អ្នកវិភាគ៖ បក្ស កាន់អំណាច ប្រើប្រព័ន្ធតុលាការ គំរាម បក្សប្រឆាំង ខណៈការចរចា ទ័លច្រក
ដោយ៖ ញឹម សុខន / វីអូឌី | ថ្ងៃចន្ទ ទី7 ខែមេសា ឆ្នាំ2014
អ្នកវិភាគ និងអ្នកតាមដានព្រឹត្តិការណ៍សង្គម យល់ថា បក្សកាន់អំណាច កំពុងប្រើប្រព័ន្ធតុលាការ វាយបកទៅលើបក្សប្រឆាំង ដើម្បីទម្លាយការខ្វែងគំនិតគ្នា រឿងបង្កើតរដ្ឋាភិបាលថ្មីក្រោយការបោះឆ្នោត។
ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី បានផ្ញើលិខិតទូលថ្វាយព្រះមហាក្សត្រ កាលពីថ្ងៃទី២ខែមេសានេះ ដោយប្រៀបធៀប ព្រះរាជតម្រិះនៃការគ្រោងរាជ្យ របស់អតីតព្រះមហាក្សត្រនរោត្តមសីហនុ និងការគ្រងរាជ្យរបស់ព្រះមហាក្សត្រនរោត្តម សីហមុនី បច្ចុប្បន្ន។
លិខិតលោក សម រង្ស៊ី ដដែល បានលើកឡើងទៀតថា កិច្ចប្រជុំសភាដំបូងកាលពីថ្ងៃទី២៣ ខែកញ្ញា គឺជាសភាឯក
បក្ស ដែលតំណាងមកពីគណបក្សប្រជាជនកម្ពុជាតែប៉ុណ្ណោះ មិនមែនតំណាងឲ្យពលរដ្ឋខ្មែរទាំងមូលឡើយ។ លិខិតនេះត្រូវបានបក្សប្រជាជនកម្ពុជា ដែលកំពុងគ្រប់គ្រោងអំណាច បដិសេធ ហើយគំរាមប្តឹងជំនួយព្រះមហាក្សត្រ ដោយចាត់ទុកថា មេបក្សប្រឆាំងរូបនោះ រំលោភបំពានធ្ងន់ធ្ងរលើអង្គព្រះមហាក្សត្រ។
នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោត ហៅនិចហ្វិច លោក ហង្ស ពុទ្ធា ឲ្យVODដឹងនៅថ្ងៃទីចន្ទទី៧ខែមេសានេះថា អ្វីដែលបក្សកាន់អំណាចកំពុងព្រមានចាត់វិធានការ អាចមានប្រៀបលើបក្សប្រឆាំង ខណៈដែលតុលាការនៅកម្ពុជារងការរិះគន់ថាមិនឯករាជ្យ។
ប៉ុន្តែលោកឆ្ងល់ថា ការដែលគណបក្សប្រជាជនម្ពុជា ព្រមានចាត់វិធានការករណីនេះ មុនអង្គព្រះមហាក្សត្រប្រតិកម្ម ទំនងជារឿងនយោបាយច្រើនជាង «ការព្រមាណដោយប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីចាត់ការរឿងអីមួយនេះ វាមានន័យនយោបាយច្រើនជាង យុត្តិធម៌ដោយតុលាការ អ៊ីចឹងតុលាការបច្ចុប្បន្ន ខ្ញុំជឿថាមិនសូវមានទំនុកចិត្ត ពីប្រជាពលរដ្ឋទេ»។
បន្ទរតាមវិធានការនេះ ស្ថាប័នរដ្ឋាភិបាលជាច្រើន បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសមេបក្សប្រឆាំង ជាបន្តបន្ទាប់ ដូចជា ក្រសួងវប្បធម៌ មន្ត្រីសាលារាជធានី និងខេត្តមួយចំនួន បើទោះបីរាជធានី និងខេត្តទាំងនោះ បានសំឡេងឆ្នោតគាំទ្រចាញ់បក្សប្រឆាំងក៏ដោយ។
អ្នកវិភាគព្រឹត្តិការណ៍សង្គម លោក កែម ឡី យល់ថា ការសរសេរលិខិតទូលថ្វាយព្រះមហាក្សត្រ ពីកង្វល់អ្វីមួយ របស់អ្នកនយោបាយ មិនចាត់ទុកជាការប្រមាថមើលងាយអង្គព្រះមហាក្សត្រទេ។ លោកយល់ថា វិធានការនេះបង្ហាញថារដ្ឋាភិបាលកំពុងដឹកនាំបែបផ្តាច់ការ «កន្លងមកកុំឲ្យតែគណបក្សប្រជាជន ហ្នឹងរំលោភព្រះមហាក្សត្រទៅ មិនបាច់ខំការពារទេ។ អង្គព្រះមហាក្សត្រ របងការពារសសរស្តំធំជាងគេ ការពារបរមរាជវាំងគឺប្រជាពលរដ្ឋ កាលណាប្រជាពលរដ្ឋ បាត់បង់ជំនឿហើយ គណបក្សណាក៏ការពារមិនបានដែរ។ អ៊ីចឹងធ្វើម៉េចកុំឲ្យកិត្តិនាម កិត្យានុភាព អង្គព្រះមហាក្សត្រសាបសូន្យដោយសារតែ រដ្ឋាភិបាលបានហើយ ធ្វើម៉េចកុំរុញដុំភ្លើងចូលវាំងបានហើយ»។
លោក កែម ឡី បន្តថា គណបក្សឈ្នះឆ្នោតទាំងពីរ គួរជ្រើសរើសជំនួបចរចា ដោយតម្កល់ប្រយោជន៍ជាតិជាធំ ដោយធ្វើឲ្យស្ថាប័ន គជប ជាស្ថាប័នឯករាជ្យដែលអាចទុកចិត្តបាន អាចកែតម្រូវឲ្យបោះឆ្នោតត្រឹម៤ឆ្នាំម្តង ជាដើម។
ប្រធានក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា លោកមេធាវី សុក សំអឿន ពន្យល់ថារដ្ឋធម្មនុញ្ញមិនបានកំណត់ពីការដាក់ទោសទណ្ឌ ដល់អ្នកដែលរំលោភអង្គព្រះមហាក្សត្រទេ ដោយព្រះមហាក្សត្រមិនដែលយកទោសពៃពីប្រជារាស្ត្រខ្លួនឯង។
យ៉ាងណាក៏ដោយនៅព្រឹកថ្ងៃទី៧ខែមេសានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ជំហរម្តងទៀតថា គណបក្សប្រជាជនកម្ពុជា កំពុងឲ្យអ្នកច្បាប់សិក្សាពីការប្តឹងមេបក្សប្រឆាំងនេះ។ ប៉ុន្តែមេបក្សប្រឆាំង លោក សម រង្ស៊ី ប្រកាសត្រៀមតទល់ក្ដី ជាមួយគណបក្សកាន់អំណាច ខណៈលោកថ្លែងនៅក្នុងពិធីរំឭកខួបមួយឆ្នាំនៃការបង្កើតគណបក្សសង្គ្រោះជាតិ នៅស្នាក់ការកណ្តាលរបស់ខ្លួនថា លោក បានត្រៀមខ្លួនរួចហើយ បើតុលាការចាត់ទុកថា លោកមានទោស៕
No comments:
Post a Comment