Paris Peace Accords 23 Oct. 1991

Wednesday, April 23, 2014

បទ​យកការណ៍​៖ បញ្ហា​ប្រឈម​ផ្សេងៗ​ របស់​ កម្មករ ​រោងចក្រ ដែល​ជំរុញ​ ឲ្យមាន ​កូដកម្ម​-​បាតុកម្ម​​

កូដកម្មរបស់កម្មករទាមទារប្រាក់ខែគោល ១៦០ដុល្លារ នាពេលកន្លងមក (រូបថត៖ តាត ឧត្តម)

បទ​យកការណ៍​៖ បញ្ហា​ប្រឈម​ផ្សេងៗ​ របស់​ កម្មករ ​រោងចក្រ ដែល​ជំរុញ​ ឲ្យមាន ​កូដកម្ម​-​បាតុកម្ម​​


ដោយ៖​ ណាត សុភាព និង អ៊ឹង ប៊ុនថន​​ / វីអូឌី | ថ្ងៃអង្គារ ទី22 ខែមេសា ឆ្នាំ2014

នៅ​ម៉ោង​ប្រមាណ​ជា​៥​កន្លះ​ទៀបភ្លឺ ចាប់ពី​ថ្ងៃ​ចន្ទ​ដល់​ថ្ងៃ​សៅរិ៍ កម្មការិនី សេរី​រ័ត្ន បាន​រៀបចំ​បាយ សម្លរ វិច​ខ្ចប់​ដាក់​ក្នុង​ថង់ រួច​ឡើង​ជិះ​រថយន្តឈ្នួល​របស់​ក្រុមហ៊ុនអប្សរា ដោយ​មាន​កម្មករ​ប្រមាណ​ជាង​២០​នាក់ បាន​ធ្វើដំណើរ​ដោយ​ប្រជ្រៀត​គ្នា​ពី​ស្រុក​មុខកំពូល ខេត្ត​កណ្តាល ឆ្ពោះ​ទៅកាន់​កន្លែង​ការងារ​នៅក្នុង​សង្កាត់​ចោមចៅ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​
វ័យ​២០​ឆ្នាំ ជា​កូន​ទី​៥ ក្នុងចំណោម​បងប្អូន​៥​នាក់ កញ្ញា រ៉ុម សេរី​រ័ត្ន  បាន​បញ្ចប់​ការសិក្សា​ត្រឹម​ថ្នាក់​ទី​៦ នៅ​សាលាបឋមសិក្សា​ភូមិ​ពោង  ស្រុក​មុខកំពូល ខេត្ត​កណ្តាល​។ សេរី​រ័ត្ន  សម្រេចចិត្ត​ចាកចេញ​ពី​ស្រុកកំណើត កាល​ដើមឆ្នាំ​២០១១  និង​ធ្លាប់​ធ្វើការ​នៅក្នុង​រោងចក្រ​ចំនួន​៤​កន្លែង​ផ្សេង​គ្នា​នៅ​រាជធានី​ភ្នំពេញ ប៉ុន្តែ​ការងារ​ជាប់លាប់​គឺ​ធ្វើ​នៅ​រោងចក្រ​កាត់ដេរ​សំលៀក​បំពាក់​ឈ្មោះ "អប្សរា" ហៅ​កាត់​ជា​អក្សរ​អង់គ្លេស​ថា​(AC) ។​
កញ្ញា រ៉ុម សេរី​រ័ត្ន ធ្លាប់​ដួលសន្លប់​ក្នុងចំណោម​កម្ម​ការ​នី​សន្លប់​ប្រមាណ​ជា​៧០​នាក់ ផ្សេងទៀត នៅ​រោងចក្រ អប្សរា (AC) កាលពីដើម​ខែ​មេសា ឆ្នាំ​២០១៤​។ នាង​បាន​រៀបរាប់​ទាំង​ទឹកមុខ​ស្រគត់ស្រគុំ ជុំវិញ​ទិដ្ឋភាព​ដែល​កម្មករ​ដួលសន្លប់​កន្លង​នេះ។
សេរី​រ័ត្ន អះអាងថា កាល​ពី​ធ្វើការ​នៅ​រោងចក្រ អប្សរា (AC) មាន​រយៈពេល​ជិត​១​ឆ្នាំ​ដំបូង នាង​មិន​ដែល​ជួប​បញ្ហា​សុខភាព និង​ដួល​សន្លប់​បែបនេះ​ទេ​។ ប៉ុន្តែ​មូលហេតុ​ដែល​ធ្វើឲ្យ​នាង  និង​កម្មករ​ប្រមាណ​ជិត​៧០​នាក់ ផ្សេង​ទៀត​ដួលសន្លប់ ដោយសារ​ពួកគេ​បរិភោគ​អាហារ​មិនមាន អនាម័យ ហើយ​ភាគី​រោងចក្រ​បាន​បើក​ឧបករណ៍​បំពង​សំឡេង​ខ្លាំងៗ ខណៈ​កម្មករ​ផ្សេងៗ​ទៀត​ធ្វើ​កូដកម្ម​ នៅ​មុខ​រោងចក្រ​ទាមទារ​ប្រាក់​អត្ថប្រយោជន៍​ការងារ។
សហជីព​ចំនួន​១៨ បានចេញ​សេចក្តីអំពាវនាវ​មួយ​ដល់​កម្មករ និង​មន្ត្រីរាជការ កុំ​ចូល​ធ្វើការ​បន្ទាប់ពី​ចូល​ឆ្នាំ​ថ្មី​រួច ពោល​ត្រូវ​បន្ត​ឈប់សម្រាក​ចាប់ពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​២២ ខែ​មេសា​នេះ ដើម្បី​ទាមទារ​លក្ខខណ្ឌ ៧​ចំណុច​។ ចំណុច​ទាំង​នោះ​មាន ទាមទារ​ឲ្យ​លើកលែង​បទ​ចោលប្រកាន់​លើ​សកម្មជន​សិទ្ធិមនុស្ស និង​ដីធ្លី​ចំនួន​២៣​នាក់ ក្នុងនោះ​មាន​លោក វ​ន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) និង​សុំ​ឲ្យ​ដំឡើង​ប្រាក់​ឈ្នួល​គោល​១៦០​ដុល្លារ ជាដើម។
​កម្មករ​រោងចក្រ ជី​ង​ហួយ ស្ថិតនៅ​ស្រុក​បាធាយ ខេត្ត​កំពង់ចាម កញ្ញា ប៉ាល់ ស្រី​ណុល មានប្រសាសន៍ថា មូលហេតុ​ដែល​កម្មករ កូដកម្ម​មិន​ចូល​ធ្វើការ​នេះ ដោយសារ​រោងចក្រ​មិនផ្តល់​ប្រាក់ខែ​ឲ្យបាន​សមរម្យ​នៅឡើយ​។
អ្នកស្រាវជ្រាវ​ឯករាជ្យ​លោក កែម ឡី សិក្សា​ឃើញថា ករណី​ដែល​ធ្វើឲ្យ​កម្មករ​ដួលសន្លប់ ដោយសារ​តែ​ការបរិភោគ​អាហារ​មិនបាន​គ្រប់គ្រាន់ បរិយាកាស​ក្នុង​រោងចក្រ​មិនមាន​ផា​សុកភាព​ជា​ដើម​។ លោក​បញ្ជាក់ថា ដើម្បី​ទប់ស្កាត់​កុំឲ្យ​មាន​បញ្ហា​នេះ​កើតឡើង ក្រសួង​ការងារ និង​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​ចាត់​អ្នកជំនាញ​ចុះ​ត្រួតពិនិត្យ​រោងចក្រ​ទាំងអស់ និង​ចាត់វិធានការ​ចំពោះ​ករណី​រោងចក្រ​ណា​ ដែល​មិន​បាន​គោរព​តាម​លក្ខណ្ឌ​ឲ្យមាន​ប្រសិទ្ធិភាព ដោយ​មិន​ប្រព្រឹត្ត​អំពើ​ពុករលួយ​។​
​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ចេញ​របាយការណ៍ ស្តីពី លទ្ធផល​ការងារ​សម្រេច​បាន​ឆ្នាំ​២០១៣ និង​ទិសដៅ​អនុវត្ត​បន្ត ឲ្យដឹងថា ក្នុង​រាជធានី​ភ្នំពេញ​មាន​រោងចក្រ​ចំនួន​៣ មាន​កម្មករ​សន្លប់​ចំនួន​១៥៤​នាក់  ខេត្ត​កណ្តាល​មាន​៥​រោងចក្រ អ្នកសន្លប់​៤៣២​នាក់ ខេត្ត​កំពង់ស្ពឺ​៣​រោងចក្រ​មាន​អ្នកសន្លប់​៦៨​នាក់ ខេត្ត​កោះកុង​១​រោងចក្រ​១៩​នាក់ និង​ខេត្ត​ស្វាយរៀង​២​រោងចក្រ​មាន​អ្នកសន្លប់​១២៥​នាក់ និង​ខេត្ត​កំពង់ចាម មាន​១​រោងចក្រ អ្នកសន្លប់​ចំនួន​២៥​នាក់​។​
ទោះជា​យ៉ាងណា អគ្គលេខាធិការរង​សមាគម​រោងចក្រ​កាត់ដេរកម្ពុជា លោក កាំ​ង ម៉ូ​នី​កា ករណី​កម្មករ​សន្លប់​នៅ​ដើមឆ្នាំ​២០១៤​នេះ មាន​ការថយចុះ​ជាង​ឆ្នាំ​កន្លង​ទៅ​។
រីឯ​គោលនយោបាយ​៩​ចំណុច របស់​គណបក្ស​ប្រជាជន​កម្ពុជា សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត​-​ក្រុង​-​ស្រុក​-​ខណ្ឌ អាណត្តិ​ទី​២​នេះ អះអាងថា នឹង​បង្កើន​ប្រាក់បៀវត្ស​របស់​មន្ត្រីរាជកា​រ កងទ័ព នគរបាល ១​លាន​រៀល​ក្នុង​១​ខែ និង​កម្មករ ១៦០​ដុល្លារ​ក្នុង​១​ខែ នៅ​ឆ្នាំ​២០១៨ ស្របតាម​កំណើន​សេដ្ឋកិច្ច​កម្ពុជា។​
ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ យល់ថា គោលនយោបាយ​កំណត់​ប្រាក់ខែ​កម្មករ​១៦០​ដុល្លារ​ក្នុង​មួយ​ខែ​នៅ​ឆ្នាំ​២០១៨​ខាងមុខ មិន​ស្រប​នឹង​សេដ្ឋកិច្ច​ទីផ្សារ​បច្ចុប្បន្ន​នោះ​ទេ​។ លោក​ព្រមាន​ថា បើ​រដ្ឋាភិបាល​នៅ​តែ​ពន្យា​ពេល​ផ្តល់​ប្រាក់ខែ​ដល់​កម្មករ​បែបនេះ ធ្វើ​ឲ្យ​កម្មករ​បន្ត​កូដកម្ម ហើយ​សេដ្ឋកិច្ច​កម្ពុជា​នឹង​ធ្លាក់​ចុះ​ទៅ​វិញ។
នៅ​ឆ្នាំ​២០១៤​នេះ រដ្ឋាភិបាល​បាន​ដំឡើង​ប្រាក់​ឈ្នួល​គោល​ចំនួន​១០០​ដុល្លារ បន្ទាប់ពី​មាន​ការតវ៉ា​ពី​កម្មករ​ស្ទើរ​ទូ​ទាំង​ប្រទេស​។ ប៉ុន្តែ​បាតុកម្ម​នេះ ត្រូវបាន​កម្លាំង​ប្រដាប់អាវុធ​របស់​រដ្ឋាភិបាល​បាញ់​ស្លាប់​យ៉ាង​តិច ៥​នាក់ និង​ជិត​៤០​នាក់​ទៀត​រងរបួស។ មកដល់ពេលនេះ​មាន​នៅ​សកម្មជន​សហជីព​និង​កម្មរ​ចំនួន​២៣​ទៀត ត្រូវបាន​ចោទប្រកាន់ និង​ឃុំខ្លួន ដោយ​ចោទ​ពីបទ ពាក់ព័ន្ធ​នឹង​កម្មករ​តវ៉ា​នោះ​៕



No comments:

Post a Comment