Paris Peace Accords 23 Oct. 1991

Tuesday, April 1, 2014

ការ​ឃោសនា​ បោះ​ឆ្នោត​ ក្រុម​ប្រឹក្សា​ អាណត្តិ​ទី​២​នឹង​ចាប់​ផ្ដើម​ នៅ​ថ្ងៃ​២ ឧសភា

ទេព នីថា គ.ជ.ប ៣០៥
អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) លោក ទេព នីថា ធ្វើ​សន្និសីទ​កាសែត នា​ទីស្ដីការ គ.ជ.ប កាល​ពី​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១២។

ការ​ឃោសនា​ បោះ​ឆ្នោត​ ក្រុម​ប្រឹក្សា​ អាណត្តិ​ទី​២​នឹង​ចាប់​ផ្ដើម​ នៅ​ថ្ងៃ​២ ឧសភា

ដោយ ដែន អយុធ្យា / អាស៊ីសេរី | ០១ មេសា ២០១៤

មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) បាន​ប្រកាស​ថា កាល​បរិច្ឆេទ​នៃ​ការ​ឃោសនា​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​​​រាជធានី​ខេត្ត និង​ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​២ ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​២ ដល់​​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០១៤។ តំណាង​គណបក្ស​នយោបាយ​មួយ​ចំនួន​បាន​អះអាង​ថា បាន​ត្រៀម​លក្ខណៈ​រួច​ហើយ​ទាក់ទង​ការ​ឃោសនា​នេះ ប៉ុន្តែ​មិន​ធ្វើ​ពិធី​ធំ​ដុំ​នៅ​តាម​ផ្លូវ​សាធារណៈ ដូច​ការ​បោះ​ឆ្នោត​រើស​សមាជិក​សភា​ទេ។
លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប មាន​ប្រសាសន៍​នៅ​ថ្ងៃ​អង្គារ ទី​១ ខែ​មេសា ស្នើ​ដល់​គណបក្ស​នយោបាយ​ឲ្យ​ត្រៀម​សម្ភារៈ​សម្រាប់​ធ្វើ​សកម្មភាព​​ឃោសនា​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​អាណត្តិ​ទី​២ ឲ្យ​ស្រប​តាម​ច្បាប់​កំណត់។
​​
គ.ជ.ប ក៏​បាន​រំលឹក​ដល់​ម្ចាស់​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​ឯកជន ដែល​​មាន​​បំណង​​ជួល​ម៉ោង​ផ្សាយ​ជូន​គណបក្ស​នយោបាយ ដើម្បី​ឃោសនា​ពី​គោល​នយោបាយ ត្រូវ​បញ្ជាក់​ពី​ចំនួន​​​ម៉ោង​សម្រាប់​​លក់ ឬ​ជួល​ឲ្យ​បាន​ត្រឹមត្រូវ និង​ត្រូវ​ជូន​ដំណឹង​មក គ.ជ.ប​។
​លោក ទេព នីថា បញ្ជាក់​ថា រាល់​ការ​លក់ ឬ​ជួល​ម៉ោង​​ផ្សាយ​ឲ្យ​គណបក្ស​នយោបាយ​នីមួយៗ ម្ចាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​ផ្តល់​ជូន​ឲ្យ​បាន​ស្មើ​ភាព ឬ​តម្លៃ​​ស្មើ​​គ្នា។ បន្ថែម​លើ​នេះ មិន​អនុញ្ញាត​ឲ្យ​លក់ ឬ​ជួល​​ម៉ោង​ផ្សាយ​ផ្តាច់​មុខ ទៅ​ឲ្យ​គណបក្ស​នយោបាយ​ណា​មួយ​ជា​ដាច់​ខាត៖ «គាត់​អាច​ធ្វើ​ការ​ប្រជុំ អាច​ធ្វើ​ការ​ហែ​ក្បួន គាត់​អាច​ធ្វើ​ការ​បិទ​ផ្សាយ​ខិត្តប័ណ្ណ​ផ្សេងៗ ទាក់ទង​ការ​ឃោសនា​ដូច​មុន​អ៊ីចឹង។ ក៏ប៉ុន្តែ ជា​ការ​កត់​សម្គាល់​របស់​យើង ដោយសារ​តែ​ការ​បោះ​ឆ្នោត​នេះ​ជា​ការ​បោះ​ឆ្នោត​អសកល អ៊ីចឹង​ទេ​កន្លង​មក​ការ​ហែ​ក្បួន ឬ​ការ​ធ្វើ​ការ​ជួប​ជុំ​ទូលំទូលាយ​មិន​សូវ​មាន​ទេ ដោយសារ​អ្នក​បោះ​ឆ្នោត​ជា​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់។ ម៉្លោះ​ហើយ​អ្នក​ចូល​រួម​ប្រជុំ ឬ​ចូល​រួម​សកម្មភាព​ផ្សេងៗ នៃ​ការ​ឃោសនា​ហ្នឹង គឺ​មុខ​ព្រួញ​សម្រាប់​តែ​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​តែ​ប៉ុណ្ណឹង​បាទ»
ការ​ឃោសនា​បោះ​ឆ្នោត​ជ្រើស​រើស​សមាជិក​ក្រុម​ប្រឹក្សា​រាជធានី ខេត្ត និង​ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​២ មាន​រយៈពេល ១៥​ថ្ងៃ។ រីឯ​កាល​បរិច្ឆេទ​នៃ​ការ​បោះ​ឆ្នោត ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៤។
​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា និង​បក្ស​សង្គ្រោះ​ជាតិ បាន​អះអាង​ដូចៗ​គ្នា​ថា បាន​ត្រៀម​សម្ភារៈ​សម្រាប់​​ឃោសនា​តែ​រៀងៗ​ខ្លួន។ ប៉ុន្តែ​ថ្លែង​ថា មិន​មាន​សកម្មភាព​ហែ​ក្បួន​ទ្រង់ទ្រាយ​ធំ​តាម​ទី​សាធារណៈ​ដូច​​ការ​បោះ​ឆ្នោត​ជ្រើស​រើស​សមាជិក​សភា​ទេ។
លោក អ៊ូ ច័ន្ទឫទ្ធិ មន្ត្រី​ជាន់​ខ្ពស់ និង​ជា​បេក្ខជន​ជាប់​ឆ្នោត​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឲ្យ​ដឹង​ថា គណបក្ស​ខ្លួន​មិន​ធ្វើ​សកម្មភាព​ឃោសនា​មាន​រូបភាព​គគ្រឹកគគ្រេង​នៅ​តាម​ទី​សាធារណៈ​ទេ ព្រោះ​ជា​ការ​បោះ​ឆ្នោត​អសកល៖ «ព្រោះ​យើង​យល់​ថា​ការ​បោះ​ឆ្នោត​នេះ​គ្រាន់​តែ​ជា​ការ​ចែក​នូវ​អ្វី​ដែល​យើង​បាន​នៅ​ក្រុម​ប្រឹក្សា​ឃុំ​ប៉ុណ្ណឹង​ឯង។ ខ្ញុំ​យល់​ថា យើង​មិន​ធ្វើ​ធំ​ដូច​ការ​បោះ​ឆ្នោត​សកល ឬ​បោះ​ឆ្នោត​ជាតិ​ទេ»
ការ​បោះ​ឆ្នោត​នេះ មាន​គណបក្ស​នយោបាយ​ចំនួន​៥ បាន​ចុះ​បញ្ជី​​​គណបក្ស និង​​​បេក្ខជន​ចូល​រួម​ប្រកួត​ប្រជែង រួម​មាន គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សង្គ្រោះ​ជាតិ គណបក្ស​ហ៊្វុនស៊ិនប៉ិច គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ និង​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ។ ការ​បោះ​ឆ្នោត​នេះ ត្រូវ​ធ្វើ​ជា​លក្ខណៈ​​អសកល ដោយ​មាន​តែ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ នៅ​ក្នុង​តំណែង​ទេ​ទើប​មាន​សិទ្ធិ​​បោះ​ឆ្នោត​នេះ​បាន៕



No comments:

Post a Comment