post a Comment