បក្ស ជាតិនិយម ចូលរួម ជាមួយ បក្សសង្គ្រោះជាតិ
ដោយ សុជីវី / អាស៊ីសេរី | ០៨ មេសា ២០១៤
គណបក្ស ជាតិនិយម ចូលរួមជាមួយ គណបក្ស សង្គ្រោះជាតិ ក្នុងគោលដៅ រួបរួមគ្នា រវាង អ្នកប្រជាធិបតេយ្យ ដើម្បីផ្លាស់ប្ដូរ រដ្ឋបាល ថ្នាក់មូលដ្ឋាន។
អគ្គលេខាធិការគណបក្សជាតិនិយម លោក មុត ចន្ថា បានថ្លែងប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃទី៧ មេសា នៅខាងមុខទីស្នាក់ការគណបក្សសង្គ្រោះជាតិ ថា ទាំងថ្នាក់ដឹកនាំ និងអ្នកគាំទ្រគណបក្សជាតិនិយម បានយល់ស្របចូលរួមជាមួយគណបក្សសង្គ្រោះជាតិ ដោយចាប់ផ្ដើមពីការចូលរួមក្នុងបញ្ជីបោះឆ្នោតគណបក្សសង្គ្រោះជាតិ សម្រាប់ការបោះឆ្នោតនៅមូលដ្ឋាន៖ «យើងជាអ្នកប្រជាធិបតេយ្យ ហើយធ្វើការទីទៃជាគ្នាវាជាការបំបែកកម្លាំង។ យើងឈរបោះឆ្នោតតែឯកឯង យើងឈ្នះជាលក្ខណៈឯកជន មិនមែនដើម្បីជាតិ។ អ្វីដែលយើងសម្រេចចិត្តហ្នឹង គឺបោះឆ្នោតក្នុងបញ្ជីគណបក្សសង្គ្រោះជាតិ ដើម្បីរួមកម្លាំងផ្លាស់ប្ដូរនៅមូលដ្ឋាន។ សំខាន់ គឺផ្លាស់ប្ដូរនៅរដ្ឋបាលថ្នាក់ក្រោមបំផុត ពិសេសបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០១៨។»
ទាក់ទិននឹងករណីនេះ ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានថ្លែងថា គណបក្សសង្គ្រោះជាតិ ស្វាគមន៍ការចូលរួមរបស់គណបក្សជាតិនិយម និងចាត់ទុកករណីនេះថា ជាការរួបរួមរបស់អ្នកប្រជាធិបតេយ្យ ដើម្បីសម្រេចជោគជ័យក្នុងការបោះឆ្នោត ជាពិសេសការបោះឆ្នោតនៅមូលដ្ឋាន៕
No comments:
Post a Comment