ក្រសួង មហាផ្ទៃ ដកតំណែងមន្ត្រី បក្សប្រឆាំងម្នាក់ នៅកំពង់ចាម
RFA | 12 April 2014
ជំទប់ទី២ របស់ គណបក្ស សម រង្ស៊ី ម្នាក់, លោក ថុង ហ៊ាង, ត្រូវ បានមេឃុំ និងសមាជិកឃុំ គគីរ ស្រុកមេមត់ ខេត្តកំពង់ចាម ធ្វើសេចក្ដី ស្នើសូម ទៅក្រសួង មហាផ្ទៃ ដើម្បី ដកចេញពីតំណែង។
លោក បញ្ជាក់ថា ហេតុផល ដែលគេ ដកលោកនេះ ដោយសារ លោក មានជំងឺ ប្រចាំកាយ, ហើយ ត្រូវ ទៅព្យាបាល នៅប្រទេស វៀតណាម ញឹកញាប់ មិនសូវ បានចូលប្រជុំ ក្រុមប្រឹក្សាឃុំ។ ចំណែក មេឃុំ គគីរ បដិសេធ មិនឆ្លើយ ចំពោះ បញ្ហានេះ។
ក្រុមប្រឹក្សាឃុំ និងជាជំទប់ទី២ គណបក្ស សម រង្ស៊ី នៅឃុំគគីរ ស្រុកមេមត់ ខេត្តកំពង់ចាម ម្នាក់ត្រូវបានក្រសួងមហាផ្ទៃ ចេញសេចក្ដីប្រកាសដកចេញពីតំណែង ក្រោយពីមានការស្នើសុំពីមេឃុំ និងសមាជិកឃុំគគីរ និងមានចំណារអភិបាលខេត្តកំពង់ចាម កាលពីខែមីនា ២០១៤ រួចមក។ ក្នុងសេចក្តីប្រកាសនោះ គឺតម្រូវឱ្យមានអ្នកថ្មីជំនួសតំណែងរបស់ជំទប់ទី២ ឃុំគគីរ នោះ។
ក្រុមប្រឹក្សាឃុំ និងជាជំទប់ទី២ គណបក្ស សម រង្ស៊ី នៅឃុំគគីរ លោក ថុង ហ៊ាង បានឱ្យដឹងថា នៅក្រោយពេលដែលក្រសួងមហាផ្ទៃ ប្រកាសសុពលភាពរូបលោកជាជំទប់ទី២ រួចមក ស្ថានភាពជំងឺរបស់លោកគឺមិនសូវល្អនោះទេ ហើយត្រូវការទៅព្យាបាលនៅក្រៅប្រទេសជាញឹកញាប់ ដូចនេះធ្វើឱ្យមានការខកខានបំពេញការងារនៅសាលាឃុំ។
លោកបន្តថា ការខកខាននេះ ក៏រូបលោកបានជម្រាបជូនទៅស្មៀនឃុំ និងជំទប់ផ្សេងទៀតឱ្យដឹងពីមូលហេតុដែលលោកមិនបានចូលប្រជុំនោះ។ នៅចុងឆ្នាំ២០១៣ លោកទទួលដំណឹងថា មេឃុំបានកោះប្រជុំក្រុមប្រឹក្សាឃុំ និងសមាជិកឃុំ ដើម្បីធ្វើសេចក្ដីស្នើសុំដករូបលោកចេញ ហើយក៏បានបញ្ជូនលិខិតមួយច្បាប់មកប្រធានគណបក្សប្រចាំស្រុកអំពី រឿងនេះ។
ក្រោយមកប្រធានគណបក្ស សម រង្ស៊ី ប្រចាំស្រុកមេមត់ ក៏បានធ្វើលិខិតមួយតបទៅដើម្បីបញ្ជាក់ពីមូលហេតុដែលលោកមិនបាន បំពេញការងារនោះ ហើយក៏បាត់ដំណឹងសូន្យមិនឃើញមានកោះហៅរូបលោកទៅសួរនាំពីបញ្ហា នេះ រហូតនៅថ្ងៃ៣ មេសា ២០១៤ ស្រាប់តែឃើញសេចក្ដីប្រកាសមួយរបស់ក្រសួងមហាផ្ទៃ សម្រេចដករូបលោក ទន្ទឹមថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ខណ្ឌ ជិតមកដល់ ដែលធ្វើឱ្យលោកយល់ថា វាជាចេតនានយោបាយទៅវិញ។
លោក ថុង ហ៊ាង៖ «មានចេតនាមួយដើម្បីបំបាត់សំឡេងឆ្នោតយើងមួយដែរ ព្រោះការដកក្នុងការដាក់ហ្នឹងដូចថា រូបខ្ញុំមានមានប័ណ្ណសមាជិកសម្រាប់បោះឆ្នោតសម្រាប់បោះឆ្នោតសាលា ខេត្តគេចេញមកឱ្យហើយ នៅថ្ងៃទី៣ មីនា ២០១៤ ហ្នឹង។»
លោកបន្ថែមទៀតថា សម្រាប់ប្រាក់ខែគឺលោកទទួលបានជារៀងរាល់ខែរហូតមកដល់ខែមីនា ប៉ុន្តែគ្រាន់តែសកម្មភាពអ្វីផ្សេង គឺរូបលោកមិនត្រូវបានខាងឃុំប្រាប់ឱ្យដឹងនោះឡើយ។
មេឃុំគគីរ លោក គ្រុយ ឡេង បានបដិសេធមិនបកស្រាយចំពោះបញ្ហានេះទេ ដោយសារសេចក្ដីសម្រេច គឺធ្វើឡើងដោយក្រសួងមហាផ្ទៃ ដូចនេះលោករុញទៅឱ្យសួរក្រសួងមហាផ្ទៃ ហើយអ្នកនាំពាក្យក្រសួងមហាផ្ទៃ ក៏មិនទាន់អាចធ្វើអធិប្បាយបានដែរ នៅថ្ងៃ១២ មេសា។
យ៉ាងណាក៏ដោយ សេចក្ដីប្រកាសរបស់ក្រសួងមហាផ្ទៃ ដែលបានចុះហត្ថលេខាដោយរដ្ឋលេខាធិការ លោក សក់ សេដ្ឋា កាលពីថ្ងៃទី៣ មេសា ស្ដីពីការប្ដូរសមាជិកក្រុមប្រឹក្សាឃុំ និងជាជំទប់ទី២ ឃុំគគីរ ស្រុកមេមត់ ខេត្តកំពង់ចាម។ ក្នុងសេចក្ដីប្រកាសនោះ ដោយយោងទៅតាមនីតិវិធីមួយចំនួន និងមានចំណាររបស់អភិបាលខេត្តកំពង់ចាម កាលពីថ្ងៃទី២៧ មីនា លើលិខិតរបស់សាលាឃុំគគីរ កាលពីថ្ងៃ២០ មីនា ២០១៤ ក៏បានសម្រេចក្នុងប្រការ១ គឺត្រូវប្ដូរសមាជិកក្រុមប្រឹក្សាឃុំ និងជាជំទប់ទី២ លោក ថុង ហ៊ាង ដោយជំនួសលោក លាស់ អ៊ីមរ៉ន វិញ ហើយប្រការ២ ទទួលស្គាល់លោក ស៊ឹម ហេន ជំនួសលោក លាស់ អ៊ីមរ៉ន ជាសមាជិកក្រុមប្រឹក្សាឃុំគគីរ។ ប្រការ៣ សមាជិកក្រុមប្រឹក្សាឃុំគគីរ ដូចមានក្នុងប្រការ១ និងប្រការ២ ត្រូវអនុវត្តតាមរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋាននានាជាធរមាន។
បញ្ហានេះ នាយកប្រតិបត្តិនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅថា ខុមហ្វ្រែល (COMFREL) លោក គល់ បញ្ហា មានប្រសាសន៍ថា ការសម្រេចដកក្រុមប្រឹក្សាឃុំនេះ ដោយគ្រាន់តែបញ្ហាគាត់មានជំងឺ ហើយមិនបានជម្រាបជូនជាផ្លូវការនោះ លោកយល់ថា វាជារឿងមិនទាន់ត្រឹមត្រូវទាំងស្រុងនោះទេ។ លោកបញ្ជាក់ថា នៅក្នុងបទបញ្ជាថ្នាក់ឃុំសម្រាប់សមាជិកដែលជាប់ឆ្នោត គេមានការដោះស្រាយជាដំណាក់កាលៗ ហើយបទបញ្ជានោះគឺប្រហាក់ប្រហែលគ្នាទៅនឹងបញ្ជារបស់សមាជិកសភាដែរ។
លោក គល់ បញ្ញា៖ «អត់ត្រឹមត្រូវពេញលេញទេ ពីព្រោះបទបញ្ជាផ្ទៃក្នុងជាធម្មតាគេត្រូវមានវិធានការខាងរដ្ឋបាល ហ្នឹង គេមានវិធានអំណាច គ្រាន់តែគាត់មិនគោរពវិន័យ យើងទៅដកភ្លាមនោះទេ សូម្បីតែអ្នកតំណាងរាស្ត្រ។ និយាយចំ មន្ត្រីជាប់ឆ្នោតគេមានរបៀបគេធ្វើការ។ ជំហានទីមួយហ្នឹង គេត្រូវដកប្រាក់ខែ ហើយស្អីៗអ៊ីចឹងទៅ។ ដកប្រាក់ខែហើយប៉ុន្មានដងទៅបានគេស្នើទៅក្រុមប្រឹក្សាឃុំសង្កាត់ ពិនិត្យលទ្ធភាពក្នុងការដក។»
លោកបន្ថែមទៀតថា បើគ្រាន់តែសមាជិកក្រុមប្រឹក្សាឃុំណាដែលមានជំងឺ ហើយមិនបានជូនដំណឹងជាផ្លូវការ ហើយគ្មានការណែនាំ បែរជាប្រជុំសម្រេចដកវិញនោះ គឺជារឿងធ្ងន់ធ្ងរពេក ពីព្រោះមន្ត្រីដែលជាប់ឆ្នោតទាំងអស់ គឺមានច្បាប់សម្រាប់ការពារ មិនអាចចេះតែដកទៅតាមការនឹកឃើញនោះឡើយ៕
No comments:
Post a Comment