លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅព្រលានយន្តហោះអន្តរជាតិភ្នំពញ កាលពីព្រឹកថ្ងៃទី ៨ ខែតុលា ឆ្នាំ២០១៣នេះ។
rfi/siv channa
កម្ពុជា រឹតបណ្ដឹង ចំណងសាមគ្គីភាព ជាមួយ អតីតប្រទេស កុម្មុយនីស្ត នៅអឺរ៉ុប
កម្ពុជា បានចុះកិច្ចព្រមព្រៀង និងអនុស្សរណៈ ចំនួន ៩ ជាមួយ បេឡារុស នៅថ្ងៃ ទី២៣ ខែមេសា, ហើយ មុននោះ មួយថ្ងៃ, កម្ពុជា ក៏បានឯកភាព ជាមួយ អាស៊ែបៃហ្សង់ លើអនុស្សរណៈ មួយដែរ។ នេះ បើ យោងតាម ភ្នាក់ងារទូរទស្សន៍ ជាតិ កម្ពុជា ដែលអមដំណើរ គណៈប្រតិភូ ជាន់ខ្ពស់កម្ពុជា ដឹកនាំ ដោយលោក ហ៊ុន សែន ទៅអឺរ៉ុប ខាងកើត ពីថ្ងៃ ទី២១ ដល់ថ្ងៃ ទី២៥ ខែមេសា ឆ្នាំ២០១។
នៅបេឡារុសវិញ កិច្ចព្រមព្រៀងក្នុងវិស័យឧស្សាហកម្ម រ៉ែ ថាមពល សុខភាពសាធារណៈ ពាណិជ្ជកម្ម សេដ្ឋកិច្ច យោធា និងការជម្រុញវិនិយោគទុន ត្រូវបានចុះហត្ថលេខា។ កម្ពុជា និងបេឡារុស ក៏បានចុះអនុស្សារណៈជាមួយគ្នា ក្នុងវិស័យធនាគារ កសិកម្ម និងក្នុងការចងសម្ព័ន្ធភាពរវាងរាជធានីភ្នំពេញ និងរដ្ឋធានីមីនស្កិះ (Minsk) ផងដែរ។ បើតាមបេសកជនទ.ទ.ក. លោក ហ៊ុន សែន និង មីខាអ៊ីល មីយ៉ាស្នី កូវិច (Mikhail Myasnikovich) ដែលជាប្រមុខរដ្ឋាភិបាល សុទ្ធតែបានសម្តែង«ការសោកស្តាយ» ដែលមុននេះ ប្រទេសទាំងពីរមិនទាន់បានសហការគ្នាខ្លាំងក្លា ដើម្បីទាញប្រយោជន៍ពីសក្តានុពលរបស់ខ្លួនទៅវិញទៅមក។
កាលនៅជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា លោក ហ៊ុន សែន ទៅបេឡារុសម្តងក្នុងឆ្នាំ១៩៨១ និងទៅអាស៊ែបៃហ្សង់ម្តងក្នុងឆ្នាំ១៩៨២ អំឡុងពេលដែលប្រទេសកម្ពុជាស្ថិតក្រោមរបបកុម្មុនីស្ត ដូចប្រទេសទាំងពីរដែលនៅក្នុងសហភាពសូវៀតដែរ។ បន្ទាប់ពីសាធារណរដ្ឋអាស៊ែបៃហ្សង់ និងសាធារណរដ្ឋបេឡារុស បានឯករាជ្យ នៅឆ្នាំ១៩៩១ ហើយបន្ទាប់ពីកម្ពុជាភ្ជាប់ចំណងទូតជាមួយប្រទេសទាំងពីរជាបន្តបន្ទាប់ នៅឆ្នាំ១៩៩៤ និងឆ្នាំ១៩៩៥ នាយករដ្ឋមន្ត្រីខ្មែរ មិនធ្លាប់ទៅទីនោះទៀតឡើយ លើកលែងតែទស្សនកិច្ចទៅវិញទៅមកនៃសមាជិករដ្ឋសភានៃប្រទេសទាំងពីរ។
ការពង្រឹងចំណងទូតរបស់កម្ពុជា ជាមួយអតីតប្រទេសកុម្មុយនីស្តនៅអឺរ៉ុបខាងកើត បានកើតឡើងនៅពេលគណបក្សសង្គ្រោះជាតិ កំពុងបន្តបដិសេធលទ្ធផលនៃការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រឆ្នាំ២០១៣ ហើយមិនចូលប្រជុំសភា។ គណបក្សប្រឆាំងនេះបាន និងកំពុង ធ្វើយុទ្ធនាការស្វែងរកការដាក់ទណ្ឌកម្មលើរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជជនកម្ពុជា ពីសំណាក់ប្រទេសសេរីនៅអឺរ៉ុបខាងលិច អាមេរិកខាងជើង និងអូសេអានី។
កិច្ចព្រមព្រៀងថ្មីៗជាមួយបេឡារុស និងអាស៊ែបៃហ្សង់ ធ្វើឱ្យរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន បង្ហាញឱ្យឃើញនូវភាពស្របច្បាប់របស់ខ្លួនកាន់តែច្រើនឡើង នៅចំពោះមុខបណ្តាប្រទេសសេរីនានា ដែលមិនទាន់ទទួលស្គាល់លទ្ធផលឆ្នោតឆ្នាំ២០១៣ ហើយដែលបានជម្រុញឱ្យគណបក្សកាន់អំណាចនេះចរចាជាមួយគណបក្សប្រឆាំងដើម្បីបញ្ចប់វិបត្តិនយោបាយ៕
No comments:
Post a Comment