Paris Peace Accords 23 Oct. 1991

Tuesday, April 29, 2014

ខៀវ សំផន និង​នួន ជា មាន​សម្បទា​គ្រប់គ្រាន់ ដើម្បី​ចូលរួម​ សវនាការ​​

លោក នួន ជា (នៅខាងក្រោយ) និងលោក ខៀវ សំផន(រូបថតពីECCC)

ខៀវ សំផន និង​នួន ជា មាន​សម្បទា​គ្រប់គ្រាន់ ដើម្បី​ចូលរួម​ សវនាការ​​


ដោយ៖​ ស៊ុន ណារិន​ / វីអូឌី | ថ្ងៃអង្គារ ទី29 ខែមេសា ឆ្នាំ2014

សាលាក្តី​ខ្មែរក្រហម បញ្ជាក់ថា ជនជាប់ចោទ​ ក្នុង​សំ​ណុ​រឿង ​០០២ គឺ លោក ខៀវ សំផន និង​នួន ជា មាន​សម្បទា​គ្រប់គ្រាន់ ដើម្បី​ចូលរួម​សវនាការ​។​
​សាលាក្តី​ខ្មែរក្រហម ឲ្យដឹងថា សេចក្តីសម្រេច​ពីរ​ផ្សេង​គ្នា​ដែល​បាន​ចេញ​កាលពី​ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ ២០១៤ អង្គជំនុំជម្រះ​សាលាដំបូង បាន​រកឃើញថា ជនជាប់ចោទ​ទាំង​ពីរ​នាក់​គឺ ខៀវ សំផន និង​នួន ជា មាន​សម្បទា​គ្រប់គ្រាន់​ដើម្បី​ចូលរួម​សវនាការ​។ 
​សេចក្តីសម្រេច​នេះ​ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​ជនជាប់ចោទ​ទាំង​ពី​រ ត្រូវបាន​ត្រួតពិនិត្យ​ដោយ​អ្នកជំនាញ​វេជ្ជសាស្ត្រ​ចំនួន​៣​រូប​កាលពី​អំឡុង​ចុង​ខែ​មីនា​។​អ្នកជំនាញ​ទាំង​៣​រូប​ដែល​ត្រូវបាន​តែងតាំង​ដោយ​អង្គជំនុំជម្រះ​សាលាដំបូង រួមមាន​លោក​វេជ្ជបណ្ឌិត ស៊ីណា ហ្វា​ហ្សែ​ល (​អង់គ្លេស​) លោ​វេជ្ជបណ្ឌិត ច័ន្ទ គិន​មីង និង​លោក​វេជ្ជបណ្ឌិត ហ៊ួត លី​ណា (​កម្ពុជា​)​។  
បន្ទាប់ពី​បាន​ពិនិត្យ​របាយការណ៍​ពី​អ្នកជំនាញ​ទាំង​៣ ក៏ដូចជា​របាយការណ៍​វេជ្ជសាស្ត្រ​ប្រចាំ​សបា្តហ៍​ អង្គជំនុំជម្រះ​សាលាដំបូង​សម្រេច​​​​ថា​ជនជាប់ចោទ​ទាំង​២ មិន​មាន​បញ្ហា​ផ្នែក​រាងកាយ និង​បញ្ហា​ស្មារតី ដែល​មិន​អាច​ឲ្យ​គាត់​ចូលរួម​ប្រកបដោយ​អត្ថន័យ​លើ​ដំណើរ​ការជំនុំជម្រះ​ក្តី​លើ​សំណុំរឿង ០០២/០២ បានទេ​៕
​សំណុំរឿង ០០២
​អតីត​មេដឹកនាំ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ចំនួន ២​រូប កំពុង​ត្រូវបាន​ជំនុំជម្រះ​ក្តី​។​
​ជនជាប់ចោទ​ទាំង ២ រូប​មាន​៖
•​    ​នួន ជា អតីត​ប្រធាន​រដ្ឋសភា​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ និង​អនុ​លេខា​បក្ស​កុម្មុយនីស្ត​កម្ពុជា​
•​    ​ខៀវ សំផន អតីត​ប្រមុខរដ្ឋ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​

​ជនជាប់ចោទ​ទាំង ២​រូប ត្រូវ​ចោទប្រកាន់​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ ការរំលោភបំពាន​ធ្ងន់ធ្ងរ​លើ​អនុសញ្ញា​ទីក្រុង​ហ្សឺ​ណែវ​ឆ្នាំ​១៩៤៩ និង​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​លើ​ជនជាតិ​ចាម​និង​វៀតណាម​។ 
​អង្គជំនុំជម្រះ​សាលាដំបូង​បាន​បើក​សវនាការ​បឋម​នៅ​ខែមិថុនា ឆ្នាំ​២០១១​។ ចាប់តាំងពី​ពេលនោះ​មក សំណុំរឿង ០០២ ត្រូវបាន​បំបែក​ជា​ផ្នែក​តូចៗ ដែល​ផ្នែក​នីមួយៗ​ផ្តោត​ការពិភាក្សា​ទៅលើ​ប្រធានបទ​ដោយឡែក​ពីគ្នា​នៅ ក្នុង​ដីកា​ចោទប្រកាន់​។ សវនាការ​លើ​ភ័ស្តុតាង​ចាប់ផ្តើម​នៅ​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១១ ដោយ​ពិភាក្សា​ទៅលើ​ការជម្លៀស​ប្រជាជន​ដោយ​បង្ខំ​ចេញពី​ទីក្រុង​ភ្នំពេញ ហើយ​ក្រោយមក​ចេញ​ពី​ទីប្រជុំជន​នានា (​ដំណាក់កាល​ទី​១ និង​ដំណាក់កាល​ទី​២) និង​ទៅលើ​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ​។ ការពិភាក្សា​លើកដំបូង​នេះ​ក៏​ផ្តោតទៅលើ​តួនាទី​របស់​ជនជាប់ចោទ ពាក់ព័ន្ធ​ទៅនឹង​គោលនយោបាយ​នានា​ដែល​មាន​ទាក់ទិន​នឹង​បទចោទប្រកាន់​។ ការពិភាក្សា​នេះ​នឹងត្រូវ​ប្រើប្រាស់​ជា​ព័ត៌មាន​គោល​សម្រាប់​ការ ពិភាក្សា​ទៅលើ​ប្រធានបទ​ដទៃទៀត​នៅ​ក្នុង​បទចោទប្រកាន់ នៅក្នុង​សវនាការ​លើក​ក្រោយៗ​ទៀត​។ 
​អៀង សារី និង​ភរិយា​របស់​គាត់​គឺ​លោកស្រី អៀង ធិរិទ្ធ ក៏​ជា​ជនជាប់ចោទ​នៅ​ក្នុង​សំណុំរឿង ០០២ ដែរ​។ នីតិវិធី​ប្រឆាំងនឹង អៀង សារី ត្រូវបាន​បញ្ចប់​កាលពី​ថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ ២០១៣ បន្ទាប់​ពី​ជនជាប់ចោទ​រូប​នេះ​បាន​ទទួលមរណភាព​។ អតីតរដ្ឋមន្ត្រី​សង្គមកិច្ច​នៃ​របប​កម្ពុ​ជា​ប្រជាធិបតេយ្យ អៀង ធីរិទ្ធ ក៏​ត្រូវបាន​ចោទប្រកាន់​ដែរ ប៉ុន្តែ​ក្រោយមក​ត្រូវបាន​រកឃើញ​ថា​ពុំ​មាន​កាយសម្បទា​និង​បញ្ញា ស្មារតី​គ្រប់គ្រាន់​ក្នុង​ការចូលរួម​ការជំនុំជម្រះ​ក្តី ដោយសារ​គាត់​មាន​ជំងឺ​បាត់​ការចងចាំ ហើយ​គាត់​ត្រូវបាន​បំបែក​ចេញពី​សំណុំរឿង​នៅ​ខែវិច្ឆិកា ឆ្នាំ​២០១១​។ បន្ទាប់​ពី​អ្នកជំនាញ​វេជ្ជសាស្ត្រ​វាយតម្លៃ​ជាថ្មី​ម្តងទៀត​នៅ​ខែ​សីហា ឆ្នាំ​២០១២ អង្គជំនុំជម្រះ​សាលាដំបូង​រកឃើញថា អៀង ធីរិទ្ធ ពុំ​មាន​កាយសម្បទា​និង​បញ្ញា​ស្មារតី​គ្រប់គ្រាន់​ក្នុង​ការចូលរួម​ការ ជំនុំជម្រះ​ក្តី​។ អ្នកជំនាញ​វេជ្ជសាស្ត្រ​បាន​ធ្វើ​សេចក្តីសន្និដ្ឋាន​ថា ពុំ​មាន​វិធីសាស្ត្រ​ណា​ផ្សេង​ទៀត​ដើម្បី​ជួយ​ឲ្យ​ស្ថានភាព​កាយសម្បទា​និង បញ្ញា​ស្មារតី​របស់ អៀង ធីរិទ្ធ បាន​ប្រសើរ​ឡើង​វិញ​ដើម្បី​ឲ្យ​គាត់​អាច​ចូលរួម​ការជំនុំជម្រះ​ក្តី​បាន​ទេ​។ ដោយ​ពុំ​ប្រមើល​មើល​ឃើញ​លទ្ធភាព​ណាមួយ​ដែល​អាច​នាំ​យក​ជនជាប់ចោទ​មក ជំនុំជម្រះ​នាពេល​អនាគត អង្គជំនុំជម្រះ​សាលាដំបូង​ពុំ​អាច​រកឃើញ​អង្គច្បាប់​ណាមួយ​ដើម្បី​បន្ត ឃុំខ្លួន អៀង ធីរិទ្ធ តទៅទៀត​។ ដូច្នេះ អង្គជំនុំជម្រះ​សាលាដំបូង សម្រេច​ផ្អាក​ការចោទប្រកាន់​ប្រឆាំង​នឹង អៀង ធីរិទ្ធ និង​ចេញ​ដីកា​ដោះលែង​គាត់​ជា​បន្ទាន់​។ ដោយ​មាន​បណ្តឹង​ឧទ្ធរណ៍​របស់​សហ​ព្រះរាជអាជ្ញា អង្គជំនុំជម្រះ​តុលាការ​កំពូល​បាន​ដាក់​ល័ក្ខខ័ណ្ឌ​មួយចំនួន​ទៅ​លើ​ការ ដោះលែង អៀង ធីរិទ្ធ រួមមានៈ ពុំ​អនុញ្ញាត​ឲ្យ​ចាកចេញ​ពី​ប្រទេស​កម្ពុជា និង​ប្រគល់​លិខិតឆ្លងដែន​និង​លិខិត​ធ្វើដំណើរ​ផ្សេងៗ​ទៀត​ដល់ អ​.​វ​.​ត​.​ក​។ នៅក្នុង​អំឡុងពេល​៣​ខែ អង្គជំនុំជម្រះ​តុលាការ​កំពូល​ត្រូវ​តែ​ចេញ​សេចក្តីសម្រេចចិត្ត​ពាក់ព័ន្ធ នឹង​បណ្តឹង​សាទុក្ខ​របស់​សហ​ព្រះរាជអាជ្ញា​។ 

ប្រវត្តិ​រូប​នួន ជា(ឯកសារពីសាលាក្តីខ្មែរក្រហម)

នួន ជា (​ឈ្មោះ​កំណើត ឡុង ប៊ុន​រួត​) បាន​សិក្សា​ច្បាប់​នៅ​សាកលវិទ្យាល័យ​ធម្ម​សាត ដែល​មាន​កេរ្តិ៍ឈ្មោះ​នៅ​ទីក្រុង​បាងកក ហើយ​នៅ​ទីនោះ គាត់​បាន​ចូលរួម​ជាមួយ​បក្ស កុម្មុយនីស្ត​ថៃ​។ នៅ​ឆ្នាំ​១៩៦០ គាត់​ត្រូវបាន​តែងតាំង​ជា​អនុ​លេខា​បក្ស​នៃ​បក្ស កុម្មុយនីស្ត​កម្ពុជា និង​ជា​សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​នៃ​បក្ស​កុម្មុយនីស្ត​កម្ពុជា ហើយ​គាត់​ស្ថិត​នៅក្នុង​តំណែង​ទាំងពីរ​នេះ​ពេញ​មួយ​របប​កម្ពុជា​ប្រជាធិបតេយ្យ​។ គាត់​រស់នៅ​ជាមួយ​ខ្មែរក្រហម​រហូត​ដល់​មាន​កិច្ចព្រមព្រៀង​គ្នា​មួយ​ជាមួយ​រដ្ឋាភិបាល កម្ពុជា​នៅ​ខែ​ធ្នូ ឆ្នាំ​១៩៩៨ ដែល​អនុញ្ញាត​ឲ្យ​គាត់​មក​រស់នៅ​ក្បែរ​ព្រំដែន​ថៃ​។​
​ឈ្មោះ​ក្រៅ​    ​បង​ទី​២
​ថ្ងៃ​ខែ​ឆ្នាំ​កំណើត​    ​7 កក្កដា 1926
​ទីកន្លែង​កំណើត​    ​ភូមិ​វត្ត​គរ ខេត្ត​បាត់ដំបង​
​ថ្ងៃ​ចាប់ខ្លួន​    ​19 កញ្ញា 2007
​មេធាវី​ការពារ​ក្តី​    ​លោក សុន អ​រុណ (​មេធាវី​ជាតិ​) លោក ម៉ៃ​ឃើ​ល ផេ​ស្ត​មេន (Michael Pestman) (​មេធាវី​អន្តរជាតិ ជនជាតិ​ហូ​ឡង់​) និង លោក វី​កទ័រ គូ​ប៉េ (Victor Koppe) (​មេធាវី​អន្តរជាតិ ជនជាតិ​ហូ​ឡង់​)
​មុខ​តំណែង​ក្នុង​សម័យ​កម្ពុជា​ប្រជាធិប្បតេយ្យ​    ​អនុ​លេខា​បក្ស​នៃ​បក្ស​កុម្មុយនីស្ត​កម្ពុជា សមាជិក​គណៈកម្មាធិកា​រ​អចិន្រៃ្តយ៍ និង គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនីស្ត​កម្ពុជា ប្រធានសភា​ប្រជាជន​នៃ​របប​កម្ពុជា ប្រជាធិបតេយ្យ​។ យោង​តាម​ដីកា​ដំណោះស្រាយ នួន ជា ក៏​ត្រូវបាន​ចោទប្រកាន់​ថា ជា​សមាជិក​គណៈកម្មាធិកា​រ​យោធា​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស កុម្មុយនីស្ត​កម្ពុជា​ប៉ុន្តែ នួន ជា បាន​បដិសេធ​តួនាទី​នេះ​។​
​ស្ថានភាព​ករណី​    ​ត្រូវ​ចោទប្រកាន់​និង​បញ្ជូន​ទៅ​ជំនុំជម្រះ​ពីបទ ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ ការរំលោភបំពាន​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​អនុសញ្ញា​ទីក្រុង​ហ្សឺ​ណែវ​ឆ្នាំ​១៩៤៩ ឧក្រិដ្ឋកម្ម ប្រល័យ​ពូជសាសន៍ មនុស្សឃាត ការធ្វើ​ទារុណកម្ម និង​ការ​ធ្វើទុក្ខបុកម្នេញ​ខាង​ផ្នែក សាសនា ដែល​មានចែង​ក្នុង​ក្រមព្រហ្មទណ្ឌ​ឆ្នាំ​១៩៥៦ និង​មាន​ចែង​និង​ផ្តន្ទាទោស តាម​មាត្រា ៣(​ថ្មី​) មាត្រា​៤, ៥, ៦, ២៩(​ថ្មី​) និង​មាត្រា​៣៩(​ថ្មី​) នៃ​ច្បាប់​ស្តីពី​ការបង្កើត អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ចុះ​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០០៤​។ សវនាការ​សាធារណៈ​នៅ​ចំពោះមុខ​អង្គជំនុំជម្រះ​សាលាដំបូង​នឹង​ចាប់ផ្តើម​នៅ ឆ្នាំ​២០១១​។ 
​ចំណុច​ចោទប្រកាន់​    ​នួន ជា ត្រូវបាន​ចោទប្រកាន់​ថា មាន​ការទទួលខុសត្រូវ​តាមរយៈ​ការធ្វើសកម្មភាព ឬ បរាជ័យ​ក្នុង​ការទប់ស្កាត់ (​រួមបញ្ចូល​ទាំង​ការប្រព្រឹត្ត​តាមរយៈ​ឧស្សាហកម្ម​ឧក្រិដ្ឋកម្ម រួម​) បញ្ជា ញុះញង់ រៀបចំ​ផែនការ ដឹកនាំ ឬ​សមគំនិត​ដោយ​ការជួយ​ឬ​ជំរុញ ឬ​បង្ក លក្ខណៈ​ងាយស្រួល​ដល់​ការប្រព្រឹត្ត​ឧក្រិដ្ឋកម្ម ឬ​ទទួលខុសត្រូវ​ក្នុង​នាម​ជា​អ្នកដឹកនាំ ចំពោះ​ឧក្រិដ្ឋកម្ម​ដូចខាងក្រោម ដែល​ត្រូវបាន​ប្រព្រឹត្ត​នៅ​ចន្លោះ​ពី​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥ ដល់​ថ្ងៃ​ទី​៦ ខែ​មករា ឆ្នាំ​១៩៧៩៖ 

•​    ​ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ ៖ មនុស្សឃាត ការសម្លាប់​ផ្តាច់​ពូជ ការ​ដាក់​ក្នុង មន្ទីរឃុំឃាំង ការធ្វើ​ទារុណកម្ម និង​អំពើ​អមនុស្សធម៌​ផ្សេងទៀត​។​
•​    ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍ ៖ ការសម្លាប់​រង្គាល​ក្រុម​ជនជាតិ​វៀតណាម​និង​ចាម​។​
•​    ​ការរំលោភបំពាន​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​អនុសញ្ញា​ទីក្រុង​ហ្សឺ​ណែវ​ឆ្នាំ​១៩៤៩ ៖ មនុស្សឃាត​ដោយ​ចេតនា ការធ្វើ​ទារុណកម្ម​ឬ​ការប្រព្រឹត្ត​អមនុស្សធម៌ ការ​បង្កដោយ ចេតនា​ឲ្យមាន​របួស​ធ្ងន់ធ្ងរ​ឬ​ឲ្យ​មានការ​ឈឺចាប់​ដល់​រូបរាងកាយ​ឬ​សុខភាព ការដក ហូត​ដោយ​ចេតនា​ពី​ឈ្លើយសឹក​ឬ​ជន​ស៊ីវិល​នូវ​សិទ្ធិ​ទទួលបាន​ការកាត់ក្តី​ដោយ​យុត្តិធម៌ ការ​បង្ខាំង​និង​ការ​និរទេស​ជន​ស៊ីវិល​ដោយ​ខុសច្បាប់​។​
•​    ​អំពើ​មនុស្សឃាត ៖ ការធ្វើ​ទារុណកម្ម និង​ការ​ធ្វើទុក្ខបុកម្នេញ​ខាង​ផ្នែក​សាសនា ដូច មានចែង​ក្នុង​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា​ឆ្នាំ​១៩៥៦​។​
​នួន ជា បាន​បដិសេធ​រាល់​បទចោទប្រកាន់​ទាំងអស់​មក​លើ​គាត់​។

ប្រវត្តិ​រូប​លោក ខៀវ សំផន(ឯកសារពីសាលាក្តីខ្មែរក្រហម)

​ខៀវ សំផន បានទទួល​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​បារាំង​ក្នុង​ឆ្នាំ​១៩៥៥ ហើយ​បាន​បោះពុម្ពផ្សាយ​និក្ខេបបទ​ថ្នាក់បណ្ឌិត​របស់​ខ្លួន​អំពី “​ការអភិវឌ្ឍ​សេដ្ឋកិច្ច​និង ឧស្សាហកម្ម​នៅ​កម្ពុជា​”​។ បន្ទាប់​ពី​វិល​ត្រលប់​មក​ប្រទេស​កម្ពុជា​វិញ ខៀវ សំផន បាន​ក្លាយទៅជា​សាស្ត្រាចារ្យ​បន្ទាប់មក​ត្រូវបានតែងតាំង​ជា​រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​នៅ​ឆ្នាំ​១៩៦២ ក្នុង​របប សង្គមរាស្ត្រនិយម​។ ខៀវ សំផន បាន​រត់​ទៅ​លាក់ខ្លួន​នៅក្នុង​ព្រៃ​នៅ​ឆ្នាំ​១៩៦៧ ដោយ​មាន​ការគំរាមកំហែង​ពី​កងកម្លាំង​សន្តិសុខ​របស់​សម្តេច សីហនុ ហើយ​លេចមុខ​ជាថ្មី ជាមួយ​ចលនា​តស៊ូ​របស់់​ខ្មែរ​ក្រហម​នៅ​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៧០​។ នៅ​ឆ្នាំ​១៩៧៦ គាត់​ត្រូវបាន​តែងតាំង​ជា​ប្រមុខរដ្ឋ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​។ នៅ​ឆ្នាំ​១៩៨៧ គាត់​បាន ជំនួស​តំណែង ប៉ុល ពត ជា​ក្បាលម៉ាស៊ីន​ដឹកនាំ​របស់​ខ្មែរក្រហម ហើយ​នៅ ឆ្នាំ​១៩៨៩ គាត់​បាន​ធ្វើ​ជា​តំណាង​កម្ពុជា​ក្នុង​សន្និសីទ​អន្តរជាតិ​ស្តីពី​កម្ពុជា​នៅ​ទីក្រុង​ប៉ារីស​។ បន្ទាប់​ពី​ចុះចូល​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ឆ្នាំ​១៩៩៨ គាត់​បាន​ចាកចេញ​ពី​ចលនា ខ្មែរក្រហម និង​រស់នៅ​ក្នុង​ខេត្ត​ប៉ៃលិន​រហូតដល់​ពេល​ត្រូវបាន​ចាប់​និង​ឃុំខ្លួន​នៅ អ​.​វ​.​ត​.​ក នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០០៧​។​
​ឈ្មោះ​ក្រៅ​    ​ហែម​
​ថ្ងៃ​ខែ​ឆ្នាំ​កំណើត​    ​27 កក្កដា 1931
​ទីកន្លែង​កំណើត​    ​ស្វាយរៀង​
​ថ្ងៃ​ចាប់ខ្លួន​    ​19 វិច្ឆិកា 2007
​មេធាវី​ការពារ​ក្តី​    ​លោក គង់ សំអុន (​មេធាវី​ជាតិ​) លោក ហ្សាក់ វែរ​ហ្សេ (Jacques Verges) (​មេធាវី​អន្តរជាតិ ជនជាតិ​បារាំង​) ) លោក អា​ថឺ វែ​រកិន លោកស្រី អាន​តា ហ្គី​ស្សេ​
​មុខ​តំណែង​ក្នុង​សម័យ​កម្ពុជា​ប្រជាធិប្បតេយ្យ​    ​ប្រមុខរដ្ឋ (​ប្រធាន​គណៈ​ប្រធាន​រដ្ឋ​) នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ 
​ស្ថានភាព​ករណី​    ​ត្រូវ​ចោទប្រកាន់​និង​បញ្ជូន​ទៅ​ជំនុំជម្រះ​ពីបទ ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ ការ រំលោភបំពាន​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​អនុសញ្ញា​ទីក្រុង​ហ្សឺ​ណែវ​ឆ្នាំ​១៩៤៩ ឧក្រិដ្ឋកម្ម​ប្រល័យ ពូជសាសន៍ មនុស្សឃាត ការធ្វើ​ទារុណកម្ម និង​ការ​ធ្វើទុក្ខបុកម្នេញ​ខាង​ផ្នែក​សាសនា ដែល​មានចែង​ក្នុង​ក្រមព្រហ្មទណ្ឌ​ឆ្នាំ​១៩៥៦ និង​មាន​ចែង​និង​ផ្តន្ទាទោស​តាម​មាត្រា ៣(​ថ្មី​) មាត្រា​៤, ៥, ៦, ២៩(​ថ្មី​) និង​មាត្រា​៣៩(​ថ្មី​) នៃ​ច្បាប់​ស្តីពី​ការបង្កើត​អង្គ​ជំនុំ ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ចុះ​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០០៤​។​
​សវនាការ​សាធារណៈ​នៅ​ចំពោះមុខ​អង្គជំនុំជម្រះ​សាលាដំបូង​នឹង​ចាប់ផ្តើម​នៅ ឆ្នាំ​២០១១​។ 
​ចំណុច​ចោទប្រកាន់​    ​ខៀវ សំផន ត្រូវបាន​ចោទប្រកាន់​ថា​មាន​ការទទួលខុសត្រូវ​តាមរយៈ​ការធ្វើសកម្មភាព ឬ​បរាជ័យ​ក្នុង​ការទប់ស្កាត់ (​រួមបញ្ចូល​ទាំង​ការប្រព្រឹត្ត​តាមរយៈ​ឧស្សាហកម្ម ឧក្រិដ្ឋកម្ម​រួម​) បញ្ជា ញុះញង់ រៀបចំ​ផែនការ ដឹកនាំ ឬ​សមគំនិត​ដោយ​ការជួយ​ឬ​ជំរុញ ឬ​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ការប្រព្រឹត្ត​ឧក្រិដ្ឋកម្ម ឬ​ទទួលខុសត្រូវ​ក្នុង​នាម​ជា​អ្នក ដឹកនាំ ចំពោះ​ឧក្រិដ្ឋកម្ម​ដូចខាងក្រោម ដែល​ត្រូវបាន​ប្រព្រឹត្ត​នៅ​ចន្លោះ​ពី​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥ ដល់​ថ្ងៃ​ទី​៦ ខែ​មករា ឆ្នាំ​១៩៧៩៖
 
•​    ​ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ ៖ មនុស្សឃាត ការសម្លាប់​ផ្តាច់​ពូជ ការ​ដាក់​ក្នុង​មន្ទីរ ឃុំឃាំង ការធ្វើ​ទារុណកម្ម និង​អំពើ​អមនុស្សធម៌​ផ្សេងទៀត​។​
•​    ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍ ៖ ការសម្លាប់​រង្គាល​ក្រុម​ជនជាតិ​វៀតណាម​និង​ចាម​។​
•​    ​ការរំលោភបំពាន​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​អនុសញ្ញា​ទីក្រុង​ហ្សឺ​ណែវ​ឆ្នាំ​១៩៤៩ ៖ មនុស្សឃាត​ដោយ​ចេតនា ការធ្វើ​ទារុណកម្ម​ឬ​ការប្រព្រឹត្ត​អមនុស្សធម៌ ការបង្ក​ដោយ​ចេតនា​ឲ្យមាន របួស​ធ្ងន់ធ្ងរ​ឬ​ឲ្យមាន​ការឈឺចាប់​ដល់​រូបរាងកាយឬ​សុខភា​ព ការដកហូត​ដោយ​ចេតនា ពី​ឈ្លើយសឹក​ឬ​ជន​ស៊ីវិល​នូវ​សិទ្ធិ​ទទួលបាន​ការកាត់ក្តី​ដោយ​យុត្តិធម៌ ការ​បង្ខាំង​និង​ការ និរទេស​ជន​ស៊ីវិល​ដោយ​ខុសច្បាប់​។​
•​    ​អំពើ​មនុស្សឃាត ៖ ការធ្វើ​ទារុណកម្ម និង​ការ​ធ្វើទុក្ខបុកម្នេញ​ខាង​ផ្នែក​សាសនា ដូច មានចែង​ក្នុង​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា​ឆ្នាំ​១៩៥៦​។​
​ខៀវ សំផន បាន​បដិសេធ​រាល់​បទចោទប្រកាន់​ទាំងអស់​មក​លើ​គាត់​។​


No comments:

Post a Comment