ក្បួនដង្ហែរបស់បណ្ដាញសហគមន៍ទូទាំងប្រទេស ជិត ១ពាន់នាក់ ទាមទារឲ្យតុលាការកាត់ក្ដីដោយយុត្តិធម៌ នៅរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៣។
RFA/Van Vichar
អង្គការ សិទ្ធិមនុស្ស អន្តរជាតិ ជំរុញឲ្យ ម្ចាស់ជំនួយ ជំទាស់ សេចក្ដីព្រាងច្បាប់ តុលាការ
ដោយ កេសរណ្ណីយ្យា / អាស៊ីសេរី | ០៥ ឧសភា ២០១៤
អង្គការ សិទ្ធិមនុស្ស អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ជំរុញឱ្យប្រទេសម្ចាស់ជំនួយ ប្រកាសជាសាធារណៈ ជំទាស់ ទៅនឹង សេចក្ដីព្រាងច្បាប់ បី ស្តីពី ប្រព័ន្ធតុលាការនៅកម្ពុជា ដែលរដ្ឋាភិបាល បានដាក់ជូន រដ្ឋសភា ពិនិត្យដើម្បីអនុម័ត។
សេចក្ដីថ្លែងការណ៍ របស់ អង្គការ សិទ្ធិមនុស្ស អន្តរជាតិ ដែលចេញផ្សាយ កាលពីថ្ងៃទី៤ ខែឧសភា បញ្ជាក់ថា សេចក្ដីព្រាងច្បាប់ ទាំងបីនោះ នឹងផ្តល់ ការគាំទ្រ បន្ថែមទៀត ដល់ រដ្ឋាភិបាល របស់ លោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការក្ដោបក្ដាប់ ប្រព័ន្ធតុលាការ កម្ពុជា។
មន្ត្រី រដ្ឋាភិបាល មិនទាន់មានប្រតិកម្ម ចំពោះ សេចក្ដីថ្លែងការណ៍នេះ នៅឡើយទេ។
នាយកប្រតិបត្តិទទួលបន្ទុកកិច្ចការអាស៊ី នៃអង្គការសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆលោក ប្រ៊ែដ អាដាម (Brad Adams) នៅក្នុងសេចក្ដីថ្លែងការណ៍នោះ រិះគន់ថា៖ «ជារៀងរាល់ឆ្នាំ រដ្ឋាភិបាលកម្ពុជា តែងសន្យាជាមួយពលរដ្ឋខ្មែរ និងម្ចាស់ជំនួយថា នឹងជំរុញដំណើរការបង្កើតប្រព័ន្ធយុត្តិធម៌ឯករាជ្យ ប៉ុន្តែមិនបានគោរពពាក្យសន្យាទេរហូតមកដល់ពេលនេះ»។
សេចក្ដីព្រាងច្បាប់ទាំងបី រួមមានសេចក្ដីព្រាងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម សេចក្ដីព្រាងច្បាប់ស្តីពីការរៀបចំអង្គការតុលាការ និងសេចក្ដីព្រាងស្តីពីលក្ខន្តិកៈនៃចៅក្រមនិងព្រះរាជអាជ្ញា កំពុងស្ថិតក្រោមការពិនិត្យរបស់គណៈកម្មការនីតិកម្មនៃរដ្ឋសភា។
រដ្ឋសភាកម្ពុជាអាចនឹងប្រជុំអនុម័តសេចក្ដីព្រាងច្បាប់ទាំងបី នៅក្នុងខែឧសភា នេះ។ អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ ទាមទារឱ្យពន្យារពេលអនុម័តសេចក្ដីព្រាងច្បាប់ទាំងបីនេះ រហូតដល់មានការផ្សព្វផ្សាយឲ្យបានត្រឹមត្រូវ និងមានចូលរួមផ្ដល់យោបល់ជាសាធារណៈជាមុនសិន៕
No comments:
Post a Comment