១៥-មីនា-២០១៤៖ គ្រឿងចក្ររបស់ក្រុមហ៊ុនអភិវឌ្ឍន៍ចិន ឈ្មោះ ឡាន ហ្វេង កំពុងដាំដើមអំពៅនៅលើដីសម្បទានសេដ្ឋកិច្ចនៅស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។
ការនាំចេញ ដោយរួចពន្ធ ពីកម្ពុជា ទៅ អឺរ៉ុបប្រឈមនឹង ការកេងបន្លំ
ដោយ អាន ស៊ីថាវ / អាស៊ីសេរី | ១៧ មីនា ២០១៤
ការនាំចេញដោយរួចពន្ធគយពីកម្ពុជា ទៅសហភាពអឺរ៉ុប ត្រូវគេរាយការណ៍ថា ប្រឈមនឹងការកេងប្រវ័ញ្ចពលកម្ម ការរំលោភសិទ្ធិមនុស្ស និងការបន្លំប្រើប្រាស់ប្រភពដើមទំនិញ មានដូចជា យកផលិតផលស្រាប់ ឬវត្ថុធាតុដើមពីប្រទេសដទៃ មកបន្លំថាជាផលិតផលកម្ពុជា ដើម្បីនាំចេញជាដើម។
គោលនយោបាយសហភាពអឺរ៉ុប គឺជួយលើកកម្ពស់ និងចូលរួមដល់ការអភិវឌ្ឍរបស់ប្រទេសក្រីក្រនានានៅលើពិភពលោក។ គោលនយោបាយនេះ បានជួយដល់ប្រទេសក្រីក្រចំនួនជាង ៥០ ក្នុងនោះមានប្រទេសកម្ពុជា ដែលទទួលបានការនាំចូលទំនិញទៅបណ្ដាប្រទេសទាំង ២៨ នៅសហភាពអឺរ៉ុបដោយការអនុគ្រោះពន្ធគយ និងមិនកំណត់បរិមាណទំនិញនាំចូល។
ជាក់ស្ដែងក្នុងផលិតកម្មស្ករសកម្ពុជា បានរកឃើញថា ក្រុមហ៊ុនដែលទទួលបានដីសម្បទានសេដ្ឋកិច្ចដាំអំពៅមានជាប់ពាក់ព័ន្ធនឹងការបណ្ដេញចេញដោយគ្មានសំណងសមរម្យ។
បញ្ហានេះសមាជិកសភារបស់សហភាពអឺរ៉ុប លោក ផែតទ្រីស ទីរ៉ូលែន (Patrice Tirolien) បានចុះស៊ើបអង្កេតអំពីផលប៉ះពាល់នៃការអភិវឌ្ឍដីសម្បទានសេដ្ឋកិច្ចស្ករអំពៅដែលស្ថិតនៅខេត្តឧត្ដរមានជ័យ កោះកុង និងខេត្តកំពង់ស្ពឺ រកឃើញថា មានការរំលោភសិទ្ធប្រជាពលរដ្ឋពិតប្រាកដមែន។ លោក ផែតទ្រីស ទីរ៉ូលែន នឹងស្នើទៅឧត្ដមស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុប ឲ្យដាក់ចេញ វិធានការជាក់លាក់មួយដើម្បីដោះស្រាយបញ្ហាទាំងអស់នោះ។
របាយការណ៍របស់សហភាពអឺរ៉ុបប្រចាំកម្ពុជា បានបង្ហាញថា នៅអំឡុងឆ្នាំ២០១០ ដល់ឆ្នាំ២០១២ មានតែប្រទេសពីរប៉ុណ្ណោះដែលទិញស្ករសពីកម្ពុជា គឺប្រទេសអង់គ្លេស និងប្រទេសបារាំង ក្នុងនោះប្រទេសអង់គ្លេស បានទិញស្ករសកម្ពុជា ស្ទើរតែទាំងស្រុង។ បរិមាណស្ករសកម្ពុជា នាំចេញទៅសហភាពអឺរ៉ុប គឺមានប្រមាណ ៥០លានតោន បើគិតជាប្រាក់មានតម្លៃជាង ៣៤លានដុល្លារអាមេរិក។
ស្រដៀងគ្នានេះដែរ រោងចក្រផលិតកម្មកង់នៅកម្ពុជា មួយចំនួន បានប្រើប្រាស់វត្ថុធាតុដើមមិនប្រក្រតីដែលខុសពីគោលនយោបាយសហភាពអឺរ៉ុបបានកំណត់។
របាយការណ៍របស់ក្រសួងពាណិជ្ជកម្ពុជា បានបង្ហាញថា ការនាំចេញកង់ទៅបណ្ដាប្រទេសនៅសហភាពអឺរ៉ុបបានកើនឡើងខ្លាំងនៅក្នុងឆ្នាំ២០១៣ ដែលសមាមាត្រនឹងតម្លៃជាង ៣០០លានដុល្លារសហរដ្ឋអាមេរិក។ ប៉ុន្តែការកើនឡើងនេះ ត្រូវបានស្ថាប័នស្រាវជ្រាវអន្តរជាតិមួយរកឃើញថា បានប្រើប្រាស់ការក្លែងបន្លំវត្ថុធាតុដើមផលិតដើម្បីនាំចេញទៅសហភាពអឺរ៉ុប ដើម្បីទទួលការអនុគ្រោះពន្ធគយ។
ការស្រាវជ្រាវរបស់តៃវ៉ាន់មួយដែលចុះផ្សាយនៅគេហទំព័រការនាំចេញកង់ទៅសហភាពអឺរ៉ុបនៅដើមខែមីនា ឆ្នាំ២០១៤ បង្ហាញថា រោងចក្រផលិតកង់នៅកម្ពុជា ចំនួនបីក្នុងចំណោម ៦ មានជាប់ពាក់ព័ន្ធនឹងការកេងបន្លំវត្ថុធាតុដើមពីប្រទេសសិង្ហបុរី និងម៉ាឡេស៊ី។
ចំណែកឯវិស័យនាំចេញអង្ករកម្ពុជា ទៅសហភាពអឺរ៉ុប ក៏ប្រឈមនឹងការធ្វើពាណិជ្ជកម្មមិនស្មោះត្រង់ ឬមិនស្របតាមគោលនយោបាយពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបដែរ។ អ្នកបញ្ជាទិញអង្កររបស់សហភាពអឺរ៉ុបធ្លាប់សំដែងការព្រួយបារម្ភថា បរិមាណអង្ករកម្ពុជា ចំនួនជាង ២៥ម៉ឺនតោន មានមួយចំនួនពាក់ព័ន្ធនឹងការលាយប្រភេទអង្កររបស់វៀតណាម។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងនៅក្នុងវេទិកាពិភាក្សារវាងវិស័យឯកជនកាលពីដើមខែមីនា ឆ្នាំ២០១៤ ថា ប្រទេសកម្ពុជា មិនមានការពាក់ព័ន្ធនឹងការលួចបន្លំ ឬលាយប្រភេទអង្ករនាំចូលពីប្រទេសផ្សេង ហើយផ្លាស់ប្ដូរផ្លាក់សញ្ញា ដើម្បីនាំចេញទៅសហភាពអឺរ៉ុបដោយការអនុគ្រោះពន្ធគយនោះទេ។
ទោះជាយ៉ាងណាក៏ដោយ ផលិតផលកម្ពុជា ប្រកបដោយសក្ដានុពលមួយដែលអ្នកបញ្ជាទិញអឺរ៉ុបបានស៊ើបអង្កេតតិចតួចលើការរំលោភសិទ្ធិមនុស្សនោះ គឺផលិតផលកាត់ដេរសំលៀកបំពាក់ ទោះបីជាអ្នកធ្វើការក្នុងវិស័យនេះ កំពុងធ្វើបាតុកម្ម កូដកម្មក៏ដោយ។
របាយការណ៍របស់សមាគមរោងចក្រកាត់ដេរ និងក្រសួងពាណិជ្ជកម្មកម្ពុជា បានបង្ហាញថា ការនាំចេញសំលៀកបំពាក់ទៅសហភាពអឺរ៉ុបមានតម្លៃជិត ២ពាន់លានដុល្លារអាមេរិក រួមទាំងកូដកម្មដែលកើតឡើងនៅក្នុង២០១៣ មានចំនួនជាង ១៣០ករណី។
សរុបសេចក្ដីមក ក្រុមហ៊ុនទទួលបានដីសម្បទានសេដ្ឋកិច្ចមានជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស។ ជាក់ស្ដែង សហគមន៍អន្តរជាតិ ជាពិសេសអ្នកបញ្ជាទិញទំនិញគ្រប់ប្រភេទពីកម្ពុជា បានចុះស៊ើបអង្កេតពីសង្វាក់ផលិតកម្មពីសមាជិកសភាសហភាពអឺរ៉ុប និងឧត្ដមស្នងការពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបជាបន្តបន្ទាប់។
ប្រធានប្រតិភូនៃសហភាពអឺរ៉ុបប្រចាំកម្ពុជា លោកឯកអគ្គរដ្ឋទូត ហ្សង់ ហ្រ្វង់ស័រ កូតាំង (Jean François CAUTAIN) មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី ក្នុងអំឡុងខែតុលា ឆ្នាំ២០១៣ ថា បញ្ហារំលោភសិទ្ធិមនុស្ស គឺទាក់ទងលើការអនុវត្តច្បាប់នៃគម្រោងដីអភិវឌ្ឍសម្បទានសេដ្ឋកិច្ច ដែលក្រុមហ៊ុនឯកជនទទួលបានពីរាជរដ្ឋាភិបាល។ លោកបញ្ជាក់ថា សហភាពអឺរ៉ុបប្រចាំកម្ពុជា កំពុងធ្វើកិច្ចការនេះ តាមរយៈការផ្ដល់ហិរញ្ញប្បទានដល់អង្គការក្រៅរដ្ឋាភិបាលនានា ឲ្យឃ្លាំមើលអំពីបញ្ហានេះ។ មានន័យថា គោលនយោបាយលើកលែងពន្ធរបស់សហភាពអឺរ៉ុប មិនមែនត្រឹមតែជួយម្ចាស់វិនិយោគនោះទេ តែត្រូវផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋដែលរស់នៅតំបន់អភិវឌ្ឍនោះផង។
ក្រុមហ៊ុន ឬរោងចក្រ រួមទាំងអ្នកនាំចេញផលិតផលនានារបស់កម្ពុជា ទៅសហភាពអឺរ៉ុបទាំងនោះបានអះអាងថា បានបង្កើតការងារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ប៉ុន្តែអង្គការសង្គមស៊ីវិល និងអង្គការសមធម៌កម្ពុជា រកឃើញថា ផលអាក្រក់មានច្រើនជាងផលល្អ។ បន្ថែមលើនេះ ក្នុងចំណោមផលិតនាំចេញទៅសហភាពអឺរ៉ុបដែលត្រូវមានក្រមសីលធម៌នោះគឺអង្ករកម្ពុជា។
ប្រការនេះអាចនិយាយបានថា ប្រសិនបើសង្វាក់ផលិតកម្មមានភាពស្មោះត្រង់ ហើយគ្មានការរំលោភសិទ្ធិមនុស្ស ប្រទេសកម្ពុជា មិនចាំបាច់បង្កើតឲ្យមានក្រមសីលធម៌ពាណិជ្ជកម្មនាំចេញនោះទេ។ ក្រមសីលធម៌នេះ មានតែប្រទេសកម្ពុជា មួយគត់ ដែលបង្កើតឡើង នៅលើពិភពលោកដើម្បីធ្វើឲ្យអ្នកបញ្ជាទិញអង្កររបស់សហភាពអឺរ៉ុបជឿទុកចិត្ត៕
No comments:
Post a Comment