
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ (រូបថត៖ ញឹម សុខន)
លោក សម រង្ស៊ី៖ មិនចូល ប្រជុំសភា ទេ ប្រសិនបើ បញ្ហារៀបចំ ការបោះឆ្នោត ឡើងវិញ មិនទាន់ ដោះស្រាយ
ដោយ៖ ជន ស្រីណុច / វីអូឌី | ថ្ងៃព្រហស្បតិ៍ ទី6 ខែមិនា ឆ្នាំ2014
គណបក្សសង្គ្រោះជាតិ (CNRP) ប្រកាសជំហរជាថ្មីម្តងទៀត នៅថ្ងៃព្រហស្បតិ៍នេះ ថាខ្លួននឹងមិនចូលរួមប្រជុំសភាទេ ប្រសិនបើការរៀបចំឲ្យមានការបោះឆ្នោតឡើងវិញ ប្រកបដោយភាពត្រឹមត្រូវ សេរី និងយុត្តិធម៌ មិនទាន់ត្រូវបានដោះស្រាយ។
ការប្រកាសជំហរនេះ ធ្វើឡើងបន្ទាប់ពី មានកិច្ចប្រជុំគណៈកម្មាការពិភាក្សារការបោះឆ្នោតមុនអណត្តិ រវាងគណបក្សឈ្នះឆ្នោតទាំងពីរ ហើយស្របពេលនោះ មានមតិសាធារណៈជនបារម្ភថា គណបក្សសង្គ្រោះជាតិអាចនឹងចាញ់បោកគណបក្សកាន់អំណាច។
នៅក្នុង វីឌីអូឃ្លីប លើបណ្តាញសង្គម ហ្វេសប៊ុករបស់ លោក បង្ហោះនៅថ្ងៃទី០៦ ខែមីនា នេះ លោកសម រង្ស៊ី ថ្លែងថា ការចូលប្រជុំសភា និងបញ្ហារៀបចំការបោះឆ្នោតឡើងវិញ ជាបញ្ហា ដាច់ដោយឡែកពីគ្នា ប្រសិនបើការរៀបចំបោះឆ្នោតឡើងវិញ មិនទាន់បានដោះស្រាយទេ ដាច់ខាតលោកមិនចូលប្រជុំសភាឡើយ។
នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវ(និចហ្វិច) លោក ហង្ស ពុទ្ធា យល់ថា ការដែលគណបក្សសង្គ្រោះជាតិនៅតែប្រកាន់ជំហរមិនចូលប្រជុំសភា គឺជាទុនមួយ ដើម្បីដាក់សម្ពាធទៅគណបក្សប្រជាជនកម្ពុជា ឲ្យមានការកែទម្រង់ច្បាស់លាស់។
ចាប់តាំងពីក្រោយការបោះឆ្នោតជាតិថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ មកដល់ពេលនេះមានរយៈពេលជាង៧ខែ ហើយ ដែលការមិនចុះសម្រុងគ្នារវាងគណបក្សឈ្នះឆ្នោតទាំងពីរនេះត្រូវបានចរចាជាបន្តបន្ទាប់ ដោយគណបក្សសង្គ្រោះជាតិទាមទារឲ្យមានការបោះឆ្នោតឡើងវិញ ទើបខ្លួនព្រមចូលសភា៕
The Community gathering to seek support from Australian government!
ReplyDelete