តុលាការ ខេត្តកំពង់ស្ពឺ ចេញដីកា ឲ្យកម្មករ រោងចក្រ វីងស្ដារស៊ូ បញ្ឈប់ ធ្វើកូដកម្ម
ដោយ ខែ សុណង / អាស៊ីសេរី | ២១ មីនា ២០១៤
កម្មកររោងចក្រផលិតស្បែកជើង វីងស្ដារស៊ូ (Wing Star Shoes) នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ ជាង ៦ពាន់នាក់ បានប្រកាន់ជំហរថា បន្តការតវ៉ាឲ្យថៅកែក្រុមហ៊ុនផ្ដល់ប្រាក់អត្ថប្រយោជន៍ជូនកម្មករ បន្ទាប់ពីការចរចាកន្លងមកពុំបានជោគជ័យ។ កម្មករអះអាងថា ពួកគាត់បន្តការទាមទាររហូតដល់បានអ្វីដូចដែលការចង់បានរបស់ពួកគាត់ បើទោះជាក្រុមហ៊ុនព្យាយាមនាំយករឿងក្ដីនេះទៅដល់តុលាការ។
តុលាការខេត្តកំពង់ស្ពឺ បានចេញដីកាសម្រេចរក្សាការពារ ដោយដាក់កំហិតឲ្យកម្មកររោងចក្រ វីងស្ដារស៊ូ បញ្ឈប់ការជួបជុំធ្វើកូដកម្ម និងឲ្យចូលធ្វើការវិញក្នុងរយៈពេល ៤៨ម៉ោង។
ដីកាសម្រេចរក្សាការពារដែលចេញដោយសាលាដំបូងខេត្តកំពង់ស្ពឺ នៅថ្ងៃទី២០ មីនា បានបង្គាប់ឲ្យកម្មករចូលធ្វើការទៅតាមវេនតាមក្រុមវិញ ក្នុងរយៈពេល ៤៨ម៉ោងជាបណ្ដោះអាសន្ន រហូតដល់តុលាការសម្រេចដល់អង្គសេចក្ដី។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមន្ត្រីរដ្ឋបាលរោងចក្រ វីងស្ដារស៊ូ និងមន្ត្រីសមាគមរោងចក្រកាត់ដេរបានទេ នៅថ្ងៃទី២១ មីនា។
តុលាការខេត្តកំពង់ស្ពឺ បានចេញដីកាសម្រេចរក្សាការពារ ដោយយោងលើពាក្យបណ្ដឹងរបស់ភាគីតំណាងក្រុមហ៊ុន វីងស្តារស៊ូ កាលពីថ្ងៃទី១៨ មីនា ឆ្នាំ២០១៤ ឲ្យតុលាការចេញដីកាសម្រេចរក្សាការពារ។ ហេតុផលនៃការសម្រេចរក្សាការពារនេះ បានលើកឡើងថា ការធ្វើកូដកម្មកន្លងមក គឺខុសគោលការណ៍ច្បាប់ ព្រោះគ្មានការជូនដំណឹងទៅក្រុមហ៊ុនជាមុន ការទាមទារមិនទាន់ឆ្លងកាត់នីតិវិធីនៃការដោះស្រាយ បែរជាធ្វើកូដកម្ម។ រីឯការចរចាសម្របសម្រួលដោះស្រាយ កម្មករនៅតែបន្តធ្វើកូដកម្ម ដែលធ្វើឲ្យក្រុមហ៊ុនរងការខាតបង់ប្រាក់ និងប៉ះពាល់ការអ្នកបញ្ជាទិញ ជាដើម។
នៅក្នុងដីកាសម្រេចរក្សាការពារក៏សរសេរចំទៅសហជីពសេរីកម្មករ កម្មករ និងជនដទៃទៀត ឲ្យបញ្ឈប់ជាបន្ទាន់នូវការរារាំង ការបំភិតបំភ័យ ការញុះញង់ ការគំរាមកំហែងកម្មករមិនឲ្យចូលធ្វើការងារ និងការដឹកនាំកម្មករធ្វើកូដកម្មខុសគោលការណ៍ច្បាប់។
ឆ្លើយតបបញ្ហានេះ មន្ត្រីសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា លោក រី សិទ្ធីណែត មានមតិថា វាខុសទៅនឹងនីតិវិធីច្បាប់។ តែយ៉ាងណាលោកថា មេធាវីរបស់សហជីពកំពុងរៀបចំឯកសារប្ដឹងជំទាស់ទៅនឹងដីការក្សាការពាររបស់តុលាការនេះ៖ «ខ្ញុំអត់យល់ថាហេតុអ្វីបានជាទូទៅ ដើរតាមនីតិវិធីខុសរហូតអ៊ីចឹងទេ។ និយាយទៅ ការដំណើរការរបស់គាត់មិនប្រក្រតីហើយ។ ជាទូទៅគាត់ចេញដីការក្សាការពារហ្នឹងឲ្យហ្មង។ ហើយគាត់អត់មានយល់ថាត្រូវនីតិវិធីការងារហ្នឹង ត្រូវមន្ទីរការងារហ្នឹង ត្រូវបញ្ជូនសំណុំរឿងហ្នឹងទៅរដ្ឋមន្ត្រីក្រសួងការងារ រដ្ឋមន្ត្រីក្រសួងការងារ បញ្ជូនសំណុំរឿងហ្នឹងមកក្រុមប្រឹក្សាអាជ្ញាកណ្ដាល ករណីក្រុមប្រឹក្សាអាជ្ញាកណ្ដាលអត់ត្រូវគ្នាទៀត បានប្ដឹងជំទាស់អាជ្ញាកណ្ដាល ហើយបានដល់តុលាការ»។
កម្មកររោងចក្រ វីងស្តារស៊ូ ជាង ៦ពាន់នាក់ បានធ្វើកូដកម្មតាំងពីថ្ងៃច័ន្ទ ទី១៧ មីនា មក ទាមទារលក្ខខណ្ឌការងារចំនួន ១០ចំណុច មានដូចជា សុំឲ្យថៅកែអនុវត្តការសុំឈប់សម្រាកពិសេសរបស់កម្មករ ដូចជាច្បាប់ការ ឬឈឺជាដើម កុំកាត់លុយ សុំបន្ថែមលុយថ្លៃធ្វើដំណើរ ៥ដុល្លារ លុយថ្លៃបាយ ៥ដុល្លារលើលុយដែលមានស្រាប់ ១០ដុល្លារក្នុងមួយខែ និងកុំឲ្យថ្នាក់ដឹកនាំគាបសង្កត់ ឬបង្ខំកម្មករឲ្យថែមម៉ោង។ យ៉ាងនេះក្ដី កម្មករបានអះអាងថា នៅថ្ងៃច័ន្ទ ទី២៤ ពួកគាត់ថានឹងបន្តជួបជុំគ្នាធ្វើកូដកម្មទៀត៕
No comments:
Post a Comment