Paris Peace Accords 23 Oct. 1991

Friday, April 25, 2014

វិភាគ​ ៖ ​តើ​ការចាប់ខ្លួន​ អ្នក​វាយលុក​ តាម​អ៊ី​ន​ធឺ​ណែ​ត ​ជា​កត្តា​មួយ ​ជួយ​ឲ្យមាន​ច្បាប់​នេះ ​(Cyber Law)?

(រូបថតពី៖ police.gov.kh)

​វិភាគ​ ៖ ​តើ​ការចាប់ខ្លួន​ អ្នក​វាយលុក​ តាម​អ៊ី​ន​ធឺ​ណែ​ត ​ជា​កត្តា​មួយ ​ជួយ​ឲ្យមាន​ច្បាប់​នេះ ​(Cyber Law)?​


ដោយ៖​ អ៊ឹង ប៊ុនថន​ / វីអូឌី | ថ្ងៃសុក្រ ទី25 ខែមេសា ឆ្នាំ2014

ការចាប់ខ្លួន​និស្សិត​វ័យក្មេង​ពីរ​នាក់​ពីបទ ទាក់ទង​នឹង​ការវាយលុក តាម​អ៊ឺន​ធឺ​ណែត គឺ​ស្របពេល​ដែល​រដ្ឋាភិបាល​កម្ពុជា ចង់​ចេញ​ច្បាប់​ស្តីពី អ៊ឺន​ធឺ​ណែត​ (Cyber Law) ខណៈ​ដែល​ក្រុម​សង្គម​ស៊ីវិល​កំពុង​ជំទាស់​នឹង​ច្បាប់​នេះ​។​
សមត្ថកិច្ច កាលពី​ថ្ងៃ​ទី​០៧ ខែ​មេសា ឆ្នាំ​២០១៤ បាន​ឃាត់ខ្លួន​ក្រុម​ហេ​គឃឺអ​នាមិក ​(Hacker)​ កម្ពុជា​ចំនួន​០២​នាក់ បន្ទាប់​ពី​តាមដាន និង​សហការ​ស្រាវជ្រាវ​ជាមួយ​ស្ថាប័ន​ FBI ប្រចាំ​កម្ពុជា​អស់​រយៈពេល​ប្រមាណ​០៨​ខែ។ គេហទំព័រ​របស់​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ បាន​បង្ហាញ​ឈ្មោះ​បុរស​ពីរ​នាក់ ដែល​ជា​ក្រុម​ហេ​គឃឺអ​នាមិក​(Hacker)​ កម្ពុជា ដែល​ម្នាក់ៗ អាយុ​២១​ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី​០៣ នៅ​សាកលវិទ្យាល័យ​មួយ​ក្នុង​រាជធានី​ភ្នំពេញ​។​
​ប្រធាន​ក្រុមប្រឹក្សាភិបាល នៃ​ជ្ឈ​មណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក អ៊ូ វីរៈ យល់ថា ការចាប់ខ្លួន​ក្រុម​ហេ​គឃឺអ​នាមិក​(Hacker) ​កម្ពុជា​ ចំនួន​០២​នាក់​នោះ អាច​ជា​លេស​មួយ​ដើម្បី​បន្ថែម​ទម្ងន់​ក្នុង​ការ​ចេញ​ច្បាប់​អ៊ី​ន​ធឺ​ណែ​ត​នេះ​។ ​ប៉ុន្តែ​លោក​ថា នេះ​មិនមែន​ជា​ហេតុផល​សមរម្យ​ឡើយ​ «​នេះ​ជា​អ្វីដែល​[​យើង​]​ព្រួយបារម្ភ​ដែរ បើសិនជា​រដ្ឋាភិបាល ចាប់ខ្លួន​ហើយ​ប្រកាស​ជា​សាធារណៈ​នេះ អាច​ធ្វើឲ្យ​មានឆ​ន្ទៈក្នុង​ការគាំទ្រ [​ច្បាប់​អ៊ី​ន​ធឺ​ណែ​ត​] ខ្ញុំ​គិតថា​ជា​ការ​យល់​ខុស ព្រោះ​យើង​មានច្បាប់​ជា​ធរមាន​ហើយ តែ​ច្បាប់​ព្រហ្មទណ្ឌ​មិន​គ្រប់គ្រាន់​គឺ​អាច​បន្ថែម​មាត្រា​ខ្លះ»។
ទោះជា​យ៉ាងណា អ្នកច្បាប់យល់ថា សេចក្តីព្រាងច្បាប់​នេះ​បាន​ចេញ​រួច​ហើយ ដូចនេះ​ការចាប់ខ្លួន​ក្រុម​ហេ​គឃឺអ​នាមិក​(Hacker)​នោះ មិន​អាច​បន្ថែម​ទម្ងន់​ឲ្យចេញ​ច្បាប់​នេះ​ទេ​។​
​លោក មេធាវី សុក សំអឿន ប្រធាន​អង្គការ​ក្រុមអ្នកច្បាប់​ការពារ​សិទ្ធិ​កម្ពុជា​មានប្រសាសន៍​ថា ករណីនេះ​គេ​អាច​ប្រើ​ច្បាប់​ព្រហ្មទណ្ឌ​ដែល​មាន​ស្រាប់​ដើម្បី​ដាក់ទោស ហើយ​លោក​ថា មិន​ចាំបាច់​មាន​ច្បាប់​ស្តីពី​អ៊ី​ន​ធឺ​ណែ​ត​(Cyber Law)​ នោះទេ​ «ខ្ញុំ​មើល​សេចក្តីព្រាងច្បាប់​នេះ បើសិនជា ច្បាប់​នេះ​[​ចេញ​មែន​]​ ដូច​ជា​គ្រោះថ្នាក់​សំបើម​ណាស់ ហើយ​ទណ្ឌកម្ម​ក៏​ធ្ងន់​ជាង​ដែរ ដែល​ផ្ទុយ​នឹង​ការវិវត្តន៍​នៅលើ​ពិភពលោក​ពាក់ព័ន្ធ​នឹង ​Social media ​នេះ»​។​
ជនសង្ស័យ​ទាំង​ពីរ​នេះ ត្រូវបាន​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចោទប្រកាន់​តាម​មាត្រា ៤២៧, ៤២៨, ៤២៩ នៃ​ក្រម​ព្រហ្មទណ្ឌ ដែល​ប្រឈម​នឹង​ការពិន័យ​ជា​ប្រាក់​ពី ១០០.០០០​រៀល ដល់ ៤.០០០.០០០​រៀល និង​អាច​ជាប់ពន្ធនាគា​ពី​០១​ខែ រហូតដល់​០២​ឆ្នាំ​។​
ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត​បច្ចុប្បន្ន ត្រូវ​បាន​ឃើញ​ផ្សព្វផ្សាយ​យ៉ាង​ទូលាយ​ពី​រឿងរ​ស៊ើប​នានា​របស់​រដ្ឋាភិបាល ខណៈ​ដែល​វិទ្យុ និង​ទូរទស្សន៍​ក្នុងស្រុក​ភាគច្រើន មិនសូវ​ផ្សាយ​រឿង​ដែល​ប៉ះពាល់​ដល់​មន្ត្រី​ជាន់ខ្ពស់​ទាំងនោះ​។​
អង្គការ​មាត្រា​១៩ ​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុង​ដ៍​ប្រទេស​អង់គ្លេស ធ្លាប់​លើក​ឡើង​ថា តាម​ក្រម​ព្រហ្មទណ្ឌ​នៃ​កម្ពុជា អំពី​ការនិយាយ​បង្ខូចកេរ្តិ៍​ ផ្ទាល់មាត់​ នឹង​ប្រឈម​ដាក់ពន្ធនាគារ​ពី មួយ​ខែ​ទៅ​មួយ​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​មួយ​សែន​ទៅ​មួយ​លាន​រៀល។ ប៉ុន្តែ​ការសរសេរ​បង្ខូចកេរ្តិ៍​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​វិញ​អាច​ប្រឈម​នឹង ការ​ជាប់​ពន្ធនាគារ​ពី​១​ឆ្នាំទៅ​៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​ពីរលាន​ទៅ​៥​លាន​រៀល​។​
​រី​ឯ​មជ្ឈមណ្ឌល​ស្រាវជ្រាវ Pew និង​មជ្ឈមណ្ឌល​ទស្សន៍ទាយ​ពី​ប្រព័ន្ធ​អ៊ីនធឺណិត (Imagining the Internet Center) របស់​សាកលវិទ្យាល័យ Elon ក៏​បាន​ព្រមាន​ដែរ​ថា សេរីភាព​លើ​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត​អាច ប្រឈមមុខ​នឹង​ការ​បៀតបៀន​ពី​រដ្ឋាភិបាល ​និង​សាជីវកម្ម ​«​ដោយ​ពួកគេ​យក​លេស​សំខាន់​ អំពើ​រឿង​សន្តិសុខ​ និង​បទដ្ឋាន​វប្បធម៌​»​។​
​ក្រុមបក្ខពួក​ Hackers​ ដែល​ត្រូវបាន​ចាប់ខ្លួន បាន​បង្ហោះ​នៅលើ​ទំព័រ​ហ្វេ​សប៊ុក​របស់​ខ្លួន​​ ដោយ​ព្រមាន​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា ប្រសិនបើ​មិន​មាន​ការដោះលែង​ក្រុម​របស់​គេ​២​នាក់​។​ តំណាង​ក្រុម​នេះ បាន​ប្រាប់​វិទ្យុ​បរទេស​មួយ​ថា បេសកកម្ម​របស់​ពួកគេ ​ដើម្បី​បង្ហាញ​ទៅ​សាធារណៈជន​ពី​រឿង​ពុករលួយ និង​រឿងអាស្រូវ​នានា​របស់​រដ្ឋាភិបាល​។​
​អ្នកជំនាញ​មួយចំនួន ក៏​បាន​មើលឃើញ​ថា និន្នាការ​ចុងក្រោយ នៃ​ការប្រើ​អ៊ី​ន​ធឺ​ណែ​ត បាន​ក្លាយជា​គុណសម្បត្តិ និង​គុណវិបត្តិ​។ ជាក់ស្តែង​ការប្រើ​អ៊ី​ន​ធឺ​ណែ​ត​នេះ គឺ​មាន​សក្ដានុពល​ឲ្យមាន​បដិវត្តន៍​ផ្លាស់ប្តូរ ​មេដឹកនាំ​ផ្តាច់ការ​នៅ​ពិភព​អារ៉ាប់ ​(Arab Spring) កាន់តែ​ច្រើនឡើង ដែល​ខ្លះ​ប្រកបដោយ​សន្តិភាព ហើយ​ខ្លះ​ទៀត​ដោយ​អំពើ​ហិង្សា​។​
លោក អ៊ូ វីរៈ ​មានប្រសាសន៍​ទៀតថា ដោយសារ​តែ​បញ្ហា​នេះហើយ រដ្ឋាភិបាល​អាច​នឹង​ប្រើ​ច្បាប់​អ៊ី​ន​ធឺ​ណែ​ត​ ដើម្បី​បិទ​គេហទំព័រ​ណា​ដែល​រិះគន់​រដ្ឋាភិបាល​។​ «[​បើ​]​ច្បាប់​នេះ​ចេញមក វា​ហាក់ដូចជា មាន​ឆន្ទៈ​រារាំង​ការប្រព្រឹត្ត​បទឧក្រិដ្ឋ តែ​តាមពិត​ជាក់ស្តែង វា​គ្រាន់តែ​ជា​លេស​ដើម្បី​បិទ​Website ជាច្រើន​ដែល​រិះគន់​រដ្ឋាភិបាល​។ ដូចនេះហើយ​បានជា​យើង​ព្រួយបារម្ភ ដូចជា ប្រទេស​ចិន ថៃ វៀតណាម [​គេ​]​ប្រើ​ច្បាប់​នេះ»។​
មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) បាន​ហៅ​សេចក្តីព្រាងច្បាប់​របស់​រដ្ឋាភិបាល​ក្នុង​គ្រប់គ្រង​លើ​ប្រព័ន្ធ អ៊ី​ន​ធឺ​ណែ​ថា រឹតបន្តឹង​សិទ្ធិសេរីភាព​អ្នកសារព័ត៌មាន និង​គេហទំព័រ ខណៈដែល​ច្បាប់​នេះ​ចែង​ពី​ការ​ជាប់ពន្ធនាគារ និង​ការផាកពិន័យ​ជា​ទឹកប្រាក់​៕



No comments:

Post a Comment