សកម្មភាពចុះបង្ក្រាបបទល្មើសព្រៃឈើរបស់ប្រជាសហគមន៍នៅស្រុកស្នួល ខេត្តក្រចេះ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១២។
CCHR Photo
សកម្មភាព កាប់ឈើប្រណីត អនាធិបតេយ្យ ក្នុងខេត្តក្រចេះ កើនឡើង
ដោយ សូត សុខប្រាថ្នា / អាស៊ីសេរី | ២៣ មេសា ២០១៤
សកម្មជនព្រៃឡង់នៅខេត្តក្រចេះ បានលើកឡើងថា នៅមុនពេលចូលឆ្នាំ និងកំឡុងពេលចូលឆ្នាំខ្មែរ សកម្មភាពកាប់ និងដឹកឈើប្រណីតនៅឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ កាន់តែមានសកម្មភាពកើនឡើង។ សកម្មជនព្រៃឡង់បញ្ជាក់ថា នៅមួយថ្ងៃៗមានរថយន្តជាច្រើនគ្រឿងបានដឹកឈើចេញពីតំបន់ត្រពាំងពារយ៉ាងគគ្រឹកគគ្រេង ហើយអាជ្ញាធរបានត្រឹមតែទៅឈរមើល ប៉ុន្តែមិនហ៊ានធ្វើអ្វីនោះឡើយ។
បណ្ដាញស្នូលការពារព្រៃឡង់នៅខេត្តក្រចេះ បានសម្ដែងការព្រួយបារម្ភចំពោះសកម្មភាពកាប់ និងដឹកឈើប្រណីតក្នុងខេត្តក្រចេះ យ៉ាងអនាធិបតេយ្យនៅមុនពេលចូលឆ្នាំ និងកំឡុងពេលចូលឆ្នាំខ្មែរ ដោយមិនមានការបង្ក្រាបណាមួយពីអាជ្ញាធរឱ្យមានប្រសិទ្ធភាពនោះទេ។ ព្រៃឈើកាន់តែហិនហោច ចំណែកអ្នកប្រព្រឹត្តិបទល្មើសដែលមានឥទ្ធិពលធំៗនោះ គ្មានអាជ្ញាធរណាហ៊ានចេញមុខទប់ស្កាត់នោះឡើយ។
លោក ថៃ ប៊ុនលាង៖ «បាទ! ក្រុមអនាធិបតេយ្យហ្នឹងអ៊ីចេះ មានប្រជាពលរដ្ឋយើងមានលាយឡំខ្លះដែរ ហើយជាមួយនឹងថៅកែទិញឈើ ថៅកែទិញឈើហ្នឹងគេមានខ្នងដែលយើងមិនអាចស្គាល់ឈ្មោះគេបាន។ ដោយសារគេក្លែងខ្លួន ហើយយើងអាចមើលទិដ្ឋភាពឈើហ្នឹងបាន គឺធ្វើឡើងយ៉ាងធំ គឺមានឡានកែច្នៃរហូតដល់បីគ្រឿង លិចហ្សិស៥៧០ (Lexus 570) បរចូលផងដែរ និងឡានអាម៉ាបាំងកន្លះទៀត។ ជាថៅកែធំៗ តែឈ្មោះមិនពិតប្រាកដទេ គេមិនអាចប្រាប់យើងពិតប្រាកដអ៊ីចឹងឈើចេញរាល់ថ្ងៃ»។
លោកបន្ថែមទៀតថា ប្រភេទឈើដែលឈ្មួញកំពុងដឹកជញ្ជូនយ៉ាងអនាធិបតេយ្យនោះ រួមមាន បេង នាងនួន ធ្នង់ និងក្រញូង ដែលអ្នកកាប់ជីកយកទាំងឫសតែម្តង។ ប្រភពដដែលបន្តទៀតថា ឈើដែលធ្វើអាជីវកម្មនៅស្រុកសំបូរ ត្រូវដឹកចេញតាមច្រកចំនួនពីរ គឺចេញតាមឃុំសុខចិត្រ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ និងមួយច្រកទៀតចេញតាមស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ប៉ុន្តែគោលដៅរួម គឺឆ្ពោះទៅប្រទេសវៀតណាម។
លោកបញ្ជាក់ថា ខាងលោកបានត្រឹមតែទៅឈរមើលការដឹកឈើទាំងខ្លោចចិត្ត ប៉ុន្តែមិនអាចធ្វើអ្វីបានសូម្បីតែចង់ថតរូបសកម្មភាពអ្នកដឹកឈើនោះក៏ពិបាកដែរ។ ការកាប់ឈើកើនឡើងនេះ ដោយសារតែមានមេធំបានប្រមូលទិញឈើពីឈ្មួញរាយរងខ្លះ និងពីប្រជាពលរដ្ឋខ្លះ និងម្យ៉ាងទៀត លោកធ្លាប់បានសួរទៅអ្នកស៊ីឈ្នួលធ្វើអាជីវកម្មឈើ គេប្រាប់ថា គេមានច្បាប់ដើម្បីប្រមូលឈើនៅទីនោះរយៈពេល ៣ខែ។ ដូចនេះ ទើបមានការបង្ខំកាប់ និងដឹកជញ្ជូនឈើឱ្យបានច្រើន កុំឱ្យរដូវភ្លៀងធ្លាក់មកទាន់ ព្រោះកាលណាភ្លៀងធ្លាក់មក រថយន្តដឹកឈើទាំងនោះមិនអាចចូលដឹកបានទេ។
លោកបញ្ជាក់ថា សកម្មភាពធ្វើអាជីវកម្មឈើប្រណីតនេះមានជាងមួយខែមកហើយ ដោយឡែករថយន្តដែលធ្វើអាជីវកម្មនោះ ពេលខ្លះបង្កឱ្យមានគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋរហូតដល់ស្លាប់ទៀតផង ចំណែកឯអាជ្ញាធរបានត្រឹមតែឈរមើល ហើយត្រឡប់មកវិញប៉ុណ្ណោះ៖ «និយាយរួម ក្រុមចម្រុះក៏ចុះ មេព្រៃក៏ចុះ ប៉ុន្តែហាក់មិនអាចធ្វើអ្វីបាន ចុះពាក់កណ្ដាលព្រៃឡង់នៅខេត្តក្រចេះ។ ប្រហែលជាថៅកែគេឱ្យលុយ ខ្ញុំតាមដានគេអត់ទាន់ ពីព្រោះយើងមិនអាចចូលទៅទីតាំងឈរជើងរបស់គេបាន ដោយសារតែអង្គភាពយាមកាមហាក់បីដូចជាទាហានហ្នឹងមិនច្បាស់លាស់ ដោយសារគេមានអាវុធ យើងប្រជាពលរដ្ឋសហគមន៍យើងមិនអាចចូលទៅទីតាំងគេបាន»។
លោក ថៃ ប៊ុនលាង ចាត់ទុកថា ការធ្វើអាជីវកម្មឈើនេះក្នុងគោលបំណង ដើម្បីផ្តាច់ពូជឈើប្រណីតដែលមាននៅតំបន់នោះតែម្តង ពីព្រោះក្រៅពីឈើប្រណីត ប្រភេទឈើផ្សេងមិនទាន់ឃើញខាងឈ្មួញធ្វើអាជីវកម្មនោះទេ។
ទាក់ទងនឹងបញ្ហានេះ នាយខណ្ឌរដ្ឋបាលព្រៃឈើប្រចាំខេត្តក្រចេះ លោក សូយ សារិទ្ធ បានមានប្រសាសន៍យ៉ាងខ្លីថា មិនមានករណីធ្វើអាជីវកម្មឈើកើនឡើងនោះទេ។
ចំណែកឯនាយកអង្គការការពារធនធានធម្មជាតិ លោក ឈឹម សាវុធ បានប្រសាសន៍ថា ឈ្មួញដែលកំពុងធ្វើអាជីវកម្មឈើនៅឃុំកំពង់ចាម និងឃុំបឹងចារ នៅខេត្តក្រចេះ នោះ គឺជាឈ្មួញដែលមកពីខេត្តកំពង់ចាម កំពុងធ្វើសកម្មភាពយ៉ាងអនាធិបតេយ្យ។ លោកបញ្ជាក់ថា នៅពេលបច្ចុប្បន្នមិនមានច្បាប់ណាអនុញ្ញាតឱ្យប្រមូលទិញឈើប្រណីត ឬកាប់ឈើប្រណីតនោះទេ លើកលែងតែក្រុមហ៊ុនលោក ទ្រី ភាព ដែលអាចទិញបាន ប៉ុន្តែជាឈើដែលសមត្ថកិច្ចចាប់បានពីជនល្មើសប៉ុណ្ណោះ។ លោកបន្ថែមទៀតថា ទាក់ទងទៅនឹងអាជ្ញាធរដែលកន្លងមក តែងតែធ្វើមិនដឹងមិនឮចំពោះបទល្មើសព្រៃឈើកើតឡើងនោះ ដោយសារតែមន្ត្រីទាំងនោះអាចមានគំនាបពីបក្សនយោបាយ និងម្យ៉ាង ទាក់ទងទៅនឹងផលប្រយោជន៍លាភសក្ការៈទៀតផង។
លោក ឈឹម សាវុធ៖ «កន្លែងខ្លះវាអាចជាប់ពាក់ព័ន្ធនឹងផលប្រយោជន៍ នៅពេលដែលដឹងថា ពីលើកាប់ឈើអ៊ីចឹងហើយ ប៉ុន្តែខាងលើហ្នឹងផ្តល់ផលប្រយោជន៍ឱ្យគាត់បន្តទៀតទៅ ដល់អ៊ីចឹងហើយ គាត់ក៏ទទួលយកដែរ ពីព្រោះគាត់គិតថាគាត់អត់ទទួលយកក៏គាត់អត់អាចធ្វើអ្វីបានដែរ ព្រោះគាត់នៅទាបជាងគេ។ អ៊ីចឹងអាការកាប់ឈើស្រុកខ្មែរ គឺមានលក្ខណៈជាប្រព័ន្ធ ហើយអត់ងាយទប់ស្កាត់ទេ លុះណាតែឆន្ទៈពិតរបស់រដ្ឋាភិបាលបង្ក្រាបទប់ស្កាត់ទើបបាន។ ហើយបើដូចបច្ចុប្បន្ននេះ គ្មានអ្វីនៅសេសសល់ទៀតតាមខ្ញុំមើលទៅ»។
លោកបញ្ជាក់ថា ឈើប្រណីតដែលធ្វើអាជីវកម្មទាំងនោះត្រូវបាននាំចេញទៅប្រទេសចិន ដោយត្រូវចូលទៅប្រទេសវៀតណាម ហើយចេញតាមព្រំដែនបន្ត ចំណែកឯឈើដែលមិនសូវត្រូវប៉ាន់នោះ គឺត្រូវរុញចូលប្រទេសវៀតណាម ដើម្បីធ្វើគ្រឿងសង្ហារិម។ ប្រសិនបើគ្មានការទប់ស្កាត់ឱ្យមានប្រសិទ្ធភាពនោះទេ លោកជឿជាក់ថា មិនដល់មួយឆ្នាំនេះឡើយ ឈើប្រណីតនៅស្រុកខ្មែរនឹងត្រូវផុតពូជតែម្តង ចំណែកឯឈើមិនមែនឈើប្រណីត អាចនៅយូរជាងឈើប្រណីតបន្តិច ប៉ុន្តែមុនក្រោយនឹងផុតពូជដូចគ្នា៕
No comments:
Post a Comment