Paris Peace Accords 23 Oct. 1991

Thursday, May 1, 2014

ពលរដ្ឋ​ នៅ​រតនគិរី​ បារម្ភ ​ពី​ ការ​បូម​រ៉ែ​មាស​ ក្នុង​ទន្លេ​សេសាន​ ធ្វើ​ឲ្យ ​ប៉ះពាល់​ គុណភាព​ទឹក

ពលរដ្ឋ​ នៅ​រតនគិរី​ បារម្ភ ​ពី​ ការ​បូម​រ៉ែ​មាស​ ក្នុង​ទន្លេ​សេសាន​ ធ្វើ​ឲ្យ ​ប៉ះពាល់​ គុណភាព​ទឹក

ដោយ រដ្ឋា វិសាល /​ អាស៊ីសេរី |  ៣០ មេសា ២០១៤

ប្រជាពលរដ្ឋ​ ជនជាតិ​ដើម​ភាគ​តិច ​នៅ​ឃុំ​ចំនួន​ពីរ ​ក្នុង​ស្រុក​តាវែង ខេត្ត​រតនគិរី ព្រួយ​បារម្ភ ​ពី​ផល​ប៉ះពាល់​ គុណភាព​ទឹក និង​ផល​ប៉ះពាល់​ ជំនឿ​ប្រពៃណី ​អ្នក​ភូមិ ខណៈ​ក្រុមហ៊ុន​ចិន​មួយ​ ដាក់​សាឡង់ ​បូម​រ៉ែ​មាស​ ពី​ ក្នុង​ទន្លេ​សេសាន​ជា​ថ្មី ដោយ​មិន​បាន​ពិភាក្សា​ ផល​ប៉ះពាល់​ ជាមួយ ​អ្នក​ភូមិ​ឡើយ។
សាឡង់​បូម​រ៉ែ​ពី​បាត​ទន្លេ​មួយ​គ្រឿង បាន​ចាប់​ផ្ដើម​បូម​រុករក​រ៉ែ​ពី​បាត​ទន្លេ ក្រោម​រូបភាព​បូម​ខ្សាច់​ប្រមាណ​ជិត​មួយ​ខែ​កន្លង​ទៅ​នេះ​នៅ​ដង​ទន្លេ​សេសាន ក្នុង​ឃុំ​តាវែង​លើ និង​តាវែង​ក្រោម។
ទាក់ទង​បញ្ហា​នេះ អ្នក​ភូមិ និង​មន្ត្រី​មូលដ្ឋាន​អះអាង​ថា គេ​មិន​ឃើញ​គំនរ​ខ្សាច់​ណា​មួយ​ត្រូវ​បាន​បូម​ពី​ទន្លេ ដើម្បី​ការ​ប្រើប្រាស់​នោះ​ទេ។
ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​តាវែង​ក្រោម លោក ត្រាំ ថាំង រៀប​រាប់​ថា សាឡង់​នេះ​ជា​របស់​ក្រុមហ៊ុន​ចិន ដែល​អ្នក​ភូមិ​មិន​ស្គាល់​ថា​ជា​ក្រុមហ៊ុន​អ្វី ក៏ប៉ុន្តែ​បាន​ប្រើប្រាស់​សាឡាង​ពីរ​គ្រឿង និង​កាណូត​មួយ​គ្រឿង​សម្រាប់​បូម​រ៉ែ​ក្នុង​ទន្លេ៖ «គេ​បូម​មាស​ហ្នឹង​ប្រហែល​មួយ​ខែ​ហ្នឹង​ហើយ។ កាល​ពី​មុន គេ​ទៅ​បូម​នៅ​ភូមិ​តាវែង នៅ​ភូមិ​ភ្លើ​តូច ដល់​ភូមិ​ភ្លើ​តូច គេ​តវ៉ា​គេ​ដេញ គេ​ទៅ​បូម​កន្លែង​ព្រំ​ប្រទល់​ទំពួន​រឿង​ធំ ហើយ​និង​ភូមិ​វៀងច័ន្ទ»
ដូច​គ្នា​នេះ​ដែរ មេ​ឃុំ​តាវែង​លើ លោក ម៉ឺង សួន បញ្ជាក់​ថា លោក​មិន​បាន​ឃើញ​គំនរ​ខ្សាច់​ណា​មួយ​ដែល​សាឡង់​បាន​បូម​ពី​ទន្លេ​នោះ​ទេ ក៏ប៉ុន្តែ​លោក​ទទួល​ព័ត៌មាន​ពី​អាជ្ញាធរ​ស្រុក​ថា ក្រុមហ៊ុន​ចិន​នេះ​មាន​អាជ្ញាប័ណ្ណ​បូម​ខ្សាច់​បម្រើ​ការ​សាងសង់៖ «បើ​ខ្ញុំ​ដឹង ខ្ញុំ​អត់​ឲ្យ ហ្នឹង​ហើយ ពីព្រោះ​បើ​បូម​ខ្សាច់ៗ​នៅ​នោះ​មាន តើ​បូម​ខ្សាច់ គឺ​បូម​គរ​ទុក​មួយ​កន្លែង​ហ្នឹង​ណា»
កាល​ពី​ដើម​ឆ្នាំ​២០១៤ ក្រុមហ៊ុន​ចិន ឈ្មោះ ឌីសខូវើរី អិនវេសម៉ែន (Discovery Investment) ទទួល​បាន​អាជ្ញា​ប័ណ្ណ​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​លើ​ទីតាំង​ទំហំ​ជាង ៥៩​ហិកតារ នៅ​តំបន់​ព្រំប្រទល់​ឃុំ​តាវែង និង​ឃុំ​កោះប៉ង់ ក៏ប៉ុន្តែ​មន្ត្រី​ក្រសួង​ឧស្សាហកម្ម បាន​សម្រេច​លប់​ចោល​អាជ្ញាប័ណ្ណ​នោះ​វិញ បន្ទាប់​ពី​ប្រជាពលរដ្ឋ​តវ៉ា និង​មន្ត្រី​ជំនាញ​រក​ឃើញ​ថា ក្រុមហ៊ុន​បាន​ប្រើ​ឧបករណ៍​រក​រ៉ែ​លោហៈ​ធ្ងន់​ក្នុង​ទន្លេ ខុស​ទៅ​នឹង​អាជ្ញាប័ណ្ណ​កំណត់។
វិទ្យុ​អាស៊ីសេរី មិន​អាច​ស្វែង​រក​អាសយដ្ឋាន ឬ​លេខ​ទូរស័ព្ទ​តំណាង​ក្រុមហ៊ុន សុំ​បញ្ជាក់​ពី​ករណី​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​៣០ មេសា។ ចំណែក​អភិបាល​ស្រុក​តាវែង លោក មួង ប៉ាង អះអាង​ថា សាឡង់​ថ្មី​នេះ​ជា​របស់​ក្រុមហ៊ុន​ចិន​ឈ្មោះ ហីង ឆាង មាន​អាជ្ញាប័ណ្ណ​បូម​ខ្សាច់​នៅ​ក្នុង​ទន្លេ​ក្នុង​ឃុំ​ទាំង​ពីរ​នេះ តាំង​ពី​ឆ្នាំ​២០១៣។ លោក​បន្ត​ថា ក្រុមហ៊ុន​នេះ​មិន​ទាន់​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​នៅ​ឡើយ​ទេ ក៏ប៉ុន្តែ​បាន​បូម​សាកល្បង​គ្រឿងចក្រ​ដែល​ក្រុម​បច្ចេកទេស​ទើប​ផលិត៖ «ខ្ញុំ​បាន​អញ្ជើញ​មេ​ឃុំ​ថ្ងៃ​មុន​ហ្នឹង ឲ្យ​គាត់​មក​នេះ គឺ​ខ្ញុំ​បាន​ជម្រាប​គាត់​មួយ​សា​ទៀត។ នៅ​ពេល​ក្រុមហ៊ុន​ចុះ​ទៅ​ដំណើរ​ការ ក្រុមហ៊ុន​ជាមួយ​មន្ទីរ គាត់​ចុះ​ទៅ​ផ្ទាល់​ជួប​ជាមួយ​ប្រជាពលរដ្ឋ​ហ្នឹង»
ដូច​គ្នា​នេះ​ដែរ ប្រធាន​មន្ទីរ​ឧស្សាហកម្ម រ៉ែ និង​ថាមពល ខេត្ត​រតនគិរី លោក ហ៊ុន ប៊ុនថាន មាន​ប្រសាសន៍​បញ្ជាក់​ថា ក្រសួង​ជំនាញ​ពាក់ព័ន្ធ​បាន​សិក្សា​ផល​ប៉ះពាល់ និង​ពិនិត្យ​លក្ខណៈ​គ្រឿងចក្រ​របស់​ក្រុមហ៊ុន​រួច​ហើយ ទើប​ក្រសួង​ឧស្សាហកម្ម ផ្តល់​អាជ្ញាប័ណ្ណ​ឲ្យ​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក និង​សម្រាប់​ផ្គត់ផ្គង់​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ព្រែក​លាង​១ និង​ព្រែក​លាង​២ នៅ​ខេត្ត​រតនគិរី៖ «យើង​ចុះ​ទៅ​ពិនិត្យ​ថា​សាឡង់​ហ្នឹង​អាច​ជា​លក្ខណៈ​បូម​ខ្សាច់ ឬ​ក៏​បូម​បំភ័ន្ត​ភ្នែក​ប្រជាជន​យ៉ាង​ម៉េចៗ ហើយ​ពេល​បូម​សាកល្បង យើង​បាន​អញ្ជើញ​ឃុំ​ភូមិ សហគមន៍។ អភិបាល​ស្រុក​គេ​អ្នក​អញ្ជើញ គាត់​ចង់​សែន គេ​រៀប​ចំ​ជូន​ជម្រាប​ម្ចាស់​ទឹក​ម្ចាស់​ដី»
មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​សមាគម​អាដហុក (adhoc) ខេត្ត​រតនគិរី កត់​សម្គាល់​ថា នេះ​ជា​លើក​ទី​បី​ហើយ​ដែល​ប្រជាពលរដ្ឋ​នៅ​ឃុំ​តាវែង​ក្រោម និង​តាវែង​លើ តវ៉ា​ពី​ការ​ផ្តល់​អាជ្ញាប័ណ្ណ​ដល់​ក្រុមហ៊ុន ដោយ​មិន​បាន​ពិគ្រោះ​យោបល់​ពី​ផល​ប៉ះពាល់​ប្រជាពលរដ្ឋ​មូលដ្ឋាន។ លោក​បន្ត​ថា តំបន់​ដែល​ក្រុមហ៊ុន​គ្រោង​បូម​ខ្សាច់ ជា​តំបន់​ដែល​ប្រជាពលរដ្ឋ​កត់​សម្គាល់​ថា ជា​កន្លែង​មាន​មាស​ក្នុង​ទន្លេ៖ «នេះ​ជា​ក្តី​កង្វល់​របស់​ប្រជាពលរដ្ឋ​ចំពោះ​ការ​បាត់​បង់​ធនធាន​ធម្មជាតិ​រ៉ែ​មាស​ផង ហើយ​ចំពោះ​ផល​ប៉ះពាល់​បញ្ហា​សុខភាព​បញ្ហា​បរិស្ថាន​ផង»
យ៉ាង​នេះ​ក្តី ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​ធ្លាប់​សំណូមពរ​ឲ្យ​រាជ​រដ្ឋាភិបាល សិក្សា​ផ្តល់​ទីតាំង​ថ្មី​សម្រាប់​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម ហើយ​រក្សា​ទីតាំង​បច្ចុប្បន្ន​ទុក​ជា​តំបន់​អភិរក្ស​ធនធាន​ធម្មជាតិ និង​ជា​តំបន់​វប្បធម៌​ជំនឿ ប្រពៃណី​របស់​ជនជាតិ​ដើម៕


No comments:

Post a Comment