ប្រជាពលរដ្ឋនាំគ្នាតវ៉ានៅខាងមុខសាលាដំបូងខេត្តកំពង់ឆ្នាំង រឿងជម្លោះដីធ្លី កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៣។
RFA/Chin Chetha
ពលរដ្ឋ មានទំនាស់ ដីធ្លីរ៉ាំរ៉ៃ មកពី ១៩ខេត្ត ដាក់ពាក្យប្ដឹង ទៅស្ថាប័នពាក់ព័ន្ធ ជាថ្មី
ដោយ ដែន អយុធ្យា / អាស៊ីសេរី | ២១ មីនា ២០១៤
ប្រជាពលរដ្ឋមានទំនាស់ដីធ្លីរ៉ាំរ៉ៃចាប់តាំងពីឆ្នាំ២០០៤ មក ហើយដែលស្ថាប័នពាក់ព័ន្ធរដ្ឋាភិបាលមិនទាន់បានរកដំណោះស្រាយពេលនេះ បានដាក់ពាក្យបណ្ដឹងជាថ្មីទៅស្ថាប័នរដ្ឋតាមខេត្តនីមួយៗ និងស្នើឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយផ្តល់យុត្តិធម៌។
ពលរដ្ឋរងគ្រោះដីធ្លីបានចោទថា ដោយសារតែសង្គមកម្ពុជា បច្ចុប្បន្នមានអំពើពុករលួយ បក្ខពួកនិយម និងតុលាការមិនឯករាជ្យ នាំឲ្យឈ្មួញមានទ្រព្យ និងមន្ត្រីមានអំណាច រំលោភយកដីបង្កបង្កើនផល និងដីលំនៅឋានរបស់ពួកគាត់ទាំងអយុត្តិធម៌។
តំណាងពលរដ្ឋរងគ្រោះដែលមានទំនាស់ដីធ្លីអូសបន្លាយតាំងពីឆ្នាំ២០០៤ មក បានប្រមូលផ្តុំគ្នាដាក់ពាក្យបណ្ដឹងជាថ្មីទៅកាន់ស្ថាប័នរដ្ឋតាមខេត្តនីមួយៗ ស្នើជួយសើរើសំណុំរឿងក្តីទំនាស់ដីធ្លីដែលផ្អឹបទុកចោលនោះឡើងវិញ។
អតីតវរសេនីយ៍ទោយោធានៅខុទ្ទកាល័យក្រសួងការពារជាតិ ទទួលបន្ទុកការងារព្រំដែន លោក ភួង សូរិយា ដែលអះអាងថា ជាតំណាងពលរដ្ឋរងគ្រោះដីធ្លីរ៉ាំរ៉ៃជិត ១០០គ្រួសារ នៅចំណុចសង្កែធំ ភូមិត្រពាំងក្រសាំង ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។ លោកបានរៀបរាប់ទាំងអួលដើមកនៅក្នុងសន្និសីទកាសែត រៀបចំដោយសមាគមអាដហុក (Adhoc) កាលពីថ្ងៃទី១៩ ខែមីនា ថា រូបលោកបានខិតខំតស៊ូបម្រើជាតិជាង ៣០ឆ្នាំ រហូតស្រុកទេសមានសន្តិភាព។ ប៉ុន្តែ នៅទីបំផុត គ្រួសារគាត់រកដីមួយដុំសម្រាប់សង់ផ្ទះ ឬបង្កបង្កើនផលមិនបានទេ ដោយសារតែមន្ត្រីមានអំណាចរំលោភយក។
លោកបន្តថា កន្លងមក ការតវ៉ាលើករណីរំលោភដីធ្លីនេះ រូបលោកក៏ធ្លាប់ត្រូវរងការបាញ់សម្លាប់ និងប្ដឹងទៅកាន់តុលាការជាច្រើនករណីមកដល់ពេលនេះ៖ «អ្នកបាញ់ខ្ញុំហ្នឹង គឺកូនទាហានកងពលតូចអន្តរាគមន៍លេខ៥ ហើយអ្នកបញ្ជាបាញ់ គឺលោក សំរិទ្ធ សារ៉េត លោក ពុធ វង្ស លោក ឆាំ ឡាំ លោក តែ សុងហាក់ និងលោក រស់ សាអឿម គឺចំនួន ៥រូប ដែលខ្ញុំប្ដឹងទៅកាន់តុលាការ។ ខ្ញុំប្ដឹងមេទាហានដែលបញ្ជាទាហានឲ្យទៅបាញ់ខ្ញុំ»។
លោក ភួង សូរិយា បានរៀបរាប់ថា ជម្លោះដីធ្លីនេះរូបលោកធ្លាប់បានដាក់ពាក្យបណ្ដឹងទៅកាន់ស្ថាប័នតុលាការ និងអាជ្ញាធរពាក់ព័ន្ធ ប៉ុន្តែមន្ត្រីស្ថាប័នរដ្ឋទាំងនោះមិនបានរវល់អើពើទេ និងថែមទាំងគំរាមរូបគាត់ថែមទៀត។
មានសម្បុរខ្មៅវ័យជាង ៥០ប្លាយឆ្នាំ អតីតយោធាការពារព្រំដែនរូបនេះ បានលើកដៃសំពះសំណូមពរទៅដល់ប្រមុខដឹកនាំរដ្ឋាភិបាល ស្នើឲ្យជួយផ្តល់ចិត្តសប្បុរសដល់ជនរងគ្រោះដីធ្លី កំពុងរងភាពអយុត្តិធម៌ពីសំណាក់អ្នកមានអំណាចនៅតាមខេត្តក្រុងនានា ក្នុងនាមថ្នាក់ដឹកនាំល្អ និងធ្លាប់ជាអតីតកងទ័ពម្នាក់៖ «ខ្ញុំខឹងណាស់។ ខ្ញុំខំតស៊ូរហូតដល់ប្រទេសជាតិសព្វថ្ងៃបានសុខសន្តិភាព។ គេរីកចម្រើន គេជិះសុទ្ធឡង់គ្រីស័រ ឯខ្ញុំរកដីមួយកូនដុំអត់បាន។ ខ្ញុំខឹងណាស់ រកពាក្យអីនិយាយមិនបានទេ គឺខ្ញុំសំណូមពរឲ្យរដ្ឋាភិបាលជួយដឹកនាំកងទ័ព ធ្វើម៉េចកុំឲ្យកងទ័ពប្រើវិន័យរបៀបសព្វថ្ងៃតទៅទៀត»។
មិនមែនមានតែអតីតកងទ័ពការពារព្រំដែនម្នាក់ទេ ដែលរងការរំលោភដីធ្លីពីសំណាក់អ្នកមានអំណាច និងអ្នកមានទ្រព្យធនស្តុកស្តម្ភ សូម្បីជនជាតិដើមភាគតិចគ្រឹង នៅខេត្តរតនគិរី ឯណោះវិញ ក៏ត្រូវរងការរំលោភ និងចាប់ដាក់គុក ដែលហ៊ានចេញមុខតវ៉ា ដើម្បីការពារដីដូនតា និងព្រៃឈើរស់អាស្រ័យផលនេះដែរ។
បុរសឈ្មោះ ហាំង នឿ តំណាងឲ្យជនជាតិដើមភាគចិតគ្រឹង ថ្លែងថា ដីជនជាតិដើមភាគតិចរបស់ពួកគាត់ជិត ៣០០ហិកតារ នៅខេត្តរតនគិរី ដែលត្រូវក្រុមហ៊ុនរំលោភយក និងធ្លាប់បានប្ដឹងរូបលោកដាក់ពន្ធនាគារចំនួន ៧ខែ ដែលហ៊ានចេញមុខតវ៉ាកន្លងមក។ តំណាងជនជាតិដើមគ្រឹង រូបនេះ ក៏បានស្នើដល់ប្រមុខដឹកនាំ ឬផ្នែកពាក់ព័ន្ធ ឲ្យជួយសើរើសំណុំរឿងក្តីដែលក្រុមហ៊ុនរំលោភ ដោយបានប្រើប្រព័ន្ធតុលាការ ដើម្បីផ្តល់ដី និងយុត្តិធម៌ជូនពួកគាត់ឡើងវិញ។
ចំណែកស្ត្រីឈ្មោះ មិន ពៅ តំណាងប្រជាពលរដ្ឋចំនួន ១៥គ្រួសារ អតីតយោធារស់នៅភូមិរាជានុគោល ខេត្តស្ទឹងត្រែង ក៏បានឲ្យដឹងដែរថា ដីសង់ផ្ទះរបស់ពួកគាត់ទាំង ១៥គ្រួសារ ត្រូវបានមេបញ្ជាការយោធាភូមិភាគ១ មានទីតាំងក្នុងខេត្តនេះប្ដឹងយកដីមានទំហំជាង ១ហិកតារ។ អ្នកស្រីបន្តថា ដីទំនាស់នេះពួកគាត់បានមករស់នៅកាលពីឆ្នាំ២០០៥ និងមានលិខិតស្នាមទទួលស្គាល់ពីស្ថាប័នពាក់ព័ន្ធ និងអតីតមេបញ្ជាការយោធាភូមិភាគទី១ថែមទៀត។ ប៉ុន្តែ អ្នកស្រីមានចម្ងល់ថា ហេតុអ្វីបានជាក្នុងអាណត្តិមេបញ្ជាការភូមិភាគ១ថ្មី ចូលមកកាន់តំណែងនាឆ្នាំ២០១៣ បែរជាបានប្ដឹងអតីតគ្រួសារយោធាចំនួន ១៥គ្រួសារ ទៅកាន់តុលាការទៅវិញ។
ដូចគ្នាដែរ បុរសម្នាក់ទៀតឈ្មោះ រ៉ុង គី ជាតំណាងពលរដ្ឋមានទំនាស់ដីធ្លីរ៉ាំរ៉ៃជាង ២០០គ្រួសារ នៅឃុំថ្មស ស្រុកបុទុមសាគរ ខេត្តកោះកុង ចាប់តាំងពីឆ្នាំ២០០៧ មក។ លោកបានរៀបរាប់ថា ពលរដ្ឋរងគ្រោះ ពួកគាត់មានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនអភិវឌ្ឍន៍ញូញៀន។ លោកបន្តថា ករណីរំលោភបំពាននេះ ពួកគាត់ធ្លាប់បានដាក់ពាក្យបណ្ដឹងប្ដឹងទៅកាន់តុលាការខេត្ត និងអាជ្ញាធរពាក់ព័ន្ធ ប៉ុន្តែស្ថាប័នទាំងនោះមិនបានជួយរកដំណោះស្រាយទេ តាំងពីឆ្នាំ២០០៧ រហូតដល់ពេលនេះ៖ «ពីឆ្នាំ២០០៧ មកដល់ពេលនេះ អាជ្ញាធរពាក់ព័ន្ធមិនបានចុះមកជួយដោះស្រាយឲ្យពលរដ្ឋទេ គឺមានតែចុះបំផ្លាញមាន។ ប៉ុន្តែ បើចុះមកដោះស្រាយ គឺអត់មានជួយដោះស្រាយជូនប្រជាពលរដ្ឋអ្វីទាំងអស់»។
ដោយឡែក អ្នកស្រី គុយ ស្រីម៉ៅ ភរិយាកងទ័ពប្រចាំការនៅតំបន់ព្រំដែនកម្ពុជា-ថៃ ប្រាសាទព្រះវិហារ មានលំនៅឋានក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ក៏បានរៀបរាប់ទាំងយំខ្សឹបខ្សួលថា ដីសង់លំនៅឋានរបស់គាត់ និងពលរដ្ឋរងគ្រោះផ្សេងទៀតនៅមូលដ្ឋាននេះ មិនទទួលបានប្លង់កម្មសិទ្ធិទេ ហើយថែមទាំងត្រូវមន្ត្រីមានអំណាចប្ដឹងឡើងតុលាការ ដើម្បីយកដីលំនៅឋានថែមទៀត។
ស្ត្រីភរិយាកងទ័ពរូបនេះ បានផ្ដាំផ្ញើទៅកងទ័ពនៅសមរភូមិជួរមុខដែលមានភារកិច្ចការពារទឹកដីមិនឲ្យបរទេសឈ្លានពាន ឲ្យងាកមកមើលទុក្ខវេទនារបស់ប្រពន្ធកូនរៀងៗខ្លួន ឲ្យប្រយ័ត្នត្រូវឈ្មួញមានទ្រព្យ និងមន្ត្រីមានអំណាចរំលោភយកដីធ្លី និងប្ដឹងដាក់គុកច្រវាក់ដូចស្វាមីខ្លួន ដែលកំពុងជាប់បណ្ដឹងនៅតុលាការពេលនេះ។
ស្ត្រីរូបនេះថ្លែងទាំងឈឺចាប់ថា ទំនាស់ដីធ្លីនេះរូបគាត់បានប្ដឹងទៅអាជ្ញាធរពាក់ព័ន្ធ ជាពិសេសកូនប្រុសរបស់ លោក ហ៊ុន សែន ដ៏មានអំណាចមហិមា ប៉ុន្តែគ្មានលទ្ធផលទេ ហើយប្ដីរបស់គាត់ដែលកំពុងបម្រើការងារជាកងទ័ពនៅតំបន់ប្រាសាទព្រះវិហារ ក៏ត្រូវគេប្ដឹងឡើងតុលាការថែមទៀត៖ «ប្តីខ្ញុំធ្វើទាហានទាំងឪពុក និងកូន តាំងពីអត់មានផ្លូវរហូតដល់មានផ្លូវទេ គឺមានតែដីពី ២០ ទៅ ៣០ម៉ែត្រ។ សូមលោកពូជួយផង ហើយផ្សព្វផ្សាយឲ្យបានឮទៅដល់ប្រពន្ធកងទ័ពទាំងអស់ ដែលកំពុងការពារនៅតាមព្រំដែន។ រាល់ថ្ងៃនេះ ប្ដីខ្ញុំទៅប្រចាំការនៅវាលក្ដួច នៅព្រំដែន ដោយក្នុង១ខែទៅប្រចាំការចំនួន ១០ថ្ងៃ គឺមិនដែលមានពេលរកស៊ីចិញ្ចឹមប្រពន្ធកូនទេ។ ខ្ញុំបានជម្រាបជូនទំនាស់ដីធ្លីរបស់ខ្ញុំទៅ លោក ហ៊ុន ម៉ានិត លោក ហ៊ុន ម៉ាណែត កូនសម្ដេចផ្ទាល់ តែអត់មានដំណោះស្រាយដល់នាងខ្ញុំជាប្រពន្ធកងទ័ពនេះទេ»។
ទោះយ៉ាងណា ប្រជាពលរដ្ឋដែលមានទំនាស់ដីធ្លីរ៉ាំរ៉ៃបានសំណូមពរដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយអន្តរាគមន៍ និងផ្តល់យុត្តិធម៌លើទំនាស់ដីធ្លីជូនពួកគាត់ជាថ្មី ក្នុងរាជរដ្ឋាភិបាលអាណត្តិទី៥នេះ។
ពលរដ្ឋរងគ្រោះរំពឹងថា ការប្រកាសបង្កើនឲ្យមានក្រុមការងារពិសេសសម្រាប់កែទម្រង់ដីធ្លី និងប្រកាសធ្វើកំណែទម្រង់ស៊ីជម្រៅក្នុងរាជរដ្ឋាភិបាលអាណត្តិទី៥ របស់ប្រមុខដឹកនាំទំនងជានឹងអាចជួយឲ្យពួកគាត់ទទួលបានដីធ្លីបង្កបង្កើនផល និងសង់លំនៅឋានឡើងវិញ។
ទាក់ទិនបញ្ហានេះ លោក ចាន់ សុវ៉េត អនុប្រធានផ្នែកស៊ើបអង្កេតដីធ្លី និងធនធានធម្មជាតិ សមាគមអាដហុក បានឲ្យដឹងថា កាលពីថ្ងៃទី១៩ ខែមីនា មានពលរដ្ឋរងគ្រោះដីធ្លីរ៉ាំរ៉ៃតាំងពីឆ្នាំ២០០៤ មក បានដាក់ពាក្យបណ្ដឹងជាថ្មីទៅស្ថាប័នរដ្ឋពាក់ព័ន្ធក្នុងខេត្តចំនួន១៩ ដើម្បីស្នើឲ្យរកដំណោះស្រាយរឿងក្តីឡើងវិញ។ លោកឲ្យដឹងថា សំណុំរឿងក្តីចាស់ៗទាំងនោះមានជាប់ពាក់ព័ន្ធការផ្តល់ដីសម្បទានសេដ្ឋកិច្ច ដីសង្គមកិច្ច និងការរំលោភបំពានពីមេបញ្ជាការយោធា ជាដើម។
ទាក់ទងបញ្ហានេះ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានថ្លែងចាត់ទុកសកម្មភាពដាក់ពាក្យបណ្ដឹងជាថ្មីរបស់ពលរដ្ឋមានទំនាស់ដីធ្លី មិនទាន់បានដោះស្រាយទៅកាន់ស្ថាប័នពាក់ព័ន្ធរដ្ឋាភិបាល គឺជាសិទ្ធិរបស់ពលរដ្ឋម្នាក់ៗ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជា៖ «ប្រជាពលរដ្ឋមានសិទ្ធិសេរីភាពគ្រប់គ្រាន់ក្នុងការធ្វើបណ្ដឹងតវ៉ា ឬបរិហារទៅដល់ស្ថាប័ន ឬភាគីរដ្ឋណាមួយ ដែលមិនបានប្រព្រឹត្ត និងធានាដល់អ្វីដែលជាសិទ្ធីរបស់ប្រជាពលរដ្ឋ ឬក៏ប្រយោជន៍របស់ប្រជាពលរដ្ឋ»។
ករណីនេះដែរ លោក ធន សារាយ ប្រធានសមាគមអាដហុក បានឲ្យដឹងថា ការដាក់ពាក្យបណ្ដឹងរបស់ជនរងគ្រោះដីធ្លី ជូនស្ថាប័នរដ្ឋជួយរកដំណោះស្រាយជាថ្មីរបស់ប្រជាពលរដ្ឋរងគ្រោះពេលនេះ គឺទៅតាមការប្រកាសធ្វើកំណែទម្រង់ស៊ីជម្រៅរបស់ លោក ហ៊ុន សែន ដែលបានដាក់ចេញក្នុងអាណត្តិទី៥។ លោកសង្កត់ធ្ងន់ថា បើសិនជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពិតជាមានចេតនាចង់លុបបំបាត់អំពើពុករលួយ បក្ខពួកនិយម និងកែប្រែប្រព័ន្ធយុត្តិធម៌ ឲ្យមានឯករាជ្យមែននោះប្រាកដជានឹងជួយអន្តរាគមន៍លើសំណុំរឿងរំលោភបំពានដីធ្លីពីសំណាក់ឈ្មួញ ឬអ្នកមានអំណាចឡើងវិញជាមិនខាន៖ «យើងនឹងបន្តតាមដានជាបន្តទៀត អំពី តើរាជរដ្ឋាភិបាលនឹងយកចិត្តទុកដាក់ដោះ ឬមិនដោះយ៉ាងណានោះ? ហើយយើងនឹងរកវិធានការថ្មីៗទៀត ដើម្បីធ្វើយ៉ាងម៉េចឲ្យមានការយកចិត្តទុកដាក់ដោះស្រាយទៅតាមអ្វីដែលជាគោលបំណងរបស់ជនរងគ្រោះរបស់យើងចង់បាន»។
ត្រង់ចំណុចនេះ លោក នី ចរិយា ប្រធានផ្នែកអង្កេត និងជាមេធាវីសមាគមអាដហុក បានឲ្យដឹងថា ចាប់ពីឆ្នាំ២០០៤ មកដល់ឆ្នាំ២០១៤ នេះទំនាស់ដីធ្លីផ្ដើមដោយសារការផ្តល់សម្បទានសេដ្ឋកិច្ចរបស់រដ្ឋាភិបាល បានប៉ះពាល់ដីធ្លីរបស់ប្រជាពលរដ្ឋជាង ៧សែនហិកតារ។ លោកបន្តថា វិវាទនេះមានក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចជិត ១០០ក្រុមហ៊ុន និងឈ្មួញមានទ្រព្យធន និងមន្ត្រីមានអំណាចក្នុងជួររដ្ឋាភិបាលមានជិត ២ពាន់ករណី ដែលមានវិវាទដីធ្លីជាមួយប្រជាពលរដ្ឋ៕
No comments:
Post a Comment