ការកូនស្រី របស់បងធំទី១ ខ្មែរក្រហម ធំដុំ តែមិនសូវហៅភ្ញៀវខ្មែរក្នុងស្រុក
ការកូនស្រី របស់ បងធំទី១ ខ្មែរក្រហម ធំដុំ តែមិនសូវ
ហៅភ្ញៀវខ្មែរ ក្នុងស្រុក
ដោយ: សូផុន | ថ្ងៃទី 18 មីនា 2014
បន្ទាយមានជ័យ: អាពាហ៍ពិពាហ៍កូនស្រីទោល របស់ សាឡុត ស ហៅ ប៉ុលពត ឬ បងធំទី១ នៃរបបខ្មែរក្រហម (១៩៧៥-៧៩) នៅភូមិក្បាលស្ពាន ឃុំ/ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដែលចប់ពីយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៤ នោះ គឺធំដុំដែរ ពុំមែនតូចតាចឡើយ គ្រាន់តែថា គេមិនសូវហៅភ្ញៀវខ្មែរក្នុងប្រទេសច្រើន លើកលែងអ្នកនៅស្រុកម៉ាឡៃ និងស្រុកនៃតំបន់អតីតខ្មែរក្រហមដទៃទៀត។
ប្រភពពីសាច់ញាតិ ប្រាប់គេហទំព័រ CEN ថ្ងៃទី១៧ មីនាថា: អាពាហ៍ពិពាហ៍កូនស្រី នាម ស-ផត្ជតា (ម៉ុល) និងកូនប្រុសនាម ស៊ី វិច្ឆិកា ធំដុំ អធឹកអធម ឬថា ធំជាងគេហើយ នៅស្រុកម៉ាឡៃ នាឆ្នាំនេះ។ ប៉ុន្តែគ្រាន់តែថា លោក ទេព ឃុនណាស់ និងលោកស្រី មាន សុភី (មាន) ឪពុកម្ដាយនាង ស-ផត្ជតា និង លោក ស៊ី អូន និងលោកស្រី គល់ សារុន ឪពុកម្ដាយកូនប្រុស ពុំហៅភ្ញៀវខ្មែរ ក្នុងប្រទេស ឲ្យច្រើនប៉ុណ្ណោះ។
ពិធីនោះហៅភ្ញៀវ ប្រមាណ ១២០-១៣០ តុ ហើយពិសាភោជនាហារ ពីម៉ោង ៣:៣០ ល្ងាចថ្ងៃ១៦ ខែមីនា ឆ្នាំ២០១៤។ រោង , ចុងភៅ និងផ្នួង ជួលពីរាជធានី តែរបៀបស្លៀកពាក់ តុបតែងកូនកំលោះ ក្រមុំ និងតែងផ្កាស្រស់ , រោង មានលក្ខណៈថៃ ជាប់ព្រំដែន។
ភ្ញៀវខ្មែរក្នុងស្រុក រួមទាំងឥស្សរជនថ្នាក់ជាតិ និងពិសេសភ្ញៀវជនជាតិថៃ មន្ត្រីធំៗក្នុងខេត្ត ពុំត្រូវបានហៅចូលរួមទេ។ តែលោក ទេព ឃុនណាល់ បានអញ្ជើញភ្ញៀវជន បរទេស ពីអឺរ៉ុប អាមេរិក អាស៊ាន និងពិសេសជនជាតិ យ៉ាងច្រើន ហើយបើកឡាន ចូលដល់កន្លែងពិធីតែម្ដង។
គួររំលឹកថា កូនស្រីនាម ស ផត្ជតា ជាកូនស្រីបង្កើតតែម្នាក់គត់ របស់ សាឡុត-ស ហៅ ប៉ុលពត ជាបងធំទី១ ឬ លេខាបក្សកុម្មុយនីស្គកម្ពុជា, នាយករដ្ឋមន្ត្រីរបបកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម ១៩៧៥-៧៩) និង លោកស្រី មាន សុភី ជាភរិយាទី២។
នាង ផត្ជតា កើតឆ្នាំខាល (អាយុ២៨ឆ្នាំ) ដែលនាងបានរៀនថ្នាក់បរិញ្ញាបត្រ ពាណិជ្ជកម្មផង , ខាង IT ផង នៅប្រទេសម៉ាឡេស៊ី បច្ចុប្បន្ន។ នាង និងប្ដីនាង (ស៊ី វិច្ឆិកា) រៀនមុខវិជ្ជានេះ ជាមួយគ្នា ហើយទំនាក់ទំនងគ្នា តែវិច្ឆិកា រៀនថ្នាក់អនុបណ្ឌិត ១ មុខវិជ្ជាទៀត លើសនាង។
គ្រួសារ វិច្ឆិកា បើតាមរូបរាង គឺជាអ្នកសាមញ្ញ ជីវភាពធម្មតា ដូចវណ្ណៈ អធនដែរ ។ ស្នេហាពួកគេ ជាស្នេហាបរិសុទ្ធហើយមើលទៅ? ។
នាង ស.ផត្ជតា មានប្អូនស្រីម្នាក់ ឈ្មោះ ទេព.ផត្ជរី (មិ) អាយុ១៤ឆ្នាំ កំពុងរៀនអនុវិទ្យាល័យ នៅស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ។ ប្អូនស្រីនាង ជាកូនបង្កើតរបស់លោក ទេព ឃុនណាល់ ពុំជាប់តំណក់ឈាម ប៉ុល ពត ឡើយ។
គួររំលឹកថា ប៉ុល ពត ជាបងថ្លៃ លោកអៀង សារី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស កម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) ។ ប៉ុលពតមានប្រពន្ធទី១ ឈ្មោះ ខៀវ ប៉ុណ្ណារី ជាបងស្រី លោកស្រី ខៀវ ធីរិទ្ធ (អៀងធីរិទ្ធ) រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចខ្មែរក្រហម ភរិយាសពលោកអៀង សារី។ជាមួយប្រពន្ធទី១ ប៉ុល ពត ពុំមានកូនទេ។
ក្នុងពិធីអាពាហ៍ពិពាហ៍ របស់នាង ស.ផត្ជតា មានភ្ញៀវសុំថតរូប និងជូនពរជ័យសិរីសួស្តី វិបុលសុខដល់នាង និង ស្វាមី យ៉ាងច្រើន ហើយថា នាងជាតំណក់ឈាម ប៉ុល ពត មែន ប៉ុន្តែពុំធ្លាប់មានរឿងសៅហ្មង ហើយសង្ឃឹមថា នឹងមិននាំរឿងរ៉ាវរន្ធត់ ដល់ប្រទេស និងប្រជាជនកម្ពុជា ដូចឪពុកបង្កើត (ប៉ុល ពត) នោះឡើយ៕
No comments:
Post a Comment