Paris Peace Accords 23 Oct. 1991

Sunday, April 13, 2014

នំ​អន្សម​យក្ស​ ត្រូវ​ គេ​ ដាក់​តាំង ​នៅ​ខាង​មុខ​ អង្គរវត្ត

នំ​អន្សម​យក្ស ​ទម្ងន់ ២​តោន ប្រវែង ៥​ម៉ែត្រ ត្រូវ ​ក្រុម​អ្នក​ជំនាញ ​នៃ​សមាគម​ ចុងភៅ​កម្ពុជា រួម​គ្នា ​ធ្វើ​ដាក់​តាំង ​នៅ​មុខ​ប្រាសាទ ​អង្គរ​វត្ត ក្នុង​ឱកាស ​បុណ្យ​ចូល​ឆ្នាំ​ថ្ មី​ប្រពៃណី​ ជាតិ​ខ្មែរ។ RFA/Hang Savyouth   

នំ​អន្សម​យក្ស​ ត្រូវ​ គេ​ ដាក់​តាំង ​នៅ​ខាង​មុខ​ អង្គរវត្ត

RFA | 13 April 2014

នៅ​ក្នុង​ឱកាស ​ចូល​ឆ្នាំ​ថ្មី ​ប្រពៃណី​ជាតិ​ ឆ្នាំ​២០១៤ នេះ, សមាគម​ ចុងភៅ​កម្ពុជា បាន​ផលិត​ នំអន្សម ​យក្ស​មួយ​ ទម្ងន់ ២​តោន ដើម្បី​ ដាក់​តាំង, ព្រមទាំង​ ដាក់​លក់​​ ឲ្យ​ភ្ញៀវ​ទេសចរ ​ដែល​ទៅលេង ​នៅ​រមណីយដ្ឋាន​ ប្រាសាទ​ អង្គរវត្ត ខេត្ត​សៀម​រាប ពេល​បុណ្យ​ ចូល​ឆ្នាំ។


នំអន្សម​យក្ស​ ទម្ងន់ ២​តោន ត្រូវ​ បាន​រថយន្ត​ ស្ទូច ​ពីរ​គ្រឿង ស្ទូច​ដាក់​លើ​ឡាន​ នៅ​ថ្ងៃ​ទី​១៣ មេសា ដឹក​ យក​ទៅ​ដាក់​តាំង​ នៅ​មុខ​ប្រាសាទ ​អង្គរវត្ត ដើម្បី​ ឲ្យ​ភ្ញៀវ​ទេសចរ​ ទស្សនា ពេល​បុណ្យ ​ចូល​ឆ្នាំ​នេះ។  នំអន្សម​យក្ស​នេះ ​ផលិត ​ដោយ​សមាគម ​ចុងភៅ​កម្ពុជា ដែល​​មិន​ធ្លាប់​ មាន​ពី​មុន​មក។

អនុ​ប្រធាន​សមាគម​ចុងភៅ​កម្ពុជា លោក ឡុង បូរ៉ា ប្រាប់​អ្នក​កាសែត នៅ​ថ្ងៃ​ទី​១៣ មេសា ថា ទម្រាំ​សមាគម​លោក​ផលិត​បាន​នំអន្សម​យក្ស​មួយ​នេះ​ឡើង គឺ​ត្រូវ​ចំណាយ​ពេល និង​ចំណាយ​ប្រាក់​អស់​ជាង ៧.៥០០​ដុល្លារ ដែល​ឧបត្ថម្ភ​ដោយ​ម្ចាស់​សណ្ឋាគារ ម្នាស់​ភោជនីយដ្ឋាន និង​ក្រុមហ៊ុន​នានា។

គំនិត​ ផលិត​អន្សម​យក្ស ផ្ដួចផ្ដើម ​ដោយ​សមាគម​ ចុងភៅ​កម្ពុជា ដែល​មាន​ទម្ងន់ ២.០០០​គីឡូ​ក្រាម, ក្នុង​នោះ​ មាន​គ្រឿង​ផ្សំ ដូច​ជា​អង្ករ​ ដំណើប​ ចំនួន ៦០០​គីឡូ, សាច់​ជ្រូក ៣០០​គីឡូ, សណ្ដែក​បាយ ​អស់ ២០០​គីឡូ, ខ្ទិះ​ដូង ៣០០​គីឡូ, ស្ករ ៥​គីឡូ, ​អំបិល ១០​គីឡូ, ម្រេច ៥​គីឡូ, ខ្ទឹមស ៥​គីឡូ, និង​ស្លឹក​ខ្ទឹម ១៦​គីឡូក្រាម។ ចំណែក​ ប្រដាប់ប្រដា ​សម្រាប់ ​វេច​ខ្ចប់​វិញ, គេ ​ត្រូវ​ កាត់​ស្លឹក​ចេក ៤០០​គីឡូ​ ដើម្បី​ ខ្ចប់ និង​កាប់ ​ដើម​ចេក ២០​ដើម ដើម្បី ​ធ្វើ​ចំណង​វេច​ នំ​អន្សម​យក្ស​នេះ។

លោក ឡុង បូរ៉ា ដែល​ជា​ចុងភៅ​នៅ​សណ្ឋាគារ​មួយ​នៅ​ខេត្ត​សៀមរាប រៀបរាប់​ថា ពេល​ផ្ដួច​ផ្ដើម​គំនិត​ផលិត​នំ​នេះ​ឡើង អ្នក​ស្រុក​ភាគ​ច្រើន​មិន​ជឿ​ថា សមាគម​លោក​អាច​ចម្អិន​នំ​អន្សម​យក្ស​នេះ​ឆ្អិន​បាន​ទេ ព្រោះ​ថា​កន្លង​មក សូម្បី​តែ​នំអន្សម​តូចៗ​ធម្មតា​យ៉ាង​ម៉េច ក៏​គង់​មាន​អ្នក​ខ្លះ​ចម្អិន​ឆៅ៖ «ប្រជាជន ​ភាគ​ច្រើន​គាត់​គិត​ថា អន្សម​ហ្នឹង​មិន​អាច​ចំហុយ​ឆ្អិន​ទេ ព្រោះ​វា​ទំហំ​ធំ​ពេក ប្រវែង​ដល់ ៥​ម៉ែត្រ ប៉ុន្តែ​មុន​នឹង​ខ្ញុំ​ធ្វើ​នំអន្សម​យក្ស​ធំ​នេះ​កើត​ឡើង ពួក​ខ្ញុំ​បាន​ព្យាយាម​ធ្វើ​អន្សម​ខ្នាត​ធំ​ដូចជា​ប្រវែង​មួយ​ម៉ែត្រ ពួក​ខ្ញុំ​ធ្លាប់​ធ្វើ​ច្រើន​ដង​ដែរ​ ហើយ​មូលហេតុ​ដែល​ពួក​យើង​ហ៊ាន​ធ្វើ​អន្សម​យក្ស​នេះ​កើត​ឡើង គឺ​ដោយសារ​យើង​ប្ដូរ​រូបមន្ត​បន្តិច។ ធម្មតា​ខ្មែរ​យើង​ចំហុយ​អន្សម​នេះ​គឺ​អ្វីៗ​ក៏​ឆៅ​ដែរ ដូច​ជា​អង្ករ​ដំណើប​ក៏​ឆៅ សាច់​ជ្រូក​ក៏​ឆៅ សណ្ដែក​ក៏​ឆៅ អ៊ីចឹង​ទៅ។ ប៉ុន្តែ​ពួក​យើង​ដូរ​របៀប​ធ្វើ​បន្តិច គឺ​គ្រឿង​ផ្សំ​អី​អស់​ហ្នឹង​ត្រូវ​បាន​យើង​ចំហុយ​ឆ្អិន​អស់​ហើយ ហើយ​គ្រាន់​តែ​យើង​មក​ផ្គុំ​ឲ្យ​ទៅ​ជា​រាង​អន្សម ហើយ​គ្រាន់​តែ​យើង​ចំហុយ​វា​បន្ថែម​ដើម្បី​ឲ្យ​វា​ល្មួត​ឲ្យ​ទៅ​ជា​សាច់​តែ​ មួយ។»

លោក​ឲ្យ​ដឹង​ថា ដើម្បី​ចម្អិន​នំ​អន្សម​យក​នេះ​បាន គេ​ត្រូវ​បញ្ជា​ទិញ​ចង្ក្រាន​ចំហុយ​ពិសេស​មួយ មាន​បណ្ដោយ​ប្រវែង ៧​ម៉ែត្រ មុខ​កាត់ ១​ម៉ែត្រ ៤​តឹក ជម្រៅ ៧​តឹក ហើយ​ចំណាយ​ពេល​ចម្អិន​ចំនួន ២២​ម៉ោង។

នំ​អន្សម​យក្ស​នេះ​នឹង​ដាក់​តាំង​ពិព័រណ៍​នៅ​មុខ​ប្រសាទ​អង្គរវត្ត ខេត្ត​សៀមរាប ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ឆ្នាំ​២០១៤ ដែល​ផ្ដួច​ផ្ដើម​ប្រារព្ធ​ធ្វើ​ឡើង​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា។

អ្នក​នាំ​ពាក្យ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា លោក សោម រតនា បញ្ជាក់​ថា ការ​តាំង​ពិព័រណ៍​​ នំ​អន្សម​យក្ស​នេះ គឺ​ដើម្បី​ទាក់ទាញ​ទេសចរ​ជាតិ​និង​អន្តរជាតិ​ផង និង​ជា​ការ​កែច្នៃ​កម្មវិធី​ប្លែក​ជា​ប្រពៃណី​ដើម្បី​ឲ្យ​អ្នក​ទេសចរ​ទស្សនា ​កម្សាន្ត​ផង ក្រៅ​ពី​ទៅលេង​ប្រាសាទ​អង្គរវត្ត។

លោក សោម រតនា៖ «យើង​ធ្វើ​នេះ​ក្នុង​គោល​បំណង​បង្កើត​បរិយាកាស​សប្បាយ​ រីករាយ​ទាំង​អស់​គ្នា​ក្នុង​លក្ខណៈ​ជា​មហា​គ្រួសារ​ខ្មែរ​ សូម​​អញ្ជើញ​គាត់​មក​ចូល​រួម ហើយ​អ្វី​ដែល​គាត់​ធ្លាប់​បាន​ទស្សនា​លើក​មុន​គាត់​ធ្លាប់​អញ្ជើញ​ទៅ​ទស្សនា ​ប្រាង្គ​ប្រាសាទ​ថ្ម​របស់​យើង គាត់​ទៅ​ទស្សនា​កន្លែង​ផ្សេងៗ​នៅ​ខេត្ត​សៀមរាប។ ឥឡូវ​នេះ​យើង​មាន​ទស្សនីយភាព​ភាព​ច្រើន​ផ្សេងៗ​ទៀត​ មាន​ល្បែង​របាំ​ប្រជាប្រិយ យើង​មាន​ការ​ទាញ​ព្រ័ត្រ បង្កើត​ឯកត្តកម្ម​ជាតិ យើង​មាន​កម្មវិធី​ច្រើន​ផ្សេងៗ​ទៀត អ៊ីចឹង​សូម​អញ្ជើញ​បង​ប្អូន​ចូល​រួម​ទាំង​អស់​គ្នា។»

ទាក់ទង​រឿង​តាំង​ពិព័រណ៍​នំអន្សម​យក្ស លោក ឡុង បូរ៉ា បន្ថែម​ថា នំអន្សម​យក្ស​នេះ​ក្រោយ​ពី​តាំង​រួច​ហើយ នឹង​ត្រូវ​កាត់​លក់​ក្នុង​មួយ​ចាន​តម្លៃ ៥.០០០​រៀល ជូន​អ្នក​ទៅ​ទស្សនា ឬ​អ្នក​ទេសចរ​ដែល​ទៅ​លេង​ប្រាសាទ​អង្គរវត្ត នៅ​ថ្ងៃ​ចូល​ដំបូង​នេះ ហើយ​ប្រាក់​ដែល​បាន​មក​ពី​ការ​លក់​នំអន្សម​យក្ស​នេះ ​នឹង​យក​ទៅ​ឧបត្ថម្ភ​ដល់​មណ្ឌល​កុមារ​កំព្រា ឬ​ឧបត្ថម្ភ​មន្ទីរពេទ្យ៕










No comments:

Post a Comment