Paris Peace Accords 23 Oct. 1991

Monday, April 28, 2014

លោក ហ៊ុន សែន រិះគន់​ អង្គការ ​​​ខ្លះ ​ដែល​​លូកដៃ​ចូល ​លើ​ការ​អនុម័ត​ ច្បាប់ ​ផ្សេងៗ

ហ៊ុន សែន ៣០៥ ១៦សីហា១១
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​សម្ពោធ​កំណាត់​ផ្លូវ​ជាតិ​លេខ​១ នៅ​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០១១។

លោក ហ៊ុន សែន រិះគន់​ អង្គការ ​​​ខ្លះ ​ដែល​​លូកដៃ​ចូល ​លើ​ការ​អនុម័ត​ ច្បាប់ ​ផ្សេងៗ

ដែន អយុធ្យា / អាស៊ីសេរី​ | ២៨ មេសា ២០១៤


ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​បាន​រិះគន់​ចំពោះ​មេដឹកនាំ​សង្គម​ស៊ីវិល​ខ្លះ ដែល​បាន​លូកដៃ​ចូល​កិច្ចការ​របស់​រដ្ឋាភិបាល ទាក់ទង​ការ​ធ្វើ​សេចក្ដី​ព្រាង​ច្បាប់​ផ្សេងៗ។ ប៉ុន្តែ​មន្ត្រី​សង្គម​ស៊ីវិល​ថ្លែង​ប្រតិកម្ម​តប​ប្រមុខ​ដឹកនាំ​វិញ​ថា ដោយសារ​តែ​ការ​ធ្វើ​សេចក្ដី​ព្រាង​ច្បាប់​ជា​រឿង​ផលប្រយោជន៍​ជាតិ​ទាំង​មូល ទើប​ស្នើ​ចូល​រួម​ជា​គំនិត​យោបល់។

​ថ្លែង​នៅ​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​សកលវិទ្យាល័យ​អាស៊ី អឺរ៉ុប នា​វិទ្យាស្ថាន​ជាតិ​អប់រំ ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២៨ ខែ​មេសា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមាន​ដល់​មេដឹកនាំ​អង្គការ​មិនមែន​រដ្ឋាភិបាល​ខ្លះ ស្នើ​កុំ​ឲ្យ​លូកដៃ​ចូល​កិច្ច​ការ​ធ្វើ​សេចក្ដី​ព្រាង​ច្បាប់​ផ្សេងៗ របស់​រដ្ឋាភិបាល​ហួសហេតុ​ពេក។
សារ​ព្រមាន​របស់​ប្រមុខ​ដឹកនាំ បាន​កើត​ឡើង​បន្ទាប់​ពី​ពេល​ថ្មីៗ​នេះ មាន​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ខ្លះ​បាន​រិះគន់​រដ្ឋាភិបាល ឬ​គណៈរដ្ឋមន្ត្រី ដែល​បាន​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ចំនួន ៣ ទាក់ទង​កំណែ​ទម្រង់​ប្រព័ន្ធ​តុលាការ៖ «គេ​ថា​ច្បាប់​ហ្នឹង​មិន​បាន​ជូន​ទៅ​សង្គម​ស៊ីវិល ឬ​ប្ដូរ​យោបល់​ជាមួយ​ប្រជាពលរដ្ឋ។ ខ្ញុំ​គ្រាន់​តែ​សុំ​ប្រាប់​ត្រឡប់​ទៅ​វិញ​ថា យើង​បាន​ស្ដាប់​ច្រើន​ហើយ ទី​១។ ទី​២ បញ្ញត្តិ​ច្បាប់​ដែល​មាន​ចែង​នៅ​ក្នុង​ច្បាប់​រដ្ឋធម្មនុញ្ញ គឺ​មិន​អនុញ្ញាត​ឲ្យ​យើង​ទៅ​ប្រគល់​ឲ្យ​នរណា​ក្រៅ​តែ​ពី​អ្នក​ដែល​គេ​ធ្វើ​សេចក្ដី​ព្រាង​ច្បាប់ ហើយ​គេ​បញ្ជូន​មក​គណៈរដ្ឋមន្ត្រី មាន​កន្លែង​សម្រាប់​បញ្ជូន គឺ​រដ្ឋ​សភា គេ​អត់​ប្រាប់​ថា ទៅ​អង្គការ​ក្រៅ​រដ្ឋាភិបាល​លោក​នេះ​ទេ? គេ​អត់​ប្រាប់​ទេ សូម​កុំ​អាល​ទារ​សិទ្ធិ​ហួស។ យើង​ស្តាប់​យូរ​ហើយៗ សុំ​ឲ្យ​មាន​ការ​អៀនខ្មាស​ខ្លះ​ផង សិទ្ធិ​ដែល​ខ្លួន​មាន​ប៉ុន្មាន​ធ្វើ​ប៉ុណ្ណឹង​ទៅ»
កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មេសា ឆ្នាំ​២០១៤ គណៈរដ្ឋមន្ត្រី​កម្ពុជា បាន​អនុម័ត​ទៅ​លើ​របៀបវារៈ​ចំនួន ៣ មាន​ដូចជា សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​រៀបចំ​អង្គ​តុលាការ សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម និង​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​លក្ខន្តិកៈ​នៃ​ចៅក្រម និង​ព្រះរាជអាជ្ញា។
សេចក្ដី​ព្រាង​ច្បាប់​ទាំង​នេះ ត្រូវ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​មួយ​បាន​ស្នើ​ដល់​សភា​ជាតិ ពន្យារ​ការ​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​នេះ និង​ស្នើ​ឲ្យ​ផ្នែក​ពាក់ព័ន្ធ​ចូល​រួម​ផ្ដល់​យោបល់​លើ​សេចក្ដី​ព្រាង​ច្បាប់​នេះ​មុន​នឹង​អនុម័ត។
លោក អ៊ូ វីរៈ អតីត​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បាន​ថ្លែង​ថា នៅ​ក្នុង​សង្គម​មួយ​ដែល​មាន​លទ្ធិប្រជាធិបតេយ្យ​ពិត​ប្រាកដ គឺ​រដ្ឋាភិបាល ឬ​គ្រប់​គណបក្ស​នយោបាយ ត្រូវ​ការ​បំផុត​ការ​ចូលរួម​ផ្ដល់​ជា​គំនិត​យោបល់​ផ្សេងៗ​ពី​ប្រជាពលរដ្ឋ ឬ​មន្ត្រី​សង្គម​ស៊ីវិល​ជាដើម ទៅ​លើ​ការ​ធ្វើ​សេចក្ដី​ព្រាង​ច្បាប់​អ្វី​មួយ។
លោក អ៊ូ វីរៈ៖ «យើង​អត់​ចង់​លូក​ដៃ​ចូល​រួម​ទេ បើ​សិន​ជា​ការងារ​នេះ​ជា​ការងារ​របស់​បក្ស។ ប៉ុន្តែ​រឿង​រដ្ឋាភិបាល​មិន​មែន​ជា​ឧបករណ៍​ផ្ដាច់មុខ​របស់​បុគ្គល​ទេ ហើយ​បញ្ហា​ច្បាប់​ជា​បញ្ហា​ជាតិ។ អ៊ីចឹង​ហើយ​បាន​ជា​អង្គការ​សង្គម​ស៊ីវិល តែងតែ​ចង់​ចូល​រួម​ក្នុង​ការ​ផ្ដល់​យោបល់ និង​ជំរុញ​ឲ្យ​ម៉េច​ឲ្យ​ច្បាប់​ហ្នឹង​មាន​ប្រសិទ្ធភាព។ ធ្វើ​ម៉េច​ឲ្យ​ច្បាប់​ហ្នឹង​មាន​ខ្លឹមសារ និង​មាន​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​និង​ជាតិ។ តាម​ពិត​រដ្ឋាភិបាល​មួយ​ដែល​បើក​ចំហ​ឲ្យ​សង្គម​ស៊ីវិល គឺ​ជា​រដ្ឋាភិបាល​មួយ​ដែល​មាន​ការ​ទទួល​ខុស​ត្រូវ និង​ជួយ​ដល់​ប្រជាប្រិយភាព​របស់​រដ្ឋាភិបាល​ថែម​ទៀត​ផង។ ព្រោះ​អី​ពេល​ណា​មាន​ការ​ចូល​រួម​ផ្ដល់​យោបល់ ប្រហែល​ជា​អាច​មាន​ផលប្រយោជន៍ ហើយ​ប្រជាពលរដ្ឋ​អាច​មាន​ការ​សប្បាយ​ចិត្ត​ជាមួយ​រដ្ឋាភិបាល​ជាង»
ដូចគ្នា​ដែរ សម្រាប់​លោក នី ចរិយា ប្រធាន​ផ្នែក​អង្កេត​របស់​សមាគម​អាដហុក (Adhoc) បាន​ថ្លែង​រិះគន់​តប​ទៅ​លោក ហ៊ុន សែន ចំពោះ​បម្រាម​របស់​លោក​មិន​ឲ្យ​សង្គម​ស៊ីវិល​ចូលរួម​ផ្តល់​ជា​យោបល់​ទៅលើ​សេចក្តី​ព្រាង​ច្បាប់​ពេល​នេះ៖ «ច្បាប់ ​ទាំង​អស់​មិន​ថា​តែ​ច្បាប់​ចំនួន ៣ ទាក់ទង​នឹង​ច្បាប់​ប្រព័ន្ធ​តុលាការ​នេះ​ទេ គឺ​ច្បាប់​ទាំង​អស់​នេះ មិន​មែន​សម្រាប់​នាយករដ្ឋមន្ត្រី​អនុវត្ត​ម្នាក់​ឯង​ទេ គឺ​ជា​ច្បាប់​ដែល​ធ្វើ​ឡើង​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​អស់ ជា​អ្នក​អនុវត្ត​ច្បាប់ ហើយ​ជា​ពិសេស​ទៅ​ទៀត​នោះ គឺ​ថា ច្បាប់ ៣ ដែល​ទាក់ទង​នឹង​កំណែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​ហ្នឹង​គឺ​ជា​ច្បាប់​ពិសេស ដែល​ទាំង​អង្គការ​សង្គម​ស៊ីវិល ទាំង​ប្រជាពលរដ្ឋ ទាំង​តុលាការ ទាំង​រដ្ឋាភិបាល ត្រូវ​តែ​មាន​ភារកិច្ច​ក្នុង​ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ឲ្យ​ប្រព័ន្ធ​តុលាការ​របស់​យើង​ឯករាជ្យ។ ក្នុង​ន័យ​ដែល​លោក​នាយករដ្ឋមន្ត្រី​និយាយ​អំពី​ថា​កុំ​ឲ្យ​លូក​ដៃ​មាន​ន័យ​ ថា គាត់​ចង់​ឲ្យ​ប្រព័ន្ធ​តុលាការ​នៅ​លើ​កណ្ដាប់ដៃ​គាត់ ឬ​មួយ​យ៉ាង​ម៉េច? អា​ហ្នឹង​ហើយ​ជា​ភស្តុតាង​បញ្ជាក់​ថា នាយករដ្ឋមន្ត្រី​ចង់​គ្រប់គ្រង​អំណាច​តុលាការ​ដែល​ធ្វើ​ឲ្យ​អំណាច​តុលាការ​ មិន​ឯករាជ្យ»
ទោះ​យ៉ាង​ណា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ថា សេចក្ដី​ព្រាង​ច្បាប់​ផ្សេងៗ​ដែល​រដ្ឋាភិបាល​បាន​ធ្វើ​កន្លង​មក គឺ​បាន​តាក់តែង​ឡើង​ដោយ​ផ្អែក​តាម​បទពិសោធន៍​នៃ​ប្រទេស​ដែល​មាន​នីតិរដ្ឋ​រីក​ចម្រើន​រឹង​មាំ​នានា និង​ដោយ​មាន​ការ​ជួយ​រៀបចំ​ពី​អ្នក​ជំនាញ​ការពារ​ច្បាប់​របស់​សាធារណរដ្ឋ​បារាំង​ជាដើម៕


No comments:

Post a Comment