២២-កញ្ញា-២០១៣៖ ក្រុមការងាររៀបចំវេទិកានៅរដ្ឋសភា ត្រៀមសម្រាប់កិច្ចប្រជុំសភាលើកដំបូង នីតីកាលទី៥ នៅថ្ងៃទី២៣ កញ្ញា ឆ្នាំ២០១៣។ RFA/Van Vichar
មជ្ឈមណ្ឌល សិទ្ធិមនុស្ស កម្ពុជា អំពាវនាវ ឲ្យសភា ផ្អាកអនុម័ត ច្បាប់ថ្មី
ដោយ យាង សុជាមេត្តា / អាស៊ីសេរី | ០១ មេសា ២០១៤
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) នៅថ្ងៃទី១ ខែមេសា បានអំពាវនាវឲ្យរដ្ឋសភាជាតិកម្ពុជា ផ្អាកការអនុម័តច្បាប់ថ្មីទាំងឡាយ ដរាបណាបញ្ហាជាប់គាំងនយោបាយមិនទាន់បានដោះស្រាយ និងសមាជិកសភានៃគណបក្សនយោបាយជាប់ឆ្នោតទាំង ២ មិនទាន់ចូលប្រជុំរួមគ្នាទេ។
ការអំពាវនាវនេះ ធ្វើឡើងស្របពេលដែលសភាជាតិកម្ពុជា បើកសម័យប្រជុំលើកទី២ របស់ខ្លួននៅថ្ងៃទី១ មេសា ដោយមិនមានការចូលរួមរបស់តំណាងរាស្ត្រជាប់ឆ្នោតមកពីគណបក្សសង្គ្រោះជាតិ។
ក្រៅពីនេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ក៏បានស្នើឲ្យរដ្ឋសភាគួរធានាឲ្យមានការបើកចំហជាសាធារណៈចំពោះសេចក្ដីព្រាងច្បាប់ ហើយធានាឲ្យសង្គមស៊ីវិលមានពេលវេលាគ្រប់គ្រាន់ក្នុងការវិភាគ និងផ្ដល់យោបល់ទៅលើសេចក្ដីព្រាងច្បាប់ទាំងនោះ បើទោះបីជាកន្លងមក មានការស្នើសុំសេចក្ដីព្រាងច្បាប់ជាផ្លូវការមួយចំនួនក៏ដោយ ក៏រដ្ឋាភិបាលនៅតែស្ទាក់ស្ទើរក្នុងការចែករំលែកសេចក្ដីព្រាងច្បាប់ទាំងនោះ និងមិនបានបើកឲ្យមានការចូលរួមពីសង្គមស៊ីវិលនៅឡើយ។
នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកស្រី ចក់ សុភាព។ លោកស្រីបានមានប្រសាសន៍ថា រដ្ឋសភាគួរបង្ហាញពីឆន្ទៈរបស់ខ្លួនចំពោះបញ្ហាសិទ្ធិមនុស្ស ដោយផ្អាកនូវការអនុម័តច្បាប់ថ្មីទាំងឡាយ ដរាបណាមានសមាជិកសភាយ៉ាងហោចណាស់ ១២០រូបចូលរួមនៅក្នុងរដ្ឋសភា។
លោកស្រី ចក់ សុភាព៖ «ក្នុងពេលនេះ នៅពេលដែលស្ថានភាពនយោបាយយើងនៅជាប់គាំង ហើយដោយសារតំណាងគណបក្សប្រឆាំងមិនចូលក្នុងរដ្ឋសភា អ៊ីចឹងរាល់ការអនុម័តច្បាប់នានា ហើយក្នុងអ្វីដែលរដ្ឋាភិបាលគាត់លើកមកថា ចង់អនុម័តឲ្យបានមុនពាក់កណ្ដាលឆ្នាំ២០១៤នេះ វាមានគ្រោះថ្នាក់ខ្លាំងណាស់ ជាពិសេសសម្រាប់ស្ថានភាពសិទ្ធិមនុស្ស ហើយច្បាប់មួយចំនួនដែលរដ្ឋាភិបាលគាត់បានលើកសុទ្ធតែពាក់ព័ន្ធនឹងស្ថានភាពសិទ្ធិមនុស្សទាំងអស់ មានដូចជាប្រព័ន្ធតុលាការ រួមទាំងដូចច្បាប់សមាគមនិងអង្គការមិនមែនរដ្ឋាភិបាលអ៊ីហ្នឹង គឺសំខាន់បំផុត ដែលគួរតែមានវត្តមានរបស់គណបក្សដែលជាប់ឆ្នោត ហើយធ្វើការជជែកដេញដោលឲ្យបានត្រឹមត្រូវ»។
ក្នុងពេលបច្ចុប្បន្ននេះ គណៈរដ្ឋមន្ត្រីនិងស្ថាប័នរដ្ឋាភិបាលផ្សេងទៀត កំពុងពិនិត្យច្បាប់ថ្មីមួយចំនួន ហើយច្បាប់ទាំងនោះ នឹងត្រូវដាក់ជូនទៅកាន់រដ្ឋសភាដើម្បីជជែកពិភាក្សា។ ច្បាប់ថ្មីទាំងនោះ មានដូចជាច្បាប់ស្ដីពីការគ្រប់គ្រងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ច្បាប់ស្ដីពីឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម ច្បាប់ស្ដីពីលក្ខន្តិកៈ អង្គចៅក្រម និងព្រះរាជអាជ្ញា ច្បាប់ស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់តុលាការ ច្បាប់ស្ដីពីសហជីព និងច្បាប់ស្ដីពីឧក្រិដ្ឋកម្មទៅលើប្រព័ន្ធបច្ចេកវិទ្យា។
ពាក់ព័ន្ធនឹងច្បាប់ថ្មីៗទាំងនេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានកត់សម្គាល់ថា ច្បាប់នីមួយៗនេះ នឹងជះឥទ្ធិពលយ៉ាងខ្លាំងទៅលើស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ជាពិសេសទៅលើសេរីភាពខាងការបញ្ចេញមតិ សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ និងសេរីភាពខាងការជួបប្រជុំជាដើម។
មន្ត្រីជាន់ខ្ពស់និងជាតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា លោក ឈាង វុន បានមានប្រសាសន៍នៅថ្ងៃទី១ មេសា ថា សមាជិកសភាដែលកំពុងដំណើរការការងារបច្ចុប្បន្ន គឺជាតំណាងដែលប្រជាពលរដ្ឋបានបោះឆ្នោតឲ្យ ហើយអ្វីដែលសភាកំពុងធ្វើសព្វថ្ងៃ គឺវាស្របទៅតាមច្បាប់។
លោកបន្តថា កម្ពុជាសព្វថ្ងៃមិនមានការជាប់គាំងនយោបាយ ដូចការលើកឡើងរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាឡើយ៖ «សភាមាន ៦៨រូប គ្រប់គ្រាន់សម្រាប់ធ្វើការងារហើយ ចង់ឲ្យសភាមាន ១២០រូបហ្នឹង សូមឲ្យគាត់មើលដំណើរការរដ្ឋសភា តាំងពីឆ្នាំ១៩៩៣ មក ការប្រជុំរបស់រដ្ឋសភាមិនដែលមានរហូតដល់ ១២០នាក់ទេ នៅក្រោមហ្នឹង ក្រោមឆ្ងាយផងពេលខ្លះ។ អ៊ីចឹងហើយសូមឲ្យគាត់រៀនសូត្រពីនយោបាយនៅកម្ពុជា ឲ្យបានច្បាស់លាស់ កុំឲ្យមានអណ្ដាតចេះតែនិយាយ ប្រសិនជាគាត់អត់និយាយ គេអត់ចោទគាត់ថា គាត់គដែរ»។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ក៏បានអំពាវនាវឲ្យគណបក្សជាប់ឆ្នោតទាំង ២ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ត្រឡប់ទៅរកការចរចាវិញ និងគួរដាក់បញ្ហាសិទ្ធិមនុស្សជាបញ្ហាអាទិភាព និងគួរធ្វើការចរចាប្រកបដោយចេតនាច្បាស់លាស់ ដើម្បីដោះស្រាយបញ្ហាជាប់គាំងនយោបាយនៅកម្ពុជា៕
No comments:
Post a Comment