Paris Peace Accords 23 Oct. 1991

Tuesday, April 1, 2014

អ្នក​ច្បាប់​ និង​សង្គម​ស៊ីវិល៖ ដំណើរ​ការ​ របស់​សភា​ បច្ចុប្បន្ន ​មិន​ស្រប​ច្បាប់

ប្រជុំ​សភា ២០១៣ ៧៥
ព្រះមហាក្សត្រ​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ថតរូប​ជាមួយ​អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ខាង​មុខ​អគារ​រដ្ឋ​សភា ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​​ព្រឹក​ថ្ងៃ​២៣ កញ្ញា ២០១៣។  RFA/Van Vichar

ខុមហ្វ្រែល ៦១០
កិច្ច​ពិភាក្សា​និង​ការ​ផ្ដល់​អនុសាសន៍​ស្ដីពី​កំណែ​ទម្រង់​រដ្ឋ​សភា​ដែល​រៀបចំ​ឡើង​ដោយ​អង្គការ​ខុមហ្វ្រែល (Comfrel) នៅ​ថ្ងៃ​ទី​៣១ មីនា ឆ្នាំ​២០១៤។ RFA/Tin Zakariya

អ្នក​ច្បាប់​ និង​សង្គម​ស៊ីវិល៖ ដំណើរ​ការ​ របស់​ សភា​ បច្ចុប្បន្ន ​មិន​ស្រប​ច្បាប់

ដោយ ទីន ហ្សាការីយ៉ា / អាស៊ីសេរី |​ ៣១ មីនា ២០១៤

គណៈកម្មាធិការ​ ដើម្បី​​ ការ​បោះ​ឆ្នោត​ ​ដោយ​សេរី​ និង​យុត្តិធម៌​​ នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្វ្រែល (Comfrel) បាន​ចេញ​ របាយការណ៍ ​ឃ្លាំមើល​សកម្មភាព​​ ​ក្នុង​ឆមាស​ដំបូង​ របស់​​ សភា​ឯកបក្ស​ នីតិកាល​ទី​៥​នេះ គឺ ​មាន​បញ្ហា ​មិន​ប្រក្រតី​ ជា​ច្រើន រាប់​ទាំង​ ការ​ប្រជុំ​សភា​ដំបូង​កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៣ ដល់​ខែ​កុម្ភៈ ឆ្នាំ​២០១៤​ ក្នុង​នោះ​ មាន​ទាំង ​ការ​បញ្ចេញ​មតិ​ ក្នុង​សភា និង​ការ​បង្កើត ​ច្បាប់ ​ជាដើម។
ក្រុម​អ្នក​ច្បាប់​និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន បាន​ចាត់​ទុក​ការ​អនុម័ត​ច្បាប់​របស់​រដ្ឋ​សភា​ឯកបក្ស​បច្ចុប្បន្ន ថា​ជា​ច្បាប់​មិន​មាន​ធម្មនុញ្ញភាព ដោយសារ​ថា រដ្ឋ​សភា​បច្ចុប្បន្ន​មិន​មែន​ជា​សភា​ស្រប​ច្បាប់។
អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា រដ្ឋ​សភា​បច្ចុប្បន្ន​ពុំ​មាន​លក្ខណៈ​ស្រប​ច្បាប់​ទេ។ លោក​បន្ថែម​ថា ទាំង​សភា ទាំង​រដ្ឋាភិបាល ស្ថាប័ន​ទាំង​ពីរ​នេះ​មិន​ស្រប​ច្បាប់​ដូច​គ្នា ដូច្នេះ​ការ​អនុម័ត​ច្បាប់​របស់​សភា​ឯកបក្ស​កន្លង​មក គឺ​អធម្មនុញ្ញភាព៖ «រដ្ឋាភិបាល​អត់​មាន​លក្ខណៈ​ច្បាប់​ទេ ព្រោះ​សភា​ក៏​អត់​មាន​លក្ខណៈ​ច្បាប់​ផង ហើយ​តុលាការ​ក៏​ដូច​គ្នា តុលាការ​អត់​មាន​ច្បាប់​ស្ដីពី​លក្ខន្តិកៈ​ព្រះរាជអាជ្ញា​និង​ចៅក្រម​ផង»


ក្រុម​អ្នក​ច្បាប់​បាន​ថ្លែង​ដូច្នេះ​នៅ​ក្នុង​កិច្ច​ពិភាក្សា និង​ការ​ផ្ដល់​អនុសាសន៍​ស្ដីពី​កំណែ​ទម្រង់​រដ្ឋ​សភា ដែល​រៀបចំ​ឡើង​ដោយ​អង្គការ​ខុមហ្វ្រែល។ នៅ​ក្នុង​កិច្ច​ពិភាក្សា​នេះ ខុមហ្វ្រែល ក៏​បាន​អញ្ជើញ​តំណាងរាស្ត្រ​មក​ពី​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ ​គឺ​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា និង​បេក្ខជន​តំណាងរាស្ត្រ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ ក៏ប៉ុន្តែ​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា មិន​បាន​មក​ចូល​រួម​នោះ​ទេ។
នៅ​ក្នុង​កិច្ច​ពិភាក្សា​នេះ អង្គការ​ខុមហ្វ្រែល បាន​ចេញ​របាយការណ៍​ស្ដីពី​ការ​ឃ្លាំមើល​សភា និង​តំណាងរាស្ត្រ​បេក្ខជន​ជាប់​ឆ្នោត​នៅ​ក្នុង​រយៈពេល ៦​ខែ​កន្លង​មក នៅ​ក្នុង​អំឡុង​ពេល​ជាប់​គាំង​នយោបាយ​នេះ។ បញ្ហា​មិន​ប្រក្រតី​ទាំង​នោះ រួម​មាន ការ​បង្កើត​រដ្ឋ​សភា ដោយ​យោង​លើ​រដ្ឋធម្មនុញ្ញ​មាត្រា ៧៦ ការ​បង្កើត​រដ្ឋ​សភា​ដំបូង​ត្រូវ​មាន​តំណាងរាស្ត្រ​យ៉ាង​តិច ១២០​រូប​ជាដើម។
នៅ​ក្នុង​របាយការណ៍​ឃ្លាំមើល​សភា​រយៈពេល ៦​ខែ​នេះ បាន​លើក​ពី​ចំណុច​ជា​ច្រើន​ទៀត ដូចជា​ក្នុង​ឆមាស​ដំបូង​នៃ​រដ្ឋ​សភា​នីតិកាល​ទី​៥ ចាប់​ពី​ខែ​កញ្ញា ឆ្នាំ​២០១៣ ដល់​ខែ​កុម្ភៈ ឆ្នាំ​២០១៤ រដ្ឋ​សភា​បាន​បើក​កិច្ច​ប្រជុំ​ដំបូង​មួយ​លើក និង​កិច្ច​ប្រជុំ​ពេញអង្គ​ចំនួន ៤​លើក ដោយ​បាន​យក​របៀបវារៈ​ចំនួន ១៣ ក្នុង​នោះ​មាន​រៀបវារៈ​ចំនួន ១០ តម្រូវ​ឲ្យ​មាន​ការ​ពិភាក្សា​និង​អនុម័ត ហើយ​របៀបវារៈ ៣​ផ្សេង​ទៀត តម្រូវ​ឲ្យ​មាន​ការ​បោះ​ឆ្នោត។ ការ​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ភាគ​ច្រើន​សំឡេង ៦៦ លើ ៦៦​សំឡេង ដូចជា​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​បង្កើត​ក្រសួង​មុខងារ​សាធារណៈ និង​ច្បាប់​ផ្សេងៗ​ទៀត​ជាដើម។
នៅ​ក្នុង​ការ​ពិភាក្សា​និង​អនុម័ត​ច្បាប់​នេះ តំណាងរាស្ត្រ​ដែល​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា តែ​មួយ​នោះ ស្ទើរ​តែ​មិន​បាន​ជជែក​វែកញែក​ឲ្យ​បាន​ផុលផុស​នោះ​ឡើយ។ ខុមហ្រ្វែល វាយ​តម្លៃ​ថា ដំណើរ​ការ​រដ្ឋ​សភា​នីតិកាល​ទី​៥​នេះ ដែល​ជា​សភា​ឯកបក្ស​មិន​អាច​បំពេញ​តួនាទី​របស់​ខ្លួន​បាន​ល្អ​ទេ។
ឆ្លើយ​តប​នឹង​បញ្ហា​នេះ ប្រធាន​គណៈកម្មការ​កិច្ចការ​បរទេស​សហ​ប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន​នៃ​រដ្ឋ​សភា និង​ជា​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈាង វុន ចោទ​ប្រកាន់​ថា ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំង​នេះ ជា​ក្រុម​គាំទ្រ​គណបក្ស​ប្រឆាំង ហើយ​ថា របាយការណ៍​នេះ​មាន​លក្ខណៈ​នយោបាយ៖ «រហូត​មក​ដល់​ឥឡូវ​នេះ សភា​យើង​ធ្វើ​កិច្ចការ​ច្បាស់លាស់​ណាស់ ស្អែក​ហ្នឹង យើង​នឹង​ប្រកាស​ថា តើ​សភា​របស់​យើង​ធ្វើ​អ្វី​ខ្លះ​កន្លង​មក​ហ្នឹង ហើយ​សភា​របស់​យើង​បាន​ធ្វើ​កិច្ចការ​ជាមួយ​ប្រទេស​មួយ​ចំនួន​ទៀត»
បេក្ខជន​តំណាងរាស្ត្រ​ជាប់​ឆ្នោត​មណ្ឌល​ភ្នំពេញ លោក សុន ឆ័យ បាន​លើក​ពី​អនុសាសន៍​ចំនួន ១២ របស់​លោក​នៅ​ក្នុង​កិច្ច​ពិភាក្សា​នោះ រួម​មាន ការ​កំណត់​ប្រធាន​និង​អនុ​ប្រធាន​សភា ការ​បង្កើត​ក្រុម​តំណាងរាស្ត្រ​គណបក្ស​នៅ​ក្នុង​រដ្ឋ​សភា និង​មាន​បន្ទប់ និង​ថវិកា​ប្រើប្រាស់​យោង​តាម​ចំនួន​ដែល​ក្រុម​មាន បង្ក​ការ​ងាយ​ស្រួល​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការ​ធ្វើ​បណ្ដឹង​មក​រដ្ឋ​សភា និង​ដោះស្រាយ​បណ្ដឹង​ឲ្យ​មាន​ប្រសិទ្ធភាព និង​ផ្ដល់​លទ្ធភាព​ឲ្យ​តំណាងរាស្ត្រ​ម្នាក់ៗ​មាន​ការិយាល័យ​ផ្ទាល់​នៅ​ក្នុង​មណ្ឌល​របស់​ខ្លួន មាន​បុគ្គល​បម្រើ​ការងារ​ផង និង​ករណី​ជា​ច្រើន​ទៀត។
ដោយ​ឡែក​ខុមហ្វ្រែល ក៏​បាន​រក​ឃើញ​ពី​ការ​ធ្វើ​សកម្មភាព​ចុះ​មូលដ្ឋាន​រវាង​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា និង​បេក្ខជន​តំណាងរាស្ត្រ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ មាន​សកម្មភាព​ប្រហាក់​ប្រហែល​គ្នា ដូចជា​ការ​ជួប​សំណេះសំណាល សួរ​សុខទុក្ខ ចែក​អំណោយ សម្ពោធ​សមិទ្ធផល​នានា ការ​ចុះ​ពង្រឹង​ផ្ទៃ​ក្នុង និង​បណ្ដាញ​គណបក្ស ការ​ចុះ​អម​ដំណើរ​ជា​ក្រុម ឬ​អម​ថ្នាក់​ដឹកនាំ ការ​ចូល​រួម​ក្នុង​វេទិកា​សាធារណៈ​ជាដើម។ ដោយ​ឡែក​ការ​អន្តរាគមន៍ និង​ការ​ដោះស្រាយ​បញ្ហា​នានា ជូន​ប្រជាពលរដ្ឋ​គណបក្ស​សង្គ្រោះ​ជាតិ មាន ៥% រី​ឯ​គណបក្ស​ប្រជាជន​កម្ពុជា ០%។
ខុមហ្រែ្វល​និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល អ្នក​វិភាគ​ឯករាជ្យ បាន​ផ្ដល់​អនុសាសន៍​ជា​ច្រើន​សម្រាប់​រដ្ឋ​សភា និង​ការ​កែ​ទម្រង់​បទបញ្ជា​ផ្ទៃក្នុង​រដ្ឋ​សភា ដូចជា​ជម្រើស​ទី​១ គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​ធ្វើ​ជា​ប្រធាន​សភា និង​ធ្វើ​ជា​ប្រធាន​គណៈកម្មការ​ជំនាញ ៤ រី​ឯ​អនុ​ប្រធាន​សភា​ទាំង​ពីរ ត្រូវ​ធ្វើ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា និង​ធ្វើ​ជា​ប្រធាន​គណៈកម្មការ​ជំនាញ​ចំនួន ៥។
ជម្រើស​ទី​២ គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​ធ្វើ​ជា​ប្រធាន​សភា និង​ធ្វើ​ជា​ប្រធាន​គណៈកម្មការ​ជំនាញ​ចំនួន ៤ រី​ឯ​អនុ​ប្រធាន​រដ្ឋ​សភា​ទាំង​ពីរ​ត្រូវ​ធ្វើ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ធ្វើ​ជា​ប្រធាន​គណៈកម្មការ​ជំនាញ​ចំនួន ៥​វិញ។ ម្យ៉ាង​ទៀត នាយករដ្ឋមន្ត្រី​និង​សមាជិក​រដ្ឋាភិបាល​ត្រូវ​មក​ឆ្លើយ​សំណួរ​ជាមួយ​តំណាងរាស្ត្រ​ស្រប​តាម​បទបញ្ញត្តិ​ដែល​មាន​ចែង​ក្នុង​មាត្រា ៩៦ មន្ទីរ​រដ្ឋ​សភា​ត្រូវ​បើក​ឲ្យ​ប្រជាពលរដ្ឋ​ចូល​រួម​ស្តាប់​ការ​ប្រជុំ​របស់​តំណាងរាស្ត្រ ការ​អនុម័ត​ច្បាប់ និង​អនុសាសន៍​ជា​ច្រើន​ទៀត៕


No comments:

Post a Comment