តុលាការក្រុងភ្នំពេញនៅថ្ងៃសុក្រ ទី២៥ ខាងមុខនេះនឹងបើកសវនាការពេញអង្គសេចក្តី លើករណីលោក វ៉ន់ ពៅ និងក្រុមកម្មករចំនួន២២នាក់ផ្សេងទៀតពីបទ «ញុះញុងនិងបំផ្លេចបំផ្លាញដោយចេតនា»។
ពន្ធនាគារ បញ្ជូនកម្មករ ជាប់ឃុំឃាំង មកពន្ធនាគារព្រៃស រង់ចាំ សវនាការ
ហេង រស្មី / វីអូអេ | ២៤ មេសា ២០១៤
ភ្នំពេញ — លោក វ៉ន់ ពៅ ប្រធាន សមាគមប្រជាធិបតេយ្យ ឯករាជ្យ នៃសេដ្ឋកិច្ ចក្រៅប្រព័ន្ធ ក្រុមកម្មករ និង សកម្មជនដីធ្លី នៅតំបន់បឹងកក់ ចំនួន២០នាក់ ផ្សេងទៀត ត្រូវបានអនុរក្ស ពន្ឋនាគារ ត្រពាំងថ្លុង ដឹកបញ្ជូនមកឃុំឃាំង នៅពន្ធនាគារព្រៃស វិញ ដើម្បីរងចាំ ជំនុំជម្រះទោស។
ក្រុមមន្ត្រីសិទ្ឋិមនុស្សបានអះអាងថា ការផ្លាស់ប្តូរនៃការឃុំខ្លួននេះអាចជាសញ្ញាមួយថា ពួកគេអាចនឹងត្រូវបានដោះលែងឲ្យមានសេរីភាពវិញក្នុងពេលឆាប់ៗខាងមុខនេះ។
តុលាការក្រុងភ្នំពេញនៅថ្ងៃសុក្រ ទី២៥ ខាងមុខនេះនឹងបើកសវនាការពេញអង្គសេចក្តី លើករណីលោក វ៉ន់ ពៅ និងក្រុមកម្មករចំនួន២២នាក់ផ្សេងទៀតពីបទ «ញុះញុងនិងបំផ្លេចបំផ្លាញដោយចេតនា» ពាក់ព័ន្ឋនឹងការបង្ក្រាបដោយអំពើហិង្សាកាលពីដើមខែមករានៅរោងចក្រយ៉ាកជិង ស្ពានស្ទឹងមានជ័យ និងសួនឧស្សាហកម្មកាណាឌីយ៉ា។ តុលាការក្រុងភ្នំពេញបានបំបែកសំណុំរឿងនេះចំនួនបួនករណីផ្សេងៗគ្នាគឺសំណុំរឿងពីរនៅផ្លូវវេងស្រង ដែលមានជនជាប់ចោទចំនួន១១នាក់ សំណុំរឿងមួយនៅគល់ស្ពានស្ទឹងមានជ័យ ដែលមានជនជាប់ចោទពីរនាក់ និងសំណុំរឿងមួយទៀតនៅរោងចក្រយ៉ាកជីង ដែល មានជនជាប់ចោទ១០នាក់។
លោក អំ សំអាត ប្រធានក្រុមស៊ើបអង្កេតរបស់អង្កការសិទ្ធិមនុស្សលីកាដូបានបញ្ជាក់ថា ជនជាប់ចោទទាំង២១នាក់ត្រូវបានដឹកបញ្ជូនមកដល់ពន្ឋនាគារម៣ហើយដើម្បីរង់ចាំសវនាការ។ លោកបានបញ្ជាក់ថា ជនជាប់ចោទទាំងអស់មិនមានទោសកំហុសទេហើយការជាប់ពន្ធនាគាររយៈពេលកន្លងមកគឺជាហេតុផលនយោបាយដែលធ្វើឲ្យអ្នកទាំងអស់គ្នាក្លាយជាឧបករណ៍របស់អ្នកនយោបាយតែប៉ុណ្ណោះ។
«ទាក់ទងនឹងស្ថានភាពនយោបាយក្តីទាក់ទងនិងស្ថានភាពនៃការបញ្ជួន អ្នកទាំងអស់មកសវនាការក្តី យើងនៅតែមានសង្ឃឹមថា តុលាការនឹងដោះលែងអ្នកទាំងអស់ឲ្យមានសេរីភាពនៅថ្ងៃទី២៥»។
លោក គុយ ប៊ុនសន អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ឋនាគារក្រសួងមហាផ្ទៃមិនអាចស្នើសុំសេចក្តីអត្ថាធិប្បាយបំភ្លឺបានទេ។
សមាគមសិទ្ធិមនុស្សអាដហុក បានស្នើសាលាដំបូងរាជធានីភ្នំពេញ ឲ្យទម្លាក់ចោលការចោទប្រកាន់និងដោះលែងលោក វ៉ន់ ពៅ និងតំណាងកម្មករចំនួន២២នាក់ផ្សេងទៀតបន្ទាប់ត្រូវបានចាប់ខ្លួនកាលពីដើមខែមករា។
សេចក្តីថ្លែងការណ៍របស់សមាគមសិទ្ធិមនុស្សអាដហុកបង្ហាញថា យោងតាមការអង្កេតនិងស្រាវជ្រាវជនជាប់ចោទទាំង២៣នាក់ មិនបានប្រព្រឹត្តបទល្មើសដូចការចោទប្រកាន់របស់តុលាការទេ ហើយត្រូវស៊ើបអង្កេតជាបន្ទាន់ និងចាប់ខ្លួនអ្នកដែលបានប្រព្រឹត្តខុសច្បាប់ដើម្បីផ្តន្ទាទោសតាមច្បាប់។
លោក វ៉ន់ ពៅ និងក្រុមកម្មករចំនួន២២នាក់ផ្សេងទៀតត្រូវបានអាជ្ញាធររបស់រដ្ឋាភិបាលចាប់ខ្លួនដាច់ដោយឡែកៗពីគ្នា។ នៅក្នុងការបង្ក្រាបដោយអំពើហិង្សាមួយនៅរោងចក្រយ៉ាកជីង សួនឧស្សាហកម្មកាណាឌីយ៉ា តាមបណ្តោយផ្លូវវ៉េងស្រេង និង គល់ស្ពានស្ទឹងមានជ័យ។
ការបាញ់បង្ក្រាបនោះបណ្តាលឲ្យមនុស្សយ៉ាងតិចប្រាំមួយនាក់ស្លាប់និងរងរបួសជាច្រើនាក់។ ជនរងគ្រោះដីធ្លីមកពីតំបន់បឹងកក់ បូរីកីឡា និងសហគមន៍ផ្សេងៗទៀត ព្រមទាំងអង្កការក្រៅរដ្ឋាភិបាលនៅថ្ងៃពុធនេះបានរៀបចំពិធីបង្ហោះប៉េងប៉ោងនៅមុខពន្ឋនាគារព្រៃស។ កញ្ញា សុង ស្រីលាភ តំណាងអ្នកភូមិបឹងកក់បានបញ្ជាក់ថា ពិធីនេះនិងអាចជួយដល់អ្នកជាប់ឃុំឲ្យមានសេរីភាពវិញ៕
No comments:
Post a Comment