Paris Peace Accords 23 Oct. 1991

Tuesday, April 1, 2014

ហ៊ុន សែន​៖ CPP បានកំណត់​ ដើរ​ទៅ​មុខ តែ​ CNRP ម្តង​ដើរ​ទៅ​មុខ ម្តង​ដើរ​ថយក្រោយ​​

លោក ហ៊ុន សែន ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅព្រឹកថ្ងៃអង្គារនេះ (រូបថត៖ ណាត សុភាព)

ហ៊ុន សែន​៖ CPP បានកំណត់​ ដើរ​ទៅ​មុខ តែ​ CNRP ម្តង​ដើរ​ទៅ​មុខ ម្តង​ដើរ​ថយក្រោយ​​


ដោយ៖​ ណាត សុភាព និងស៊ុន ណារិន​ / វីអូឌី | ថ្ងៃអង្គារ ទី1 ខែមេសា ឆ្នាំ2014

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​នៅ​ថ្ងៃ​អង្គារ​នេះ​ថា គណបក្ស​ប្រជាជន​កម្ពុជា​(CPP)​បានកំណត់​ដើរ​ទៅ​មុខ តែ​គណបក្ស​សង្គ្រោះ​ជាតិ​(CNRP) ម្តង​ដើរ​ទៅ​មុខ ម្តង​ដើរ​ថយក្រោយ​។​
​លោក ហ៊ុន សែន បាន​បង្វែរ​សំណួរ​អ្នកសារព័ត៌មាន​ទៅ​សួរ​ខាង​ភាគី​CNRP​វិញ​។​បន្ទាប់ពី​កិច្ចប្រជុំ​សភា​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ អ្នកសារព័ត៌មាន បាន​ព្យាយាម​សួរ​សំណួរ​ទៅ​លោក ហ៊ុន សែន តែ​លោក​ថ្លែងថា លោក​មិន​អាច​បំពេញ​បំណង​របស់​អ្នកសារព័ត៌មាន​ទេ​។ លោក​បញ្ជាក់ថា​ «​ដោយសារ​តែ​យើង​បាន​កំណត់​ថា​យើង​ត្រូវ​ដើរ​ទៅ​មុខ ឯ​អ្នក​ដទៃ គេ​ម្តង​គេ​ដើរ​ទៅ​មុខ​គេ​ម្តង ដើរ​ថយក្រោយ​»​។​
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ប្រាប់​VOD​ថា លោក​មិន​ខ្វល់​នឹង​ការលើកឡើង​នេះ​ទេ ហើយ​គណបក្ស នៅ​តែ​រក្សា​ជំហរ​របស់​ខ្លួន​ដដែល គឺ​ទាមទារ​ឲ្យ​បោះឆ្នោត​ឡើងវិញ និង​កំណែទម្រង់​គជប​មុន​ការបោះឆ្នោត​ឡើងវិញ​។ លោក​បញ្ជាក់ថា អ្វី​ដែល​គណបក្ស​ទាមទា​រ គឺ​ដើម្បី​ការពារ​ឆន្ទៈ​ប្រជាពលរដ្ឋ មិន​ទាមទារ​សម្រាប់​តំណែង​នោះ​ទេ គឺ សម្រាប់​ប្រជារាស្ត្រ​ខ្មែរ​។​
​ក្រោម​ស្មារតី​នៃ​ជំនួប​កំពូល​របស់​ថ្នាក់ដឹកនាំ​បក្ស​ទាំងពីរ កាលពី​ថ្ងៃ​ទី​១៦ និង​១៧ ខែ​កញ្ញា ក្រុម​ការងារ​បច្ចេកទេស​ចរចា និង​ក្រុម​គណៈកម្មការ​ចម្រុះ​កែ​ទម្រង់​ការ​បោះឆ្នោត​បក្ស​ទាំងពីរ បានចាប់ផ្តើម​កិច្ចចរចា​ជា​បន្តបន្ទាប់ ដែល​បង្ហាញ​ពី​ភាព​ខិត​ចូលគ្នា ដោយ​មាន​របៀបវារៈ​រៀងៗ​ខ្លួន ប៉ុន្តែ​កិច្ចចរចា​នេះ ត្រូវបាន​ផ្អាក កាលពី​ថ្ងៃ​ទី ២៤ ខែ​មីនា បន្ទាប់​ពី​ក្រុមការងារ​គណៈកម្មការ​មកពី​គណបក្ស​ប្រជាជន​កម្ពុជា បដិសេធ​សំណើរ​របស់​ក្រុមការងារ​គណៈកម្មការ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទាមទារ​ឲ្យ​កំណត់កាល​បរិច្ឆេ​ទ​ការបោះឆ្នោត​ឡើងវិញ និង​ការដាក់ គជប ជា​ស្ថាប័ន​ធម្មនុញ្ញ ដោយ​ថា សំណើរ​នេះ​ទុក​ឲ្យ​ថ្នាក់ដឹកនាំ​កំពូល​ជា​អ្នកសម្រេច​។​
​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា មានប្រសាសន៍ថា ជំនួប​ចរចា​កំពូល មាន​សារៈសំខាន់​ណាស់ សម្រាប់​ជា​កិច្ច​តម្រង់​ទិស​ឲ្យ​ក្រុមការងារ​គណបក្ស​ទាំងពីរ បន្ត​កិច្ចចរចា ដោយហេតុ​ថា របៀបវារៈ​ដែល​ក្រុម​គណៈកម្មការ​បក្ស​ទាំង​ពីរ​លើក​ឡើង គឺ​សុទ្ធតែ​ហួស​ដែន​សម្រេច​រៀងៗ​ខ្លួន ដែល​នាំឲ្យ​មាន​ផលវិបាក​ក្នុង​ការប​ន្ត​កិច្ច​ចរចា​។ លោក​ថា គណបក្ស​នេះ ចង់ឲ្យ​មាន​ជំនួប​កំពូល​ពិភាក្សា​ជា​អទិភាព លើ​ការស៊ើបអង្កេត​ការបោះឆ្នោត ឬ​ការកំណត់​កាលបរិច្ឆេទ​បោះឆ្នោត​ឡើងវិញ និង​ការដាក់ គជប ជា​ស្ថាប័ន​ធម្មនុញ្ញ «​គណបក្ស​ប្រជាជន ជា​អ្នកទទួលខុសត្រូវ​ចំពោះ​មុខ​ប្រវត្តិសាស្ត្រ ចំពោះមុខ​ប្រទេស​ទេ ហើយ​អន្តរជាតិ​គេ​នឹង​ថ្កោលទោស គណបក្ស​ប្រជាជន​កាន់តែខ្លាំង ប្រសិន​ណា​ជា​គាត់​មិន​ព្រម​ទទួលយក​ការជជែក​ចរចា​ហ្នឹង នេះ​ជា​ចំនុច​ទី​១​។ ទី​២ គឺ​បាតុកម្ម យើង​នឹង​ធ្វើ យើង​នឹង​ធ្វើ​ហើយ​យើង​រៀបចំ​ធ្វើ​ដោយ​អហិង្សា ប៉ុន្តែ​រូបភាព​ធំ​»៕



No comments:

Post a Comment