Paris Peace Accords 23 Oct. 1991

Friday, April 25, 2014

សាលា​ក្រុង​ មិន​អនុញ្ញាត ​ឲ្យ​សហភាព​ការងារ​ ធ្វើ​ទិវា​ពលកម្ម​ អន្តរជាតិ​ នៅ​ទីលាន​ប្រជាធិបតេយ្យ

ទីលាន​ប្រជាធិបតេយ្យ៣០៥
សិស្ស​សាលា​ជា​ច្រើន​ចូល​រួម​ពិធី​សម្ពោធ​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ទី​៤ វិច្ឆិកា ២០១០

សាលា​ក្រុង​ មិន​អនុញ្ញាត ​ឲ្យ​សហភាព​ការងារ​ ធ្វើ​ទិវា​ពលកម្ម​ អន្តរជាតិ​ នៅ​ទីលាន​ប្រជាធិបតេយ្យ

 ដោយ ឡេង ម៉ាលី / អាស៊ីសេរី | ២៥ មេសា​ ២០១៤

សាលា​រាជធានី​ ភ្នំពេញ មិន​អនុញ្ញាត ​ឱ្យ​សហភាព​ការងារ ​កម្ពុជា ធ្វើ​ទិវា​ពលកម្ម​អន្តរជាតិ នៅ​ទីលាន​ប្រជាធិបតេយ្យ​ទេ ​នៅ​ថ្ងៃ​ទី​១ ឧសភា។
មន្ត្រី​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ ប្រសាសន៍​នៅ​ល្ងាច​ថ្ងៃ​ទី​២៤ មេសា ថា អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ​មិន​អនុញ្ញាត​ឱ្យ​ធ្វើ​ទិវា​ពលកម្ម​អន្តរជាតិ នៅ​តាម​ទីលាន​សាធារណៈ​ទេ ទាំង​នៅ​ទីលាន​ប្រជាធិបតេយ្យ និង​ទីលាន​សាធារណៈ​ផ្សេង​ទៀត ព្រោះ​អ្នក​ចង់​ធ្វើ​នៅ​ទីលាន​សាធារណៈ​នោះ​មាន​ច្រើន ទាំង​ស្ថាប័ន​រដ្ឋ និង​អង្គការ​ផ្សេងៗ​ទៀត។
លោក ឡុង ឌីម៉ង់៖ «យើង​មិន​អាច​អនុញ្ញាត​ឱ្យ​គាត់​ធ្វើ​នៅ​ទីលាន​ប្រជាធិបតេយ្យ​ទេ តែ​យើង​អនុញ្ញាត​ឱ្យ​គាត់​ប្រារព្ធ​ទិវា​អន្តរជាតិ​ហ្នឹង​នៅ​តាម​ទីស្នាក់ការ​របស់​គាត់ ឬ​នៅ​តាម​ទីតាំង​ឯកជន​ណា​មួយ ដែល​ម្ចាស់​គេ​ឯកភាព​ទៅ។ គាត់​អាច​ធ្វើ​នៅ​ក្នុង​ទីតាំង​រោងចក្រ​អី​ទៅ ប្រសិន​បើ​ម្ចាស់​ទីតាំង ឬ​ម្ចាស់​រោងចក្រ​គេ​ឯកភាព គឺ​ធ្វើ​នៅ​ក្នុង​ទីតាំង​នោះ​តែ​ម្ដង គឺ​មិន​អនុញ្ញាត​ឱ្យ​ធ្វើ​នៅ​ទីលាន​ប្រជាធិបតេយ្យ​ហ្នឹង​ទេ ដូច​យើង​បាន​ជម្រាប​គាត់​មុនៗ​អ៊ីចឹង។ ឥឡូវ​នេះ យើង​ឯកភាព​គ្នា​ថា​ធ្វើ​លិខិត​ទៅ​ក្រសួង​មហាផ្ទៃ ហើយ។ ក៏ប៉ុន្តែ យើង​មិន​អាច​ជូន​គាត់​នៅ​ទីលាន​ប្រជាធិបតេយ្យ​បាន​ទេ ដោយសារ​ទី​នោះ​យើង​ទុក​ឱ្យ​នៅ​ទំនេរ ដើម្បី​ទុក​បង្ក​លក្ខណៈ​រហូត​ដល់​យើង​មាន​ការ​ស៊ើប​អង្កេត​ចេញ​ជា​លទ្ធផល​ហើយ​សិន អំពី​អំពើ​ហិង្សា និង​អនាធិបតេយ្យ​កន្លង​មក»
អគ្គលេខាធិការ​នៃ​សហភាព​ការងារ​កម្ពុជា លោក គង់ អាទិត្យ ថ្លែង​ថា សាលា​រាជធានី​ភ្នំពេញ ផ្ដល់​ហេតុផល​ដដែល ហើយ​ក្រុម​លោក​នឹង​នៅ​ធ្វើ​ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា នៅ​ទីលាន​ប្រជាធិបតេយ្យ​ដដែល បើ​សិន​សាលា​រាជធានី​ភ្នំពេញ មិន​អនុញ្ញាត​ឱ្យ​ធ្វើ​នៅ​ទីលាន​សាធារណៈ​ណា​មួយ​ផ្សេង​ទៀត។
ថ្ងៃ​ទី​១ ខែ​ឧសភា គឺ​ជា​ថ្ងៃ​ដែល​ពលរដ្ឋ​ជា​ច្រើន​នៅ​លើ​ពិភពលោក និង​កម្ពុជា ផង ប្រារព្ធ​ធ្វើ​ទិវា​ពលកម្ម​អន្តរជាតិ​ជា​រៀង​រាល់​ឆ្នាំ។ ទិវា​នេះ គឺ​ជា​ការ​រំឭក​ដល់​វិភាគទាន​របស់​ពលករ​ដែល​ធ្វើ​ឱ្យ​ប្រទេស​របស់​គេ​បាន​រឹងមាំ រុងរឿង និង​មាន​សុខុមាលភាព ទាំង​វិស័យ​សេដ្ឋកិច្ច និង​សង្គម៕


No comments:

Post a Comment