ADB អនុម័តជំនួយ ហិរញ្ញវត្ថុ ៨១,៧លានដុល្លារ មកកម្ពុជា ដើម្បីស្តារហេដ្ឋារចនាសម្ព័ន្ធ ឡើងវិញ
ដោយ៖ តាំង វីដា / វីអូឌី | ថ្ងៃពុធ ទី23 ខែមេសា ឆ្នាំ2014
ធនាគារ អភិវឌ្ឍន៍អាស៊ី ADB នៅថ្ងៃពុធនេះ សម្រេចផ្តល់ ហិរញ្ញប្បទាន ៨១,៧ លានដុល្លារ ដើម្បីជួយ កម្ពុជា ស្តារឡើងវិញ នូវហេដ្ឋារចនាសម្ព័ន្ធ ក្រោយគ្រោះមហន្តរាយ ទឹកជំនន់ កាលពីចុងឆ្នាំ ២០១៣។
សេចក្តីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ចុះថ្ងៃទី២៣ ខែមេសានេះ ឲ្យដឹងថា កិច្ចប្រជុំផ្តល់កម្ចី និងជំនួយឥតសំណងនេះ ត្រូវបានចុះហត្ថលេខានៅថ្ងៃនេះ ក្រោមវត្តមានរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន នាយកប្រចាំប្រទេសកម្ពុជារបស់ ADB លោក Eric Sidgwick និងឯកអគ្គរដ្ឋទូតអូស្ត្រាលី លោកស្រី Alison Borrows។
សេចក្តីប្រកាសព័ត៌មាន បន្តថា ហិរញ្ញប្បទានចំនួន ៨១,៧លានដុល្លារ ក្នុងនោះមាន ៦,៧លានដុល្លារ ជាជំនួយឥតសំណងពីរដ្ឋាភិបាលអូស្ត្រាលី និង ៧៥លានដុល្លារ ជាហិរញ្ញប្បទានបន្ថែម។ ការផ្តល់ហិរញ្ញប្បទានបន្ថែមលើកនេះ គឺនាំឲ្យហិរញ្ញប្បទានសរុប របស់ធនាគារអភិវឌ្ឍន៍អាស៊ី សម្រាប់ការស្តារឡើងវិញនៅកម្ពុជា គិតចាប់ពីឆ្នាំ២០១២មក កើនឡើងដល់ ១៣០លានដុល្លារ។
កាលពីចុងខែកញ្ញា រហូតដល់ពាក់កណ្តាលខែតុលា ឆ្នាំ២០១៣ កម្ពុជា ទទួលរងគ្រោះទឹកជំនន់ ទឹកភ្លៀងធ្ងន់ធ្ងរ បើធៀបនឹងឆ្នាំ២០១១។ គ្រោះមហន្តរាយចុងឆ្នាំ២០១៣នេះ បានបង្កឲ្យមានការខូចខាត នៅតាមតំបន់មួយចំនួនក្នុងប្រទេស ដែលប៉ះពាល់ដល់ប្រជាពលរដ្ឋ ១,៧លាននាក់ និងធ្វើឲ្យមានការខូចខាតប្រមាណ ៣៥៦លានដុល្លារ៕
No comments:
Post a Comment