អ្នកការពារ ធនធានធម្មជាតិ បង្ហាញពី ផលប៉ះពាល់ នៃទំនប់វារីអគ្គិសនី ឆាយអារ៉ែង
ដោយ ឡេង ម៉ាលី / អាស៊ីសេរី | ២៨ មេសា ២០១៤
បណ្ដាញអង្គការ អ្នកស្រឡាញ់ ធនធានធម្មជាតិ និងសកម្មជន ព្រៃឈើចំនួន ៥ បានរួមគ្នាធ្វើសន្និសីទកាសែតមួយ នៅព្រឹកថ្ងៃទី២៨ មេសា ដើម្បីសម្ដែងអំពីការព្រួយបារម្ភ ចំពោះ ការសាងសង់ទំនប់វារីអគ្គិសនីមួយ នៅតំបន់ឆាយអារ៉ែង ក្នុងស្រុកថ្មបាំង ខេត្តកោះកុង។
បណ្ដាញអង្គការព្រៃឈើ និងធម្មជាតិ បានលើកយកការព្រួយបារម្ភទាក់ទងបញ្ហាទំនប់វារីអគ្គិសនី នៅស្ទឹងឆាយអារ៉ែង ចំនួន ៣ ចំណុច ដើម្បីតស៊ូមតិប្រឆាំងនឹងគម្រោងសាងសង់នោះ។ ចំណុចទាំងនោះ គឺទីមួយ អំពីផលប៉ះពាល់នៃគម្រោងសាងសង់ទំនប់វារីអគ្គិសនីនៅស្ទឹងឆាយអារ៉ែង របស់ក្រុមហ៊ុន ស៊ីណូហាយដ្រូ (ខេមបូឌា) យូណាយធិត (Sinohydro (Cambodia) United Co., Ltd.)។ ទីពីរ ទុក្ខកង្វល់របស់ជនជាតិភាគតិចជង ស្រុកថ្មបាំង ខេត្តកោះកុង និងទីបី ការព្រួយបារម្ភអំពីសត្វកម្រ ដែលនឹងត្រូវបំផ្លាញ និងឈានទៅរកការផុតពូជ។
អង្គការទាំងនោះ រួមមាន ចលនាមាតាធម្មជាតិ ប្រជាសហគមន៍អារ៉ែង បណ្ដាញព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គម សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា និងក្រុមយុវជនខ្មែរមហានគរ។
លោក វ៉ែន វ៉ន៖ «ប៉ះពាល់ដូចជា ឈើ និងដីស្រែចម្ការ។ ព្រួយបារម្ភជាងគេ គឺខ្លាចគេបណ្ដេញហ្នឹងតែម្ដង។ វាប៉ះពាល់ទៅនឹងជំនឿប្រពៃណីរបស់គាត់។ គាត់មានជាផ្នូរបុរាណ មានជាព្រៃសម្រាប់គាត់បន់ស្រន់រាល់ឆ្នាំ ដូចជាអ្នកតាអារក្សអីនៅតំបន់ហ្នឹង»។
តំណាងអ្នកតស៊ូមតិនៃចលនាមាតាធម្មជាតិ ដែលធ្វើការការពារនៅតំបន់អារ៉ែង លោក ហេង ម៉េង ថ្លែងថា កន្លងមកមានក្រុមហ៊ុនពីរ ដែលបានសិក្សាអំពីគម្រោងនៅទីនោះ ហើយបានបញ្ឈប់ទៅវិញដោយសារឃើញថា ទឹកនៅទីនោះ មិនមានទឹកគ្រប់គ្រាន់សម្រាប់ផលិតភ្លើងពេលខែប្រាំង។ លោកថាឥឡូវនេះពួកលោកមានការព្រួយបារម្ភខ្លាំងព្រោះតែក្រុមហ៊ុន ស៊ីណូហាយដ្រូ (ខេមបូឌា) យូណាយធិត កំពុងសិក្សាជាថ្មី ហើយមិនមានព័ត៌មានជាក់លាក់សម្រាប់សហគមន៍ទេ។
លោក ហេង ម៉េង៖ «វាប៉ះពាល់ទៅដល់សត្វក្រពើភ្នំដែល ជាសត្វកម្រ ជាមួយនឹងត្រីនាគ ដែលជាប្រភេទសត្វទទួលរងផលប៉ះពាល់ខ្លាំង។ មិនតែប៉ុណ្ណោះ ប្រហែលជា ៣០ ប្រភេទជាង ជាសត្វកម្រផងដែរ។ ផលប៉ះពាល់នៅក្នុងតំបន់ហ្នឹង ២ម៉ឺនហិកតារជាងនៃចំនួនផ្ទៃដី។ ក៏ប៉ុន្តែ ប្រជាជននៅក្នុងទាំង ៣ឃុំហ្នឹង អាចកើនឡើងដល់ ៣០០គ្រួសារ ហើយប្រជាជនមាន ២ពាន់នាក់ជាង។ ក្រុមហ៊ុន ស៊ីណូហាយដ្រូ បានចុះទៅសិក្សា ហើយបានដាក់គម្រោងសង់ទំនប់វារីអគ្គិសនីនៅតំបន់ ឆាយអារ៉ែង ក៏ប៉ុន្តែរហូតមកដល់ពេលនេះ ព័ត៌មានក៏ដូចការសិក្សាពីផលប៉ះពាល់ មិនទាន់មានពេញលេញនៅឡើយទេ ហើយក៏មានព័ត៌មានលាក់បាំងមួយចំនួនមិនអាចឱ្យសហគមន៍ដឹង»។
ប្រធានយុវជនខ្មែរមហានគរ លោក ហេង សំណាង ថ្លែងថា នៅក្នុងសន្និសីទកាសែត នៅព្រឹកថ្ងៃទី២៨ មេសា ក្រៅពីអំពីលើកយកបញ្ហាផលប៉ះពាល់ និងការព្រួយបារម្ភ បណ្ដាញអ្នកស្រឡាញ់ធនធានធម្មជាតិ និងសកម្មជនព្រៃឈើទាំងនេះ ក៏ប្រកាសអំពីការប្ដេជ្ញាចិត្តសង្គ្រោះតំបន់អារ៉ែង តាមរយៈការធ្វើយុទ្ធនាការ និងសកម្មភាពតស៊ូមតិតាមមធ្យោបាយផ្សេងៗ។
លោក ហេង សំណាង៖ «ដូចជាធ្វើប្រព័ន្ធផ្សព្វផ្សាយ ដើម្បីឱ្យគេស្គាល់អារ៉ែងឱ្យកាន់តែច្បាស់ ដូចជាបង្កើតសិក្សាសាលា ហើយយើងទៅក្រុមហ៊ុនចិន ស៊ីណូហាយដ្រូ ដើម្បីយកគោលការណ៍គេ និងគោលជំហរគេ ថាហេតុអ្វីបានជាគេកសាងទំនប់វារីអគ្គិសនីនៅស្ទឹងឆាយអារ៉ែងអ៊ីចឹង។ បន្ទាប់មកទៀត ប្រហែលជាយើងទៅស្ថានទូតចិន ដើម្បីតវ៉ាថា យើងមិនឱ្យបរទេសណា មករំលោភបំពានអធិបតេយ្យប្រទេសជាតិកម្ពុជា ដែលយើងមានមិត្តមួយដ៏ត្រឹមត្រូវ ប៉ុន្តែមានក្រុមហ៊ុនមួយរំលោភគោលការណ៍របស់ខ្លួនទៅវិញ។ ឧទាហរណ៍ក្រុមហ៊ុន ស៊ីណូហាយដ្រូ គាត់បានរំលោភទៅលើគោលការណ៍របស់គាត់បាត់ទៅហើយ គឺថា តំបន់ឧទ្យានជាតិ តំបន់សត្វកម្រ តំបន់ព្រៃការពារមិនអាចអភិវឌ្ឍន៍បានទេ។ មានគោលការណ៍ជាច្រើនចំណុច គ្រាន់តែខ្ញុំលើកតែមួយចំណុចមកនិយាយទេ»។
ឯកសារមួយចុះថ្ងៃទី៧ ខែមេសា ឆ្នាំ២០០៦ បានបង្ហាញថា ក្រុមហ៊ុន ស៊ីណូហាយដ្រូ (ខេមបូឌា) យូណាយធិត ជាក្រុមហ៊ុនឯកជនមួយបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០០៦ ដែលធ្វើអាជីវកម្មលើច្រើនវិស័យ។ ក្រុមហ៊ុននេះមានអភិបាលចំនួន ៤រូប ដែលក្នុងចំណោមនោះ មានអាជីវករខ្មែរពីររូប គឺលោក ឡាវ ម៉េងឃីន និងអ្នកស្រី ជឹង សុភាព៕
No comments:
Post a Comment