Paris Peace Accords 23 Oct. 1991

Tuesday, April 1, 2014

តំណាង​ពលរដ្ឋ​ ៣​នាក់ ត្រូវបាន ​ចាប់ខ្លួន រឿង​ ជម្លោះ​ដីធ្លី ​នៅ​ខេត្ត​ប៉ៃលិន​​

តំណាង​ពលរដ្ឋ​ ៣​នាក់ ត្រូវបាន ​ចាប់ខ្លួន រឿង​ ជម្លោះ​ដីធ្លី ​នៅ​ខេត្ត​ប៉ៃលិន​​


ដោយ៖​ សយ សំអាត​ | ថ្ងៃចន្ទ ទី31 ខែមិនា ឆ្នាំ2014

តំណាង​ប្រជាពលរដ្ឋ​ ៣​នាក់ ត្រូវបាន ​កម្លាំង​អាជ្ញាធរ ​ខេត្ត​ប៉ៃលិន ចាប់ខ្លួន​ នៅ​រសៀល​ថ្ងៃ​ចន្ទ​នេះ  ដោយសារ​ បញ្ហា​ជម្លោះ​ដីធ្លី​។​
​តំណាង​ពលរដ្ឋ​ទាំង​៣​នាក់​នោះ រួម​មាន​បងប្អូន​ស្រី​ពីរ​នាក់ គឺ អ្នកស្រី អោម សំ​អាត់ អ្នកស្រី​អោម សំ​អាល់ និង​លោក​ពេជ្រ សុធា ដែល​ត្រូវបាន​ចាប់ខ្លួន​នៅ​ម៉ោង​៤​រសៀល​។ ពលរដ្ឋ ឲ្យដឹងថា កម្លាំង​អាជ្ញាធរខេត្ត បាន​ចុះមក​ចាប់​តំណាង​ពលរដ្ឋ​នៅ​នឹង​ផ្ទះ​។
ការចាប់ខ្លួន​នេះ ធ្វើឡើង​បន្ទាប់​ពី​ប្រជាពលរដ្ឋ បាន​ប្រមូលផ្តុំ​នៅ​មុខ​សាលាខេត្ត​ប៉ៃលិន ដើម្បី​ដាក់​ញាត្តិ​ទាមទារ​ឲ្យ​អាជ្ញាធរ​ផ្ដល់​ជា​សំណង​ឬ​រក​ទី​កន្លែង​ថ្មី សម្រាប់​ពួកគាត់ ករណី​រឿង​ដីធ្លី​។​
VOD មិនទាន់អាចទាក់ទងអាជ្ញាធរខេត្ត ដើម្បីអត្ថាធិប្បាយលើការចាប់ខ្លួនបាននៅឡើយទេ។
​ពលរដ្ឋ ឲ្យដឹងថា  ពួកគេ​ប្រមាណ​១១៨​គ្រួសារ រង​ការបណ្តេញចេញ​ពី​ភូមិក្រឹង ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន តាំងពី​ឆ្នាំ​២០០៦​។​ពលរដ្ឋ​ថា កាលពី​ឆ្នាំ​២០០០ ប្រជាពលរដ្ឋ​បាន​ទទួល​ដី​ពី​មេ​ភូមិ​មួយ​ចំនួន ដើម្បី​រស់​នៅ និង​ប្រកប​របរ​ចិញ្ចឹមជីវិត​។​
​កាលពី​ថ្ងៃ​ទី​១​ខែ​មីនា អាជ្ញាធរ​ស្រុក​ស្រា​លា​ក្រៅ​ខេត្ត​ប៉ៃលិន បាន​បញ្ជា​ឲ្យ​ប្រជាពលរដ្ឋ​១៩ គ្រួសារ​រុះរើ​ផ្ទះ​ដោយ​អះអាងថា ផ្ទះ​ទាំងនោះ​សង់​នៅលើ​ដី​ជា​កម្មសិទ្ធិ​របស់​រដ្ឋ​។​ប្រជាពលរដ្ឋ ឲ្យដឹងថា អភិបាល​ស្រុករ​សាលា​ក្រៅ ខេត្ត​ប៉ៃលិន បាន​បញ្ជា​ឲ្យ​ប្រជាពលរដ្ឋ​រុះរើ​ផ្ទះ​ចេញពី​ដី​នៅ​ទីនោះ តែ​ប្រជាពលរដ្ឋ​មិន​ព្រម​។ ប្រជាពលរដ្ឋ​បន្តថា ពួកគេ​នឹង​មិន​ចាកចេញ​ពី​ទី​នោះ​ទេ ព្រោះ​ដី​នោះ ពួកគេ​បានរស់នៅ​ច្រើន​ឆ្នាំ​ហើយ ប្រសិនបើ​អាជ្ញាធរ​ដេញ​ប្រជាពលរដ្ឋ​ចេញ ត្រូវ​រក​ទីកន្លែង​ថ្មី​សម្រាប់​ពួកគេ​៕



No comments:

Post a Comment