Paris Peace Accords 23 Oct. 1991

Saturday, March 8, 2014

សមត្ថកិច្ច​ រាប់សិប​នាក់ បិទ​ផ្លូវ​ចេញចូល​ ទីលាន​ប្រជាធិបតេយ្យ មិនឲ្យ​សហជីព​ ធ្វើ​វេទិកាសាធារណៈ​​

កម្លាំងសមត្ថកិច្ច ដាក់របាំងដែក មិនឲ្យអ្នកតវ៉ាចូលទីលានប្រជាធិបតេយ្យ(រូបថតដោយតាំង វីដា)

អ្នកមានជម្លោះដីធ្លី ដង្ហែក្បួនពីតំបន់បឹងកក់ ឆ្ពោះទៅក្រសួងកិច្ចការនារី នាព្រឹកនេះ (រូបថត៖ ញឹម សុខន)


សមត្ថកិច្ច​ រាប់សិប​នាក់ បិទ​ផ្លូវ​ចេញចូល​ ទីលាន​ប្រជាធិបតេយ្យ មិនឲ្យ​សហជីព​ ធ្វើ​វេទិកាសាធារណៈ​​


ដោយ៖​ ពេជ្រ សុធារី​ / វីអូឌី | ថ្ងៃសៅរ៍ ទី8 ខែមិនា ឆ្នាំ2014

សមត្ថកិច្ច​ចម្រុះ​ជាច្រើន​រយ​នាក់ ត្រូវបាន​ដាក់ពង្រាយ និង​ដាក់រ​បាំង​បិទផ្លូវ ជុំវិញ​ទីលាន​ប្រជាធិបតេយ្យ នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ ខណៈ​សហព័ន្ធ​សហជីព និង​សមាគម​ទាំង​១៨ គ្រោង​ធ្វើ​វេទិកា​សាធារណៈ​ទាក់ទង​នឹង​សិទ្ធិ​ការងារ និង​ទាមទារ​ដោះលែង​អ្នក​ជាប់​ឃុំ​២១​នាក់​។
​នៅ​ព្រលឹម​ស្រា​ងៗ​ថ្ងៃ​សៅរ៍​នេះ គេ​សង្កេតឃើញ​សមត្ថកិច្ច​ចម្រុះ​ជាច្រើន​រយ​នាក់ មាន​ប៉ូលិស​ចរាចរណ៍ ក្រុម​បង្ក្រាប​បាតុកម្ម និង​ក្រុម​សន្តិសុខ​សាលាខណ្ឌ​ដូនពេញ បាន​ឈរ​ត្រៀបត្រា និង​ដាក់​រនាំង​ដែក​ពី​រ​ជាន់ បិទ​ផ្លូវ​នៅ​ជុំវិញ​ទីលាន​ប្រជាធិបតេយ្យ ក្នុង​សង្កាត់​វត្តភ្នំ ដោយ​មិន​អនុញ្ញាត​ឲ្យ​នណាម្នាក់​ចូល​ទៅ​កាន់​ទីនោះ​ទេ​។​
ការបិទផ្លូវ និង​ពង្រឹង​សន្តិសុខ នៅ​ទីលាន​ប្រជាធិបតេយ្យ​នេះ ធ្វើឡើង​ខណៈ​ដែល​សហព័ន្ធ​សហជីព និង​អង្គការ​សមាគម​ចំនួន​១៨ ធ្វើការ​ជាមួយ​កម្មករ​គ្រប់​វិស័យ នៅ​ព្រឹក​នេះ គ្រោង​ធ្វើ​វេទិកាសាធារណៈ ក្នុង​គោលបំណង​ទាមទារ​ឲ្យ​រដ្ឋាភិបាល និង​​និយោជក​ដោះស្រាយ​បញ្ហា​ចំនួន​៧​ចំណុច ក្នុងនោះ​មាន ១,​សុំឲ្យ​ដោះលែង​ជនជាប់ចោ​ទទាំង​២១​នាក់ និង​ទម្លាក់​ចោល​រាល់​ការចោទប្រកាន់​ទាំងអស់​លើ​អ្នក​ទាំង​២៣​នាក់ ២,​សុំឲ្យ​មាន​ការចរចា​ឡើងវិញ​លើ​ប្រាក់​ឈ្នួល​គោល​១៦០​ដុល្លារ​​ក្នុង​មួយខែ ៣,​ត្រូវ​ដាក់ទោស​ដល់​ជនល្មើស​ដែល​បាន​ប្រើ​ហិង្សា​និង​សម្លាប់​កម្មករ ព្រមទាំង​ផ្តល់​សំណង​ជំងឺ​ចិត្ត​ដល់​ជនរងគ្រោះ ដែល​បាន​បាត់បង់​ជីវិត រងរបួស និង​ជាប់​ឃុំឃាំង ៤,​រដ្ឋាភិបាល​ត្រូវ​ដក​បម្រាម​នៃ​ការជួបជុំ​ជា​សាធារណៈ​របស់​ប្រជាពលរដ្ឋ ចេញ វិញ និង​លុបចោល​ការព្យួរ​ការចុះបញ្ជី​ការ​អង្គការ​វិជ្ជាជីវៈ​ពី​ក្រសួង​ការងារ ៥,​តំណាង​ក្រុមហ៊ុន​ទាំងអស់​ត្រូវ​ដក​បណ្តឹង​ដែល​ប្រឆាំង​សហជីព និង​កម្មករ​និយោជិត ៦,​សុំ​ទទួលយក​កម្មករ​ដែល​ត្រូវ​បញ្ឈប់​ពី​ការងារ​ឲ្យចូល​ធ្វើការ​វិញ ព្រមទាំង​ផ្តល់​ប្រាក់​រម្លឹក និង​អត្ថប្រយោជន៍​ផ្សេងៗ និង​ចំនុច​ទី​៧ ត្រូវ​ទូទាត់​ប្រាក់​ឈ្នួល និង​ប្រាក់រង្វាន់​ទៀងទាត់​ជូន​ដល់​កម្មករ ដែល​និយោជក​បាន​កាត់ ក្នុង​អំឡុងពេល​ធ្វើ​កូដកម្ម​។​

​កាលពី​ថ្ងៃ​ទី​០៦​ខែ​មីនា សាលា​រាជធានី​ភ្នំពេញ បាន​ចេញ​លិខិត​មិន​អនុញ្ញាត​ឲ្យ​សហព័ន្ធស​ហ​ជីព​ចំនួន​១៨ ធ្វើ​វេទិកា​សាធារណៈ​ទាក់ទង​នឹង​សិទ្ធិ​ការងារ នៅ​ទីលាន​ប្រជាធិបតេយ្យ ឬ​នៅ​ទី​សាធារណៈ​ណាមួយ​ទេ នៅ​ថ្ងៃ​ទី​០៨ ខែ​មិនា​នេះ ដោយ​តម្រូវឲ្យ​ធ្វើ​នៅ​ស្នាក់កា​ររៀងៗ​ខ្លួន​។​
ក្នុង​លិខិត​បាន​លើក​ហេតុផល​ថា ការ​មិន​អនុញ្ញាត​ឲ្យ​រៀបចំ​វេទិកា​សាធារណៈ​នោះ ដោយសារ​វេទិកា​នេះ មាន​ចរិត​លាយឡំ​នឹង​នយោបាយ ក្នុងពេល​ដែល​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​បាន និង​កំពុង​ពិភាក្សាគ្នា​អំពី​ការកែទម្រង់​ការបោះឆ្នោត និង​ដើម្បី​ទុក​ពេលវេលា​ឲ្យ​គណបក្ស​ទាំង​ពីរ បន្ត​ធ្វើ​ការពិភាក្សា​ក្នុង​បរិយាកាស​ល្អ​ប្រសើរ ជាពិសេស​ចៀសវាង​ប៉ះពាល់​ដល់​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សាធារណៈ ក្នុង​ការធានា​ភាពស្ងប់ស្ងាត់​សម្រាប់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ជា​ប្រក្រតី​របស់​ប្រជាពលរដ្ឋ​។​
​ក្រុម​មេដឹកនាំ​សហជីព ធ្លាប់បាន​ព្រមាន​ថា បើ​វេទិកា​នៅ​ថ្ងៃ​ទី​៨​ខែ​មិនា នៅតែ​មិន​ទាន់​មាន​ដំណោះស្រាយ តាម​ការទាមទារ​ប្រាក់​ឈ្នួល​១៦០​ដុល្លារ និង​ដោះលែង​អ្នកជាប់ចោទ​ទាំង​២៣​នាក់​ទេ​នោះ កម្មករ​នៅ​គ្រប់​វិស័យ នឹង​ធ្វើ​កូដកម្ម​ទ្រង់ទ្រាយ​ធំ នៅ​ទូទាំង​ប្រទេស ចាប់ពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​១៥ ខែ​មិនា ហើយ​មន្ត្រី​រាជការ មិន​ទៅ​ធ្វើការ​ឡើយ​៕​




No comments:

Post a Comment