លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងដំណើរត្រឡប់ពីទស្សនកិច្ចក្រៅប្រទេស នាពេលកន្លងមក (រូបថត៖ តាត ឧត្តម)
ប្រមុខ រាជរដ្ឋាភិបាល កម្ពុជា នឹងចូលរួម កិច្ចប្រជុំកំពូល មួយ នៅប្រទេសវៀតណាម នៅសប្តាហ៍ក្រោយ
ដោយ៖ ពេជ្រ សុធារី / វីអូឌី | ថ្ងៃសុក្រ ទី28 ខែមិនា ឆ្នាំ2014
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទៅចូលរួមកិច្ចប្រជុំកំពូលលើកទី២ នៃគណៈកម្មាការទន្លេមេគង្គ ក្រោមប្រធានបទ «ទឹក ថាមពល និងសន្តិសុខស្បៀងនៅក្នុងបរិបទបម្រែបម្រួលអាកាសធាតុ សម្រាប់អាងទន្លេមេគង្គ» ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី៤ ដល់ ថ្ងៃទី៥ ខែមេសា ខាងមុខនេះ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ចេញផ្សាយនៅថ្ងៃទី២៨ ខែមីនានេះ ឲ្យដឹងថា កិច្ចប្រជុំនោះ នឹងពិភាក្សាទៅលើបញ្ហាមួយចំនួន ស្ដីពីកាលានុវត្តភាព និងបញ្ហាប្រឈមសម្រាប់អាងទន្លេមេគង្គ និងតួនាទីរបស់គណៈកម្មាការទន្លេមេគង្គសម្រាប់ការអភិវឌ្ឍប្រកបដោយ ចីរភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដើម្បីជំរុញការប្រើប្រាស់ និងការអភិវឌ្ឍន៍ដោយចីរភាព ក្នុងបរិបទនៃតម្រូវការធនធានធម្មជាតិសម្រាប់ការអភិវឌ្ឍន៍ និងការបម្រែបម្រួលអាកាសធាតុ។
សេចក្តីប្រកាសព័ត៌មានបន្តថា ក្នុងដំណើរទៅកាន់ប្រទេសវៀតណាមរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ហ៊ុន និងគណៈប្រតិភូជាន់ខ្ពស់ រួមមាន លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាននេះ ធ្វើឡើងតបតាមការអញ្ជើញរបស់លោក ង្វៀន តាន់យ៉ុង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម៕
No comments:
Post a Comment