Paris Peace Accords 23 Oct. 1991

Monday, May 5, 2014

ក្រុម​សិទ្ធិ​មនុស្ស​ ​ថ្កោលទោស​ បន្តបន្ទាប់ ​ទៅ​លើ​ក្រុម​សន្តិសុខ ​ខណ្ឌដូនពេញ ​ដែល​វាយ​ អ្នកសារព័ត៌មាន

អ្នកសារព័ត៌មានបរទេស ត្រូវបានកម្លាំងសន្តិសុខ ព្រមានវាយនឹងដំបង(រូបថតពីបណ្តាញសង្គម)

ក្រុម​សិទ្ធិ​មនុស្ស​ ​ថ្កោលទោស​ បន្តបន្ទាប់ ​ទៅ​លើ​ក្រុម​សន្តិសុខ ​ខណ្ឌដូនពេញ ​ដែល​វាយ​ អ្នកសារព័ត៌មាន​​


ដោយ៖​ អ៊ឹង ប៊ុនថន​ / វីអូឌី | ថ្ងៃចន្ទ ទី5 ខែឧសភា ឆ្នាំ2014

ក្រុម​សិទ្ធិ​មនុស្ស​ ជាតិ និង​អន្តរជាតិ បាន​ថ្កោលទោស ​ជា​បន្តបន្ទាប់ ទៅលើ​ក្រុម​សន្តិសុខខណ្ឌ​ដូនពេញ ​ដែល​វាយ​អ្នកសារព័ត៌មាន ​ឲ្យ​របួសធ្ងន់ កាលពី​ថ្ងៃ​ទី​២ ​ខែ​ឧសភា នៅក្បែរ ​ទីលាន​ប្រជាធិបតេយ្យ​។​
​អ្នកយក​ព័ត៌មាន​VOD លោក ឡាយ សា​មាន និង​អ្នកសារព័ត៌មាន​បរទេស​ម្នាក់ទៀត ត្រូវបាន​ក្រុម​សន្តិសុខ​ខណ្ឌដូនពេញ ដែល​ពាក់មួក​បិទមុខ ប្រដាប់​ដោយ​ដំបង​គ្រប់​ដៃ បាន​វាយដំ​ឲ្យ​រងរបួស​ធ្ងន់ ខណៈ​អ្នកសារព័ត៌មាន​ទាំងនោះ ថតរូប​ពី​សកម្មភាព​ដែល​ក្រុម​នោះ វាយ​បង្ក្រាប​លើ​អ្នកចូលរួម​ឃោសនា​បោះឆ្នោត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​។​
សេចក្តីថ្លែងការណ៍​របស់​ក្លឹប​អ្នកកាសែត​កម្ពុជា អំពាវនាវ​ឲ្យ​អាជ្ញាធរ គណបក្សនយោបាយ បញ្ឈប់​ជា​បន្ទាន់ រាល់​ការ​ហិង្សា​ទាំងអស់ លើ​អ្នកសារព័ត៌មាន ហើយ​ស្វែងរក​ជនដៃដល់​មក​ផ្តន្ទាទោស ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​ជនរងគ្រោះ​។ បើ​តាម​ក្លឹប​អ្នកកាសែត​កម្ពុជា គឺ​ម៉ូតូ​របស់​អ្នកយក​ព័ត៌មាន ត្រូវបាន​ក្រុម​នេះ វាយបំផ្លាញ ម៉ាស៊ីនថតរូប និង​សម្ភារៈ​មួយចំនួនទៀត របស់​អ្នកសារព័ត៌មាន ក៏​ត្រូវ​ក្រុម​សន្តិសុខ​នេះ ដណ្តើម​យក​ដែរ​។​
​ចំណែក សេចក្តីថ្លែងការណ៍​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​លើក​ឡើងថា  ក្នុង​រយៈពេល កន្លងទៅនេះ សន្តិសុខ​សាលា​រាជធានី​បានកំណត់​គោលដៅ​យក​អ្នកសារព័ត៌មាន​ជាតិ និង អន្តរជាតិ​ដែល​ទៅ​យក​ព័ត៌មាន​នៅ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ ជា​មុខសញ្ញា​នៃ​ការវាយដំ​។ មជ្ឈមណ្ឌល​នេះ អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ធានា ដល់​សិទ្ធិ​សេរីភាព​និង​សុវត្ថិភាព​អ្នកសារព័ត៌មាន បញ្ឈប់​ការគំរាមកំហែង​ដើម្បី​ឲ្យ​ពួក គេ​មាន លទ្ធភាព​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត​ដល់​ប្រជាពលរដ្ឋ​។​
​រីឯ​នាយក​កិច្ចការ​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ចនៃ​អង្គការ​អ្នករាយការណ៍​គ្មាន​ព្រំដែន លោក Benjamin Ismaïl មានប្រសាសន៍ថា រដ្ឋាភិបាល មិន​អាច​ប្រកែក​បាន​ពី​ការទទួលខុសត្រូវ​ក្នុង​ការបង្កើត អសន្តិសុខ​សម្រាប់ អ្នកសារព័ត៌មាន​វិជ្ជាជីវៈ​នៅក្នុង​ប្រទេស​បាន​ទេ​។​
​អង្គការ​អ្នករាយការណ៍ គ្មាន​ព្រំដែន​(Reporter Without Borders) សហការ​ជាមួយ មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​(CCIM) ថ្កោលទោស​ការប្រើ​ហិង្សា​លើ​អ្នកសារព័ត៌មាន​VOD និង​ស្នើ​ឲ្យមាន​ការស៊ើបអង្កេ​ត​លើ​ករណី​នេះ ដើម្បី​រក​យុត្តិធម៌​ជូន​អ្នកសារព័ត៌មាន​។​
​ទោះជា​យ៉ាងណា ក្រសួង​ព័ត៌មាន ក៏​ថ្កោលទោស​ការគំរាមកំហែង ការប្រើ​ហិង្សា ការ​រឹបអូស​សម្ភារៈ និង​ការប្រមាថ​ចំពោះ​អ្នកសារព័ត៌មាន ពី​សំណាក់​បាតុករ ជនខិលខូច ជាពិសេស អាជ្ញា​ធរមាន​សមត្ថកិច្ច ដែល​ខ្វះ​វិន័យ ដោយ​ចាត់ទុក​ទង្វើ​ទាំងនេះ ជា​ការរំលោភ​បំពាន​យ៉ាងធ្ងន់ធ្ងរ​ដល់​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​។​
​ក្រុម​អ្នកជំនាញ​សិទ្ធិ​មនុស្ស​ឯករាជ្យ នៃ​អង្គការ​សហប្រជាជាតិ ផ្នែក​សិទ្ធិមនុស្ស ជំរុញ​ឲ្យ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងអស់ លើកកម្ពស់ និង​ការពារ​សិទ្ធិសេរីភាព​ក្នុង​ការបញ្ចេញមតិ សិទ្ធិ​ទទួលបាន​ព័ត៌មាន សេរីភាព​នៃ​ការប្រមូលផ្តុំ និង​ការចូលរួម​របស់​ប្រជាពលរដ្ឋ​នៅ​តាម​ទីសាធារណៈ​។ 
​សេចក្តីប្រកាស​ព័ត៌មាន​របស់​ការិយាល័យ​ឧត្តមស្នងកា​រ​អង្គការ​សហ​ប្រជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស ក្នុងឱកាស​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក ថ្ងៃទី​៣ ខែ​ឧសភា​នេះ ឲ្យដឹងថា រដ្ឋ​មាន​កាតព្វកិច្ច ត្រូវ​អភិវឌ្ឍន៍​នូវ​ដំណើរការ​គោល​នយោបាយ​របស់ខ្លួន ដោយ​អនុញ្ញាត​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ ដើរ​តួនាទី​សំខាន់​ក្នុង​ការធានា​នូវ​សិទ្ធិសេរីភាព ទទួលបាន​ព័ត៌មាន ដល់​ប្រជាពលរដ្ឋ ជា​ពិសេស​ជន​ងាយ​រងគ្រោះ និង​ក្រុម​ជន​ដែល​ត្រូវបាន​គេ​រើសអើង ដោយ​ភា្ជ​ប់​ពួកគេ ទៅ​នឹង​ការអភិវឌ្ឍ​ក្នុងសង្គម​៕

អត្ថបទទាក់ទង




No comments:

Post a Comment