២៩-មីនា-២០១៤៖ សកម្មភាពក្រុមហ៊ុន៧២ របស់វៀតណាម អារដឹកជញ្ជូនឈើចេញពីព្រៃសហគមន៍ ក្នុងខេត្តរតនគិរី ដោយសំអាងថា ព្រៃនោះរដ្ឋបានផ្ដល់មកក្រុមហ៊ុនសម្បទាន ម៉ែន សារុន។
រូបថតសហគមន៍ ឃុំប៉ក់ញ៉ៃ
ក្រុមហ៊ុន វៀតណាម បន្តកាប់ឈើ ក្នុងព្រៃអភិរក្សនៅរតនគិរី
ដោយ រដ្ឋា វិសាល / អាស៊ីសេរី | ៣០ មីនា ២០១៤
ក្រុមហ៊ុន វៀតណាម ឈ្មោះ ៧២ ដែលទទួលសិទ្ធិ ធ្វើអាជីវកម្ម បន្តលើដីសម្បទាន របស់ក្រុមហ៊ុន គ្លបល ធីក រ៉ាម៉ា ខ្មែរ អន្តរជាតិ និងមិត្តភាព ម៉ែន សារុន (Global Tech Rama Khmer International and Men Sarun Friendship) នៅខេត្តរតនគិរី នៅតែបន្តកាប់ឈើមូល ពីក្នុងព្រៃសហគមន៍អភិរក្ស បើទោះបី ក្រុមសហគមន៍រារាំង និងចាប់យកគ្រឿងសម្ភារៈ កាប់ឈើរបស់ពួកគេយ៉ាងណាក្តី។
មន្ត្រីអាជ្ញាធរស្រុកអូរយ៉ាដាវ នៅថ្ងៃអាទិត្យ ទី៣០ ខែមីនា អះអាងថា សមត្ថកិច្ចមិនអាចស្វែងរកដំណោះស្រាយជុំវិញការរារាំងរបស់ពលរដ្ឋជនជាតិដើមភាគតិចភូមិឡុំ មិនឲ្យក្រុមហ៊ុនវៀតណាម ៧២ ចូលកាប់ឈើក្នុងព្រៃសហគមន៍ការពារបានឡើយ។
អភិបាលស្រុកអូរយ៉ាដាវ លោក ដក ស ថ្លែងថា សហគមន៍បានសម្រេចដាច់ខាតមិនឲ្យក្រុមហ៊ុនកាប់ឈើ និងឈូសឆាយដីព្រៃនៅតំបន់នោះតទៅទៀតទេ។ ចំណែកក្រុមហ៊ុនអះអាងថា ព្រៃឈើនោះឋិតក្នុងបរិវេណដីដែលរដ្ឋបានផ្ដល់សម្បទានសម្រាប់ក្រុមហ៊ុន ហេតុនេះក្រុមហ៊ុនត្រូវប្រមូលផលព្រៃឈើ និងឈូសឆាយឲ្យបានមុនរដូវធ្លាក់ភ្លៀង៖ «អ្នកអារឈើ កាប់ឈើ គេប្រុងថា កាប់ឈើហើយគេឈូស។ រាជរដ្ឋាភិបាលឲ្យហើយ គេកាប់ហើយ។ អ៊ីចឹងដល់ប្រជាពលរដ្ឋអត់ឲ្យ ខ្ញុំអត់យល់ដែរ បើគេនិយាយអ៊ីចឹង ខ្ញុំមានតែរាយការណ៍ជូនខេត្តតែប៉ុណ្ណឹង»។
ក្រុមហ៊ុន ម៉ែន សារុន បានទទួលដីសម្បទានសេដ្ឋកិច្ចជាង ១៧.០០០ហិកតារ នៅស្រុកអូរយ៉ាដាវ ដើម្បីដាំដូងប្រេង កាហ្វេ និងដំណាំផ្សេងទៀត ក៏ប៉ុន្តែក្រុមហ៊ុននេះបានផ្ទេរដីសម្បទានមួយផ្នែកទៅឲ្យក្រុមហ៊ុន ៧២ របស់វៀតណាម ធ្វើអាជីវកម្មដាំកៅស៊ូ។
តំណាងសហគមន៍ភូមិឡុំ លោក រម៉ាស់ ស្វាន កត់សម្គាល់ថា កន្លងទៅនេះ ក្រុមហ៊ុន ៧២ បានរំលោភឈូសឆាយតំបន់កប់សពសហគមន៍ និងតំបន់ព្រៃការពាររបស់សហគមន៍អស់រាប់រយហិកតារ កាលពីឆ្នាំ២០១៣។
លោកបន្តថា ព្រៃដែលក្រុមហ៊ុនកំពុងកាប់ឈើមូល និងគ្រោងឈូសឆាយបន្តនេះ ជាប្រភេទព្រៃស្រោង និងព្រៃពាក់កណ្ដាលស្រោង លាតសន្ធឹងរហូតព្រំដែនប្រទេសវៀតណាម។ ព្រៃនេះនៅសេសសល់ប្រមាណ ៨០០ហិកតារ ដែលសហគមន៍ការពារសម្រាប់សហគមន៍ប្រើប្រាស់ជាលក្ខណៈប្រពៃណីរបស់ជនជាតិដើមភាគតិច៖ «កាប់ដដែលហ្នឹងហើយ តាំងពីថ្ងៃចាប់ម៉ាស៊ីនមួយគ្រឿងមក។ តាមគំនិតសហគមន៍ចង់បិទ ចង់ដកក្រុមហ៊ុនហ្នឹងតែម្ដង ប្ដឹងទៅខេត្ត ប្ដឹងទៅថ្នាក់លើ»។
កាលពីថ្ងៃទី២៥ ខែមីនា ក្រុមល្បាតព្រៃសហគមន៍ភូមិឡុំ មានគ្នា ៨នាក់ បានរឹបអូសម៉ាស៊ីនកាត់ឈើរបស់កម្មករក្រុមហ៊ុនជនជាតិវៀតណាម បីនាក់អមដោយត្រាក់ទ័រមួយគ្រឿង បានចូលមកកាប់ឈើក្នុងព្រៃសហគមន៍នៅចំណុចព្រៃមួងតូម។
អ្នកឃ្លាំមើលបញ្ហាព្រៃឈើសមាគមអាដហុក ខេត្តរតនគិរី លោក ឆាយ ធី សម្គាល់ថា គោលការណ៍ផ្តល់ដីសម្បទានសេដ្ឋកិច្ច រាជរដ្ឋាភិបាលតម្រូវឲ្យសិក្សាកាត់ចេញព្រៃឈើសហគមន៍អភិរក្សតំបន់ព្រៃស្រោង ឬពាក់កណ្ដាលស្រោង។ ម្យ៉ាងទៀត ក្រុមហ៊ុនបានជួលកម្មករជនជាតិវៀតណាម កាប់ឈើមូលថ្មី ហើយអារច្រៀកដោយមិនទាន់មានការត្រួតពិនិត្យពីមន្ត្រីព្រៃឈើ។ លោកថា មន្ត្រីពាក់ព័ន្ធគួរត្រួតពិនិត្យករណីនេះ៖ «បើសិនក្រុមហ៊ុនមិនព្រមអនុវត្តទេ មានតែរដ្ឋាភិបាលលប់ធ្វើការព្រមានទៅលើក្រុមហ៊ុន ឬក៏អាចលប់ចោលក្រុមហ៊ុនណាដែលមិនគោរពគោលការណ៍សម្បទានសេដ្ឋកិច្ច»។
ឆ្លើយតបបញ្ជានេះ នាយរងខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី លោក ផាន់ ភឺន ទទួលស្គាល់ថា មន្ត្រីជំនាញមិនទាន់បានចុះពិនិត្យជាក់ស្ដែងការចោទប្រកាន់របស់សហគមន៍នៅឡើយ។ ប៉ុន្តែក្រសួងកសិកម្ម បានអនុវត្តតាមគោលការណ៍ស្ដីពីសម្បទានសេដ្ឋកិច្ច មុននឹងផ្ដល់ដីទៅឲ្យក្រុមហ៊ុន។ពិសេសមន្ត្រីជំនាញនឹងពិនិត្យជាក់ស្ដែង ប្រសិនដីសម្បទាននៅមានផលប៉ះពាល់ដល់តំបន់ព្រៃស្រោងលើសពី ៥០ហិកតារ ក៏ត្រូវកាត់ចេញពីការផ្ដល់ដីសម្បទានបន្ថែមទៀត។
លោក ផាន់ ភឺន៖ «វាចន្លោះប្រហោងមាត់អូរ ឬកន្លែងជាំទឹកណាមួយ អ៊ីចឹងឧទាហរណ៍បីហិកតារ ពីរហិកតារ អាហ្នឹងវាអាចមានប្រភេទព្រៃស្រោង ព្រៃពាក់កណ្ដាលស្រោងមានដែរ បើសិនផ្ទៃដីមានច្រើនជាង ៥០ហិកតារគេមិនឲ្យទេ»។
យ៉ាងនេះក្តី តំណាងសហគមន៍ព្រមានថា ក្រុមសហគមន៍នឹងដុតគ្រឿងចក្រប្រសិនក្រុមហ៊ុននៅតែបន្តចូលកាប់ឈើក្នុងព្រៃតទៅទៀត៕
No comments:
Post a Comment