Paris Peace Accords 23 Oct. 1991

Saturday, March 15, 2014

បក្ស​ ប្រជាជន​កម្ពុជា និង​បក្ស​ សង្គ្រោះជាតិ​ ព្រម​ដឹក​ដៃ​គ្នា​ បន្ត​​ចរចា ​នៅ​ថ្ងៃ​ទី​១៧​មីនា​

សន្និសីទកាសែត បន្ទាប់ពី​មាន​កិច្ច​ប្រជុំក្រុម​បច្ចេកទេស របស់គណបក្ស​នយោបាយទាំងពីរ កាលពីថ្ងៃចន្ទ ១៤មីនា​ ឆ្នាំ២០១៤
សន្និសីទកាសែត បន្ទាប់ពី​មាន​កិច្ច​ប្រជុំក្រុម​បច្ចេកទេស របស់គណបក្ស​នយោបាយទាំងពីរ កាលពីថ្ងៃចន្ទ ១៤មីនា​ ឆ្នាំ២០១៤
RFI/Siv Channa

បក្ស​ ប្រជាជន​កម្ពុជា និង​បក្ស​ សង្គ្រោះជាតិ​ ព្រម​ដឹក​ដៃ​គ្នា​ បន្ត​​ចរចា ​នៅ​ថ្ងៃ​ទី​១៧​មីនា​

ដោយ ស៊ុន មេសា / RFI | ១៤ មីនា ២០១៤
នៅ​ថ្ងៃ​សុក្រ​ ទី១៤ មីនា​ នេះ គណបក្ស ​ប្រជាជន​កម្ពុជា​ បាន​ឆ្លើយតប​លិខិត ​ទៅកាន់​គណបក្ស ​សង្គ្រោះ​ជាតិ​ ដែលជា​ ដៃគូរ​ ចរចា​ របស់ ខ្លួន​វិញ​ហើយ។  ជាការ​ឆ្លើយតប ​ដែល​បាន ​ឯកភាព ​យក​ប្រធានបទ កែទម្រង់​ស្ថាប័ន ​រៀបចំ​ ការបោះឆ្នោត បញ្ចូល​ទៅក្នុង ​របៀបវារៈ ​នៃ​កិច្ចប្រជុំ​ ថ្ងៃទី១៧ មីនា ​ខាងមុខ។  ចម្លើយ​នេះ​ ត្រូវបាន ​គណបក្ស​ សង្គ្រោះ​ជាតិ ​ទទួលយក និង​យល់ព្រម ​ចូល​តុ​ចរចា ​ជាថ្មី​បន្តទៀត។

ទីបំផុត​ទៅ​ដៃគូ​ជម្លោះ​ទាំង​ពីរបាន​យល់ព្រម​បន្ត​ការចរចា​ជាមួយគ្នា ​នៅ​ថ្ងៃទី១៧ មីនា​សប្តាហ៍​ក្រោយ​ហើយ ​បន្ទាប់ពី​មានការ​គម្រាម​ទាត់​ចោល​តុ​ចរចា និង​ធ្វើបាតុកម្ម​ពី​គណបក្ស​ប្រឆាំង​។ គណបក្សប្រឆាំង​ដែល​បាន​ចោទ​បក្ស​កាន់អំណាច​ថា មិន​ព្រម​លើកយក​របៀបវារៈ​នៃ​កំណែ​ទម្រង់​​​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​ ដាក់​លើ​តុ​ចរចា។


ក្នុង​លិខិត​ឆ្លើយតប​ទៅកាន់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវបាន​ផ្សព្វផ្សាយ​ក្នុង​គេហ​​ទំព័រ​គណបក្ស​​​​ប្រជាជន​កម្ពុជា នៅ​ថ្ងៃ​សុក្រ​នេះ លោក ប៊ិន ឈិន ប្រធាន​ក្រុម​ចរចា​មកពី​គណបក្ស​កាន់អំណាច​បាន​យល់ព្រម​ឯកភាព​យក​ប្រធានបទ កែទម្រង់​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត បញ្ចូល​​​​ទៅក្នុង​ក្របខណ្ឌ​កំណែទម្រង់​ការបោះឆ្នោត។

លោក ប៊ិន ឈិន បាន​បញ្ជាក់ថា ដើម្បីឱ្យ​ការសិក្សា​និង​រៀបចំ​ក្របខណ្ឌ​កំណែទម្រង់​ការ​បោះឆ្នោត​​​នាពេលខាងមុខ​ គណបក្ស​ប្រជាជន​កម្ពុជា សម្តែង​សុទិដ្ឋិនិយម​បន្ត​ការ​ពិភាក្សា​​តាម​​​ស្មារតី​នៃ​កិច្ចប្រជុំ​ថ្ងៃទី១០ មីនា កន្លងទៅ។ កិច្ចប្រជុំ​ថ្ងៃទី១០ មីនា​ដែល​គណបក្ស​​ទាំងពីរ​មិនបាន​ចេញ​សេចក្តីថ្លែងការណ៍​រួម​នោះទេ ដោយសារតែ​ប្រកាន់យក​របៀបវារៈ​ពីរ​ដាច់​ដោយឡែក​​ពីគ្នា។

លោក ម៉ៅ មុនី​វណ្ណ សមាជិក​នៃ​គណៈកម្មការ​ចរចា​រប​ស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា គណបក្ស​សង្គ្រោះ​ជាតិ​នឹង​វិល​ចូល​តុ​ចរចា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ថ្ងៃ១៧ សប្តាហ៍​ក្រោយនេះ។

សូម​រំលឹកថា ក្រោយ​កិច្ចប្រជុំ​ដែល​មិន​ទទួលបាន​លទ្ធផល​ផ្លែផ្កា​នោះ​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក សម រង្ស៊ី បានប្រកាស​ផ្តាច់​ផ្លូវ​ចរចា​ជាមួយ​បក្ស​កាន់អំណាច​របស់លោក នាយករដ្ឋមន្ត្រី​ហ៊ុន សែន ហើយ​ប្រកាស​ឱ្យ​សកម្មជន​របស់ខ្លួន​ត្រៀ​ម​ធ្វើបាតុកម្ម​ទ្រង់ទ្រាយ​ធំ។

សូមបញ្ជាក់ថា កាលពី​ថ្ងៃ​ពុធ​ទី១៣ មីនា លោក សុន ឆ័យ ប្រធាន​ក្រុម​ចរចា​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​សរសេរ​លិខិត ផ្ញើ​​ទៅកាន់​គណបក្ស​ប្រជាជន​ដើម្បី​ស្នើ​សុំឱ្យ​បក្ស​កាន់​អំណាច​​​បញ្ជាក់​ពី​គោលជំហរ​ថា​ តើ​របៀប​វារៈ​ស្តីពី​កំណែទម្រង់​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត​​នឹងត្រូវ​លើកដាក់​លើ​តុ​ចរចា​សម្រាប់​ថ្ងៃទី១៧មីនា ឬ​យ៉ាងណា?
ក្នុង​លិខិត​ដែល​ផ្ញើ​​ជូន​លោក ប៊ិន ឈិន ​ប្រធាន​ក្រុម​ចរចា​នៃ​បក្ស​ប្រជាជន​កម្ពុជា លោក សុន ឆ័យ ​បាន​បញ្ជាក់ថា ប្រធានបទ​ពាក់ព័ន្ធ​នឹង​ការកែទម្រង់​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត ឱ្យ​ទៅ​ជា​​ស្ថាប័នរដ្ឋ​ធម្មនុញ្ញ​ដែល​ឯករាជ្យ នឹង​មានការ​ជ្រើសតាំង​ក្បាលម៉ាស៊ីន​ដឹកនាំ​ដោយ​សំឡេង​ពីរភាគបី នៃ​សមាជិកសភា​ទាំងមូល។ លោក សុន ឆ័យ ​សង្កត់ធ្ងន់ថា ប្រការនេះ គឺមាន​លក្ខណៈ​ចាំ​បា​ច់​​អាទិភាព សម្រាប់​ការងារ​កែទម្រង់​ការបោះឆ្នោត​ដែល​មិនអាច​រំលង​បាន។
ប៉ុន្តែ​យ៉ាងណាក៏ដោយ ក្នុង​លិខិត​ដែល​ចុះហត្ថលេខា​ដោយ លោក​ប៊ិន ឈិន គណបក្ស​ប្រជាជន​​កម្ពុជា ​​បាន​បញ្ជាក់ថា ប្រធានបទ​កំណែទម្រង់​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត និង​អព្យាក្រិត​ភាព និង​សុចរិត​ភាព​នៃ​សង្គម​ស៊ីវិល ក្នុងការ​បោះឆ្នោត​នោះ នៅ​មិនទាន់​បាន​សម្រេច​​ដាក់​បញ្ចូល​ទៅក្នុង​ក្របខណ្ឌ​កំណែទម្រង់​នៃ​ការបោះឆ្នោត​នៅឡើយ​ទេ។

បើទោះបីជា​បែបណាក៏ដោយ ការដែល​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ យល់ព្រម​បន្ត​ការចរចា​ជាមួយគ្នា ​នៅ​ថ្ងៃទី១៧មីនា​ដើម​សប្តាហ៍ គឺជា​រឿង​គួរឱ្យ​លើកទឹកចិត្ត ហើយ​​ពលរដ្ឋ​ពល​កម្ពុជា​ទាំងមូល ​កំពុងទ​ន្ទឹង​​រង់ចាំ​លទ្ធផល​ជា​ផ្លែផ្កា​ ពី​គណបក្សនយោបាយ​ទាំងពីរដែរ៕




No comments:

Post a Comment