Paris Peace Accords 23 Oct. 1991

Friday, April 25, 2014

សង្គម​ស៊ីវិល​ ទទូច​ឱ្យ ​អ្នក​បញ្ជា​ទិញ​ ចូលរួម​សង្កេត​ការណ៍​ សវនាការ ​​ក្រុម​សហជីព

បាតុករ​ប្រមូល​ផ្តុំ​ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​សកម្មជន​នៅ​​​ជាប់​ឃុំ​ចំនួន​២១​នាក់ នៅ​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​៣ ខែ​មីនា ឆ្នាំ​២០១៤។
បាតុករ​ប្រមូល​ផ្តុំ​ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​សកម្មជន​នៅ​​​ជាប់​ឃុំ​ចំនួន​២១​នាក់ នៅ​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​៣ ខែ​មីនា ឆ្នាំ​២០១៤។

សង្គម​ស៊ីវិល​ ទទូច​ឱ្យ ​អ្នក​បញ្ជា​ទិញ​ ចូលរួម​សង្កេត​ការណ៍​ សវនាការ ​​ក្រុម​សហជីព

 — អង្គការ​ ក្រៅ​រដ្ឋាភិបាល​ ពីរ​ ដែល​ធ្វើ​ការ​ខាង​ផ្នែក​ សិទ្ធិ​កម្មករ ​និង​សហជីព​ បាន​ស្នើ​សុំ​ឱ្យ ​អ្នក​បញ្ជា​ទិញ​ ផលិតផល​រោងចក្រ ​ពី​ប្រទេស​កម្ពុជា ​ចូលរួម​សង្កេតការណ៍ ​លើ​សវនាការ​ កាត់​ទោស​មេដឹកនាំ​ សហជីព សកម្មជន​ដីធ្លី និង​កម្មករ ​ចំនួន​២៣​នាក់​ ដែល​តុលាការ​រាជធានី​ភ្នំពេញ​ គ្រោងបើក​សវនាការ ​នៅ​ថ្ងៃ​សុក្រ​នេះ។​

មជ្ឈមណ្ឌល​ អប់រំ​ច្បាប់ ​សម្រាប់​សហគមន៍​ និង​មជ្ឈមណ្ឌល ​សាមគ្គីភាព​ បាន​បញ្ជាក់​ក្នុង​សារ​របស់​ខ្លួន​កាលពីថ្ងៃ​ទី​២៤​ខែ​មេសា​ថា៖ «ក្នុង​នាម​ជា​ភាគី​ពាក់​ព័ន្ធដែល​មាន​ឥទ្ធិពល​ដ៏​ធំ​សម្បើម​ក្នុង​សេដ្ឋកិច្ច​កម្ពុជាយើង​ខ្ញុំ​សូម​ស្នើ​អស់​លោក​បង្ហាញ​កម្រិត​នៃ​ការ​យក​ចិត្ត​ទុក​ដាក់ខ្លាំង​ក្នុង​ការដោះស្រាយ​វិបត្តិ​ក្នុង​វិស័យ​ឧស្សាហកម្ម​កាត់​ដេរ​កម្ពុជាដោយ​ចូល​រួម​សង្កេត​មើល​សវនាការ​នៃ​អ្នក​ជាប់​ចោទ​ទាំង​២៣នាក់​នៅ​ថ្ងៃ​សុក្រ​នេះ»។


លោក​ មឿន តុលា ប្រធាន​ផ្នែក​កម្មវិធី​ការងារ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា៖ «ឆ្លង​តាម​ការ​ស៊ើបអង្កេត​របស់​អង្គការ​សង្គម​ស៊ីវិល​យើង​ខ្ញុំ​ យើង​ឃើញ​ថា​អ្នក​ទាំង​២៣​នាក់​មិន​គួរ​ត្រូវ​បាន​ចាប់ខ្លួន​ឬ​ក៏​មិន​គួរ​ជាប់​ពន្ធនាគារ​រហូត​ដល់​ពេល​បច្ចុប្បន្ន​ទេ»។​

ជន​ជាប់​ចោទ​ទាំង​២៣​នាក់​ក្នុង​នោះ​មាន​លោក វ៉ន ពៅ ប្រធាន​សមាគម​ប្រជាធិប​តេយ្យឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ដើម​ខែ​មករា​ក្នុង​ការ​បង្រ្កាប​ហិង្សា​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ដែល​រហូត​ដល់​បណ្តាល​ឱ្យ​កម្មករ​យ៉ាង​ហោច​ណាស់​ចំនួន​បួន​នាក់​បាន​ស្លាប់​បាត់​បង់​ជីវិត។​

លោក​មឿន តុលា​បាន​បន្ថែម​ទៀត​ថាលោក​មាន​វីដេអូ​ភស្តុតាង​ដែល​បញ្ជាក់​ថា​ជនទាំង​នោះ​គ្មាន​កំហុស​ទេ​ជាពិសេស​លោក​វ៉ន ពៅ៖ «ទាំង​សំឡេង​ទាំង​រូបភាព​វីដេអូ​បាន​បង្ហាញ​ច្បាស់​ថា​លោក​វ៉ន​ ពៅ គឺ​មិន​មែន​ជា​អ្នកញុះ​ញង់​ឱ្យ​គេ​ប្រើ​ហិង្សា​ឬ​ប្រើ​ហិង្សា​ដោយ​ខ្លួន​ ឯង​ទេ»។

មាន​កម្មកររាប់​រយ​នាក់​បាន​ចេញ​មក​តវ៉ា​ជាប្រចាំ​កាលពី​ចុង​ឆ្នាំ​២០១៣​រហូត​ដល់​ដើមឆ្នាំ​២០១៤​ដើម្បី​ទាម​ទារ​ឱ្យ​ដំឡើង​ប្រាក់​បៀវត្សរ៍​១៦០​ដុល្លារ​ប៉ុន្តែ​រដ្ឋាភិបាល​អាច​ដំឡើង​បាន​ដល់​តែ​១០០​ដុល្លារ​តែ​ប៉ុណ្ណោះ។ ​

អ្នក​សង្កេតការណ៍​ខ្លះ​ថា​ជន​ទាំង​២៣​នាក់​គ្រាន់​តែ​ជា​ចំណាប់​ខ្មាំង​នយោបាយ​ដែល​កំពុង​ស្ថិត​នៅ​ជាប់​គាំង​មិន​ទៅ​មុខ​ទៅ​ក្រោយ​រវាង​គណបក្ស​ធំៗ​ទាំងពីរ​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ៕


No comments:

Post a Comment