កម្ពុជាបានធ្វើជាប្រធានសមាគមអាស៊ានជាលើកទី២កាលពីឆ្នាំ២០១២។
មានទាំង ផលប្រយោជន៍ និងផលវិបាក ក្រោយកម្ពុជា ជា សមាជិកអាស៊ាន បាន១៥ឆ្នាំ
ឃួន ធារ៉ា / វីអូអេ | ០១ ឧសភា ២០១៤
ភ្នំពេញ — ថ្ងៃ៣០ ខែមេសា ជាថ្ងៃគម្រប់ខួប ១៥ឆ្នាំ ដែលកម្ពុជា បានក្លាយជា សមាជិកអាស៊ាន ជាផ្លូវការ។ អ្នកជំនាញការនានា បានវាយតម្លៃ ថា រយៈពេល ១៥ឆ្នាំ កន្លងមកនេះ កម្ពុជា និងអាស៊ាន ទាញផលប្រយោជន៍ ជាច្រើន បានពីគ្នា ទៅវិញទៅមក។ ប៉ុន្តែ អ្នកជំនាញទាំងនោះ បានប្រមើលឃើញ បញ្ហាប្រឈម ជាច្រើន ដែលកម្ពុជា នឹងជួបប្រទះ សម្រាប់ សមាហរណកម្មអាស៊ាន ដែលនឹងចូល ជាធរមាន នៅឆ្នាំក្រោយនេះ។
លោកបណ្ឌិត ឈាង វណ្ណារិទ្ធ សាស្ត្រាចារ្យនៅសាកលវិទ្យាល័យលីដ (Leeds) ប្រទេសអង់គ្លេស និងជាអ្នកវិភាគម្នាក់ ថ្លែងថា ក្នុងរយៈពេល១៥ឆ្នាំចុងក្រោយនេះ កម្ពុជាទាញបានប្រយោជន៍ច្រើនផ្នែកសន្តិសុខ និងវិស័យការទូត ជាពិសេសតាមរយៈការធ្វើម្ចាស់ផ្ទះអាស៊ានចំនួនពីរដងគឺនៅឆ្នាំ២០០២និង២០១២។
«មកទល់ពេលនេះ យើងទទួលបានជោគជ័យមួយចំនួន ជាពិសេសទៅលើបញ្ហាការទូតក្នុងតំបន់និងក្នុងពិភពលោក។ ប្រទេសយើងត្រូវបានគេស្គាល់ច្រើនជាងមុន។ នេះជាច្រកទ្វារមួយដ៏សំខាន់សម្រាប់កម្ពុជាយើងអាចឈានទៅចាប់យកដៃគូពិភាក្សាសំខាន់ៗក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ក៏ដូចជាក្នុងពិភពលោក។ ទាក់ទងហ្នឹងវិស័យសន្តិសុខ យើងឃើញថា អាស៊ានបង្កើតឡើងដើម្បីការពារវិបត្តិនិងជម្លោះផ្សេងៗ។ យើងឃើញថា កន្លងមកក្នុងជម្លោះកម្ពុជាថា តួនាទីរបស់អាស៊ានពុំមានប្រសិទ្ធិភាពទេក្នុងការដោះស្រាយជម្លោះ ប៉ុន្តែវាក៏អាចកាត់បន្ថយជម្លោះកុំឱ្យរាលដាលកាន់តែធំ។»លោកបណ្ឌិត ឈាង វណ្ណារិទ្ធ សាស្ត្រាចារ្យនៅសាកលវិទ្យាល័យលីដ (Leeds) ប្រទេសអង់គ្លេស និងជាអ្នកវិភាគម្នាក់ ថ្លែងថា ក្នុងរយៈពេល១៥ឆ្នាំចុងក្រោយនេះ កម្ពុជាទាញបានប្រយោជន៍ច្រើនផ្នែកសន្តិសុខ និងវិស័យការទូត ជាពិសេសតាមរយៈការធ្វើម្ចាស់ផ្ទះអាស៊ានចំនួនពីរដងគឺនៅឆ្នាំ២០០២និង២០១២។
លោក ឈាង វណ្ណារិទ្ធ បន្ថែមថា កម្ពុជាក៏ទទួលបានផលប្រយោជន៍ពីកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាសមាជិកអាស៊ានផ្សេងទៀតលើវិស័យសន្តិសុខ ប្រពៃណី ដូចជាបរិស្ថានការជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងព្រំដែនជាដើម ហើយកម្ពុជាអាចនឹងទទួលផលប្រយោជន៍សេដ្ឋកិច្ចនិងលទ្ធភាពពង្រីកទីផ្សាររបស់ខ្លួនថែមទៀតនៅពេលសមាហរណកម្មអាស៊ានចូលជាធរមាននៅឆ្នាំ២០១៥ជាដើម។
អាស៊ានដែលមានឈ្មោះពេញថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ជាអង្គការដ៏ធំបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលមានសមាជិកសរុបចំនួន១០ប្រទេស។ អង្គការកម្រិតតំបន់នេះបង្កើតឡើងនៅថ្ងៃទី៨ខែសីហាឆ្នាំ១៩៦៧ ដែលមានស្ថាបនិកចំនួន៥ប្រទេសគឺប្រទេសគឺថៃ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ហ្វីលីពីន និងសឹង្ហបុរី។ បន្ទាប់មកប្រទេសប្រ៊ុយណេបានចូលជាសមាជិកនៅឆ្នាំ១៩៨៤ វៀតណាមនៅឆ្នាំ១៩៩៥ ចំណែកឯប្រទេសឡាវនិងភូមានៅ១៩៩៧។ ដោយឡែកកម្ពុជាចូលជាសមាជិកអាស៊ានចុងក្រោយគេគឺនៅឆ្នាំ១៩៩៩។
លោកពូ សុធីរៈ នាយកប្រតិបត្តិនៃវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការនិងសន្តិភាព និងជាអតីតរដ្ឋលេខាធិការក្រសួងការបរទេសទទួលបន្ទុកកិច្ចការអាស៊ាន ថ្លែងថា ក្រៅពីផលចំណេញផ្នែកសន្តិសុខ និងការទូត កម្ពុជាក្នុងនាមជាប្រទេសសមាជិកអាស៊ានក៏អាចបង្កើនអំណាចចរចារបស់ខ្លួនតាមរយៈសមាគមអាស៊ានផងដែរ។
«ប្រទេសយើងជាប្រទេសតូច ដូច្នេះនៅពេលយើងនិយាយក្នុងនាមប្រទេសមួយក្នុងអាស៊ីភាគអាគ្នេយ៍នេះ មិនសូវមានអ្នកណាចាប់អារម្មណ៍ ប៉ុន្តែនៅពេលយើងចូលសមាគម នៅពេលខ្មែរនិយាយ សំឡេងយើងកើនទៅ៩ដងថែមទៀត ដូច្នេះមានន័យថា ខ្មែរនិយាយ ប្រទេសទាំង១០និយាយ អាស៊ាននិយាយ»។
លោកពូ សុធីរៈ អត្ថាធិប្បាយបន្ថែមថា អាស៊ានក៏ទទួលបានប្រយោជន៍ពីកម្ពុជាវិញផងដែរនាពេលកន្លងមក។ ក្នុងនោះលោកបានលើកឧទាហរណ៍ថា សមាជិកភាពរបស់កម្ពុជាក្នុងសមាគមអាស៊ានបង្ហាញពីការឯកភាពគ្នាក្នុងតំបន់ ហើយកម្ពុជាបានដើរតួនាទីសំខាន់ក្នុងការជំរុញការអនុម័តកិច្ចព្រមព្រៀងថ្នាក់តំបន់សំខាន់ៗ ហើយកន្លងមកកម្ពុជាបានដើរតួជាប្រទេសសម្របសម្រួលដ៏សំខាន់មួយរវាងអាស៊ាន និងប្រទេសមហាអំណាចក្នុងតំបន់ ដូចជាប្រទេសចិន ជប៉ុន និងកូរ៉េខាងជើងជាដើម។
វីអូអេបានព្យាយាមទាក់ទងសុំអត្ថាធិប្បាយពីលោកកុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា តែមិនអាចទំនាក់ទំនងបានទេពីរថ្ងៃមកនេះ។
សមាហរណកម្មសេដ្ឋកិច្ចអាស៊ានគ្រោងនឹងចូលជាធរមាននៅចុងឆ្នាំ២០១៥ ដែលមានន័យថា ប្រទេសជាសមាជិកអាចនាំទំនិញទៅលក់ក្នុងប្រទេសសមាជិកដទៃទៀតបានដោយសេរី។
ប៉ុន្តែស្របពេលដែលកម្ពុជាអាចពង្រីកទីផ្សាររបស់ខ្លួនក្នុងសមាហរណកម្មនេះ លោកពូ សុធីរៈបារម្ភថា កម្ពុជាអាចនឹងខាតបង់ប្រយោជន៍ដោយសារខ្លួនពុំមានផលិតផលនាំចេញច្រើន។
«ទីផ្សារសេរីនេះនឹងចូលជាធរមាននៅឆ្នាំ២០១៥។ ទំនិញដែលផលិតក្នុងប្រទេសណាមួយក្នុងអាស៊ាននេះនឹងអាចធ្វើចរាចរដោយមិនមានរបាំងគយនិងរបាំងពាណិជ្ជកម្ម។ ដូច្នេះសួរថា តើខ្មែរយើងផលិតបានអ្វីខ្លះយកទៅលក់នៅប្រទេសគេ? អញ្ចឹងទេមានតែទំនិញប្រទេសគេយកមកលក់ស្រុកយើង។ ដូច្នេះវានឹងធ្វើឱ្យមានអតុល្យភាពជញ្ជីងពាណិជ្ជកម្ម។»
មួយវិញទៀត កម្ពុជាជាប្រទេសដែលមានសេដ្ឋកិច្ចអន់ថយក្នុងតំបន់ កង្វះធនធានមនុស្សដែលមានគុណភាព កង្វះហេដ្ឋារចនាសម្ព័ន្ធ និងមានសហគ្រាសធុនតូច និងមធ្យមនៅទន់ខ្សោយ ជាឧបសគ្គចម្បងសម្រាប់កម្ពុជាក្នុងសមាហរណកម្មសេដ្ឋកិច្ចចូលក្នុងតំបន់។ នេះបើតាមការគូសបញ្ជាក់របស់លោកពូ សុធីរៈ។
លោកពូ សុធីរៈ និងលោកឈាង វណ្ណារិទ្ធផ្តល់អនុសាសន៍ថា ដើម្បីទាញប្រយោជន៍ជាអតិបរមាពីសមាជិកភាពរបស់ខ្លួនក្នុងសមាគមអាស៊ាននិងសមាហរណកម្មអាស៊ានកម្ពុជាគប្បីធ្វើកំណែទម្រង់ស៊ីជម្រៅមួយទៅលើស្ថាប័នរបស់រដ្ឋ កាត់បន្ថយអំពើពុករលួយ និងដាក់ចេញនូវគោលនយោបាយជាក់លាក់ដើម្បីលើកកម្ពស់គុណភាពអប់រំ និងផ្តោតលើការអភិវឌ្ឍវិស័យកសិកម្មតាមរយៈការពង្រឹងហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធធារាសាស្ត្រ ការផ្គត់ផ្គង់អគ្គិសនីក្នុងតម្លៃទាប និងការផ្តល់ឧបត្ថម្ភធនដល់កសិករ និងសហគ្រាសធន់តូច និងមធ្យមដែលងាយរងគ្រោះនៅកម្ពុជា៕
No comments:
Post a Comment