Paris Peace Accords 23 Oct. 1991

Wednesday, March 12, 2014

កម្មករ​រោងចក្រ​ មួយ​ចំនួន​ ចូល​រួម ​កូដកម្ម ​មិន​ធ្វើ​ការ​ នៅ​ថ្ងៃ​ដំបូង

កម្មករ កាត់​ដេរ ៣០៥
១៣-តុលា-២០១០៖ សកម្មភាព​របស់​កម្មករ​រោងចក្រ​កាត់ដេរ Peace Glory (cambodia) Mfg. Co. Ltd., នា​រាជធានី​ភ្នំពេញ។
Photo Supplied

កម្មករ​រោងចក្រ​ មួយ​ចំនួន​ ចូល​រួម ​កូដកម្ម ​មិន​ធ្វើ​ការ​ នៅ​ថ្ងៃ​ដំបូង

ដោយ ទេព សុរ៉ាវី / អាស៊ីសេរី |​ ១២ មីនា ២០១៤
សហព័ន្ធ​សហជីព​វិស័យ​វាយនភណ្ឌ​ចំនួន​២ ក្នុង​ចំណោម​៨ បាន​សម្រេច​យក​ថ្ងៃ​ទី​១២ មីនា ដើម្បី​ធ្វើ​កូដកម្ម​ដាក់​គំនាប​ទៅ​រដ្ឋាភិបាល និង​ថៅកែ​រោងចក្រ ឲ្យ​ដោះ​លែង​មនុស្ស ២១​នាក់ និង​ទាមទារ​ដំឡើង​ប្រាក់​ខែ​គោល ១៦០​ដុល្លារ​ក្នុង​មួយ​ខែ។
កម្មករ​រោងចក្រ​មួយ​ចំនួន ស្ម័គ្រ​ចិត្ត​ធ្វើ​កូដកម្ម​មិន​ធ្វើ​ការ​រយៈពេល ៣​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​១២ មីនា នេះ​ត​ទៅ តាម​ការ​ស្នើសុំ​របស់​សហព័ន្ធ​សហជីព​ចំនួន​២ ដែល​នៅ​ប្រកាន់​ជំហរ​ធ្វើ​កូដកម្ម​តាម​ផែន​ការ​ដែល​បាន​គ្រោង​ទុក។
កម្មការិនី​ម្នាក់ កញ្ញា ឈាង ធីតា ធ្វើ​ការ​នៅ​រោងចក្រ​គីនតាយ ស្ថិត​នៅ​សង្កាត់​ចាក់អង្រែក្រោម ខណ្ឌ​មានជ័យ បាន​ឲ្យ​ដឹង​ថា កម្មករ​ផ្នែក​ដេរ​ជិត ១​ពាន់​នាក់ នៅ​រោងចក្រ​គីនតាយ បាន​ឈប់​សម្រាក​នៅ​ផ្ទះ ដើម្បី​ជា​ការ​ចូល​រួម​ធ្វើ​កូដកម្ម ទាមទារ​ដំឡើង​ប្រាក់​ខែ​គោល ១៦០​ដុល្លារ និង​ទាមទារ​ដោះ​លែង​មនុស្ស ២១​នាក់ ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ត្រពាំងផ្លុង ខេត្ត​កំពង់ចាម។
កម្មការិនី​រូប​នេះ​បន្ត​ថា តាម​គម្រោង​កូដកម្ម​អត់​ធ្វើ​ការ​នោះ មាន​រយៈពេល ៣​ថ្ងៃ​ប៉ុណ្ណោះ។ ប៉ុន្តែ​កម្មករ​នៅ​រោងចក្រ​គីនតាយ បាន​មូល​មតិ​គ្នា និង​សម្រេច​ឈប់​ធ្វើ​ការ​បណ្ដោះ​អាសន្ន​រហូត​ទៅ​ដល់ ៥​ថ្ងៃ ដោយ​មិន​ខ្វល់​ពី​ការ​បាត់​បង់​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ។ ការ​ធ្វើ​ដូច្នេះ ដើម្បី​បង្ហាញ និង​ផ្តល់​សារ​ទៅ​កម្មករ​ឯ​ទៀត កុំ​គិត​ពី​ការ​ខាត​បង់​បន្តិចបន្តួច ហើយ​មិន​ហ៊ាន​ធ្វើ​កូដកម្ម៖ «២ ឬ ៣​ថ្ងៃ ខាត​យ៉ាង​ខ្លាំង​អស់​ជាង ១០​ដុល្លារ​ទេ ហើយ​បើ​ខ្ញុំ​ធ្វើ​បាន​ជោគជ័យ បាន​រហូត ១៦០​ដុល្លារ សួរ​ថា​មួយ​ណា​ចំណេញ​ជាង? ខ្ញុំ​គិត​ថា មិន​ខាត​ទេ គឺ​ចំណេញ​ទៅ​ថ្ងៃ​មុខ ហើយ​ដូច​ជា​អ្នក​ឃុំ​ខ្លួន ២១​នាក់ បើ​គាត់​រួច​មក ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​ណាស់»
ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន ដែល​ប្រកាន់​ជំហរ​ធ្វើ​កូដកម្ម​នៅ​ថ្ងៃ​ទី​១២ មីនា ព្យាយាម​ចុះ​ទៅ​ដល់​រោងចក្រ​មួយ​ចំនួន ដើម្បី​អំពាវនាវ​ឲ្យ​កម្មករ​ចូល​រួម​ធ្វើ​កូដកម្ម។ លោក​បន្ត​ថា តាម​ព័ត៌មាន​ដែល​លោក​ទទួល​បាន​ពី​ក្រុម​ការងារ មាន​រោងចក្រ​ចំនួន​២០ នៅ​ភ្នំពេញ នៅ​ខេត្ត​កណ្តាល កំពង់ស្ពឺ ព្រៃវែង និង​ខេត្ត​កំពង់ចាម ចាប់​ផ្ដើម​ធ្វើ​កូដកម្ម ដោយ​កម្មករ​ភាគ​ច្រើន​បាន​ឈប់​សម្រាក​នៅ​ផ្ទះ ហើយ​ខ្លះ​មក​កន្លែង​ធ្វើ​ការ​ដែរ តែ​មិន​បំពេញ​ការងារ។ លោក​បន្ត​ថា កូដកម្ម​នេះ​ជា​ការ​ធ្វើ​សាកល្បង ដើម្បី​រារាំង​សង្វាក់​ផលិតកម្ម​រោងចក្រ។
ប្រធាន​សមាគម​កាត់​ដេរ​កម្ពុជា លោក វ៉ាន់ ស៊ូអៀង ប្រាប់​ថា មាន​កម្មករ​តិចតួច​ដែល​អវត្តមាន​នៅ​កន្លែង​ធ្វើ​ការ ហើយ​វា​មិន​ធ្វើ​ឲ្យ​គាំង​សង្វាក់​ផលិតកម្ម​រោងចក្រ​ទេ។ លោក​បញ្ជាក់​ថា ពួក​គេ​ទាំង​នោះ​មាន​សិទ្ធិ​ចូល​រួម​ធ្វើ​កូដកម្ម​នៅ​ផ្ទះ តាម​ការ​អំពាវនាវ​របស់​សហព័ន្ធ​សហជីព ហើយ​ថៅកែ​រោងចក្រ​នឹង​មិន​បើក​ប្រាក់​ថ្ងៃ​ដែល​ពួក​គេ​ឈប់​សម្រាក​ឡើយ៖ «គេ​មាន​សិទ្ធិ​ធ្វើ​ការ ហើយ​អត់​ធ្វើ​ការ បើ​អត់​ធ្វើ​ការ នៅ​ផ្ទះ ទៅ​មាន​នរណា​បង្ខំ។ ប៉ុន្តែ​កុំ​មក​ទារ​ប្រាក់​ខែ ព្រោះ​អត់​មក​ធ្វើ​ការ គឺ​អត់​ប្រាក់​ខែ»
ក្រុម​សហជីព​មួយ​ចំនួន​បាន​បដិសេធ​មិន​ធ្វើ​កូដកម្ម​នៅ​ថ្ងៃ​ទី​១២ មីនា និង​បាន​លើក​ពេល​ធ្វើ​កូដកម្ម​មិន​ចូល​ធ្វើ​ការ​រហូត​ដល់​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​រួច។ ក្រុម​សហជីព​ទាំង​៦ ក្នុង​ចំណោម​សហព័ន្ធ​សហជីព​៨ បាន​ជ្រើស​យក​ថ្ងៃ​ទី​១៧ មេសា ជា​ថ្ងៃ​ចាប់​ផ្ដើម​ធ្វើ​កូដកម្ម​នេះ ដើម្បី​ដាក់​សម្ពាធ​ឲ្យ​ដោះ​លែង​មនុស្ស ២១​នាក់ និង​ទារ​ដំឡើង​ប្រាក់​ខែ​គោល ១៦០​ដុល្លារ​ក្នុង​មួយ​ខែ៕




No comments:

Post a Comment