លោក សុរិយា ស៊ូប៊ែឌី អ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា (រូបថត៖ តាត ឧត្តម)
លោកសុរិយា ជំរុញឲ្យ ដ្ឋាភិបាល គោរពសិទ្ធិជួបជុំ និងសិទ្ធិសម្តែងមតិ
ដោយ៖ ពៅ មេត្តា / វីអូឌី | ថ្ងៃសុក្រ ទី7 ខែមិនា ឆ្នាំ2014
អ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោក សុរិយា ស៊ូប៊ែឌី ជំរុញឲ្យរដ្ឋាភិបាលម្ពុជាគោរពសិទ្ធិសំដែងមតិ និងសិទ្ធិជួបប្រជុំរបស់ប្រជាពលរដ្ឋដូចមានចែងក្នុងរដ្ឋធម្មនុញរបស់កម្ពុជា និងច្បាប់អន្តរជាតិ។
ក្នុងថ្លែងការណ៍របស់លោក សុរិយា ស៊ូប៊ែឌី ចេញផ្សាយនៅថ្ងៃទី៦ ខែមីនានេះ លោក លើកឡើងក្រោយពេលដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសដកបម្រាមនៃការប្រមូលផ្តុំកាលពីថ្ងៃទី២៥ ខែកុម្ភៈមក តែការការរឹតត្បិតសេរីភាព នៃការជួបជុំនៅតែកើតមាន។
កាលពីថ្ងៃទី០៤ ខែមករា ក្រសួងមហាផ្ទៃបានហាមការប្រមូលផ្តុំតវ៉ានានា ដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ។ លុះដល់ថ្ងៃទី២៥ ខែកុម្ភៈ លោកនាយករដ្ឋមន្ត្រីថ្លែងនៅខេត្តកំពត ឲ្យអាជ្ញាធរថ្នាក់ក្រោមសម្រួលឲ្យគ្រប់គណបក្សនយោបាយ ឬអ្នកមានបញ្ហាអាចធ្វើបាតុកម្មបាន «បើសិនទាំងសងខាងសុំទីលានប្រជាធិបតេយ្យ សាលាក្រុងភ្នំពេញត្រូវត្រៀមចែកជាពីរអាហើយទៅ ម្ខាងអ្នកគាំទ្រ ហើយអ្នកប្រឆាំង ទៅត្រៀមចែកអានិងអាហើយទៅ ច្បាស់ណាស់ខាងមុខនេះបើមានការស្នើសុំធ្វើបាតុកម្ម រឿងនេះវានិងកើតហើយ»។
តែការថ្លែងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មន្ត្រីថ្នាក់ក្រោមមិនអនុវត្តតាមទេ។ សាលារាជធានីភ្នំពេញ មិនអនុញ្ញាតឲ្យអង្គការសង្គមស៊ីវិល និងសហជីព រៀបចំវេទិកាសាធារណៈ អមអរថ្ងៃ០៨មិនា នៅទីលានប្រជាធិបតេយ្យ ក្រោមហេតុផលលើសពីលទ្ធភាព នៃការសម្រេចរបស់ខ្លួន។
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងពេលជួបជាមួយម្លាំងប្រដាប់អាវុធនៅថ្ងៃសុក្រនេះថា លោក មិនអនុញ្ញាតអង្គការសង្គមស៊ីវិល រៀបចំវេទិកានៅទីសាធារណៈ នៅថ្ងៃ៨មីនាទេ តែលោក អនុញ្ញាតឲ្យរៀបចំនៅតាមស្នាក់ការអង្គការស្ថាប័នទាំងនោះ។
អ្នកគ្រប់គ្រងបច្ចេកទេសស៊ើបអង្កេតនៃអង្គការលីកាដូ លោក អំ សំអាត លើកឡើងថា ស្ថានភាពនៅកម្ពុជាបច្ចុប្បន្នទាំងនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តមិនមានកន្លែងស្ថិតក្នុងសភាពប្រកាសអាសន្ន ដែលត្រូវហាមប្រមូលផ្តុំទេ។ លោកបន្តថា បើអាជ្ញាធរនៅតែបន្តរឹតត្បិតសេរី នឹងធ្វើឲ្យកេរ្តិ៍ឈ្មោះកម្ពុជាកាន់តែខូចនៅលើឆាកអន្តរជាតិ «កាលណាបើប្រទេសកម្ពុជាយើង មិនបានបំពេញកាតព្វកិច្ច និងអនុវត្តតាមនៅសិទ្ធសេរីភាពរបស់ប្រជាពលរដ្ឋ ដែលមាននៅក្នុងរដ្ឋធម្មនុញ្ញទេ គេថាប្រទេសយើងនិង មានការបិទសិទ្ធសេរីភាព ជាមូលដ្ឋាន ជាសិទ្ធសេរីភាពក្នុងការបញ្ចេញមតិ ការជួបជុំ ការប្រមូលផ្តុំ ដោយសន្តិវិធី របស់បងប្អូន ប្រជាពលរដ្ឋ ព្រោះអានេះជាមូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ កាលណាសិទ្ធសេរីភាពទាំងអស់ត្រូវបាត់បង់ ចង់និយាយថាប្រទេសកម្ពុជាយើង មិនមែនជាប្រទេស ដែលប្រកាន់លទ្ធិប្រជាធិបតេយ្យនោះទេ»។
កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ តំណាងរាស្ត្រម្នាក់នៃប្រទេសអូស្ត្រាលី លោកស្រី Christine Milne បានដាក់ញត្តិថ្កោលទោសរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជុំវិញស្ថានភាពរំលោភសិទ្ធិមនុស្សនៅកម្ពុជា៕
No comments:
Post a Comment