វិភាគ៖ អ្នកណា កំពុងប្រមាថ ព្រះមហាក្សត្រ ដើម្បី ប្រយោជន៍នយោបាយ?
ដោយ៖ ពៅ មេត្តា / វីអូឌី | ថ្ងៃពុធ ទី9 ខែមេសា ឆ្នាំ2014
នៅថ្ងៃទី០២ ខែមេសា លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ សរសេរលិខិតថ្វាយព្រះមហាក្សត្រដោយទូលព្រះអង្គថា សភាដែលបង្កើតឡើងកាលពីខែកញ្ញា ឆ្នាំ២០១៣នោះគឺជាសភាពឯកបក្សរបស់គណបក្សប្រជាជនកម្ពុជា មិនតំណាងឲ្យប្រជាជនកម្ពុជាទៅទូនោះទេ។
លិខិតរបស់លោក សម រង្ស៊ី ធ្វើឡើងក្រោយមួយថ្ងៃដែលព្រះមហាក្សត្រ សមេ្តចព្រះបាទនរោត្តមសីហមុនី ផ្ញើព្រះរាជសារទៅចូលរួមប្រជុំសភាលើកទី២ នីតិកាលទី៥ កាលពីថ្ងៃទី១ខែមេសា ដោយបង្ហាញពីព្រះទ័យរបស់ព្រះអង្គសង្ឃឹមថា រដ្ឋសភា នឹងបន្តខិតខំប្រឹងប្រែង ដោះស្រាយបញ្ហាប្រឈមនានា ដើម្បីសម្រេចឲ្យបាននូវទិសដៅរួមរបស់កម្ពុជាជាជំហានៗ។
ក្រោយពេលដែលលោក សម រង្ស៊ី ថ្វាយលិខិតទៅព្រះមហាក្សត្ររិះគន់សភានោះ មានប្រតិកម្មជាបន្តបន្ទាប់ថ្កោលទោសលោក សម រង្ស៊ី គឺលិខិតពីរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា សាលារាជធានីភ្នំពេញ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សាលាខេត្តកណ្តាល និងសាលាខេត្តកំពង់ស្ពឺជាដើម។ លិខិតទាំងនោះ ធ្វើឡើងមានលក្ខណៈប្រហាក់ប្រហែលគ្នាជាបន្តបន្ទាប់ថា លោក សម រង្ស៊ី ប្រមាថអង្គព្រះមហាក្សត្រជាទង្វើដែលមិនអាចទទួលយកបាន។
ទន្ទឹមនឹងលិខិតថ្កោលទោស ធ្លាយចេញជាបន្តបន្ទាប់នោះ លោក ហ៊ុន សែន បន្ទរបន្ថែម លើលិខិតចុះថ្ងៃទី២ខែមេសារបស់លោក សម រង្ស៊ី ថា ពិតជាប្រមាថព្រះមហក្សត្រ។ លោក ហ៊ុន សែន ព្រមានថា បើទោះជាមិនមានច្បាប់ចែងច្បាស់ពីទោសប្រមាថព្រះមហាក្សត្រ តែលោកថា លោក សម រង្ស៊ី នៅតែប្រឈមនឹងទោសប្រឆាំងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ«រឿងប្រមាថព្រះមហាក្សត្រអត់ទាន់មានច្បាប់ណាចែងថា មានទោសប៉ុន្មានទេ ប៉ុន្តែទោសអ្នកឯងកុំភ្លេចឲ្យសោះ ប្រឆាំងនឹងក្រុមប្រឹក្សាធម្មនុញ្ញគឺ មានទោស»។
មាត្រា៧ និងមាត្រា១៨ថ្មី ក្នុងរដ្ឋធម្មនុញចែងថា “ព្រះមហាក្សត្រមិនអាចនរណារំលោភបំពានបានឡើយ” ហើយ “ព្រះមហាក្សត្រ ព្រះអង្គទ្រង់ទាក់ទងជាមួយព្រឹទ្ធសភា និងរដ្ឋសភា ដោយព្រះរាជសារ"។
តើលោក ហ៊ុន សែន និងមន្ត្រីគណបក្សកាន់អំណាចផ្សេងទៀតពិតជា គោរពដោយស្មោះចំពោះព្រះមហាក្សត្រមែនទេ? ហើយលិខិតរបស់លោក សម រង្ស៊ី ពិតជាមានចេតនាប្រមាថដល់អង្គព្រះមហាក្សត្រមែនឬយ៉ាងណា?
ទីប្រឹក្សាអមព្រះរាជលេខាធិការដ្ឋានព្រះមហាក្សត្រី លោក អ៊ុំ ដារ៉ាវុធ បានចេញសេចក្តីថ្លែងការណ៍មួយ ចុះកាលបរិច្ឆេតថ្ងៃទី០៧ ខែមេសា ដោយលោកលើកឡើងថា លិខិតរបស់លោក សម រង្ស៊ី មិនធ្វើឲ្យប៉ះពាល់ដល់ព្រះរាជកិត្តិយស និងព្រះរាជកិត្តិនាមព្រះមហាក្សត្រនោះទេ។
បើទោះជាមានលិខិតចេញពីមន្ត្រីព្រះបរមរាជវាំងក៏ដោយ ក៏ស្ថាប័នដែលនៅក្រោមរដ្ឋាភិបាល និងមន្ត្រីគណបក្សប្រជាជនកម្ពុជានៅតែប្រកាន់ជំហរថា លិខិតរបស់លោក សម រង្ស៊ី ពិតជាប្រមាថដល់អង្គព្រះមហាក្សត្រ។
ជាការឆ្លើយតបភ្លាមៗ លោក សម រង្ស៊ី ច្រានចោលការចោទប្រកាន់របស់លោក ហ៊ុន សែន និងមន្ត្រីគាំទ្រ ហើយចោទត្រលប់វិញថា លោក ហ៊ុន សែន ទេដែលធ្លាប់ប្រមាថស្តេច ចង់រំលាយរបបរាជានិមយនោះ «មានគណបក្សគេមួយទៀតនោះ ធ្លាប់តែជេរស្តេច ធ្លាប់តែគំរាមស្តេច ធ្លាប់តែគំរាមរំលាយរបបរាជានិយម បំបាត់ស្ថាប័នរាជបល្ល័ង។ ខ្លួនឯងធ្លាប់ជេរស្តេច រឿងអីមកចោទគេ ថាគេប្រឆាំងស្តេច ខ្លួនឯងហ្នឹងហើយអ្នកប្រឆាំងស្តេចមុនគេ»។
ការលើកឡើងរបស់លោក សម រង្ស៊ី ហាក់សំដៅដល់សម្តីរបស់លោក ហ៊ុន សែន ដែលលើកឡើងកាលពីឆ្នាំ២០០៥ ដោយព្រមានរំលាយរបបរាជានិយម ប្រសិនព្រះមហាក្សត្រមិនព្រមឡាយព្រះហស្ថលេខាលើសន្និសញ្ញា បំពេញបន្ថែមស្តីពីព្រំដែនកម្ពុជា-វៀតណាមនោះ។
មិនមែនទើបតែលើកទី១ទេ ដែលគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ រុញច្រានដាក់ថា គូប្រជែងនយោបាយរបស់ខ្លួនប្រមាថព្រះមហាក្សត្រនោះ។ កាលពីពេលបើកប្រជុំសភាលើកដំបូង នីតិកាលទី៥ កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៣ ពេលនោះព្រះមហាក្សត្រយាងជាអធិបតី តែគណបក្សប្រឆាំងធ្វើពហិការ ក៏រង់ការចោទប្រកាន់ពីគណបក្សកាន់អំណាចថា គណបក្សប្រឆាំងមិនគោរពដល់អង្គព្រះមហាក្សត្រដែរ។ ពេលនោះ ភាគីទាំងពីរប្រឹងប្រែងបកស្រាយរកហេតុផល ដើម្បីបញ្ជាក់ថាពួកគេសុទ្ធតែគោរពតាមខ្លឹមសាររដ្ឋធម្មនុញ និងដង្ហែតាមអង្គព្រះមហាក្សត្រដូចៗគ្នា។
ចំណុចទាំងនេះ ពិបាកនឹងកំណត់ថា អ្នកនយោបាយបច្ចុប្បន្នមានចេតនា ការពាររបបរាជានិយមពិត ឬលើកឡើងពីអង្គព្រះមហាក្សត្រដើម្បីការពារតែផលប្រយោជន៍នយោបាយរបស់ពួកគេនោះទេ។
ប្រធានមជ្ឈមណ្ឌលវប្បធម៌ជាតិ និងសីលធម៌សង្គមលោក ប៉ូ សំណាង មើលឃើញថា អ្នកនយោបាយការពារព្រះមហាក្សត្រ តិចជាងការពារផលប្រយោជន៍នយោបាយ។ លោក អំពាវនាវឲ្យអ្នកនយោបាយទាំងអស់ កុំឲ្យយកអង្គព្រះមហាក្សត្រ ប្រើដើម្បីទាញយកប្រយោជន៍នយោបាយ ដែលនាំឲ្យតម្លៃសីលធម៌ក្នុងសង្គមធ្លាក់នោះ «ជាតិ សាសនា ព្រះមហាក្សត្រ ប្រសិនណាប្រមាថកាតទាន យកព្រះមហាក្សត្រមកដើម្បីយកប្រជាប្រិយរៀងខ្លួនអ៊ីចឹង យើងឃើញថាលិចលង់ហើយ បណ្តាប្រទេសជិតខាងយើង យើងឃើញហើយ គេទុកព្រះមហាក្សត្រនៅដោយឡែក កុំលូកលាន់ជាមួយព្រះអង្គ ហើយដល់ស្រុកខ្មែរយើង យើងធ្វើអ៊ីចឹងទៅ យើងឃើញហើយ ទាញទម្លាក់វិញតើ»។
ការលាបពណ៌គ្នាលើកនេះ ក៏មិនខុសពីលើកមុនៗដែរ គឺពួកគេហាក់ដូចជា ប្រឹងប្រែងបកស្រាយផ្លូវច្បាប់ ចាប់កំហុសគ្នាទៅវិញទៅមក បង្ហាញឥរិយាបថទន់ភ្លន់ការពារនិងលើកស្ទួយព្រះមហាក្សត្រ ប៉ុន្តែក្រោយពេលដែលពួកគេមាន ពន្លឺចរចារកដំណោះស្រាយនយោបាយ នោះពួកគេចាប់ដៃអោបគ្នាចរចាស្ងាត់ៗខ្លះ បើកចំហខ្លះ ចំណែកការចាប់កំហុសគ្នាដើម្បីការពារអង្គព្រះមហាក្សត្រហាក់ដូចជា បញ្ចប់ទៅវិញដោយមិនមានមូលហេតុ៕
No comments:
Post a Comment