សហព័ន្ធ និស្សិតបញ្ញវ័ន្ដ កម្ពុជា ស្នើនាយក រដ្ឋមន្ត្រី បង្កើតច្បាប់ គ្រប់គ្រង និងបញ្ឈប់ ការផ្សាយពាណិជ្ជកម្ម គ្រឿងស្រវឹង
ដោយ៖ ណាត សុភាព / វីអូឌី | ថ្ងៃសុក្រ ទី28 ខែមិនា ឆ្នាំ2014
លិខិតរបស់ លោក ម៉ៅ ពិសេស ប្រធាន សហព័ន្ធ និស្សិតបញ្ញវ័ន្ដ កម្ពុជា ផ្ញើជូនលោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៤ លើកឡើង ថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាល បានបើកទូលាយ ឲ្យក្រុមហ៊ុន គ្រឿងស្រវឹង គ្រប់ប្រភេទ ទាំងគ្រឿងស្រវឹង ផលិត ក្នុងប្រទេស និងក្រៅប្រទេស ផ្សព្វផ្សាយពាណិជ្ជកម្ម យ៉ាងគគ្រឹកគគ្រេង នៅលើកញ្ចក់ទូរទស្សន៍ និងវិទ្យុ ស្ទើរតែ គ្រប់ស្ថានីយទាំងអស់ ខណៈដែលគ្រឿងស្រវឹង ទាំងនោះ បានបង្កនូវ ផលប៉ះពាល់ ជាច្រើន ដល់ សង្គមជាតិ ដូចជា កើនឡើង នូវគ្រោះថ្នាក់ចរាចរណ៍, ការចាប់រំលោភ សេពសន្ថវៈ, អំពើហិង្សា ក្នុងគ្រួសារ, ការប្រើប្រាស់គ្រឿងញៀន, ក្មេងទំនើង និងអំពើ អសីលធម៌ នានា ជាដើម។ សហព័ន្ធ និស្សិតបញ្ញវ័ន្ដ កម្ពុជា ស្នើ លោកនាយក រដ្ឋមន្ដ្រី ហ៊ុន សែន ចាត់វិធានការ បញ្ឈប់ រាល់ការផ្សព្វផ្សាយពាណិជ្ជកម្ម គ្រឿងស្រវឹង គ្រប់ប្រភេទ នៅតាមកញ្ចក់ទូរស្សន៍ និងវិទ្យុនានា ព្រមទាំង បង្កើតច្បាប់ គ្រប់គ្រង គ្រឿងស្រវឹង។
លិខិតដដែលក៏ស្នើទៅ រាជរដ្ឋាភិបាល ចាត់វិធានការបញ្ឈប់រាល់ការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងគ្រប់ ប្រភេទ នៅតាមកញ្ចក់ទូរស្សន៍ និងវិទ្យុនានា ព្រមទាំងដំឡើងពន្ធលើគ្រឿងស្រវឹងគ្រប់ប្រភេទ និងបង្កើតច្បាប់ ស្តីពី ការគ្រប់គ្រងគ្រឿងស្រវឹង។
ករណីអ្នកនាំពាក្យប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី លោក ទិត សុធា បដិសេធ ការឆ្លើយតបនឹងសំណើរនេះ ដោយលោកអះអាងថា លោកមិនបានដឹងពីសេចក្តីថ្លែងការណ៍របស់ប្រធានសហព័ន្ធនិស្សិត បញ្ញវ័ន្ដកម្ពុជា។
សម្រាប់ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យ៉ង់ គឹមអេង យល់ថា បើការផ្សព្វផ្សាយពាណិជ្ជគ្រឿងស្រវឹង តាមទូរទស្សន៍ វិទ្យុ កាសែត នៅតែបន្តកើតមាន នោះបញ្ហាប្រឈមដូចជា ធ្វើឲ្យពលរដ្ឋប៉ះពាល់សុខភាពពលរដ្ឋ និងធ្វើឲ្យខាតប្រយោជន៍ជាតិ។
កាលពី ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១២ នាយកលេខាធិការដ្ឋានសហព័ន្ធនិស្សិតបញ្ញវ័ន្ដកម្ពុជា ដដែលនេះ លោក សូ ចន្ថា ក៏បានស្នើឲ្យរាជរដ្ឋាភិបាល បង្កើតច្បាប់ស្ដីពីការគ្រប់គ្រងគ្រឿងស្រវឹងម្ដងរួចមកហើយ ដោយថាគ្រឿងស្រវឹងនេះ បង្កនូវភាពអន្តរាយធ្ងន់ធ្ងរដល់សង្គមជាតិ ប៉ុន្តែរហូតមកដល់ពេលនេះ នៅមិនទាន់មានការឆ្លើយតបណាមួយនៅឡើយ៕
No comments:
Post a Comment