Paris Peace Accords 23 Oct. 1991

Sunday, May 4, 2014

យុវជន​ ជាង​ ១​ពាន់​នាក់ ​ចូល​រួម ​សាងសង់​អគារ ​ឲ្យ​គ្រួសារ​ក្រីក្រ ​រស់​នៅ​ លើ​គំនរ​សំរាម

យុវជន​សង់​ផ្ទះ ៦១០
ក្រុម​យុវជន​ចូល​រួម​សាងសង់​អគារ​ឲ្យ​គ្រួសារ​ក្រីក្រ​ដែល​កំពុង​រស់​នៅ​លើ​គំនរ​សំរាម​ស្ទឹងមានជ័យ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៣ ខែ​ឧសភា ឆ្នាំ​២០១៤។
Habitat for Humanity Cambodia Photo

យុវជន​ ជាង​ ១​ពាន់​នាក់ ​ចូល​រួម ​សាងសង់​អគារ ​ឲ្យ​គ្រួសារ​ក្រីក្រ ​រស់​នៅ​ លើ​គំនរ​សំរាម

ដោយ ខែ សុណង / អាស៊ីសេរី | ០៣ ឧសភា ២០១៤

អង្គការ​ ភាព​ញញឹម​ នៃ​កុមារ និង​អង្គការ​ លំនៅឋាន ​មនុស្ស​ជាតិ​ កម្ពុជា បាន​សហការ​គ្នា​សាងសង់​អគារ​ ឲ្យ​គ្រួសារ​ក្រីក្រ ដែល​កំពុង​រស់​នៅ​ លើ​គំនរ​សំរាម ​ស្ទឹងមានជ័យ ជិត ៣០០​គ្រួសារ មាន​អគារ​ស្នាក់​នៅ ​ត្រឹមត្រូវ។ ការ​សាងសង់​នេះ មាន​ការ​ចូល​រួម ​ពី​ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត ​ជា​ច្រើន​រយ​នាក់។
យុវជន​ស្ម័គ្រ​ចិត្ត​ជាង ១.២០០​នាក់​ជា​សិស្ស​និស្សិត​មក​ពី​សាលា​រដ្ឋ និង​ឯកជន និង​បណ្ដាញ​យុវជន បាន​នាំ​គ្នា​ចូល​រួម​ក្នុង​សកម្មភាព​សាងសង់​ផ្ទះ​នៅ​ក្នុង​ខណ្ឌ​ដង្កោ ដោយ​ឲ្យ​ឈ្មោះ​ថា ភូមិ​នៃ​ក្ដី​ញញឹម ជូន​ពលរដ្ឋ​រស់​នៅ​លើ​គំនរ​សំរាម​ស្ទឹងមានជ័យ នៅ​ថ្ងៃ​ទី​៣ ខែ​ឧសភា។
មន្ត្រី​ផ្នែក​ទំនាក់ទំនង​នៃ​អង្គការ​លំនៅឋាន​មនុស្ស​ជាតិ​កម្ពុជា អ្នកស្រី នូ វ៉ាន់សាន ថ្លែង​ថា អង្គការ​ភាព​ញញឹម​នៃ​កុមារ​ហៅ​កាត់​ជា​ភាសា​បារាំង ថា ប៉េអែសអឺ (PSE) បាន​ផ្ដល់​ដី​ចំនួន​ជាង ២​ហិកតារ នៅ​ភូមិ​កំរៀង សង្កាត់​ព្រៃវែង ខណ្ឌ​ដង្កោ សម្រាប់​សង់​អគារ​ស្នាក់​នៅ​ជូន​ឪពុក​ម្ដាយ​របស់​សិស្ស ដែល​កូនៗ​របស់​គាត់​ជ្រើស​រើស​ឲ្យ​បាន​រៀន​ដោយ​អង្គការ​នេះ ប៉ុន្តែ​បច្ចុប្បន្ន​ពួក​គាត់​រស់​នៅ​លើ​គំនរ​សំរាម​ស្ទឹងមានជ័យ នោះ បាន​មក​រស់​នៅ​ក្នុង​ភូមិ​ថ្មី ឈ្មោះ​ថា ភូមិ​នៃ​ក្ដី​ញញឹម វិញ។ អ្នកស្រី​បន្ត​ថា អង្គការ​លំនៅឋាន​មនុស្ស​ជាតិ​កម្ពុជា បាន​សហការ​រក​ការ​គាំទ្រ​ផ្នែក​ថវិកា និង​ប្រមូល​យុវជន​ស្ម័គ្រ​ចិត្ត​ជាតិ និង​អន្តរជាតិ ឲ្យ​ពួក​គេ​ចូល​រួម​សាងសង់​អគារ​នេះ។ ក្រៅ​អំពី​ផ្ដល់​ប្រយោជន៍​ដល់​គ្រួសារ​ពលរដ្ឋ​ដោយ​ផ្ទាល់ យុវជន​ស្ម័គ្រ​ចិត្ត​ក៏​នឹង​ទទួល​បាន​បទ​ពិសោធន៍​ក្នុង​ការងារ​សង្គម​ផង​ដែរ។
«សំឡេង»
យុវជន​ស្ម័គ្រ​ចិត្ត​ព្រះវិហារ​ព្រះយេស៊ូវគ្រីស្ទ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ លោក ហែម វិឆ័យ ក្នុង​ចំណោម​យុវជន​ជាង ១​ពាន់​នាក់ បាន​សម្ដែង​ក្ដី​ត្រេកអរ​នៅ​ពេល​បាន​ចូល​រួម​កម្មវិធី​ស្ម័គ្រ​ចិត្ត​នេះ។ យុវជន​រូប​នេះ បាន​ចាត់​ទុក​ថា ក្រៅ​អំពី​បាន​បទ​ពិសោធន៍ ពួក​គេ​បាន​បង្ហាញ​នូវ​សេចក្ដី​ស្រលាញ់​ដល់​ប្រជាពលរដ្ឋ​ខ្លួន​ឯង និង​ភាព​សាមគ្គី​គ្នា។
«សំឡេង»
រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ទូច វិសាលសុខ ដែល​បាន​ចូល​រួម​ក្នុង​ពិធី​នេះ​ដែរ បាន​ស្វាគមន៍​ចំពោះ​យុវជន​ដែល​ចូល​រួម​ក្នុង​ការងារ​សង្គម​ដូច្នេះ។ លោក​ថា តាម​រយៈ​កម្មវិធី​នេះ យុវជន​កម្ពុជា នឹង​មាន​ឱកាស​ស្គាល់​គ្នា​កាន់​តែ​ច្រើន អាច​បង្កើត​បណ្ដាញ​និស្សិត​ដូច​គ្នា និង​ការ​ចង​សម្ពន្ធភាព​ជាមួយ​និស្សិត​បរទេស ដើម្បី​ពង្រីក​ទំនាក់ទំនង និង​ការងារ​សម្រាប់​ថ្ងៃ​អនាគត។
«សំឡេង»
អង្គការ​លំនៅឋាន​មនុស្ស​ជាតិ​កម្ពុជា បាន​ដាក់​ឈ្មោះ​គម្រោង​នេះ​ថា ការ​សាងសង់​យុវជន ឬ​ហៅ​ជា​ភាសា​អង់គ្លេស​ថា យូតបៀល (Youth's build) ដែល​គេ​រៀប​ចំ​សង់​អគារ​ជូន​ពលរដ្ឋ​ចំនួន ៩​អគារ សម្រាប់​ពលរដ្ឋ​ចំនួន ២៧៨​គ្រួសារ ដែល​កំពុង​រស់​នៅ​លើ​គំនរ​សំរាម​ស្ទឹងមានជ័យ។ ក្នុង​មួយ​អគារ ត្រូវ​ចំណាយ​ថវិកា​ចំនួន ៤៥​ម៉ឺន​ដុល្លារ។ ថវិកា​យក​មក​សាងសង់ រក​បាន​ពី​ការ​រៃអង្គាស​ពី​ក្រុមហ៊ុន​ឯកជន អ្នក​ស្ម័គ្រ​ចិត្ត​ក្រៅ​ស្រុក និង​យុវជន​ស្ម័គ្រ​ចិត្ត​ក្នុង​ប្រទេស​កម្ពុជា ដែល​បាន​ចូល​រួម​ចំណែក៕


No comments:

Post a Comment