
ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ ផ្ដល់បទសម្ភាសន៍ក្នុងពេលលោកដឹកនាំការតវ៉ាសុំឲ្យទំនិញចុះថោក កាលពីថ្ងៃទី២៩ ធ្នូ ឆ្នាំ២០១៣។
RFA/Sek Bandith
គ្រូពេទ្យ លីកាដូ៖ មនុស្ស៤នាក់ ចំណោម២១នាក់ ត្រូវប្រញាប់ ព្យាបាលជំងឺ នៅក្រៅឃុំ
ដោយ ទេព សុរ៉ាវី / អាស៊ីសេរី | ០៥ មីនា ២០១៤
មេធាវីការពារក្តីឲ្យបាតុករ និងពលរដ្ឋសរុប ២១នាក់ ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តកំពង់ចាម ឲ្យដឹងថា សំណុំរឿងបណ្ដឹងសារទុក្ខ សុំនៅក្រៅឃុំបណ្ដោះអាសន្នរបស់ពួកគេទាំងនោះ បានទៅដល់ដៃតុលាការកំពូលរួចហើយនៅដើមសប្ដាហ៍នេះ។ ប៉ុន្តែ តុលាការនៅមិនទាន់កំណត់ថ្ងៃបើកសវនាការនៅឡើយទេ។
ទន្ទឹមនឹងការរង់ចាំថ្ងៃសវនាការនោះ បាតុករ និងពលរដ្ឋ ៤នាក់ ក្នុងចំណោម ២១នាក់ ត្រូវគ្រូពេទ្យអង្គការលីកាដូ (Licadho) ប្រាប់ថា កំពុងមានស្ថានភាពជំងឺធ្ងន់ធ្ងរ និងចាំបាច់ត្រូវចេញមកព្យាបាលនៅក្រៅមន្ទីរឃុំឃាំង។
គ្រូពេទ្យអង្គការលីកាដូ បញ្ជាក់ថា លោក វន់ ពៅ និងអ្នកជាប់ឃុំ ៣នាក់ផ្សេងទៀត ដែលមានស្ថានភាពជំងឺធ្ងន់ធ្ងរ កំពុងជាប់ក្នុងពន្ធនាគារត្រពាំងផ្លុង ត្រូវតែប្រញាប់ចេញមកព្យាបាលនៅក្រៅពន្ធនាគារ ដើម្បីសុវត្ថិភាពសុខភាពរបស់ពួកគេ។
លោកស្រី ពុង ឈីវកេក៖ «យើងត្រូវយកចិត្តទុកដាក់ជាងគេ លោក វន់ ពៅ លោក សម្បត្តិពិសិដ្ឋ ដោយសារដៃហ្នឹងសំខាន់ណាស់ បើយើងមើលមិនល្អ អាចប្រើការងារមិនបានថ្ងៃក្រោយ ហើយលោក សាវឿន ក៏យើងត្រូវប្រយ័ត្នដែរ ព្រោះក្អក ហើយមានធ្លាក់ឈាម ២ដង។ អ៊ីចឹង យើងត្រូវប្រយ័ត្ន ព្រោះជំងឺវាច្រើន»។
មេធាវីការពារក្តីជនជាប់ចោទមកពីសហគមន៍អប់រំច្បាប់សម្រាប់សហគមន៍ លោក ហម ស៊ុនរិទ្ធ បានប្រាប់ថា គ្រូពេទ្យនៅពន្ធនាគារត្រពាំងផ្លុង មិនអាចមានឧបករណ៍ និងលទ្ធភាពព្យាបាលពួកគេទាំង ៤នាក់នោះបានទេ៖ «តាមតុលាការគេសំអាងថា នៅទីនោះ (ពន្ធនាគារ) មានពេទ្យ។ ប៉ុន្តែ ធាតុពិតពេទ្យនោះនៅមានកម្រិតទេ ទាំងថ្នាំព្យាបាលទាំងគ្រូពេទ្យ ដូចជាមិនទាន់ឆ្លើយតបនឹងសភាពការណ៍ដែលគាត់ឈឺនឹងទេ»។
មេធាវីការពារក្តីរូបនេះបន្តថា លោក និងគ្រួសារ លោក វន់ ពៅ លោក ថេង សាវឿន និងលោក សុគន្ធ សម្បត្តិពិសិដ្ឋ ធ្លាប់ធានាឲ្យពួកគេចេញមកព្យាបាលនៅក្រៅឃុំបណ្ដោះអាសន្ន ក្រោមការត្រួតពិនិត្យពីខាងពន្ធនាគារ។ ប៉ុន្តែ សំណើនោះត្រូវបានសាលាដំបូងរាជធានីភ្នំពេញ បដិសេធ។
ប្រពន្ធ លោក វន់ ពៅ លោកស្រី ប្រាក់ សុវណ្ណារី បានសម្ដែងការព្រួយបារម្ភខ្លាចប្ដីរបស់លោកស្រីស្លាប់ក្នុងពន្ធនាគារ នៅពេលរបួសចាស់រឹតតែធ្ងន់ធ្ងរមិនអាចព្យាបាលបាន ប្រសិនបើប្ដីរបស់លោកស្រីនៅតែបន្តឃុំខ្លួនក្នុងពន្ធនាគារ ដោយគ្មានការព្យាបាលត្រឹមត្រូវពីគ្រូពេទ្យ។
ជុំវិញបញ្ហានេះ ប្រធានពន្ធនាគារត្រពាំងផ្លុង លោក គៀ សុវណ្ណា បានបដិសេធទាំងស្រុងចំពោះព័ត៌មានដែលលេចឮថា អ្នកទាំង ៤នាក់នោះមានអាការៈជំងឺធ្ងន់ធ្ងរ។ លោកប្រាប់ថា ស្ថានភាពសុខភាពរបស់ពួកគេទាំង ២១នាក់ ស្ថិតក្នុងភាពប្រក្រតី៖ «ថ្នាំគេបើកពីមន្ទីរពេទ្យបង្អែកផង គេទិញសម្រាប់អង្គភាពការពារយប់ព្រលប់ផង ថ្នាំគេស្តុកផង ហើយពេទ្យ ភីអែសស៊ី ផង ពេទ្យលីកាដូ ផង ចូលមកព្យាបាលរហូតហ្នឹង»។
យ៉ាងណា អង្គការសង្គមស៊ីវិល និងគ្រួសារជនជាប់ចោទទាំងនោះ បានស្នើសុំឲ្យតុលាការកំពូលពន្លឿនសវនាការជំនុំជម្រះក្តីលើបណ្ដឹងសុំនៅក្រៅឃុំរបស់ជនទាំង ២១នាក់នោះ ឲ្យបានឆាប់ និងស្នើសុំឲ្យដោះលែងពួកគេនៅក្រៅឃុំបណ្ដោះអាសន្ន។
ក្នុងការបង្ក្រាបការតវ៉ារបស់កម្មករដែលទាមទារដំឡើងប្រាក់ខែ កាលពីដើមខែមករា មនុស្ស ២៣នាក់ ត្រូវអាជ្ញាធរចាប់ដាក់ពន្ធនាគារក្រោមបទចោទថា មានចេតនាប្រើហិង្សា ធ្វើអោយខូចខាតទ្រព្យសម្បត្តិ ប៉ះពាល់សណ្ដាប់ធ្នាប់ចរាចរណ៍ និងប្រមាថមន្ត្រីសាធារណៈ។ ក្នុងនោះ មនុស្ស ២នាក់ ត្រូវដោះលែងអោយនៅក្រៅឃុំបណ្ដោះអាសន្ន កាលពីដើមខែកុម្ភៈ៕
No comments:
Post a Comment