កក្កដា-២០១៣៖ គំនរឈើធំៗនៅក្នុងតំបន់ការពារព្រៃព្រះរកា នៃតំបន់ប្រសព្វមុខគ្នា៣ស្រុករបស់ខេត្តព្រះវិហារ។
Provided photo
ព្រៃឈើនៅតំបន់អូរស៊ិនលៃរ៍ នៅឃុំកាឡែង ស្រុកលំផាត់ ខេត្តរតនគិរី ត្រូវគេកាប់រានដើម្បីយកដីកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៣។ Adhoc Photo
សហគមន៍ ព្រៃឈើ បារម្ភ អំពី ការបំផ្លាញព្រៃឈើ នៅតាមបណ្ដាខេត្ត មួយចំនួន
ដោយ ហង្ស សាវយុត / អាស៊ីសេរី | ២៣ មេសា ២០១៤
សហគមន៍ការពារព្រៃឈើ និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួន បានចាត់ទុកតំបន់ព្រៃឡង់នៅខេត្តកំពង់ធំ ព្រៃព្រះរកា ក្នុងខេត្តព្រះវិហារ និងឧទ្យានជាតិវរជ័យ នៅខេត្តរតនគិរី ជាដើម គឺជាតំបន់ព្រៃឈើប្រណីតដែលនៅសេសសល់ចុងក្រោយបំផុតរបស់ប្រទេសកម្ពុជា។ ក៏ប៉ុន្តែបច្ចុប្បន្ន ព្រៃឈើទាំងនោះកំពុងទទួលរងការកាប់ និងដឹកជញ្ជូនធ្វើអាជីវកម្មខុសច្បាប់ជាបន្តបន្ទាប់ ឯការបង្ក្រាបពីកម្លាំងរដ្ឋាភិបាល ក៏មិនមានប្រសិទ្ធភាពទេ។
ក្រុមអ្នកការពារព្រៃឈើ និងមន្ត្រីអង្គការក្រៅរដ្ឋាភិបាលខ្លះ បានធ្លាក់ទឹកចិត្ត និងអស់សង្ឃឹមចំពោះការខិតខំប្រឹងប្រែងរបស់ពួកគេ ដើម្បីជួយឱ្យព្រៃឈើបាននៅគង់វង្សនោះ។
បច្ចុប្បន្ន ព្រៃឈើប្រណីតដែលនៅសេសសល់ចុងក្រោយ ត្រូវបានគេដឹងថា មាននៅតំបន់ព្រៃឡង់ នៃខេត្តកំពង់ធំ ព្រៃព្រះរកា នៅតំបន់ប្រសព្វមុខគ្នា៣ស្រុក នៃខេត្តព្រះវិហារ និងតំបន់ឧទ្យានជាតិវរជ័យ នៃខេត្តរតនគិរី។
ក្រុមអង្គការក្រៅរដ្ឋាភិបាលខ្លះ និងបណ្ដាញសហគមន៍ការពារព្រៃឈើនៅតាមតំបន់ បានយល់ឃើញថា ក្រោយពីព្រៃឈើជាច្រើនរបស់ប្រទេសកម្ពុជា ត្រូវក្រុមឈ្មួញបានចូលកាប់ និងជួញដូរខុសច្បាប់អស់រលីងរយៈពេលជាង ២០ឆ្នាំកន្លងមក គឺទិសដៅថ្មីនៃអ្នកជួញដូរព្រៃឈើ ក៏សម្លឹងឃើញឈើប្រណីតដែលមាននៅក្នុងតំបន់ព្រៃសេសសល់នោះទៀត។
មន្ត្រីផ្នែកតស៊ូមតិរបស់អង្គការពន្លកខ្មែរ ដែលជាអង្គការជួយជ្រោមជ្រែងដល់បណ្ដាញសហគមន៍ការពារព្រៃឈើ ខេត្តព្រះវិហារ គឺលោក ប៉ិក សោភ័ណ។ លោកបានមានប្រសាសន៍ថា បច្ចុប្បន្នព្រៃការពារដ៏ធំមួយឈ្មោះ ព្រះរកា កំពុងត្រូវកងទាហានចូលកាប់យកឈើច្រើនប្រភេទ ទៅលក់ដូរឱ្យក្រុមឈ្មួញ។ លោក ប៉ិក សោភ័ណ បានបញ្ជាក់ថា ក្រៅពីនោះ នៅតាមបណ្ដាស្រុកខ្លះទៀត ដូចជា ស្រុកគូលែន ស្រុកសង្គមថ្មី ស្រុកឆែប ស្រុករវៀង និងស្រុកជ័យសែន ជាដើម ក៏កំពុងមានសកម្មភាពកាប់ឈើយ៉ាងខ្លាំងក្លា យកទៅលក់ខុសច្បាប់ឱ្យក្រុមឈ្មួញ ដឹកជញ្ជូនតាមរថយន្តកុងតឺន័រធំៗនៅពេលយប់ ឯពួកឈ្មួញក៏នៅតែជំរុញ និងលើកទឹកចិត្តអ្នកភូមិឱ្យកាប់ឈើ ដើម្បីទុកលក់ឱ្យពួកគេ។
លោក ប៉ិក សោភ័ណ៖ «តាមប្រជាពលរដ្ឋ ប៉ុន្មានខែមុនដែរគាត់ថា នៅស្រុកឆែប ស្រុករវៀង ស្រុកជ័យសែន ហើយរួមទាំងស្រុកត្បែងមានជ័យ ផង ឈ្មួញដែលប្រមូលទិញឈើគេអះអាងថា គេផ្ដាច់មុខតែម្ដង ហើយគេយកទៅលក់ឱ្យក្រុមហ៊ុន ទ្រី ភាព ដោយរូបភាពណានោះ គឺនៅតែបន្តអ៊ីចឹង។ ឥឡូវនេះវាអស់ឈើប្រណីតធ្នង់ហ្នឹង គឺចាប់ផ្ដើមកាប់ឈើកកោះ ដើមឈើទាល គគីរអីដែរហើយ។ នៅក្នុងស្រុកគូលែន ដូចជា ភូមិព្យួរជ្រូក និយាយពីដើមច្បោះ ជ័រដួលរេលរាប់ពាន់ដើម ដាក់រណាម៉ាស៊ីនរ៉ៃម៉ាស៊ីនអីច្រៀកនៅទីនោះតែម្ដង»។
ចំណែកនៅស្រុកមួយចំនួនរបស់ខេត្តស្ទឹងត្រែង ដែលមានភូមិសាស្ត្រជាប់ព្រំប្រទល់គ្នានឹងខេត្តព្រះវិហារ ដែរក៏មានសេចក្តីរាយការណ៍ថា ក្រុមឈ្មួញសម្រុកទិញឈើប្រណីតជាច្រើនប្រភេទ បណ្ដាលឱ្យអ្នកភូមិនាំគ្នាដើរកាប់ឈើលក់ រហូតធ្វើឱ្យឈើប្រណីតវិនាសស្ទើរផុតពូជ។
បណ្ដាញសហគមន៍ការពារព្រៃឡង់ ប្រចាំខេត្តស្ទឹងត្រែង លោក យ៉ែម សុខខូយ បានមានប្រសាសន៍ថា ចាប់ពីភូមិសាស្ត្រភូមិភ្ញាក់រលឹក ភូមិធ្មា ស្រែវាល នៃស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅដល់តំបន់អន្លង់ភេ អន្លង់ជ្រៃ ចម្ការលើ នៃស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង គឺសកម្មភាពកាប់ឈើប្រណីតយកទៅជួញដូរខុសច្បាប់ កំពុងបន្តកើតមានរហូតដល់អស់ឈើទំហំត្រូវប៉ាន់ពីក្នុងព្រៃទៅហើយ។
លោក យ៉ែម សុខខូយ៖ «រាល់ថ្ងៃប្រជាពលរដ្ឋក្នុងភូមិក៏គេកាប់ គេកាប់ព្រៃ ហើយអ្នកដែលកាប់ឈើលក់ក៏កាប់។ រាល់ថ្ងៃអស់ហើយឈើធ្នង់ អស់ហើយអត់មានសល់ទេ គឺដើរកាប់តាំងពីមែកក្រៀមៗ មែកពុកមែកអីពី ២ឆ្នាំមុន ក៏ប្រមូលយកអស់។ ធ្នង់ បេង នាងនួន អត់មានដើមឈរទេរាល់ថ្ងៃ ឥឡូវដើរជីកឫស ហើយ និងកាត់មែក។ ខ្ញុំមិនដឹងថា ក្រុមហ៊ុនណាដែរឃើញអ្នកដែលមកទិញហ្នឹង មានទាហានមានអី ហើយឡានខ្លះគេដាក់ស្លាក L 77 ខ្លះទៅដាក់ស្លាក SB 29 ជាក្រុមហ៊ុនអី ខ្ញុំអត់ដឹងដែរ»។
ក្រុមសហគមន៍ការពារព្រៃឈើ និងអង្គការក្រៅរដ្ឋាភិបាលខ្លះ បានរកឃើញថា សកម្មភាពបំផ្លាញព្រៃឈើបច្ចុប្បន្ន គឺតាមរូបភាពស្នើសុំដីសម្បទានសេដ្ឋកិច្ច ក៏ប៉ុន្តែនៅពេលដែលដីសម្បទានទាំងនោះមិនទាន់បានអភិវឌ្ឍអ្វីផង ក៏ចាប់ផ្ដើមកាប់ឈើខ្ទេចទៅហើយ។
ទោះយ៉ាងណា មន្ត្រីរដ្ឋាភិបាលបានឆ្លើយតបថា គេកំពុងប្រឹងប្រែងការពារ និងបង្ក្រាបបទល្មើសព្រៃឈើនានាយ៉ាងសកម្ម មិនដែលព្រងើយកន្តើយទេ។
ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកបង្ក្រាបបទល្មើសព្រៃឈើ លោក ឆេង គឹមស៊ុន បានមានប្រសាសន៍ថា លោកតែងដឹកនាំសមត្ថកិច្ច និងមន្ត្រីជំនាញចុះបង្ក្រាបបទល្មើសព្រៃឈើជាប្រចាំថ្ងៃ មិនដែលខានទេ ក៏ប៉ុន្តែឧបសគ្គមួយចំនួនដែលនៅតែមិនអាចទប់ស្កាត់បទល្មើសនៅតាមតំបន់ទាំងអស់បាននៅឡើយ គឺដោយសារតែផ្ទៃដីព្រៃឈើនៅក្នុងប្រទេសមានទំហំធំធេង នេះម្យ៉ាង ឯរឿងមួយទៀត គឺមន្ត្រីរដ្ឋបាលព្រៃឈើនៅមានចំនួនមិនគ្រប់គ្រាន់ ចំណែកប្រជាពលរដ្ឋក៏មានការយល់ដឹងមិនទាន់ជ្រៅជ្រះ ងាយនឹងប្រព្រឹត្តខុសទៅលើការកាប់ឈើទាំងនោះ។
លោក ឆេង គឹមស៊ុន៖ «ការងារនោះយើងបានបញ្ជូនមន្ត្រីរដ្ឋបាលព្រៃឈើចុះធ្វើរាល់ថ្ងៃ អត់ដែលខានទេ ហើយយើងឥឡូវមិនត្រឹមតែធ្វើនៅលើថ្នល់ទេ គឺធ្វើរហូតដល់ក្នុងព្រៃទៀតផង។ យើងបានបង្ក្រាបជារៀងរាល់ថ្ងៃ។ អាចមើលរបាយការណ៍ប្រចាំត្រីមាសរបស់ខ្ញុំបាន បើចង់ដឹងការងារអស់ហ្នឹង ពីព្រោះខ្ញុំមិនធ្លាប់បានរាយការណ៍ទៅខាងណា ក្រៅពីក្រសួងកសិកម្ម ទេ ព្រោះការងាររបស់យើងបានធ្វើជាប់ជាប្រចាំ អត់ដែលមានប្រហែសទេ»។
បើទោះបីជាមន្ត្រីរដ្ឋាភិបាលអះអាងពីជំហរបង្ក្រាបបទល្មើស និងការជួញដូរព្រៃឈើយ៉ាងនេះក៏ដោយ ក៏អង្គការក្រៅរដ្ឋាភិបាលខ្លះនៅតែរិះគន់ថា វិធានការរបស់រដ្ឋាភិបាលមិនមានប្រសិទ្ធភាពទៅលើក្រុមឈ្មួញខ្លះ ដែលមានប្រាក់ និងអ្នកមានអំណាចនៅពីក្រោយខ្នងនៅឡើយទេ។
នាយកប្រតិបត្តិនៃអង្គការការពារធនធានធម្មជាតិ លោក ឈឹម សាវុធ បានមានប្រសាសន៍ថា បច្ចុប្បន្ននៅតំបន់ជាច្រើននៃខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង កំពង់ធំ រតនគិរី និងមណ្ឌលគិរី ជាដើម គឺសកម្មភាពកាប់ជួញដូរឈើខុសច្បាប់ កំពុងកើតឡើងយ៉ាងច្រើន។ អ្នកកាប់ឈើភាគច្រើន គឺជាអ្នកភូមិសុទ្ធសាធ ចំណែកអ្នកដែលប្រមូលទិញឈើទាំងនោះ គឺមានមន្ត្រីយោធាខ្លះ និងក្រុមហ៊ុនរបស់ឧកញ៉ាខ្លះ ដែលស្និទ្ធជាមួយនឹងមន្ត្រីរដ្ឋាភិបាល។
លោក ឈឹម សាវុធ៖ «ការកាប់ឈើ ជាទូទៅវាច្រើននៅកំពង់ធំ បើព្រះវិហារ ភាគច្រើនកាប់ឈើធ្នង់ ឈើនាងនួន។ ព្រះវិហារ ដូចវាមាននៅច្រើន ហើយនិងគ្រាន់បើមានតែព្រៃព្រះរកាទេ បើសិនជាព្រៃព្រះរកាទាហានលុកលុយអ៊ីចឹងទៀត ខ្ញុំគិតថាអស់ឆាប់ៗ។ ឥឡូវនៅវរជ័យ ខេត្តរតនគិរី កន្លងមក មានការកាប់បំផ្លាញយ៉ាងគំហុកប៉ុន្មានថ្ងៃជាប់គ្នា។ ប៉ុន្តែគ្រាន់តែខ្ញុំដឹងថា មុនចូលឆ្នាំមានក្រុមអធិការកិច្ច ហើយនិងក្រុម ស៊ី.អាយ (CI) គេចុះទៅធ្វើសកម្មភាព ស្ទះដំណើរការមួយរយៈហើយ ប៉ុន្តែរហូតមកដល់ឥឡូវ ខ្ញុំអត់ទាន់ដឹងថា តើវាមានសកម្មភាពកើតឡើងយ៉ាងណាទៀតទេ។ បើនិយាយពីមណ្ឌលគិរី វិញ គឺកំពុងតែកាប់ម្ដុំស្រុកកោះញែក ហើយនិងស្រុកកែវសីមា ស្រុកអូរាំង ខ្លាំងមែនទែន ហើយនាំចេញតាមច្រក ៣-៤ នៅក្នុងខេត្តមណ្ឌលគិរី ហ្នឹង»។
អង្គការការពារធនធានធម្មជាតិ បានហៅឆ្នាំ២០១៤ នេះ អាចឈានទៅដល់ឆ្នាំសូន្យនៃការអស់ឈើប្រណីតដែលសេសសល់ចុងក្រោយនៅតាមតំបន់ការពារ ក្នុងខេត្តព្រះវិហារ ខេត្តកំពង់ធំ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី នោះ ប្រសិនបើរដ្ឋាភិបាលមិនចាត់វិធានការបង្ក្រាបទប់ស្កាត់ការជួញដូរឈើខុសច្បាប់ ឱ្យបានទាន់ពេលវេលាទេ៕
No comments:
Post a Comment