Paris Peace Accords 23 Oct. 1991

Tuesday, April 1, 2014

សាលាដំបូង រាជធានីភ្នំពេញ នឹង​បើក​សវន​ការ ​ជន​ជាប់​ចោទ​ ទាំង​២៣​នាក់ ក្រោយ ​ចូលឆ្នាំ​ខ្មែរ​​


សាលាដំបូង រាជធានីភ្នំពេញ នឹង​បើក​សវន​ការ ​ជន​ជាប់​ចោទ​ ទាំង​២៣​នាក់ ក្រោយ ​ចូលឆ្នាំ​ខ្មែរ​​


ដោយ៖​ តាំង វី​ដា​ / វីអូឌី | ថ្ងៃអង្គារ ទី1 ខែមេសា ឆ្នាំ2014

សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៨ ខែ​មេសា ខាងមុខ នឹង​បើក​សវនា​ការជំនុំជម្រះ​ក្តី លើ​សំណុំរឿង​ជនជាប់ចោទ ២៣​នាក់ ដែល​ត្រូវបាន​ចាប់​ខ្លួន​ក្នុង​ហេតុការណ៍​ប៉ះទង្គិច​រវាង​សមត្ថកិច្ច និង​កម្មករ កាលពីដើម​ខែ​មករា កន្លងទៅនេះ​។​
​ជនជាប់ចោទ​ទាំង ២៣​នាក់ ក្នុងនោះ​មាន​លោក វ​ន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ត្រូវបាន​អាជ្ញាធរ​ចាប់​ខ្លួន​ក្នុង​ហេតុការណ៍​ប៉ះទង្គិច​រវាង​កម្មករ និង​សមត្ថកិច្ច កាលពី​ថ្ងៃ​ទី០២ និង​ទី​០៣ ខែ​មករា នៅ​មុខ​រោងចក្រ​យ៉ាក​ជី​ង និង​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា ផ្លូវវ៉េង​ស្រេង នៅ​ពេល​កម្មករ​ធ្វើ​បាតុកម្ម​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​ដល់​កម្មករ ១៦០​ដុល្លារ​ក្នុង​មួយខែ​។​
មេធាវី​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក សំ សុគ​ង់ ឲ្យដឹងថា យោងតាម​លិខិត​អញ្ជើញ សាលាដំបូង​រាជធានី​ភ្នំពេញ នឹង​បើក​សវនា​ការ​ជា​សាធារណៈ លើ​សំណុំរឿង លោក វ​ន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ រួម​នឹង​ជន​ចាប់​ចោទ ២២​នាក់​ផ្សេង​ទៀត នៅ​ម៉ោង៨​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​មេសា ខាងមុខនេះ​។
លោក​បន្តថា សវនាការ​អ្នក​ទាំង​២៣​នាក់​នេះ ត្រូវ​បាន​បែក​ចែកជា បី​ផ្នែក ក្នុងនោះសវន​ការ​ចំនួន​ពីរ នឹង​បើក​លើ​ករណី​មនុស្ស​១០​នាក់ ដែល​ត្រូវបាន​ចាប់ខ្លួន នៅក្នុង​ហេតុការណ៍​ប៉ះទង្គិច​ខាង​មុខ​រោងចក្រ​យ៉ាក​ជី​ង និង​សវនាការ​មួយទៀត នឹង​បើក​លើ​ករណី​កម្មករ​១៣​នាក់ ដែល​ត្រូវបាន​ចាប់ខ្លួន​នៅ​ក្នុង​ការប៉ះទង្គិច​លើផ្លូ​វវ៉េងស្រេង​។​
នៅមុខ​សវនាការ​ជំនុំជម្រះ​ក្តី​នេះ សាលាដំបូង​រាជធានី​ភ្នំពេញ ក៏​នឹង​បើក​សវនា​ការ​ករណី​សុំ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន របស់​លោក ​វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ នៅ​ថ្ងៃ​ទី​៤ ខែ​មេសា​ខាង​មុខ​នេះ​ដែរ​។​
លោក គីម សុជាតិ មេធាវី​សហភាព​ការងារ​កម្ពុជា (CLC) និង​ជា​មេធាវី​ការពារ​សិទ្ធិ​លោក វ​ន់ ពៅ ឲ្យដឹងថា ពាក្យសុំ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន លើក​ទី​៣ ក្នុង​ដំណាក់កាល​មុន​អង្គសេចក្តី​របស់​តុលាការ​នេះ នឹង​ត្រូវ​បើក​នៅ​ម៉ោង ៨​ព្រឹក ថ្ងៃ​សុក្រ ទី​៤ ខែ​មេសា​នេះ​។ លោក​បន្តថា ក្នុង​ដំណាក់​នីតិវិធី​នេះ តុលាការ​សាលាដំបូង ត្រូវ​បើក​សវនាការ​ដោយ​មាន​វត្តមាន​របស់​លោក វ​ន់ ពៅ​។​
​បើ​តាម​មេធាវី​ការពារ​ក្តី​ឲ្យ​ជនជាប់ចោ​ទទាំង​២៣​នាក់​នោះ ករណី​ប៉ះទង្គិច​នៅ​មុខ​រោងចក្រ​យ៉ាង​ជី​ង ក្នុង​ចំណោម​មនុស្ស ១០​នាក់ ដែល​បាន​ចាប់ខ្លួន មាន មនុស្ស​៤​នាក់ រងចោទ​ពីបទ ញ៉ុះញ​ង់​ឲ្យ​ប្រព្រឹត្ត​អំពើ​បង្កឲ្យមាន​ភាពវឹកវ​រ​ធ្ងន់ធ្ងរ​ ដល់​សន្តិសុខ​សង្គម  និង​៦​នាក់​ទៀត រង​ចោទ​ពី​បទ​ហិង្សា​ដោយ​ចេតនា ដោយ​មាន​ស្ថាន​ទម្ងន់ទោស និង​បទ​បំផ្លិច​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស​។
ដោយឡែក កម្មករ ១៣​នាក់ ដែល​ត្រូវបាន​ចាប់ខ្លួន ក្នុង​ការប៉ះទង្គិច​លើផ្លូ​វវ៉េងស្រេង គឺ​១០​នាក់ រង​ចោទ​ពី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកដទៃ​។
ដោយឡែក សម្រាប់​កម្មករ​ម្នាក់ទៀត និង​ពីរ​នាក់ ដែល​ត្រូវបាន​ដោះលែង​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន កាលពី​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ ត្រូវបាន​ចោទប្រកាន់​ថែម​ពីរ​ករណី​ទៀត ពី​បទ​ប្រមាថ​មន្ត្រី​សាធារណៈ និង​បង្ក​ឲ្យ​ខូច​សណ្តាប់ធ្នាប់​សាធារណៈ​។​
​កាលពី​ថ្ងៃ​ទី​០៧ ខែ​កុម្ភៈ កន្លងទៅនេះ តុលាការ​សាលាដំបូង បាន​សម្រេច​ឲ្យ​កម្មករ​ពីរ​នាក់ ឈ្មោះ ប៊ូ សារិទ្ធ អាយុ២៧​ឆ្នាំ និង​ឈ្មោះ ផុន សុខ​ជា អាយុ​១៧​ឆ្នាំ នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​។
អ្នក​ទាំង​២១​នាក់ ដែល​នៅ​សេសសល់​នោះ រួមមាន លោក​វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក ថេង សាវឿន មន្ត្រី​សម្របសម្រួល​បណ្តាញ​កសិក​រ លោក ចាន់ ពុទ្ធីស័​ក្ក សកម្មជន​បឹងកក់​នោះ និង​កម្មករ ១៧​នាក់​ផ្សេង​ទៀត​។ បច្ចុប្បន្ននេះ ពួកគេទាំង​២១​នាក់ កំពុង​ជាប់​ឃុំ​ខ្លួន​នៅ​មណ្ឌល​អប់រំ​កែប្រែ​ម​៣ ឬ​ពន្ធនាគារ​ត្រពាំង​ផ្លុង ក្នុង​ខេត្ត​កំពង់ចាម​៕



No comments:

Post a Comment