Paris Peace Accords 23 Oct. 1991

Monday, May 5, 2014

អាជ្ញាធរ​ រារាំង​ក្បួន​ដង្ហែ ​បក្ស​សង្គ្រោះ​ជាតិ​ មិន​ឱ្យ ​ចូល​ក្រុង​កំពង់ចាម

លោក សម រង្ស៊ី ស្វាគមន៍​អ្នក​គាំទ្រ​ពេល​ទៅ​ដល់​ខេត្ត​កំពង់ចាម។
កម្លាំង​អាជ្ញាធរ​ដាក់​ពង្រាយ​បិទ​ច្រក​ចូល​ក្រុង​កំពង់ចាម រារាំង​មិន​ឲ្យ​ក្បួន​ដង្ហែ​បក្ស​សង្គ្រោះ​ជាតិ​ចូល។

អាជ្ញាធរ​ រារាំង​ក្បួន​ដង្ហែ ​បក្ស​សង្គ្រោះ​ជាតិ​ មិន​ឱ្យ ​ចូល​ក្រុង​កំពង់ចាម

ដោយ​ សូត សុខប្រាថ្នា / អាស៊ីសេរី | ០៥ ឧសភា ២០១៤

មេ​បក្ស​ សង្គ្រោះ​ជាតិ បាន​ជួបជុំ​អ្នកគាំទ្រ​ របស់​ ខ្លួន ​ជា​ច្រើន​ពាន់​នាក់ ​នៅ​ខេត្ត​កំពង់ចាម ដើម្បី​ដង្ហែ​ក្បួន​ឃោសនា ការ​បោះ​ឆ្នោត ​ក្រុមប្រឹក្សា​ ​ខេត្ត​ក្រុង ស្រុក​ខណ្ឌ នៅ​ថ្ងៃ​ទី​៤ ឧសភា។
បន្ទាប់​ពី​ការ​ថ្លែង​សារ​នយោបាយ​ចប់​នៅ​ម៉ោង​ប្រមាណ ១១​ព្រឹក លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​អនុប្រធាន​គណបក្ស​លោក កឹម សុខា ក៏​បាន​ចូលរួម​ដង្ហែ​ក្បួន​ឃោសនា​គោលដៅ​បម្រុង​ចូល​ទៅ​ក្នុង​បរិវេណ​ទី​រួម​ខេត្ត​កំពង់ចាម ដើម្បី​ជួប​ជាមួយ​អ្នកគាំទ្រ​បក្ស​របស់​ខ្លួន។ ប៉ុន្តែ​ក្បួន​ត្រូវ​បាន​រារាំង​ពី​សំណាក់​អាជ្ញាធរ​ដែល​មាន​សមត្ថ​កិច្ច​នៅ​គ្រប់​ច្រក​ទាំង​អស់។ ការ​មិន​អនុញ្ញាត​ឱ្យ​បក្ស​សង្គ្រោះ​ជាតិ ហែ​ក្បួន​ចូល​នោះ ដោយ​អាជ្ញាធរ​អះអាង​ថា គណបក្ស​សង្គ្រោះ​ជាតិ មិន​បាន​សុំ​ការ​អនុញ្ញាត​ជាមុន ដែល​វា​ខុស​ទៅ​នឹង​នីតិវិធី​ច្បាប់។
អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា មាន​ប្រសាសន៍​ដោយ​ហៅ​ការ​រារាំង​ក្បួន​ដង្ហែ​របស់​បក្ស​សង្គ្រោះ​ជាតិ មិន​ឱ្យ​ចូល​បរិវេណ​ខេត្ត ឬ​ក្រុង​កំពង់ចាម នោះ​ថា គឺ​ជា​ការ​ប្រកាស​សមរភូមិ​ប្រយុទ្ធ​ជាមួយ​ប្រជាពលរដ្ឋ ដោយ​យក​កម្លាំង​សមត្ថកិច្ច​ដែល​នៅ​ថ្នាក់​ក្រោម​មក​ធ្វើជា​ខែល​ដើម្បី​រារាំង​ទឹក​ចិត្ត​ប្រជាពលរដ្ឋ​នោះ។
លោក កឹម សុខា៖ «គណបក្ស​ប្រជាជន​កម្ពុជា អាជ្ញាធរ​របស់​គណបក្ស​ប្រជាជន​កម្ពុជា កំពុងតែ​បង្ហាញ​ឱ្យ​មតិ​ជាតិ​និង​អន្តរជាតិ​ឃើញ​ថា ប្រយុទ្ធ​ជាមួយ​ប្រជាពលរដ្ឋ​ឬ? ដោយសារ​គ្រាន់តែ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​សោះ​ប្រើ​សុទ្ធតែ​កម្លាំង​ប្រដាប់​អាវុធ សុទ្ធតែ​កាំភ្លើង​ធំ​កាំភ្លើង​តូច​អី​ទាំង​អស់។ រូបភាព​គឺជា​សមរភូមិ​ប្រយុទ្ធ ប៉ុន្តែ​សមរភូមិ​ហ្នឹង​ឃើញ​ថា វា​អយុត្តិធម៌ សមរភូមិ​ខាង​កម្លាំង​ប្រដាប់​អាវុធ​របស់​រដ្ឋាភិបាល យក​កម្លាំង​ប្រដាប់​អាវុធ​មក​ប្រឆាំង​នឹង​ប្រជាពលរដ្ឋ​ខ្លួន​ឯង»
លោក​បន្ថែម​ទៀត​ថា ក្នុង​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​រាជធានី ខេត្ត​ក្រុង ស្រុក​ខណ្ឌ គ្រប់​បក្ស​នយោបាយ​ទាំង​អស់​មាន​សិទ្ធិ​គ្រប់គ្រាន់​ដើម្បី​ធ្វើការ​ឃោសនា​អំពី​បក្ស​ខ្លួន លើកលែង​តែ​នៅ​ក្នុង​តំបន់​ណា​ដែល​អសន្តិសុខ ហើយ​បម្រាម​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ដែល​មិន​បាន​អនុញ្ញាត​ឱ្យ​មាន​ហែ​ក្បួន​ឃោសនា​នោះ គឺ​វា​ខុស​ទៅ​នឹង​ច្បាប់​បោះ​ឆ្នោត។
លោក​បញ្ជាក់​ថា លោក​មិន​បាន​ខឹង​ការ​រារាំង​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ទាំង​នោះ​ឡើយ ពីព្រោះ​ពួក​គាត់​ទាំង​នោះ​ធ្វើ​ទៅ​តាម​ការ​បញ្ជា​របស់​ថ្នាក់លើ​តែប៉ុណ្ណោះ។ យ៉ាង​ណា​ក៏ដោយ ក្បួន​ដង្ហែ​គណបក្ស​សង្គ្រោះ​ជាតិ នៅតែ​មិន​អាច​ចូល​ក្នុង​បរិវេណ​ទី​រួម​ខេត្ត​កំពង់ចាម បាន​ដដែល ដោយ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​ឱ្យ​មាន​ការ​បញ្ឈប់​ការ​ចង់​ចូល​ទៅ​ក្នុង​បរិវេណ​ខេត្ត ដោយ​ខ្លាច​ការ​បង្ហូរ​ឈាម​ណា​មួយ​កើត​ឡើង។
ឆ្លើយ​តប​ទៅ​នឹង​ការ​លើក​ឡើង​នេះ អភិបាលរង​ខេត្ត​កំពង់ចាម លោក ជឹម លាវ មាន​ប្រសាសន៍​ថា អាជ្ញាធរ​ខេត្ត​មិន​បាន​រារាំង​ក្បួន​ដង្ហែ​បក្ស​សង្គ្រោះ​ជាតិ​មិន​ឱ្យ​ចូល​បរិវេណ​ខេត្ត​នោះ​ទេ ប៉ុន្តែ​ខាង​គណបក្ស​សង្គ្រោះ​ជាតិ មិន​បាន​ដាក់ពាក្យ​ស្នើសុំ​មក​អាជ្ញាធរ​ខេត្ត​ដើម្បី​ហែ​ក្បួន​ឃោសនា ហើយ​លោក​បញ្ជាក់​ថា វា​ជា​រឿង​ខុស​ទៅ​នឹង​នីតិវិធី និង​ខុស​ទៅ​នឹង​បម្រាម​របស់ គ.ជ.ប។
លោក ជឹម លាវ៖ «សួន​ច្បារ​គឺ​ក្រុង​មិន​ឱ្យ​ធ្វើ​ដោយសារ​តែ​វា​មាន​ផ្លូវ​តូច​ចង្អៀត ហើយ​ឡាន​ខាង​គណបក្ស​សង្គ្រោះ​ជាតិ មាន​ដល់​រាប់​រយ​គ្រឿង មនុស្ស​មាន​តែ​ ៥​ពាន់​នាក់​នៅ​ផ្លូវ​សួនច្បារ។ ការ​ហាមឃាត់​របស់ គ.ជ.ប គឺ​មិន​អនុញ្ញាត​ឱ្យ​យក​កន្លែង​សួនច្បារ​ហ្នុង ឬ​ទីធ្លា​សាធារណៈ​ណា​មួយ​ធ្វើ​កន្លែង​ឃោសនា​ទេ អ៊ីចឹង​ក្រុង​ក៏​មិន​អនុញ្ញាត​ឱ្យ​ដែរ រី​ឯ​ការ​ឃាត់ឃាំង​មិន​ឱ្យ​ចូល​ក្រុង​ហ្នឹង គឺ​ដោយសារ​តែ​គាត់​មាន​ច្បាប់​ទម្លាប់​ចូល​ក្រុង​ដើម្បី​អី​ផង»
​លោក​បន្ថែម​ទៀត​ថា ការ​ឃោសនា​របស់​បក្ស​សង្គ្រោះ​ជាតិ អាច​ធ្វើ​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ និង​ការ​ប្រកប​មុខ​របរ​របស់​ប្រជាពលរដ្ឋ​ទៀត​ផង។ លោក​បញ្ជាក់​ថា ជា​ការ​ល្អ​ប្រសើរ​គណបក្ស​សង្គ្រោះ​ជាតិ គប្បី​សហការ​ជាមួយ​អាជ្ញាធរ​ខេត្ត​នៅ​ពេល​ចង់​ធ្វើ​អ្វី​មួយ មិន​មែន​ធ្វើ​តាមតែ​ចិត្ត​នោះ​ទេ ប៉ុន្តែ​បញ្ហា​នេះ​ត្រូវ​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​បក្ស​សង្គ្រោះ​ជាតិ បញ្ជាក់​ថា បាន​ស្នើ​សុំ​មក​អាជ្ញាធរ​ខេត្ត និង​ក្រុង​កំពង់ចាម ជា​ច្រើន​លើក​មក​ហើយ ប៉ុន្តែ​នៅ​តែ​មិន​មាន​ការ​អនុញ្ញាត​ដដែល។
​មន្ត្រី​សម្របសម្រួល​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) នៅ​ខេត្ត​កំពង់ចាម លោក នាង សាវ៉ាត យល់​ថា សកម្មភាព​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ខេត្ត​កំពង់ចាម ជា​ច្រើន​រយ​នាក់​ដែល​បាន​ដាក់​ពង្រាយ​នៅ​ក្នុង​ក្រុង​ផង និង​មាន​ការ​ឃាត់​រថយន្ត​ដឹក​អ្នក​ដំណើរ​របស់​អ្នក​គាំទ្រ​បក្ស​សង្គ្រោះ​ជាតិ​នោះ គឺ​មិន​មែន​ជា​រក្សា​សន្តិសុខ​នោះ​ឡើយ ផ្ទុយ​ទៅ​វិញ គឺ​ក្នុង​គោលបំណង​ដើម្បី​រារាំង​ការ​ដង្ហែ​ក្បួន​របស់​បក្ស​សង្គ្រោះ​ជាតិ មិន​ឱ្យ​ចូល​ក្រុង​កំពង់ចាម តែម្ដង។ លោក​បន្ថែម​ទៀត​ថា សកម្មភាព​បែប​នេះ​កាន់តែ​ស​បញ្ជាក់​ថា លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា កាន់តែ​ធ្លាក់​ចុះ​ទៅ​វិញ។
លោក នាង សាវ៉ាត៖ «បើ​យើង​ប្រៀបធៀប​ទៅ​នឹង​ការ​ឃោសនា​កាល​ពី​បោះឆ្នោត​រដ្ឋ​សភា​មក​ឥឡូវ​នេះ យើង​ឃើញ​ថា ប្រជាធិបតេយ្យ​ហ្នឹង​ឃើញ​ថា​មាន​ការ​ធ្លាក់​ចុះ សិទ្ធិ​បញ្ចេញមតិ​ហ្នឹង​មាន​ការ​ធ្លាក់​ចុះ សិទ្ធិ​ជួបជុំ​ហ្នឹង​មាន​ការ​ធ្លាក់​ចុះ​ខ្លាំង​មែន​ទែន»
​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ក្រុមប្រឹក្សា​រាជធានី ខេត្ត​ក្រុង ស្រុក​ខណ្ឌ របស់​គណបក្ស​សង្គ្រោះ​ជាតិ នឹង​នៅតែ​បន្ត​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​កម្ពុជា រហូត​ដល់​ថ្ងៃ​កំណត់។
បន្ត​ហែ​ក្បួន​នៅ​រាជធានី​ភ្នំពេញ
បន្ទាប់​ពី​ជួប​ជុំ​អ្នក​គាំទ្រ និង​ការ​ព្យាយាម​ចូល​ហែ​ក្បួន​ឃោសនា​​បោះ​ឆ្នោត​នៅ​ក្រុង​កំពង់ចាម មិន​បាន​សម្រេច មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ក៏​បន្ត​យុទ្ធនាការ​ហែ​ក្បួន​ឃោសនា​នេះ​នៅ​រាជធានី​ភ្នំពេញ។


No comments:

Post a Comment